យ៉ាកុប (០៥)

ការ​ព្រមាន​ពួក​អ្នក​មាន
 ចំពោះ​អ្នក​មាន​វិញ ចូរ​ស្រែក​ទ្រហោ​យំ​ទៅ ព្រោះ​ទុក្ខ​លំបាក​នឹង​កើត​មាន​ដល់​អ្នក​រាល់​គ្នា​ជា​ពុំខាន! ទ្រព្យ​សម្បត្តិ​របស់​អ្នក​រាល់​គ្នា​រលួយ​អស់ ហើយ​សម្លៀកបំពាក់​របស់​អ្នក​រាល់​គ្នា​ក៏​ត្រូវ​កណ្ដៀរ​ស៊ី​ដែរ។ ៣ មាស​ប្រាក់​របស់​អ្នក​ រាល់​គ្នា​ត្រូវ​ច្រែះ​ស៊ី ហើយ​ច្រែះ​នេះ​ធ្វើ​ជា​បន្ទាល់​ទាស់​នឹង​អ្នក​រាល់​គ្នា ព្រម​ទាំង​ស៊ី​សាច់​អ្នក​រាល់​គ្នា ដូច​ភ្លើង​ឆេះ​សុស​ដែរ។ គ្រា​នេះ ជា​គ្រា​ចុង​ក្រោយ​បំផុត អ្នក​រាល់​គ្នា​បាន​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក  ឥត​បើក​ប្រាក់​ឈ្នួល​អោយ​ ពួក​កម្មករ​ដែល​ច្រូត​កាត់ ក្នុង​ស្រែ​របស់​អ្នក​រាល់​គ្នា​ឡើយ មើល៍! សំរែក​អ្នក​ច្រូត​ទាំង​នោះ​បាន​លាន់​ទៅ​ដល់​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល*​ ។ អ្នក​រាល់​គ្នា​រស់​នៅ​លើ ​ផែនដី​នេះ​យ៉ាង​សម្បូណ៌​សប្បាយ ថ្កុំថ្កើង​រុងរឿង ហើយ​អ្នក​រាល់​គ្នា​បំពេញ​ចំណង់​ចិត្ត​ខ្លួន​យ៉ាង​ឆ្អែត​ស្កប់​ស្កល់ ដូច​នៅ​ថ្ងៃ​ដែល​គេ​សម្លាប់​សត្វ។ ៦ អ្នក​រាល់​គ្នា​បាន​ដាក់​ទោស និង​ប្រហារ​ជីវិត​មនុស្ស​សុចរិត តែ​គេ​ពុំ​បាន​ប្រឆាំង​តប​ត​នឹង​អ្នក​រាល់​គ្នា​វិញ​ឡើយ។

ការ​អត់ធ្មត់ និង​ការ​ព្យាយាម​អធិស្ឋាន
 ដូច្នេះ បង​ប្អូន​អើយ ត្រូវ​មាន​ចិត្ត​អត់ធ្មត់ រហូត​ដល់​ពេល​ព្រះអម្ចាស់​យាង​មក​យ៉ាង​រុងរឿង។ មើល​ចុះ! អ្នក​ភ្ជួរ​រាស់​ទន្ទឹង​រង់ចាំ​ភោគ​ផល​ដ៏​ថ្លៃ​វិសេស​ដែល​ដី​ផ្ដល់​អោយ​ដោយ​ ចិត្ត​អត់ធ្មត់ រហូត​ដល់​បាន​ផល​នៅ​ដើម​រដូវ និង​ចុង​រដូវ​។ បង​ប្អូន​ក៏​ដូច្នោះ​ដែរ ចូរ​មាន​ចិត្ត​អត់ធ្មត់ តាំង​ចិត្ត​អោយ​រឹងប៉ឹង ដ្បិត​ព្រះអម្ចាស់​ជិត​យាង​មក​ដល់​ហើយ។

 បង​ប្អូន​ អើយ មិន​ត្រូវ​រអ៊ូរទាំ​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ដើម្បី​កុំ​អោយ​មាន​ទោស ដ្បិត​ព្រះជាម្ចាស់​ដែល​ជា​ចៅក្រម ទ្រង់​ឈរ​នៅ​មាត់​ទ្វារ​ស្រាប់​ហើយ។ ១០ បង​ប្អូន​អើយ ចូរ​យក​តំរាប់​តាម​ពួក​ព្យាការី*​ដែល​បាន​រងទុក្ខ​លំបាក និង​មាន​ចិត្ត​អត់ធ្មត់ ហើយ​ថ្លែង​ព្រះបន្ទូល​ក្នុង​ព្រះនាម​ព្រះអម្ចាស់។ ១១ យើង​តែងតែ​សរសើរ​អស់​ អ្នក​ដែល​ចេះ​ស៊ូ​ទ្រាំ​ថា ជា​អ្នក​មាន​សុភមង្គល។ បង​ប្អូន​ធ្លាប់​ឮ​គេ​និយាយ​ស្រាប់​ហើយ​ថា លោក​យ៉ូប​ចេះ​ស៊ូ​ទ្រាំ​យ៉ាង​ណាៗ​នោះ ហើយ​បង​ប្អូន​ក៏​ឃើញ​ដែរ​ថា នៅ​ទី​បំផុត ព្រះអម្ចាស់​អោយ​គាត់​បាន​ទៅ​ជា​យ៉ាង​ណា ដ្បិត​ព្រះអម្ចាស់​មាន​ព្រះហឫ​ទ័យ​អាណិត​អាសូរ និង​មេត្តាករុណា​យ៉ាង​ក្រៃលែង។

