ព្យាការីហាកាយ (០២)

ព្រះវិហារ​ថ្មី
 នៅ​ថ្ងៃ​ទី​ម្ភៃ​មួយ ក្នុង​ខែ​ទី​ប្រាំពីរ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​តាម​រយៈ​ព្យាការី​ហាកាយ​ដូច​ត​ទៅ៖

 «ចូរ​ប្រាប់​សូរ៉ូបាបិល ជា​កូន​របស់​លោក​សាលធាល ទេសាភិ​បាល​របស់​អាណាខេត្ត​យូដា និង​មហា​បូជាចារ្យ​យ៉ូស៊ូអា​ជា​កូន​របស់​លោក​យេហូសាដាក ព្រម​ទាំង​ប្រជាជន​ដែល​នៅ​សេស​សល់​ថា

៣ ក្នុងចំណោមអ្នករាល់គ្នាដែលបានរួចពីស្លាប់
តើនរណាធ្លាប់បានឃើញព្រះដំណាក់ដ៏រុងរឿង
កាលពីជំនាន់មុន?
ឥឡូវនេះ តើអ្នករាល់គ្នាឃើញព្រះដំណាក់ថ្មី
មានភាពដូចម្ដេចដែរ?
អ្នករាល់គ្នាឃើញថា ព្រះដំណាក់ថ្មីនេះ
មិនល្អទាល់តែសោះ!
៤ ឥឡូវនេះ សូរ៉ូបាបិលអើយ
ចូរមានចិត្តក្លាហានឡើង!
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
មហាបូជាចារ្យយ៉ូស៊ូអា
ជាកូនរបស់លោកយេហូសាដាកអើយ
ចូរមានចិត្តក្លាហានឡើង!
ប្រជាជនទាំងមូលដែលនៅក្នុងស្រុកអើយ
ចូរមានចិត្តក្លាហានឡើង!
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ចូរនាំគ្នាធ្វើការទៅ
ដ្បិតយើងនៅជាមួយអ្នករាល់គ្នាហើយ!
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
៥ ព្រះវិញ្ញាណរបស់យើងស្ថិតនៅជាមួយ
អ្នករាល់គ្នា ដូចយើងបានសន្យានៅគ្រាដែល
អ្នករាល់គ្នាចាកចេញពីស្រុកអេស៊ីប
ដូច្នេះ កុំខ្លាចអ្វីឡើយ!»។
៦ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖
«បន្តិចទៀត យើងនឹងធ្វើអោយ
ផ្ទៃមេឃ និងផែនដី
ព្រមទាំងសមុទ្រ និងដីគោក កក្រើក។
៧ យើងនឹងធ្វើអោយប្រជាជាតិនានាកក្រើក។
ទ្រព្យសម្បត្តិដ៏មានតម្លៃ
របស់ប្រជាជាតិទាំងអស់
នឹងហូរចូលមកក្នុងដំណាក់របស់យើង
ហើយយើងនឹងធ្វើអោយដំណាក់នេះ
បានថ្កុំថ្កើងរុងរឿង
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
៨ ប្រាក់ និងមាសជាកម្មសិទ្ធិរបស់យើង
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
៩ សិរីរុងរឿងរបស់ដំណាក់ថ្មីនេះនឹងថ្កុំថ្កើង
ជាងសិរីរុងរឿងរបស់ដំណាក់
កាលពីជំនាន់មុនទៅទៀត។
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
នៅកន្លែងនេះយើងនឹងផ្ដល់អោយអ្នករាល់គ្នា
បានប្រកបដោយសេចក្ដីសុខសាន្ត»
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។

ប្រជាជន​នៅ​មិន​ទាន់​បាន​បរិសុទ្ធ
១០ នៅ​ថ្ងៃ​ទី​ម្ភៃ​បួន ខែ​ទី​ប្រាំ​បួន ក្នុង​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះចៅ​ដារីយូស ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​ព្យាការី​ហាកាយ​ដូច​ត​ទៅ:

១១ ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា៖ «ចូរ​សួរ​​យោបល់​ពួក​បូជាចារ្យ​ដូច​ត​ទៅ: ១២ “ប្រសិន​បើ​ក្នុង​ថ្នក់ ​អាវ​របស់​នរណា​ម្នាក់ មាន​សាច់​ដែល​គេ​បាន​ញែក​ជា​សក្ការៈ ហើយ​បើ​អាវ​របស់​អ្នក​នោះ​ប៉ះ​នំបុ័ង បន្លែ ស្រា ប្រេង ឬ​អាហារ​ណា​មួយ​ផ្សេង​ទៀត តើ​របស់​ទាំង​នោះ​អាច​ចាត់​ទុក​ជា​របស់​សក្ការៈ​បាន​ឬ​ទេ?”»។ ពួក​បូជាចារ្យ​ឆ្លើយ​ថា«ទេ!»។ ១៣ លោក​ហាកាយ​មាន​ប្រសាសន៍ ​ទៀត​ថា៖ «ប្រសិន​បើ​នរណា​ម្នាក់​ត្រូវ​សៅហ្មង​ព្រោះ​តែ​ប៉ះពាល់​សាកសព ហើយ​ពេល​គាត់​ប៉ះពាល់​របស់​ឯ​ទៀតៗ តើ​របស់​នោះ​ទៅ​ជា​សៅហ្មង​ដែរ​ឬ​ទេ?»។ ពួក​បូជាចារ្យ​តប​ថា៖ «របស់​ទាំង​នោះ​នឹង​ទៅ​ជា​សៅហ្មង​មែន»។

