យ៉ាកុប (០២)

គ្រីស្ដបរិស័ទ​មិន​ត្រូវ​ប្រកាន់​វណ្ណៈ
 បង​ប្អូន​អើយ បង​ប្អូន​មាន​ជំនឿ​លើ​ព្រះយេស៊ូ​គ្រីស្ដ*​ជា​ព្រះអម្ចាស់​ប្រកប​ដោយ​សិរី​រុង​រឿង​របស់​យើង​ហើយ ដូច្នេះ សូម​កុំ​ប្រកាន់​វណ្ណៈ​អោយ​សោះ។

 ពេល​បង​ប្អូន​រួម​ប្រជុំ​គ្នា ឧបមា​ថា ម្នាក់​ចូល​មក​មាន​ពាក់​ចិញ្ចៀន​មាស និង​មាន​សម្លៀកបំពាក់​ភ្លឺ​ផ្លេក ហើយ​ម្នាក់​ទៀត​ជា​អ្នក​ក្រ ស្លៀក​ពាក់​រហែក​រយ៉ីរយ៉ៃ​ចូល​មក​ដែរ ប្រសិន​បើ​បង​ប្អូន​ រាក់ទាក់​ទទួល​អ្នក​ស្លៀក​ពាក់​ភ្លឺ​ផ្លេក​នោះ​ទាំង​ពោល​ថា «សូម​លោក​អញ្ជើញ​មក​អង្គុយ​នៅ​កន្លែង​កិត្តិយស​ឯណេះ ! » ហើយ​ពោល​ទៅ​កាន់​អ្នក​ក្រ​ថា «ទៅ​ឈរ​នៅ​កៀន​នោះ​ទៅ ! » ឬ​ថា «មក​អង្គុយ​នៅ​ក្រោម​កន្លែង​ខ្ញុំ​ដាក់​ជើង​ឯណេះ ! »   តើ​មិន​បាន​សេចក្ដី​ថា បង​ប្អូន​រាប់​រក​មនុស្ស​ក្នុង​ចំណោម​បង​ប្អូន​ដោយ​រើស​មុខ ហើយ​បង​ប្អូន​វិនិច្ឆ័យ​គេ​ដោយ​គំនិត​អាក្រក់​ទេ​ឬ ?

 បង​ប្អូន​ ជា​ទី​ស្រឡាញ់​អើយ​សូម​ស្ដាប់​ខ្ញុំ ព្រះជាម្ចាស់​បាន​ជ្រើស​រើស​អ្នក​ក្រ​ក្នុង​លោក​នេះ អោយ​ទៅ​ជា​អ្នក​មាន​ផ្នែក​ខាង​ជំនឿ និង​អោយ​ទទួល​ព្រះរាជ្យ*​ដែល​ទ្រង់​បាន​សន្យា​ថា ប្រទាន​អោយ​អស់​អ្នក​ស្រឡាញ់​ព្រះអង្គ​ទុក​ជា​មត៌ក។ រីឯ​បង​ប្អូន បង​ប្អូន​បែរ​ជា​បន្ថោក​អ្នក​ក្រ​ទៅ​វិញ! តើ​មិន​មែន​ពួក​អ្នក​មាន​ទេ​ឬ​ដែល​បាន​ជិះជាន់​សង្កត់សង្កិន​បង​ប្អូន និង​អូស​ទាញ​បង​ប្អូន​យក​ទៅ​អោយ​តុលា​ការ​កាត់​ទោស ! តើ​អ្នក​ទាំង​នោះ​មិន​បាន​ប្រមាថ​មាក់​ងាយ​ព្រះនាម​ដ៏​ប្រសើរ​បំផុត ដែល​ជា​ទី​ពឹង​របស់​បង​ប្អូន​​ទេ​ឬ !

