ហេប្រឺ (១២)

ព្រះជាម្ចាស់​ជា​ឪពុក​របស់​យើង
 ដោយ​មាន​មនុស្ស​ជា​ច្រើន​ ឥត​គណនា ធ្វើ​ជា​បន្ទាល់​ទុក​អោយ​យើង​យ៉ាង​នេះ​ទៅ​ហើយ យើង​ត្រូវ​លះបង់​ចោល​អ្វីៗ​ទាំង​អស់​ដែល​ជា​បន្ទុក​ពី​លើ​យើង និង​លះបង់​អំពើ​បាប​ដែល​រឹបរួត​យើង​នេះ​ចោល​ទៅ ហើយ​ព្យាយាម​រត់​តម្រង់​ទៅ​មុខ តាម​ព្រះអម្ចាស់​ដាក់​អោយ​យើង​រត់។ ត្រូវ​សម្លឹង​មើល​ទៅ​ ព្រះយេស៊ូ ដែល​ជា​ដើម​កំណើត​នៃ​ជំនឿ ហើយ​ធ្វើ​អោយ​ជំនឿ​នេះ​បាន​គ្រប់​លក្ខណៈ។ ព្រះអង្គ​សុខ​ចិត្ត​លះបង់​អំណរ ដែល​បម្រុង​ទុក​សំរាប់​ព្រះអង្គ ហើយ​រង​ទុក្ខ​លំបាក​នៅ​លើ​ឈើ​ឆ្កាង​ឥត​ខ្លាច​ខ្មាស​សោះ​ឡើយ។ ឥឡូវ​នេះ ព្រះអង្គ​គង់​នៅ​ខាង​ស្ដាំ​បល្ល័ង្ក​របស់​ព្រះជាម្ចាស់។

 សូម​បង​ ប្អូន​គិត​ពី​ព្រះអង្គ​ដែល​បាន​ស៊ូ​ទ្រាំ​នឹង​មនុស្ស​បាប​ដែល​ប្រឆាំង​ ព្រះអង្គ​យ៉ាង​ខ្លាំង​នោះ​ទៅ ដើម្បី​កុំ​អោយ​បង​ប្អូន​នឿយ​ណាយ​បាក់​ទឹក​ចិត្ត​ឡើយ។ បង​ប្អូន​ពុំ​ទាន់​បាន​តយុទ្ធ​ទល់​នឹង​បាប​រហូត​ដល់​ទៅ​បង្ហូរ​ឈាម​ទេ តែ​បង​ប្អូន​បែរ​ជា​ភ្លេច​ព្រះបន្ទូល​ទូន្មាន​របស់​ព្រះជាម្ចាស់​ មក​កាន់​បង​ប្អូន​ដូច​ឪពុក​ទូន្មាន​កូន​ដែរ គឺ​ថាៈ

«កូន​អើយ មិន​ត្រូវ​ធ្វេសប្រហែស​នឹង
ការ​វាយ​ប្រដៅ​របស់​ព្រះអម្ចាស់​ឡើយ
ហើយ​ក៏​មិន​ត្រូវ​ធ្លាក់​ទឹក​ចិត្ត
នៅ​ពេល​ព្រះអង្គ​ស្ដី​បន្ទោស​ដែរ
 ដ្បិត​ព្រះអម្ចាស់​ប្រដៅ
អ្នក​ដែល​ព្រះអង្គ​ស្រឡាញ់
ហើយ​វាយ​អ្នក​ដែល​ព្រះអង្គ​ទទួល​ជា​កូន»​

