ព្យាការីហូសេ (០៧)

១ គឺនៅពេលយើងចង់ប្រោស
អ៊ីស្រាអែលអោយបានជា
នោះកំហុសរបស់អេប្រាអ៊ីម និងអំពើទុច្ចរិត
របស់សាម៉ារី មុខជាលេចចេញមក
ដ្បិតពួកគេបោកប្រាស់គ្នាទៅវិញទៅមក
ខាងក្នុងមានចោរលួច ខាងក្រៅមានចោរប្លន់។
២ ពួកគេមិនចេះគិតថា យើងនឹកចាំពី
អំពើអាក្រក់ទាំងប៉ុន្មានដែលពួកគេប្រព្រឹត្ត។
ឥឡូវនេះ អំពើបាបរបស់ពួកគេ
ឡោមព័ទ្ធពួកគេជុំជិតហើយ
យើងមើលឃើញអំពើទាំងនោះយ៉ាងច្បាស់។
៣ ពួកគេធ្វើអោយស្ដេចសប្បាយចិត្ត
ដោយពួកគេប្រព្រឹត្តអំពើអាក្រក់
ហើយធ្វើអោយមេដឹកនាំសប្បាយចិត្ត
ដោយពួកគេបោកប្រាស់។
៤ ពួកគេសុទ្ធតែជាមនុស្សផិតក្បត់
ពួកគេប្រៀបដូចជាឡនំបុ័ងដ៏ក្ដៅ
ដែលអ្នកដុតនំបុ័ងលែងបន្ថែមអុស
ចាប់ពីពេលគាត់រៀបចំម្សៅ
រហូតដល់ពេលដែលម្សៅដោរឡើង។
៥ នៅថ្ងៃបុណ្យរបស់ស្ដេច
ពួកមេដឹកនាំគិតតែពីផឹកស្រា រហូតដល់ស្រវឹង
ហើយចូលដៃជាមួយមនុស្សឡកឡឺយ។
៦ ពួកគេមានចិត្តក្ដៅដូចឡភ្លើង
រៀបចំគំរោងការប្រព្រឹត្តអំពើអាក្រក់
ចិត្តកំរោលរបស់គេសម្ងំនៅពេលយប់
ព្រលឹមឡើង ចិត្តកំរោលនោះក៏ឆាបឆេះ
ដូចអគ្គីភ័យ។
៧ ពួកគេទាំងអស់គ្នាមានចិត្តក្ដៅដូចឡភ្លើង
ពួកគេប្រហារអ្នកដឹកនាំរបស់ខ្លួន។
ស្ដេចទាំងប៉ុន្មានរបស់គេបាត់បង់ជីវិត
ជាបន្តបន្ទាប់គ្នា
តែគ្មាននរណាម្នាក់អង្វររកយើងឡើយ។
៨ អេប្រាអ៊ីមធ្វើដូចសាសន៍ដទៃ
អេប្រាអ៊ីមប្រៀបដូចជានំដែលគេមិនបានប្រែ
៩ ជនបរទេសកំពុងតែបង្ហិនកម្លាំងរបស់គេ
គេនៅតែមិនដឹងខ្លួន
គេចាស់សក់ស្កូវប៉ុណ្ណឹងហើយ
នៅតែមិនដឹងខ្លួនទៀត។
១០ អំនួតរបស់អ៊ីស្រាអែលចោទប្រកាន់ខ្លួនឯង
តែពួកគេពុំបានវិលមករកព្រះអម្ចាស់
ជាព្រះរបស់ពួកគេវិញទេ
គឺទោះបីមានហេតុការណ៍ទាំងនេះកើតឡើងក្ដី
ក៏ពួកគេមិនស្វែងរកព្រះអង្គដែរ។
១១ អេប្រាអ៊ីមប្រៀបបាននឹងសត្វព្រាបដ៏ល្ងីល្ងើ
គ្មានប្រាជ្ញាទាល់តែសោះ
ពួកគេហៅស្រុកអេស៊ីបអោយមកជួយ
ពួកគេរត់ទៅពឹងស្រុកអាស្ស៊ីរី។
១២ ពេលដែលពួកគេរត់ចេញទៅនោះ
យើងបោះសំណាញ់របស់យើងលើពួកគេ
យើងធ្វើអោយពួកគេធ្លាក់ដូចសត្វស្លាប
យើងចាប់ពួកគេ នៅពេលយើងឮថា
ពួកគេជួបជុំគ្នា។
១៣ ពួកគេពិតជាត្រូវវេទនាពុំខាន
ព្រោះពួកគេបានរត់ចេញឆ្ងាយពីយើង
ពួកគេពិតជាត្រូវអន្តរាយ
ដ្បិតពួកគេបានបះបោរប្រឆាំងនឹងយើង។
តើអោយយើងលោះពួកគេដូចម្ដេចបាន
បើពួកគេចេះតែនាំគ្នានិយាយកុហក
ដាក់យើងដូច្នេះ?
១៤ ពួកគេស្រែកអង្វរយើង តែចិត្តគេមិនស្មោះទេ
ពួកគេចូលដំណេក ទាំងសោកសង្រេង
ពួកគេធ្វើពិធីឆូតសាច់របស់ខ្លួន
ដើម្បីអោយបានស្រូវ និងស្រាទំពាំងបាយជូរថ្មី
ពួកគេធ្វើដូច្នេះ ប្រឆាំងនឹងយើង។
១៥ យើងបានបណ្ដុះបណ្ដាល និងចំរើនកម្លាំង
អោយពួកគេ
ប៉ុន្តែ ពួកគេនាំគ្នារិះគិតគំរោងអាក្រក់
ប្រឆាំងនឹងយើង។
១៦ ពួកគេវិលមកវិញ តែមិនមែនមករកយើងទេ
ពួកគេមានចិត្តវៀចវេរដូចផ្លែកណ្ដៀវ។
មេដឹកនាំរបស់គេនឹងដួលស្លាប់ដោយមុខដាវ
ព្រោះពាក្យសំដីព្រហើនកោងកាចរបស់ខ្លួន។
ហេតុការណ៍នេះនឹងនាំអោយអ្នកស្រុកអេស៊ីប
សើចចំអកឡកឡឺយដាក់ពួកគេ»។