ព្យាការីយេរេមី (០១)

ព្រះអម្ចាស់​ត្រាស់​ហៅ​លោក​យេរេមី
 នេះ​ជា​សេចក្ដី​ដែល​លោក​យេរេមី​បាន​ថ្លែង និង​កិច្ច​ការ​ដែល​លោក​បាន​ធ្វើ។ លោក​យេរេមី​ត្រូវ​ជា​កូន​របស់​លោក​ហ៊ីលគីយ៉ា ជា​បូជាចារ្យ*​មួយ​រូប ក្នុង​ក្រុម​បូជាចារ្យ នៅ​ភូមិ​អាណាតូត ក្នុង​ស្រុក​បេនយ៉ាមីន។

 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក នៅ​ឆ្នាំ​ទី​ដប់​បី​នៃ​រជ្ជកាល​ព្រះបាទ​យ៉ូស្យាស ជា​បុត្រ​របស់​ព្រះបាទ​អាំម៉ូន និង​ជា​ស្ដេច​ស្រុក​យូដា​។ ព្រះអង្គ​មាន​ព្រះបន្ទូល​ មក​លោក​ទៀត នៅ​រជ្ជកាល​ព្រះបាទ​យ៉ូយ៉ាគីម​ជា​បុត្រ​របស់​ព្រះបាទ​យ៉ូស្យាស និង​ជា​ស្ដេច​ស្រុក​យូដា រហូត​ដល់​ចុង​ឆ្នាំ​ទី​ដប់​មួយ​នៃ​រជ្ជកាល​ព្រះបាទ​សេដេខ្យាស ជា​បុត្រ​របស់​ព្រះបាទ​យ៉ូស្យាស និង​ជា​ស្ដេច​ស្រុក​យូដា ហើយ​រហូត​ដល់​គ្រា​ដែល​អ្នក​ក្រុង​យេរូសាឡឹម​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​ សឹក​នៅ​ខែ​ទី​ប្រាំ។

សេចក្ដី​ប្រកាស​អំពី​ស្រុក​យូដា និង​ក្រុង​យេរូសាឡឹម
៤  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖
 «យើង​ស្គាល់​អ្នក​តាំង​ពី​មុន​ពេល
ដែល​យើង​បាន​សូន​អ្នក​ក្នុង​ផ្ទៃ​ម្ដាយ​ម៉្
យើង​ក៏​បាន​ញែក​អ្នក​ទុក​សំរាប់​យើង
តាំង​ពី​មុន​ពេល​អ្នក​កើត​ចេញ​ពី​ផ្ទៃ​ម្ដាយ​ដែរ។
យើង​តែងតាំង​អ្នក​អោយ​ធ្វើ​ជា​ព្យាការី
សំរាប់​ប្រជាជាតិ​នានា»។
 ខ្ញុំ​ទូល​ព្រះអង្គ​វិញ​ថា៖ «បពិត្រ​ព្រះជាអម្ចាស់!
ទូលបង្គំ​គ្មាន​សិទ្ធិ​នឹង​ថ្លែង​ព្រះបន្ទូល​ទេ
ដ្បិត​ទូលបង្គំ​នៅ​ក្មេង​ពេក»។
 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖
«កុំ​ពោល​ថា “ខ្ញុំ​នៅ​ក្មេង​ពេក” នោះ​ឡើយ
អ្នក​ត្រូវ​តែ​ទៅ​ជួប​អស់​អ្នក​ដែល​យើង
ចាត់​អោយ​ទៅ​ជួប
ហើយ​ប្រកាស​សេចក្ដី​ទាំង​ប៉ុន្មាន
ដែល​យើង​នឹង​បង្គាប់​អ្នក។
 កុំ​ភ័យ​ខ្លាច​ពួក​គេ​ឡើយ
ដ្បិត​យើង​នៅ​ជា​មួយ​អ្នក ដើម្បី​រំដោះ​អ្នក!»
– នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។

 បន្ទាប់​មក ព្រះអម្ចាស់​លាត​ព្រះហស្ដ​មក​ពាល់​មាត់​ខ្ញុំ ហើយ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «យើង​ដាក់​ពាក្យ​របស់​យើង​ក្នុង​មាត់​អ្នក​ហើយ ១០ មើល​ថ្ងៃ​នេះ យើង​តែងតាំង​អ្នក​អោយ​មាន​អំណាច​លើ​ប្រជាជាតិ និង​លើ​អាណាចក្រ​ទាំងឡាយ ដើម្បី​អោយ​អ្នក​រំលើង និង​រំលំ ដើម្បី​អោយ​អ្នក​កំទេច និង​បំផ្លាញ ហើយ​ដើម្បី​អោយ​អ្នក​សង់ និង​ដាំ​ឡើង​វិញ»។