 ប្រសិន​បើ​បង​ប្អូន​ប្រតិបត្តិ​តាមវិន័យ​របស់​ព្រះរាជ្យ ស្រប​តាម​គម្ពីរពោល ​គឺ«ត្រូវ​ស្រឡាញ់​បង​ប្អូន​ឯ​ទៀតៗ អោយ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ» នោះ​បង​ប្អូន​ពិត​ជា​បាន​សំរេច​កិច្ចការ​មួយ​ដ៏​ល្អ​ប្រសើរ​ហើយ។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បង​ប្អូន​នាំ​គ្នា​ប្រកាន់​វណ្ណៈ បាន​សេចក្ដី​ថា បង​ប្អូន​ប្រព្រឹត្ត​អំពើ​បាប ហើយ​វិន័យ​ចាត់​ទុក​បង​ប្អូន​ជា​អ្នក​ប្រព្រឹត្ត​បទ​ល្មើស ១០ ដ្បិត​អ្នក​ណា​ប្រតិបត្តិ​តាម​វិន័យ​ទាំង​មូល តែ​ធ្វើ​ខុស​ត្រង់​ចំណុច​ណា​មួយ​ក៏​ដូច​ជា​ខុស​នឹងវិន័យ​ទាំង​មូល​ដែរ។ ១១ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា «កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់» ហើយ​ព្រះអង្គ​មាន​ព្រះបន្ទូល​ទៀត​ថា «កុំ​សម្លាប់​មនុស្ស»។ ប្រសិន​បើ​អ្នក​មិន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ទេ តែ​សម្លាប់​គេ នោះ​បាន​សេចក្ដី​ថា​អ្នក​ប្រព្រឹត្ត​ល្មើស​នឹងវិន័យ​ហើយ។

១២ បង​ប្អូន​ត្រូវ​និយាយ និង​ប្រព្រឹត្ត​អោយ​ស្រប​នឹង​វិន័យ​ដែល​ផ្ដល់​សេរីភាព គឺ​មាន​តែវិន័យ​នោះ​ហើយ​ដែល​នឹង​វិនិច្ឆ័យ​បង​ប្អូន ១៣ ដ្បិត​អ្នក​ណា​គ្មានចិត្ត​មេត្តាករុណា ព្រះជាម្ចាស់​ក៏​នឹង​វិនិច្ឆ័យ​ទោស​អ្នក​នោះ ដោយ​ឥត​មេត្តាករុណា​ដែរ។ អ្នក​មាន​ចិត្ត​មេត្តាករុណា មិន​ខ្លាច​ព្រះអង្គ​វិនិច្ឆ័យ​ទោស​ឡើយ​​ ។

ជំនឿ និង​អំពើ​ល្អ
១៤ បង​ប្អូន​អើយ ប្រសិន​បើ​មាន​ម្នាក់​ពោល​ថា ខ្លួន​មាន​ជំនឿ តែ​មិន​ប្រព្រឹត្ត​អំពើ​ល្អ​ទេ តើ​មាន​ប្រយោជន៍​អ្វី? តើ​ជំនឿ​នេះ​អាច​ធ្វើ​អោយ​គេ​ទទួល​ការ​សង្គ្រោះ​បាន​ឬ​ ?១៥ ប្រសិន​បើ​បង​ប្អូន​ប្រុស ឬ​ស្រី​ណា​ម្នាក់ គ្មាន​សម្លៀកបំពាក់​បិទបាំង​ខ្លួន និង​គ្មាន​ម្ហូប​អាហារ​បរិភោគ​រាល់​ថ្ងៃ ១៦ ហើយ​មាន​ម្នាក់ ក្នុង​ចំណោម​បង​ប្អូន ពោល​ទៅ​គាត់​ថា «សូម​អញ្ជើញ​ទៅ​ដោយ​សុខសាន្ត សូម​អោយ​បាន​ក្ដៅ​ស្រួល សូម​បរិភោគ​អោយ​បាន​ឆ្អែត​​ ! » តែ​មិន​អោយ​អ្វីៗ​ដែល​គេ​ត្រូវ​ការ តើ​ពាក្យ​ទាំង​នេះ​មាន​ប្រយោជន៍​អ្វី ?១៧ រីឯ​ជំនឿ​វិញ​ក៏​ដូច្នោះ​ដែរ ប្រសិន​បើ​គ្មាន​ការ​ប្រព្រឹត្ត​អំពើ​ល្អ​ទេ ជំនឿ​នោះ​ស្លាប់​តែ​ម្ដង !

