ព្យាការីហូសេ (០៤)

ព្រះអម្ចាស់ចោទប្រកាន់ប្រជារាស្ត្ររបស់ព្រះអង្គ
១ ជនជាតិអ៊ីស្រាអែលអើយ ចូរស្ដាប់
ព្រះបន្ទូលរបស់ព្រះអម្ចាស់!
ព្រះអម្ចាស់កំពុងតែប្ដឹងនឹងអ្នកស្រុកនេះ
ដ្បិតនៅក្នុងស្រុកនេះ គ្មានការស្មោះត្រង់ គ្មានភក្ដីភាព
ហើយក៏គ្មាននរណាស្គាល់ព្រះជាម្ចាស់ដែរ។
២ ផ្ទុយទៅវិញ មានតែការដាក់បណ្ដាសាគ្នា
ការបោកប្រាស់គ្នា សម្លាប់គ្នា
អំពើចោរកម្ម និងការផិតក្បត់
ពួកគេប្រព្រឹត្តអំពើឃោរឃៅ និងឃាតកម្ម
ជាបន្តបន្ទាប់គ្នា។
៣ ហេតុនេះស្រុករបស់ពួកគេនឹងរាំងស្ងួត
អស់អ្នកដែលរស់នៅក្នុងស្រុក ព្រមទាំង
សត្វព្រៃ និងបក្សាបក្សី ធ្លាក់ទន់ខ្សោយ
សូម្បីតែត្រីនៅក្នុងសមុទ្រក៏ត្រូវវិនាសសូន្យ
ជាមួយពួកគេដែរ។

ព្រះបន្ទូលប្រឆាំងនឹងបូជាចារ្យ
៤ ប៉ុន្តែ បូជាចារ្យអើយ មិនត្រូវអោយនរណា
ជំទាស់ ឬស្ដីបន្ទោសប្រជាជនឡើយ
ដ្បិតយើងចោទប្រកាន់តែអ្នក។
៥ នៅពេលថ្ងៃ អ្នកនឹងជំពប់ដួល
នៅពេលយប់ ព្យាការីជំពប់ដួលជាមួយអ្នក
ហើយយើងនឹងធ្វើអោយម្ដាយរបស់អ្នក
ត្រូវវិនាសដែរ។
៦ ប្រជាជនរបស់យើងវិនាស
ព្រោះពួកគេមិនស្គាល់យើង។
ដោយអ្នកមិនទទួលស្គាល់យើង
យើងនឹងបណ្ដេញអ្នកមិនអោយបំពេញមុខងារ
ជាបូជាចារ្យរបស់យើងទៀតដែរ។
ដោយអ្នកបានបំភ្លេចវិន័យនៃព្រះរបស់អ្នក
យើងនឹងបំភ្លេចកូនចៅរបស់អ្នកដែរ។
៧ ពួកបូជាចារ្យទាំងប៉ុន្មានសុទ្ធតែប្រព្រឹត្ត
អំពើបាបប្រឆាំងនឹងយើង
យើងនឹងដូរកិត្តិយសរបស់ពួកគេ
អោយទៅជាភាពអាម៉ាស់។
៨ អ្នកទាំងនោះបំប៉នខ្លួនអោយធំធាត់ ដោយសារ
តង្វាយលោះបាបនៃប្រជាជនរបស់យើង
ហើយសប្បាយចិត្ត
ដោយឃើញពួកគេប្រព្រឹត្តអំពើអាក្រក់។
៩ បូជាចារ្យក៏ដូចជាប្រជាជនដែរ
យើងនឹងដាក់ទោសពួកគេ
តាមអំពើ ដែលខ្លួនប្រព្រឹត្ត
គឺពួកគេប្រព្រឹត្តយ៉ាងណា
យើងនឹងដាក់ទោសពួកគេយ៉ាងនោះដែរ។
១០ ពួកគេបរិភោគ តែមិនចេះឆ្អែត
ពួកគេប្រព្រឹត្តអំពើពេស្យាចារ
តែមិនបានចំរុងចំរើនទេ
ដ្បិតពួកគេបោះបង់ចោលយើង
ដែលជាព្រះអម្ចាស់ ទៅប្រព្រឹត្ត
១១ អំពើពេស្យាចារ។
ចិត្តប្រាថ្នាចង់បានស្រាចាស់ និងស្រាថ្មី
បាននាំពួកគេអោយវង្វេង។
១២ ប្រជារាស្ត្ររបស់យើងទៅរកព្រះធ្វើពីឈើ
អោយទស្សន៍ទាយ
ដំបងរបស់គេប្រាប់សេចក្ដីដែលគេចង់ដឹង!