១២ ជា​ ពិសេស បង​ប្អូន​អើយ កុំ​ស្បថ​អោយ​សោះ គឺ​កុំ​យក​មេឃ យក​ផែនដី ឬ​យក​អ្វី​ផ្សេង​ទៀត​មក​ធ្វើ​ជា​ប្រធាន​សម្បថ​ឡើយ បើ​ថា«មែន» អោយ​ប្រាកដ​ជា​«មែន» «ទេ» អោយ​ប្រាកដ​ជា​«ទេ» ដើម្បី​កុំ​អោយ​មាន​ទោស។

១៣ ក្នុង​ ចំណោម​បង​ប្អូន បើ​មាន​នរណា​ម្នាក់​កើត​ទុក្ខ​លំបាក ត្រូវ​អោយ​គាត់​អធិស្ឋាន* បើ​មាន​នរណា​អរ​សប្បាយ ត្រូវ​ច្រៀង​បទ​លើក​តម្កើង​ព្រះជាម្ចាស់។ ១៤ ក្នុង​ចំណោម​បង​ប្អូន បើ​នរណា​មាន​ជំងឺ ត្រូវ​អញ្ជើញ​ព្រឹទ្ធាចារ្យ​របស់​ក្រុមជំនុំ/ព្រះសហ-​គមន៍​​​មក ដើម្បី​អោយ​លោក​ទាំង​នោះ​អធិស្ឋាន​អោយ​គាត់ និង​លាប​ប្រេង*​អោយ​ក្នុង​ព្រះនាម​ព្រះអម្ចាស់។ ១៥ ពាក្យ​អធិស្ឋាន​ដែល​ផុស ​ចេញ​មក​ពី​ជំនឿ នឹង​សង្គ្រោះ​អ្នក​ជំងឺ​នោះ ហើយ​ព្រះអម្ចាស់​នឹង​ប្រោស​គាត់​អោយ​ក្រោក​ឡើង​វិញ ប្រសិន​បើ​គាត់​បាន​ប្រព្រឹត្ត​អំពើ​បាប ព្រះអង្គ​នឹង​លើកលែង​ទោស​អោយ។ ១៦ ដូច្នេះ សូម​បង​ប្អូន​លន់តួ​បាប​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​អធិស្ឋាន​អោយ​គ្នា​ទៅ​វិញ​ទៅ​មក​ផង ដើម្បី​អោយ​បាន​ជា​សះស្បើយ។ ពាក្យ​ទូលអង្វរ​របស់​មនុស្ស​សុចរិត*​មាន​ប្រសិទ្ធ​ភាព​ខ្លាំង​ណាស់។ ១៧ ព្យាការី​អេលី​ជា​ មនុស្ស​ដូច​យើង​ដែរ លោក​បាន​អធិស្ឋាន​អស់​ពី​ចិត្ត សុំ​កុំ​អោយ​មាន​ភ្លៀង​ធ្លាក់ នោះ​ក៏​គ្មាន​ភ្លៀង​ធ្លាក់​លើ​ផែនដី អស់​រយៈ​ពេល​បី​ឆ្នាំ​ប្រាំ​មួយ​ខែ។ ១៨ ​បន្ទាប់​មក លោក​អធិស្ឋាន​សា​ជា​ថ្មី មេឃ​ក៏​បង្អុរ​ភ្លៀង​មក ហើយ​ដី​ក៏​បង្កើត​ភោគ​ផល​ដែរ។

១៩ បង​ ប្អូន​អើយ ក្នុង​ចំណោម​បង​ប្អូន ប្រសិន​បើ​មាន​នរណា​ម្នាក់​បាន​វង្វេង​ចេញ​ឆ្ងាយ​ពី​សេចក្ដី​ពិត ហើយ​បើ​មាន​ម្នាក់​ទៀត​នាំ​គាត់​អោយ​វិល​ត្រឡប់​មក​វិញ ២០ តោង​ដឹង​ថា អ្នក​ដែល​នាំ​មនុស្ស​បាប​អោយ​ងាក​ចេញ​ពី​មាគ៌ា​ដែល​គេ​វង្វេង​នោះ បាន​សង្គ្រោះ​ជីវិត​គេ​អោយ​រួច​ពី​ស្លាប់ ព្រម​ទាំង​គ្រប​បាំង​អំពើ​បាប​ដ៏​ច្រើន​លើសលប់​ផង។