ព្យាការីហូសេ (០៥)

១ បូជាចារ្យអើយ ចូរស្ដាប់សេចក្ដីនេះ!
ពូជពង្សអ៊ីស្រាអែលអើយ ចូរផ្ចង់ចិត្ត!
ញាតិវង្សរបស់ស្ដេចអើយ ចូរត្រង់ត្រាប់ស្ដាប់!
គឺអ្នករាល់គ្នាហើយ ដែលត្រូវរកយុត្តិធម៌
ផ្ទុយទៅវិញ អ្នករាល់គ្នាដាក់អន្ទាក់នៅមីសប៉ា
អ្នករាល់គ្នាបោះសំណាញ់នៅភ្នំតាប៊រ
២ អ្នករាល់គ្នាជីករណ្ដៅដ៏ជ្រៅនៅគីទីម
យើងនឹងវាយប្រដៅអ្នកទាំងអស់គ្នាពុំខាន។
៣ យើងស្គាល់អេប្រាអ៊ីមយ៉ាងច្បាស់
យើងមើលអ៊ីស្រាអែលធ្លុះទាំងអស់។
អេប្រាអ៊ីមអើយ អ្នកបានប្រព្រឹត្តអំពើពេស្យាចារ
ដែលធ្វើអោយអ៊ីស្រាអែលទៅជាសៅហ្មង។
៤ អំពើដែលពួកគេប្រព្រឹត្ត
រារាំងពួកគេមិនអោយវិលត្រឡប់មករក
ព្រះរបស់ខ្លួនវិញបានឡើយ
ដ្បិតពួកគេគិតតែពីប្រព្រឹត្តអំពើពេស្យាចារ
ពួកគេពុំស្គាល់ព្រះអម្ចាស់ទេ។
៥ អំនួតរបស់អ៊ីស្រាអែលចោទប្រកាន់ខ្លួនឯង
អ៊ីស្រាអែល និងអេប្រាអ៊ីម ជំពប់ដួល
ព្រោះតែកំហុសរបស់ខ្លួន
ហើយយូដាក៏ជំពប់ដួលជាមួយពួកគេដែរ។
៦ ពួកគេនាំគ្នាស្វែងរកព្រះអម្ចាស់
ដោយយកចៀម និងគោទៅជាមួយ
ដើម្បីថ្វាយយញ្ញបូជា
តែពួកគេរកព្រះអង្គពុំឃើញឡើយ
ព្រោះព្រះអង្គបោះបង់ចោលពួកគេហើយ។
៧ ពួកគេបានក្បត់ព្រះអម្ចាស់
ដោយបង្កើតកូនឥតខាន់ស្លា។
ឥឡូវនេះ បុណ្យចូលខែថ្មីក្លាយទៅជា
មហន្តរាយដល់ពួកគេ និងទឹកដីរបស់ពួកគេ។
សង្គ្រាមផ្ទៃក្នុងរវាងអ៊ីស្រាអែល និងយូដា
៨ ចូរផ្លុំស្នែងប្រកាសសឹកនៅគីបា!
ចូរផ្លុំត្រែប្រកាសភាពអាសន្ននៅរ៉ាម៉ា!
ចូរស្រែកហ៊ោនៅបេតអាវេន! បេនយ៉ាមីន
ចូរប្រយ័ត្នខាងក្រោយខ្នងអ្នក!
៩ នៅថ្ងៃព្រះជាម្ចាស់ដាក់ទោស
អេប្រាអ៊ីមនឹងត្រូវវិនាសអន្តរាយ។
យើងប្រាប់ដំណឹងដ៏ពិតអោយកុលសម្ព័ន្ធនានា
នៃជនជាតិអ៊ីស្រាអែលដឹងជាមុន។
១០ មេដឹកនាំរបស់ជនជាតិយូដាប្រៀបបាននឹង
អស់អ្នកដែលបង្ខិតបង្គោលរបង
យើងនឹងជះកំហឹងរបស់យើងលើពួកគេ
ដូចទឹកហូរយ៉ាងខ្លាំង។
១១អេប្រាអ៊ីមរងនូវការវិនិច្ឆ័យទោស
ហើយត្រូវគេជិះជាន់សង្កត់សង្កិន
ព្រោះអេប្រាអ៊ីមរត់ទៅពឹងពាក់លើអ្វីៗ
ដែលឥតបានការ។
១២រីឯយើងវិញ យើងប្រៀបបាននឹងអង្គែ
ដែលស៊ីពួកអេប្រាអ៊ីម
ហើយដូចដំបៅស៊ីរូងពួកយូដា។
១៣ អេប្រាអ៊ីមឃើញរោគរបស់ខ្លួន
យូដាក៏ឃើញដំបៅរបស់ខ្លួនដែរ
ដូច្នេះ អេប្រាអ៊ីមទៅពឹងស្រុកអាស្ស៊ីរី
គេចាត់អ្នកនាំសារអោយទៅ
គាល់ព្រះចៅអធិរាជ
ប៉ុន្តែ ស្ដេចនោះពុំអាចកែរោគអ្នករាល់គ្នា
ឬព្យាបាលដំបៅអ្នករាល់គ្នា
អោយជាសះបានឡើយ។
១៤យើងប្រៀបដូចសិង្ហដែលប្រហារអេប្រាអ៊ីម
និងដូចសិង្ហស្ទាវហែកកូនចៅយូដាស៊ី
គឺយើងនេះហើយដែលហែកពួកគេ
រួចយើងចាកចេញទៅ
ទាំងពាំពួកគេយកទៅជាមួយ
ឥតមាននរណាអាចរំដោះពួកគេបានឡើយ។
១៥ យើងនឹងវិលទៅដំណាក់របស់យើងវិញ
រហូតទាល់តែពួកគេសារភាពថាខ្លួនខុស
ហើយស្វែងរកយើង។
នៅពេលមានអាសន្ន
ពួកគេនឹងវិលមករកយើងវិញជាមិនខាន។