គំនិតពេស្យាចារបាននាំពួកគេអោយវង្វេង
ពួកគេប្រព្រឹត្តអំពើពេស្យាចារ
ដោយងាកចេញពីព្រះជាម្ចាស់របស់ខ្លួន។
១៣ ពួកគេតែងតែធ្វើយញ្ញបូជានៅតាមកំពូលភ្នំ
ហើយដុតគ្រឿងក្រអូបនៅតាមទួលខ្ពស់
នៅក្រោមដើមជ្រៃ ក្រោមដើមពោធិ
និងក្រោមដើមម៉ៃសាក់
ដែលមានម្លប់ដ៏ត្រជាក់ត្រជុំ!
ហេតុនេះ កូនស្រីរបស់អ្នករាល់គ្នា
ប្រព្រឹត្តអំពើពេស្យាចារ
កូនប្រសាស្រីរបស់អ្នករាល់គ្នា
ប្រព្រឹត្តអំពើផិតក្បត់។
១៤ យើងមិនដាក់ទោសកូនស្រីរបស់អ្នករាល់គ្នា
ព្រោះគេបានប្រព្រឹត្តអំពើពេស្យាចារ
ហើយក៏មិនដាក់ទោសកូនប្រសាស្រីរបស់
អ្នករាល់គ្នា ព្រោះតែអំពើផិតក្បត់របស់គេដែរ
ដ្បិតអ្នករាល់គ្នាផ្ទាល់បានដកខ្លួន
ទៅជាមួយស្រីពេស្យា
និងធ្វើយញ្ញបូជារួមជាមួយស្រីពេស្យាសក្ការៈ។
ប្រជាជនដែលមិនចេះគិតពិចារណាបែបនេះ
រមែងបោះជំហានទៅរកសេចក្ដីវិនាស។
១៥ អ៊ីស្រាអែលអើយ ប្រសិនបើអ្នកប្រព្រឹត្ត
អំពើពេស្យាចារដូច្នេះ
មិនគប្បីអោយយូដាធ្វើខុសដូចអ្នកទេ
កុំទៅគីលកាល់ កុំឡើងទៅបេតអាវេន
ឬក៏ស្បថក្នុងនាម
ព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅដែរ។
១៦ អ៊ីស្រាអែលមានចិត្តរឹងរូសដូចគោញីកៀច ហេតុអ្វីបានជាព្រះអម្ចាស់ ត្រូវឃ្វាលពួកគេដូចឃ្វាលកូនចៀម នៅតាមវាលស្មៅដ៏ទូលំទូលាយដូច្នេះ? ១៧ បើអេប្រាអ៊ីមចូលរួមជាមួយព្រះក្លែងក្លាយ ទុកអោយគេចូលរួមទៅ! ១៨ ពួកគេផឹកស្រាមិន ទាន់អស់ចិត្តផង នោះពួកគេបែរទៅប្រព្រឹត្តអំពើពេស្យាចារ។ មេដឹកនាំរបស់ពួកគេចូលចិត្តអំពើដ៏អាម៉ាស់។ ១៩ ខ្យល់កំបុតត្បូងនឹងកួចពួកគេយកទៅ ហើយពួកគេនឹងត្រូវខ្មាស ព្រោះតែយញ្ញបូជារបស់ខ្លួន។