ព្យាការីហូសេ (០៨)

អ៊ីស្រាអែលមានទោស ព្រោះតែគោរពព្រះក្លែងក្លាយ
១ ចូរផ្លុំស្នែងប្រកាសភាពអាសន្ន!
ខ្មាំងសត្រូវបោះពួយដូចសត្វឥន្ទ្រី
មកលើទឹកដីរបស់យើង ជាព្រះអម្ចាស់
ដ្បិតប្រជាជនបានរំលោភលើសម្ពន្ធមេត្រី
របស់យើង
ពួកគេប្រព្រឹត្តបំពានលើច្បាប់របស់យើង។
២ ពួកគេស្រែករកយើងថា “ព្រះនៃទូលបង្គំអើយ
យើងខ្ញុំជាជនជាតិអ៊ីស្រាអែល
យើងខ្ញុំស្គាល់ព្រះអង្គហើយ”។
៣ អ៊ីស្រាអែលបានបោះបង់ការល្អ
ហេតុនេះបានជាសត្រូវដេញតាមពួកគេ។
៤ ពួកគេតែងតាំងស្ដេច ដោយឥតសាកសួរយើង
ហើយតែងតាំងមេដឹកនាំពីក្រោយខ្នងយើង។
ពួកគេយកមាសប្រាក់របស់ខ្លួន
ទៅសូនធ្វើរូបព្រះក្លែងក្លាយ
ដែលបណ្ដាលអោយខ្លួនត្រូវវិនាស។
៥ អ្នកក្រុងសាម៉ារីអើយ
ចូរយករូបព្រះគោរបស់អ្នកបោះចោលទៅ!។
កំហឹងរបស់យើងឆាបឆេះទៅលើ
អ្នកក្រុងសាម៉ារី
តើដល់ពេលណាទើបពួកគេអាចរស់នៅ
ដោយឥតសៅហ្មង?
៦ រូបគោនោះកើតចេញមកពីអ៊ីស្រាអែល
មានជាងឆ្លាក់វា គឺវាមិនមែនជាព្រះទេ
ហេតុនេះហើយបានជារូបគោរបស់សាម៉ារី
នឹងត្រូវបាក់បែកខ្ទេចខ្ទីជាពុំខាន។
៧ ពួកគេសាបព្រោះខ្យល់
ពួកគេនឹងទទួលផលជាព្យុះ។
ស្រូវស្កក គ្មានបាយហូប
ហើយប្រសិនបើមាន ក៏គង់តែជនបរទេស
មកលេបយកទៅបាត់ដែរ។
៨ អ៊ីស្រាអែលត្រូវខ្មាំងលេបបាត់ហើយ!
ឥឡូវនេះ ពួកគេស្ថិតនៅក្នុងចំណោម
ប្រជាជាតិនានា
ដូចអំបែងដែលគ្មាននរណាចង់បាន។
៩ សត្វលាព្រៃតែនៅដាច់ពីគេ
តែអេប្រាអ៊ីមបែរជាលក់ខ្លួនអោយ
ស្រុកអាស្ស៊ីរី ដែលជាសហាយរបស់គេ។
១០ ទោះបីពួកគេយកជំនូនទៅអោយ
ប្រជាជាតិនានាក្ដី
ក៏ពេលនេះយើងប្រមូលផ្ដុំពួកគេ
ហើយបន្តិចទៀត ពួកគេនឹងរងទុក្ខវេទនា
ក្រោមអំណាចព្រះចៅអធិរាជ។
១១ អេប្រាអ៊ីមបានសង់អាសនៈកាន់តែច្រើនឡើងៗ
ដើម្បីអោយរួចពីបាប
តែអាសនៈទាំងនោះក្លាយទៅជាកន្លែង
ដែលនាំអោយគេប្រព្រឹត្តអំពើបាបទៅវិញ!
១២ ទោះបីយើងបានចែងក្រឹត្យវិន័យទុកអោយគេ
ច្រើនយ៉ាងណាក្ដី
ក៏គេមិនរវីរវល់អើពើដែរ។
១៣ ពួកគេយកសត្វមកធ្វើយញ្ញបូជាអោយយើង
ព្រោះពួកគេចូលចិត្តបរិភោគសាច់។
ប៉ុន្តែ យើងជាព្រះអម្ចាស់
មិនពេញចិត្តនឹងតង្វាយរបស់ពួកគេទេ
យើងនឹកឃើញអំពើអាក្រក់របស់ពួកគេ
ហើយរាប់ចំនួនអំពើបាបដែលពួកគេប្រព្រឹត្ត។
ពួកគេត្រូវតែវិលត្រឡប់ទៅស្រុកអេស៊ីបវិញ។
១៤ អ៊ីស្រាអែលបំភ្លេចព្រះដែលបានបង្កើតខ្លួនមក
ហើយគេនាំគ្នាសង់វិមានផ្សេងៗ។
រីឯយូដាវិញ គេសង់ទីក្រុង
ដែលមានកំពែងរឹងមាំ កាន់តែច្រើន
តែយើងនឹងអោយភ្លើងឆាបឆេះក្រុងរបស់គេ
ព្រមទាំងឆេះកំទេចវិមានរបស់ពួកគេផង។