ព្យាការីហូសេ (១៤)

១(១៣.១៦) អ្នកក្រុងសាម៉ារីនឹងទទួលទោស
ព្រោះគេបានបះបោរ
ប្រឆាំងនឹងព្រះរបស់ខ្លួន។
ពួកគេនឹងដួលស្លាប់ដោយមុខដាវ
ខ្មាំងនឹងជាន់កំទេចកូនក្មេង
ហើយវះពោះស្ត្រីមានគភ៌។

ព្រះបន្ទូលសន្យា
២(១)អ៊ីស្រាអែលអើយ!
ចូរវិលត្រឡប់
មករកព្រះអម្ចាស់ ជាព្រះរបស់អ្នកវិញ
ដ្បិតអំពើបាបរបស់អ្នក ធ្វើអោយអ្នកដួល។
៣(២)ចូរនាំគ្នាវិលត្រឡប់មករកព្រះអម្ចាស់វិញ
ដោយរៀបចំពាក្យសំដី ហើយទូលព្រះអង្គថា:
សូមលើកលែងទោសទាំងប៉ុន្មានអោយយើងខ្ញុំ
សូមមេត្តាទទួលពាក្យសរសើរតម្កើងរបស់យើងខ្ញុំ
ទុកជាយញ្ញបូជាជំនួសគោបា។
៤(៣)ស្រុកអាស្ស៊ីរីពុំអាចសង្គ្រោះយើងខ្ញុំបានទេ
យើងខ្ញុំក៏លែងជិះសេះទៅច្បាំងទៀតដែរ
យើងខ្ញុំលែងហៅរូបព្រះ
ដែលជាស្នាដៃរបស់យើងខ្ញុំថាជា
“ព្រះរបស់យើងខ្ញុំ” ទៀតហើយ។
មានតែព្រះអង្គទេ ដែលមានព្រះហឫទ័យ
អាណិតអាសូរដល់ជនកំព្រា។
៥(៤)«យើងនឹងព្យាបាលចិត្តក្បត់របស់ពួកគេ
អោយបានជាសះស្បើយ
គឺយើងនឹងស្រឡាញ់គេដោយស្មោះអស់ពីចិត្ត
ដ្បិតយើងលែងខឹងនឹងគេទៀតហើយ។
៦(៥)យើងនឹងអោយពរដល់ប្រជាជនអ៊ីស្រាអែល
ដូចទឹកសន្សើមធ្លាក់ចុះមក
ពួកគេនឹងរីកស្គុសស្គាយដូចផ្កាចន្ធូ
ពួកគេនឹងចាក់ឫសដូចដើមឈើនៅ
ស្រុកលីបង់។
៧(៦)ពួកគេបែកមែកសាខា ល្អដូចដើមអូលីវ
និងមានគន្ធពិដោរក្រអូប
ដូចព្រៃនៅស្រុកលីបង់។
៨(៧)អស់អ្នកដែលធ្លាប់ជ្រកនៅក្រោម
ម្លប់ដើមឈើនេះ នឹងវិលត្រឡប់មកវិញ។
ពួកគេនឹងធ្វើស្រែចំការសាជាថ្មី
ពួកគេនឹងចំរុងចំរើនដូចដើមទំពាំងបាយជូរ
ហើយមានឈ្មោះល្បីល្បាញដូចស្រា
នៅស្រុកលីបង់។
៩(៨)អេប្រាអ៊ីមអើយ! តើអ្នកលែងប្រដូចយើង
ទៅនឹងព្រះក្លែងក្លាយហើយឬនៅ?
គឺយើងនេះហើយដែលឆ្លើយតប
និងមើលថែរក្សាអ្នក។
យើងប្រៀបដូចដើមពោធិមានស្លឹកខៀវខ្ចី
យើងនឹងធ្វើអោយអ្នកបង្កើតផ្លែបាន»។
១០(៩)តើនរណាមានប្រាជ្ញាវាងវៃ
អាចពិចារណា យល់សេចក្ដីទាំងនេះបាន?
មាគ៌ារបស់ព្រះអម្ចាស់សុទ្ធតែទៀងត្រង់
មនុស្សសុចរិតនឹងដើរតាមមាគ៌ានេះ
រីឯជនទុច្ចរិតវិញ
នឹងជំពប់ជើងដួល
ព្រោះតែមាគ៌ានេះជាមិនខាន។