 បង​ប្អូន​ស៊ូ​ទ្រាំ​នឹង​ការ​ប្រដៅ​បែប​នេះ មក​ពី​ព្រះជាម្ចាស់​រាប់​បង​ប្អូន​ថា​ជា​កូន។ តើ​មាន​កូន​ណា​ដែល​ឪពុក​មិន​វាយ​ប្រដៅ?  ប្រសិន​បើ​បង​ប្អូន​មិន​ បាន​ទទួល​ការ​វាយ​ប្រដៅ ដូច​កូន​ឯ​ទៀតៗ​ទទួល​ទេ​នោះ បាន​សេចក្ដី​ថា បង​ប្អូន​ជា​កូន​ឥត​ខាន់ស្លា​មិន​មែន​ជា​កូន​ពេញ​ច្បាប់​ឡើយ។ ក្នុងលោកនេះយើង​ធ្លាប់​មានឪពុកដែលធ្លាប់​វាយ​ប្រដៅ​យើង ហើយ​យើង​នៅ​តែ​គោរព​គាត់។ រីឯ​ព្រះបិតា​ជា​ម្ចាស់​លើ​ជីវិត​ទាំង​អស់​នោះ​វិញ យើង​ត្រូវ​ស្ដាប់​បង្គាប់​ព្រះអង្គ​អោយ​រឹត​តែ​ខ្លាំង​ទៅ​ទៀត ដើម្បី​អោយ​បាន​ទទួល​ជីវិត។ ១០ ឪពុក​យើង​តែង​វាយ​ប្រដៅ ​តែ​មួយ​រយៈ​ពេល​ខ្លី តាម​គាត់​យល់​ឃើញ។ រីឯ​ព្រះជាម្ចាស់​វិញ ព្រះអង្គ​វាយ​ប្រដៅ​ជា​ប្រយោជន៍​ដល់​យើង ដើម្បី​ប្រទាន​អោយ​យើង​បាន​វិសុទ្ធ*​រួម​ជា​មួយ​ព្រះអង្គ​ដែរ។ ១១ ការ​វាយ​ប្រដៅ​តែងតែ​ ធ្វើ​អោយ​មាន​ទុក្ខ​ព្រួយ​ភ្លាមៗ មិន​មែន​ធ្វើ​អោយ​សប្បាយ​ទេ។ ក្រោយ​មក ទើប​ការ​វាយ​ប្រដៅ​ផ្ដល់​អោយ​អស់​អ្នក​ដែល​បាន​ទទួល​ការ​អប់រំ​តាម​របៀ​ប​នេះ ​មាន​សេចក្ដី​សុខសាន្ត និង​សេចក្ដី​សុចរិត*​ទុក​ជា​ផល។ ១២ ហេតុ​នេះ«ចូរលើកដៃដែលរួយឡើង ហើយតម្រង់ជង្គង់ដែលទន់នោះអោយរឹងប៉ឹងឡើងដែរ»​។ ១៣ ត្រូវ​រៀបចំ​ផ្លូវ​អោយ​បាន​ត្រង់​ដើម្បី​ស្រួល​ដើរ​ កុំ​អោយ​អ្នក​ខូច​ជើង​រឹត​តែ​ខូច​ជើង​ថែម​ទៀត គឺ​អោយ​គេ​បាន​ជា​វិញ​ប្រសើរ​ជាង។

ត្រូវ​ស្មោះ​ត្រង់​នឹង​ការ​ត្រាស់​ហៅ​របស់​ព្រះជាម្ចាស់
១៤ ចូរ​ខិតខំ​អោយ​បាន​សុខ​ ជា​មួយ​មនុស្ស​ទាំង​អស់ ព្រម​ទាំង​ខិតខំ​អោយ​បាន​វិសុទ្ធ*​ទៀត​ផង បើ​មិន​បាន​វិសុទ្ធ​ទេ គ្មាន​នរណា​អាច​ឃើញ​ព្រះអម្ចាស់​បាន​ឡើយ។ ១៥ ចូរ​ប្រយ័ត្នប្រយែង កុំឲ្យបងប្អូន​​ណា​ម្នាក់​ឃ្លាត​ចេញ​ពី​ព្រះហឫទ័យ ប្រណីសន្ដោស​របស់​ព្រះជាម្ចាស់។ មិន​ត្រូវ​ទុក​អោយ​ការ​អាស្រូវ​ចាក់​ឫស ដុះ​ឡើង​បណ្ដាល​អោយ​កើត​រឿងរ៉ាវ ហើយ​បំពុល​ចិត្ត​គំនិត​បង​ប្អូន​ជា​ច្រើន​នោះ​ឡើយ។

