ព្យាការីហូសេ (០៦)

ប្រជាជនពិតជាវិលមករកព្រះអម្ចាស់មែនឬ?
១ អ្នករាល់គ្នាពោលថា “ចូរនាំគ្នាមក!
ពួកយើងវិលទៅរកព្រះអម្ចាស់វិញ។
ព្រះអង្គបានធ្វើអោយពួកយើងរបួស
ព្រះអង្គក៏នឹងប្រោសពួកយើងអោយជាវិញ
ព្រះអង្គបានប្រហារពួកយើង
ព្រះអង្គក៏នឹងរុំរបួសអោយពួកយើងដែរ។
២ ពីរថ្ងៃទៀត ព្រះអង្គនឹងប្រទានជីវិត
មកពួកយើងវិញ។
នៅថ្ងៃទីបី ព្រះអង្គនឹងលើកពួកយើងឡើងវិញ
ហើយពួកយើងនឹងរស់នៅជាមួយព្រះអង្គ។
៣ យើងត្រូវយកចិត្តទុកដាក់ស្គាល់ព្រះអម្ចាស់
អោយបានច្បាស់
ព្រះអង្គប្រាកដជាយាងមកជួយពួកយើង
គឺពិតដូចថ្ងៃរះ។
ព្រះអង្គនឹងយាងមកប្រោសពួកយើង
ដូចភ្លៀងធ្លាក់ស្រោចស្រពផែនដីតាមរដូវកាល”។
៤ «អេប្រាអ៊ីមអើយ!
តើអោយយើងជួយអ្នកដូចម្ដេចបាន?
យូដាអើយ!
តើអោយយើងជួយអ្នកដូចម្ដេចបាន
បើចិត្តភក្ដីរបស់អ្នករាល់គ្នាមកលើយើង
ប្រៀបដូចជាអ័ព្ទនៅពេលព្រលឹម
និងទឹកសន្សើមនៅពេលព្រឹក
ដែលបាត់ទៅវិញយ៉ាងឆាប់ៗដូច្នេះ!
៥ ហេតុនេះហើយបានជាយើងប្រើពួកព្យាការី
អោយទៅវាយអ្នករាល់គ្នា។
យើងប្រហារអ្នករាល់គ្នា
ដោយពាក្យសំដីដែលយើងថ្លែងប្រាប់។
ការវិនិច្ឆ័យរបស់យើងមកដល់ដូចផ្លេកបន្ទោរ
៦ ដ្បិតយើងចង់បានតែចិត្តភក្ដីប៉ុណ្ណោះ
គឺមិនចង់បានយញ្ញបូជាទេ
យើងចង់អោយអ្នករាល់គ្នាស្គាល់យើង
ជាជាងយកតង្វាយដុតមកអោយយើង។
៧ ផ្ទុយទៅវិញ អ្នករាល់គ្នារំលោភលើ
សម្ពន្ធមេត្រី* ដូចអដាំ
គឺអ្នករាល់គ្នាបានក្បត់យើង។
៨ កាឡាដជាសំបុកជនឧក្រិដ្ឋ ដែលបង្ហូរឈាម។
៩ ក្រុមបូជាចារ្យ*ប្រហារជីវិតមនុស្ស
នៅតាមផ្លូវទៅស៊ីគែម
ដូចពួកចោរលបចាំប្លន់មនុស្សដែរ
ពួកគេប្រព្រឹត្តអំពើដ៏អាស្រូវបំផុត!
១០ ក្នុងចំណោមប្រជាជនអ៊ីស្រាអែល
យើងបានឃើញហេតុការណ៍ដ៏គួរស្អប់ខ្ពើម
គឺអំពើពេស្យាចាររបស់អេប្រាអ៊ីម
បានធ្វើអោយអ៊ីស្រាអែលទៅជាសៅហ្មង។
១១ យូដាអើយ អ្នកក៏ដូច្នោះដែរ
យើងប្រុងប្រៀបវិនិច្ឆ័យទោសអ្នកហើយ។
លុះដល់ពេលយើងត្រូវនាំប្រជារាស្ត្រ
របស់យើងដែលជាប់ជាឈ្លើយមកវិញ