១១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ​នេះ៖ «យេរេមី​អើយ តើ​អ្នក​ឃើញ​អ្វី?»។ ខ្ញុំ​ឆ្លើយ​វិញ​ថា៖ «ទូលបង្គំ​ឃើញ​ស្វាយចន្ទី​មួយ​មែក»។ ១២ បន្ទាប់​មក ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «អ្វី​ដែល​អ្នក​ឃើញ ត្រឹម​ត្រូវ​ហើយ ដ្បិត​យើង​នឹង​ព្យាយាម​ធ្វើ​អោយ​ពាក្យ​របស់​យើង​បាន​សំរេច​ជា​រូប​រាង»។

១៣ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​ខ្ញុំ​ជា​លើក​ទី​ពីរ​ថា៖ «តើ​អ្នក​ឃើញ​អ្វី?»។ ខ្ញុំ​តប​វិញ​ថា៖ «ទូលបង្គំ​ឃើញ​ឆ្នាំង​ទឹក​មួយ​កំពុង​តែ​ពុះ នៅ​លើ​ចង្ក្រាន​ដែល​បែរ​មុខ​ទៅ​ទិស​ខាង​ជើង»។ ១៤ ព្រះ អម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ទៀត​ថា៖ «ទុក្ខ​វេទនា​នឹង​មក​ពី​ទិស​ខាង​ជើង ហើយ​កើត​មាន​ដល់​ប្រជាជន​ទាំង​អស់​នៅ​ក្នុង​ស្រុក ១៥ ដ្បិត​យើង​នឹង​ហៅ​ប្រជាជន​ទាំង​អស់​នៅ​អាណាចក្រ​ខាង​ជើង​អោយ​មក -នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។ ពួក​គេ​នឹង​នាំ​គ្នា​បោះ​ទ័ព​តាម​ទ្វារ​ក្រុង​យេរូសាឡឹម និង​នៅ​មុខ​កំពែង​ដែល​ព័ទ្ធ​ជុំវិញ​ក្រុង ព្រម​ទាំង​បោះ​ទ័ព​នៅ​ជុំវិញ​ក្រុង​ទាំង​ប៉ុន្មាន ក្នុង​ស្រុក​យូដា​ផង។ ១៦ យើង​នឹង​ប្រកាស​ដាក់​ ទោស​ប្រជារាស្ត្រ​របស់​យើង ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​គេ​ប្រព្រឹត្ត គឺ​ពួក​គេ​បាន​បោះ​បង់​ចោល​យើង ពួក​គេ​បាន​ថ្វាយ​សក្ការៈ​បូជា​ចំពោះ​ព្រះ​ឯ​ទៀតៗ ព្រម​ទាំង​ថ្វាយបង្គំ​រូប​ព្រះ ជា​ស្នាដៃ​របស់​ខ្លួន​ផ្ទាល់។ ១៧ រីឯ​អ្នក​វិញ ចូរ​ត្រៀម​ខ្លួន! ចូរ​ក្រោក​ឡើង ហើយ​ទៅ​ប្រកាស​ប្រាប់​ពួក​គេ នូវ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​នឹង​បង្គាប់​អោយ​អ្នក​ថ្លែង។ កុំ​តក់ស្លុត​នៅ​ចំពោះ​មុខ​ពួក​គេ​សោះ​ឡើយ បើ​មិន​ដូច្នោះ​ទេ យើង​នឹង​ធ្វើ​អោយ​អ្នក​រឹត​តែ​តក់ស្លុត​ថែម​ទៀត។ ១៨ ថ្ងៃ​នេះ​យើង​ពង្រឹង​ អ្នក​អោយ​មាន​ជំហរ​រឹងប៉ឹង គឺ​ប្រៀប​ដូច​ជា​ក្រុង​ដែល​មាន​កំពែង​ដ៏​មាំ ឬ​ដូច​សសរ​ដែក និង​ជញ្ជាំង​លង្ហិន ដើម្បី​អោយ​អ្នក​តទល់​នឹង​ប្រជាជន​ក្នុង​ស្រុក​ទាំង​មូល តទល់​នឹង​ស្ដេច នាម៉ឺន​សព្វ​មុខ​មន្ត្រី ក្រុម​បូជាចារ្យ និង​អ្នក​ស្រុក​នេះ។ ១៩ ពួក​គេ​នាំ​គ្នា​ ប្រឆាំង​នឹង​អ្នក តែ​មិន​អាច​ឈ្នះ​អ្នក​បាន​ទេ ដ្បិត​យើង​នៅ​ជា​មួយ​អ្នក ដើម្បី​រំដោះ​អ្នក» -នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។