១៦ ចូរ​ប្រយ័ត្នប្រយែង កុំ​អោយ​បង​ប្អូន​ណា​ម្នាក់​ប្រាសចាក​សីលធម៌ ឬ​មាន​ចិត្ត​ប្រមាថ​អ្វីៗ​ដែល​សក្ការៈ ដូច​លោក​អេសាវ​បាន​លក់​សិទ្ធិ​ជា​កូន​ច្បង ព្រោះ​តែ​ចង់​បាន​ម្ហូប​មួយ​ចាន​នោះ​អោយ​សោះ។ ១៧ បង​ប្អូន​ជ្រាប​ស្រាប់​ ហើយ​ថា ក្រោយ​មក​នៅ​ពេល​គាត់​ចង់​ទទួល​ពរ​ទុក​ជា​មត៌ក ឪពុក​បាន​ផាត់​គាត់​ចោល ទោះ​បី​គាត់​ខំ​ទទូច​អង្វរ​សុំ​ទាំង​ទឹក​ភ្នែក​ក៏​ដោយ ក៏​គាត់​ពុំ​អាច​ធ្វើ​អោយ​ឪពុក​ដូរ​គំនិត​បាន​ដែរ។

១៨ បង​ ប្អូន​ពុំ​បាន​ចូល​មក​ជិត​ភ្នំ​មួយ​ដែល​អាច​ពាល់​បាន​ជា​ភ្នំ​ដែល​មាន​ភ្លើង​ឆេះ ដែល​មាន​ភាព​ងងឹត​សូន្យសុង​មាន​ខ្យល់​ព្យុះ​នោះ​ឡើយ ១៩ ហើយ​បង​ប្អូន​ក៏​ពុំ​ បាន​ឮ​ស្នូរ​ត្រែ និង​ឮ​ព្រះសូរសៀង​ដែរ។ ពេល​ជន​ជាតិ​អ៊ីស្រាអែល​ឮ គេ​បាន​អង្វរ​សុំ​កុំ​អោយ​ព្រះអង្គ​មាន​ព្រះបន្ទូល​ទៀត ២០ ព្រោះ​គេ​ពុំ​អាច​ទ្រាំទ្រ​នឹង​ព្រះបញ្ជា​នេះ​បាន​ទេ គឺ​ថាៈ«នរណាប៉ះភ្នំនេះ សូម្បីតែសត្វក៏ដោយ ក៏ត្រូវតែយកដុំថ្មគប់សម្លាប់ចោលដែរ» ២១ នេះ​ជា​អព្ភូតហេតុ​មួយ​គួរ​អោយ​ស្ញែង​ខ្លាច​ណាស់ បាន​ជា​លោក​ម៉ូសេ​មាន​ប្រសាសន៍​ថាៈ«ខ្ញុំភ័យខ្លាចយ៉ាងខ្លាំង ហើយក៏ញ័ររន្ធត់ទៀតផង» ២២ ផ្ទុយ​ទៅ​វិញ បង​ប្អូន​ចូល​មក​ជិត​ភ្នំ​ស៊ីយ៉ូន មក​ជិត​ក្រុង​របស់​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ គឺ​ក្រុង​យេរូសាឡឹម​នៅ​ស្ថាន​បរមសុខ​ដែល​មាន​ទេវទូត*​រាប់​លាន​រាប់​កោដិ ២៣ និង​មាន​ព្រះសហគមន៍​ របស់​ពួក​រៀមច្បង ដែល​មាន​ឈ្មោះ​កត់​ទុក​នៅ​ស្ថាន​បរមសុខ​កំពុង​ជួបជុំ​គ្នា​យ៉ាង​អធិកអធម។ បង​ប្អូន​ចូល​មក​ជិត​ព្រះជាម្ចាស់ ដែល​វិនិច្ឆ័យ​មនុស្ស​ទាំង​អស់ និង​ចូល​មក​ជិត​វិញ្ញាណក្ខ័ន្ធ​អ្នក​សុចរិត ដែល​បាន​គ្រប់​លក្ខណៈ ២៤ បង​ប្អូន​ចូល​មក​ជិត​ ព្រះយេស៊ូ ដែល​ជា​ស្ពាន​នៃ​សម្ពន្ធមេត្រី*​ថ្មី ហើយ​ចូល​មក​ជិត​ព្រះលោហិត​សំរាប់​ប្រោះ គឺ​ជា​ព្រះលោហិត​ដែល​ទូលអង្វរ ប្រសើរ​ជាង​លោហិត​របស់​លោក​អបិល​ទៅ​ទៀត។