១៤ លោកហាកាយក៏មានប្រសាសន៍ថា៖
ប្រជាជននេះក៏ដូច្នោះដែរ
យើងចាត់ទុកប្រជាជាតិនេះជាសៅហ្មង
ហើយអ្វីៗដែលពួកគេធ្វើ
និងអ្វីៗដែលគេយកមកថ្វាយយើងនៅទីនេះ
ក៏សៅហ្មងដែរ។
១៥ ឥឡូវនេះ ចូរសង្កេតមើលអំពីហេតុការណ៍
ដែលកើតមានចាប់ពីពេលនេះតទៅខាងមុខ។
មុនពេលអ្នករាល់គ្នាយកថ្មមកដាក់ត្រួតលើគ្នា
ដើម្បីសង់ព្រះវិហាររបស់ព្រះអម្ចាស់
១៦ អ្នករាល់គ្នាទៅជង្រុកបម្រុងនឹងកើបស្រូវម្ភៃថាំង
នោះឃើញមានតែដប់ថាំងទេ។
អ្នករាល់គ្នាទៅកន្លែងបញ្ជាន់ផ្លែទំពាំងបាយជូរ
ដើម្បីដួសយកស្រាហាសិបធុង
នោះឃើញមានតែម្ភៃធុងប៉ុណ្ណោះ។
១៧ យើងបានធ្វើអោយដំណាំរបស់អ្នករាល់គ្នា
ខូចខាត ស្រូវអ្នករាល់គ្នាស្កក
មានក្រាស៊ី និងមានព្រឹលធ្លាក់មកបំផ្លាញអស់
ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាមិនវិលមករក
យើងវិញដែរ
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១៨ ហេតុនេះចូរសង្កេតមើលហេតុការណ៍ដែល
កើតមានចាប់ពីឥឡូវនេះតទៅខាងមុខ។
ចាប់តាំងពីថ្ងៃទីម្ភៃបួនក្នុងខែទីប្រាំបួន
គឺចាប់ពីថ្ងៃដែលគេចាក់គ្រឹះសង់
ព្រះវិហាររបស់ព្រះអម្ចាស់។
ចូរសង្កេតមើលចុះ!
១៩ នៅក្នុងជង្រុក គ្មាននៅសល់គ្រាប់ពូជទេ
សូម្បីតែចំការទំពាំងបាយជូរ
ដើមឧទុម្ពរ ដើមទទឹម និងដើមអូលីវ
ក៏មិនផ្ដល់ភោគផលអ្វីដែរ។
ប៉ុន្តែ ចាប់ពីថ្ងៃនេះទៅ
យើងនឹងអោយពរ
អ្នករាល់គ្នាបានចំរុងចំរើន។

ព្រះបន្ទូលសន្យាចំពោះលោកសូរ៉ូបាបិល
២០ នៅថ្ងៃទីម្ភៃបួនដដែលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកហាកាយជាលើកទីពីរថា៖
២១ ចូរប្រាប់សូរ៉ូបាបិល ជាទេសាភិបាលរបស់
អាណាខេត្តយូដាថា:
យើងនឹងធ្វើអោយផ្ទៃមេឃ និងផែនដីកក្រើក
២២ យើងនឹងទម្លាក់ស្ដេចរបស់នគរទាំងឡាយ
យើងនឹងកំទេចកម្លាំងរបស់ប្រជាជាតិនានា។
យើងនឹងរំលំរទេះចំបាំង
ព្រមទាំងអស់អ្នកដែលបររទេះនោះ។
យើងនឹងផ្ដួលសេះ ព្រមទាំងអ្នកជិះ
បងប្អូននឹងកាប់សម្លាប់គ្នាទៅវិញទៅមក។
២៣ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖
«សូរ៉ូបាបិល ជាកូនរបស់សាលធាលអើយ
អ្នកជាអ្នកបំរើរបស់យើង
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ –
នៅថ្ងៃនោះយើងនឹងតែងតាំងអ្នកអោយ
ធ្វើជាត្រារបស់យើងផ្ទាល់
ព្រោះយើងបានជ្រើសរើសអ្នកហើយ»
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។