ព្យាការីហូសេ (១០)

ការវិនាសរបស់អាណាចក្រអ៊ីស្រាអែល
១ ពីដើមប្រជាជនអ៊ីស្រាអែល
ប្រៀបដូចជាចំការទំពាំងបាយជូរ
ដែលដុះទ្រុបទ្រុល ហើយបង្កើតផ្លែជាច្រើន។
ប៉ុន្តែ ផ្លែចំរើនឡើងយ៉ាងណា
ចំនួនអាសនៈសំរាប់ព្រះក្លែងក្លាយ
ក៏កើនឡើងច្រើនយ៉ាងនោះដែរ។
ស្រុករបស់គេកាន់តែល្អយ៉ាងណា
គេក៏តុបតែងស្ដូបសំរាប់ព្រះក្លែងក្លាយ
កាន់តែល្អឡើងៗយ៉ាងនោះដែរ។
២ ដោយពួកគេមានចិត្តមិនស្មោះ
ពួកគេត្រូវតែទទួលទោស
គឺព្រះអម្ចាស់នឹងផ្ដួលរំលំអាសនៈរបស់ពួកគេ
ព្រមទាំងកំទេចស្ដូបរបស់ពួកគេទៀតផង។
៣ ឥឡូវនេះ ពួកគេនិយាយគ្នាថា:
«យើងគ្មានស្ដេចទេ ព្រោះយើងមិនបាន
គោរពកោតខ្លាចព្រះអម្ចាស់។
(ប៉ុន្តែ ប្រសិនបើយើងមានស្ដេច
តើស្ដេចអាចជួយយើងបានឬទេ?)»។
៤ ពួកគេពោលពាក្យឥតបានការ
និយាយស្បថបំពាន
ហើយនាំគ្នាចុះសន្ធិសញ្ញាទៀតផង។
ប៉ុន្តែ ចំពោះពួកគេ យុត្តិធម៌ប្រៀបបាននឹង
ពន្លកតិណជាតិមានជាតិពុល
ដុះនៅតាមចំការដែលគេភ្ជួររាស់។
៥ អ្នកក្រុងសាម៉ារីនឹងភ័យតក់ស្លុត
ព្រោះតែរូបគោញីដែលគេគោរព
នៅបេត-អាវេន
ប្រជាជន និងពួកបូជាចារ្យដែលគោរពបូជា
រូបកូនគោ នាំគ្នាធ្វើពិធីកាន់ទុក្ខ។
ទុកអោយពួកគេលើកតម្កើងរូបកូនគោទៅ
ព្រោះបន្តិចទៀត រូបកូនគោនឹងត្រូវដកចេញ
ពីចំណោមពួកគេ។
៦ គេនឹងយករូបកូនគោនេះទៅស្រុកអាស្ស៊ីរី
ថ្វាយព្រះចៅអធិរាជ។
អេប្រាអ៊ីមនឹងត្រូវអាម៉ាស់
អ៊ីស្រាអែលនឹងត្រូវបាក់មុខ
ព្រោះតែនយោបាយរបស់ខ្លួន។
៧ អ្នកក្រុងសាម៉ារី និងស្ដេចរបស់គេប្រៀបបីដូច
កំទេចឈើអណ្ដែតត្រសែតនៅលើផ្ទៃទឹក។
៨ ចំណែកឯទីសក្ការៈទាំងឡាយនៅអាវេន
ជាកន្លែងដែលប្រជាជនអ៊ីស្រាអែល
ប្រព្រឹត្តអំពើបាប ក៏ត្រូវបំផ្លាញចោលដែរ។
រពាក់ និងអញ្ចាញ នឹងដុះលើអាសនៈរបស់គេ។
ពេលនោះ គេនឹងនិយាយទៅកាន់ភ្នំធំៗថា:
ចូរជួយលាក់យើងខ្ញុំផង!
ហើយគេក៏និយាយទៅកាន់ភ្នំតូចៗថា:
ចូររលំសង្កត់លើយើងខ្ញុំមក!។
៩ ចាប់តាំងពីគ្រានៅគីបា អ៊ីស្រាអែលចេះតែ
ប្រព្រឹត្តអំពើបាប ឥតរាងចាលឡើយ។
ដូច្នេះ គួរអោយសង្គ្រាមកើតមាននៅគីបា
សំរាប់ដាក់ទោសជនពាល!
១០ យើងនឹងធ្វើទោសពួកគេ តាមចិត្តយើង
ជាតិសាសន៍នានានឹងលើកគ្នាមកវាយពួកគេ
ដើម្បីដាក់ទោសពួកគេ ព្រោះតែកំហុស
ទាំងពីរដែលពួកគេបានប្រព្រឹត្ត។
១១ អេប្រាអ៊ីមប្រៀបបាននឹងគោញី
ដែលគេបង្ហាត់អោយចូលចិត្តបញ្ជាន់ស្រូវ
ពេលយើងឃើញ ករបស់អេប្រាអ៊ីមមាំល្អដូច្នេះ
យើងទឹមអេប្រាអ៊ីម
យូដាកំពុងភ្ជួរ ហើយយ៉ាកុបកំពុងរាស់។
១២ ចំណែកឯអ្នករាល់គ្នាវិញ
ចូរនាំគ្នាសាបព្រោះសេចក្ដីសុចរិត
អ្នករាល់គ្នានឹងច្រូតបានភក្ដីភាពយ៉ាងបរិបូណ៌!
ចូរកាប់គាស់ដីចំការថ្មី!
ដល់ពេលត្រូវស្វែងរកព្រះអម្ចាស់ហើយ
គឺចាប់ពីពេលនេះ រហូតដល់ព្រះអង្គយាងមក
ចាក់បង្ហូរសេចក្ដីសុចរិតលើអ្នករាល់គ្នា។
១៣ អ្នករាល់គ្នាសាបព្រោះអំពើអាក្រក់
នោះអ្នករាល់គ្នាទទួលផលជាអំពើទុច្ចរិត
ហើយអ្នករាល់គ្នានឹងបរិភោគផ្លែបោកប្រាស់។
អ្នកបានពឹងផ្អែកលើរទេះចំបាំង
និងលើចំនួនទាហានដ៏អង់អាចរបស់អ្នក។
១៤ ហេតុនេះសំរែកបរាជ័យលេចឮ
ក្នុងកងទ័ពរបស់អ្នក
ទីក្រុងដ៏មានកំពែងរឹងមាំរបស់អ្នក
នឹងត្រូវខ្មាំងបំផ្លាញ ដូចស្ដេចសាល់ម៉ន
បានបំផ្លាញក្រុងបេត-អើបេល
នៅថ្ងៃធ្វើសឹកសង្គ្រាម
គេបានកិនកំទេចម្ដាយពីលើកូនរបស់ខ្លួន។
១៥ នេះជាផលវិបាកនៃអំពើអាក្រក់ដ៏ហួសហេតុ
ដែលអ្នករាល់គ្នាបានប្រព្រឹត្តនៅបេតអែល។
នៅពេលថ្ងៃរះ ស្ដេចស្រុកអ៊ីស្រាអែលនឹងត្រូវ
វិនាសសូន្យ។