១៨ ប្រសិន​បើ​​ មាន​ម្នាក់​ពោល​ថាៈ អ្នក​ឯង​មាន​ជំនឿ រីឯ​ខ្ញុំ ខ្ញុំ​ប្រព្រឹត្ត​អំពើ​ល្អ។ សូម​បង្ហាញ​ជំនឿ​របស់​អ្នក​ដែល​ឥត​មាន​ការ​ប្រព្រឹត្ត​អំពើ​ល្អ អោយ​ខ្ញុំ​មើល​មើល៍ នោះ​ខ្ញុំ​នឹង​បង្ហាញ​អោយ​អ្នក​ឃើញ​ជំនឿ​របស់​ខ្ញុំ ដោយ​អំពើ​ល្អ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត។ ១៩ អ្នក​ជឿ​ថា​ ព្រះជាម្ចាស់​មាន​តែ​មួយ​ព្រះអង្គ ត្រឹម​ត្រូវ​ហើយ ក៏​ប៉ុន្តែ ពួក​អារក្ស​ក៏​ជឿ​ដូច្នេះ​ដែរ ហើយ​ថែម​ទាំង​ភ័យ​ញាប់​ញ័រ​ទៀត​ផង។ ២០ ឱ​មនុស្ស​ឥត​ប្រាជ្ញា​អើយ​ ! ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ត​អំពើ​ល្អ ជា​ជំនឿ​ឥត​បាន​ការ​អ្វី​ទាំង​អស់ តើ​អ្នក​ចង់​យល់​ទេ​ ! ២១ លោក​អប្រាហាំ​ជា​បុព្វ​បុរស​របស់​យើង​បាន​សុចរិត ដោយ​សារ​អំពើ​ដែល​លោក​ប្រព្រឹត្ត គឺ​លោក​បាន​យក​អ៊ីសាក​ជា​កូន​ទៅ​ដាក់​នៅ​លើ​អាសនៈ ដើម្បី​ថ្វាយ​ជា​យញ្ញបូជា។ ២២ អ្នក​ឃើញ​ទេ ជំនឿ​របស់​លោក​បាន​រួម​ជា​មួយ​អំពើ​ដែល​លោក​ប្រព្រឹត្ត ហើយ​អំពើ​ដែល​លោក​ប្រព្រឹត្ត ធ្វើ​អោយ​ជំនឿ​បាន​ពេញ​លក្ខណៈ ២៣ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា «លោកអប្រាហាំជឿលើព្រះជាម្ចាស់ ហើយព្រះអង្គប្រោសលោកអោយបានសុចរិត* ដោយយល់ដល់ជំនឿនេះ» លោក​ក៏​មាន​ឈ្មោះ​ថា ជា​មិត្ត​សម្លាញ់​របស់​ព្រះជាម្ចាស់​ដែរ។ ២៤ ដូច្នេះ បង​ប្អូន​ឃើញ​ថា ព្រះជាម្ចាស់​ប្រោស​មនុស្ស​អោយ​បាន​សុចរិត ដោយសារ​អំពើ​ល្អ​ដែល​គេ​ប្រព្រឹត្ត គឺ​មិន​ត្រឹម​តែ​ដោយសារ​ជំនឿ​ប៉ុណ្ណោះ​ទេ។ ២៥ នាង​រ៉ាហាប់​ជា ​ស្ត្រី​ពេស្យា​ក៏​បាន​សុចរិត ដោយសារ​អំពើ​ដែល​នាង​ប្រព្រឹត្ត​ដែរ ព្រោះ​នាង​បាន​ទទួល​ពួក​អ្នក​នាំ​សារ​អោយ​ស្នាក់​នៅ ហើយ​អោយ​គេ​ចាក​ចេញ​ទៅ​វិញ តាម​ផ្លូវ​មួយ​ផ្សេង​ទៀត។ ២៦ រូប​កាយ​ដែល​គ្មាន​វិញ្ញាណ ជា​រូប​កាយ​ស្លាប់ ​យ៉ាង​ណា ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ត​អំពើ​ល្អ ក៏​ជា​ជំនឿ​ស្លាប់​យ៉ាង​នោះ​ដែរ។