២៥ ចូរ​ប្រយ័ត្ន! បើ​ព្រះអង្គ​មាន​ព្រះបន្ទូល​មក​កាន់​បង​ប្អូន សូម​កុំ​បដិសេធ​មិន​ព្រម​ស្ដាប់​នោះ​ឡើយ។ ប្រសិន​បើ​ពួក​អ្នក​ដែល​បដិសេធ​មិន​ព្រម​ស្ដាប់​ពាក្យ​មនុស្ស​ទូន្មាន​គេ​នៅ ​លើ​ផែនដី មិន​អាច​គេច​ផុត​ពី​ទោស​យ៉ាង​ហ្នឹង​ទៅ​ហើយ ចំណង់​បើ​យើង​ផ្ទាល់​បើ​យើង​ព្រងើយ​កន្តើយ​មិន​ព្រម​ស្ដាប់​ព្រះអង្គ ដែល​មាន​ព្រះបន្ទូល​មក​កាន់​យើង​ពី​ស្ថាន​បរមសុខ​វិញ នោះ​យើង​រឹត​តែ​ពុំ​អាច​គេច​ផុត​ពី​ទោស​បាន​ឡើយ។

២៦ ពី​ដើម ព្រះសូរសៀង​របស់​ព្រះអង្គ​បាន​ធ្វើ​អោយ​កក្រើក​ផែនដី ឥឡូវ​នេះ ព្រះអង្គ​មាន​ព្រះបន្ទូល​សន្យា​ថាៈ«ម្ដងនេះទៀត យើងនឹងធ្វើអោយកក្រើកមិនត្រឹមតែផែនដីប៉ុណ្ណោះទេ គឺកក្រើកទាំងផ្ទៃមេឃផងដែរ»​។ ២៧ ពាក្យ«ម្ដង​នេះ​ ទៀត»បង្ហាញ​អោយ​ឃើញ​ច្បាស់​ថា អ្វីៗ​ដែល​ព្រះជាម្ចាស់​បង្កើត​មក​នឹង​ត្រូវ​កក្រើក ហើយ​រលាយ​សូន្យ​អស់​ទៅ គឺ​មាន​តែ​អ្វីៗ​មិន​កក្រើក​ប៉ុណ្ណោះ​ទេ​ដែល​នៅ​សល់។ ២៨ ដោយ​យើង​បាន​ទទួល​ ព្រះរាជ្យ​*​​មួយ​ដែល​មិន​ចេះ​កក្រើក​ដូច្នេះ យើង​ត្រូវ​តែ​ដឹង​គុណ ហើយ​គោរព​បំរើ​ព្រះជាម្ចាស់ តាម​របៀប​ដែល​ព្រះអង្គ​គាប់​ព្រះហឫទ័យ ដោយ​ចិត្ត​គោរព​ប្រណិប័តន៍ និង​គោរព​កោត​ខ្លាច​ព្រះអង្គ ២៩ ​ដ្បិត​ព្រះ​របស់​យើង​ដូច​ជា​ភ្លើង​ដែល​ឆេះ​សន្ធោសន្ធៅ។