ព្យាការីហាកាយ (០១)

ពេលដែលត្រូវសង់ព្រះវិហារឡើងវិញ
១ នៅឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារីយូស នៅថ្ងៃទីមួយក្នុងខែទីប្រាំមួយ ព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈព្យាការី ហាកាយ មកកាន់លោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងជាទេសាភិបាលនៃអាណាខេត្តយូដា ព្រមទាំងលោកមហាបូជាចារ្យយ៉ូស៊ូអា ជាកូនរបស់លោកយេហូសាដាកដូចតទៅ:
២ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ប្រជាជននេះពោលថា “មិនទាន់ដល់ពេលសង់ព្រះដំណាក់របស់ព្រះអម្ចាស់ឡើងវិញទេ”»។ ៣ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកពួកគេតាមរយៈព្យាការីហាកាយដូចតទៅ៖

៤ «ពេលដំណាក់របស់យើងបាក់បែកនៅឡើយ
តើអ្នករាល់គ្នាគួររស់នៅក្នុងផ្ទះដែលតាក់តែង
ដោយឈើដ៏មានតម្លៃដូច្នេះឬ?»។
៥ ឥឡូវនេះ ព្រះអម្ចាស់នៃពិភពទាំងមូល
មានព្រះបន្ទូលថា៖
«ចូររិះគិតអំពីសភាពការណ៍របស់អ្នករាល់គ្នា!
៦ អ្នករាល់គ្នាសាបព្រោះច្រើន
តែច្រូតបានផលតិច
អ្នករាល់គ្នាបរិភោគ តែមិនចេះឆ្អែត
អ្នករាល់គ្នាផឹកស្រា តែមិនចេះស្កប់
អ្នករាល់គ្នាស្លៀកពាក់ តែមិនកក់ក្ដៅ
អ្នកធ្វើការទទួលប្រាក់ឈ្នួល
តែដូចជាទុកនៅក្នុងថង់កណ្ដាច»។
៧ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖
«ចូររិះគិតអំពីសភាពការណ៍របស់អ្នករាល់គ្នា!
៨ ចូរនាំគ្នាឡើងទៅលើភ្នំ
យកឈើមកសង់ដំណាក់របស់យើង។
យើងពេញចិត្តនឹងដំណាក់នេះ
ហើយយើងនឹងបង្ហាញសិរីរុងរឿងរបស់យើង»
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៩ «អ្នករាល់គ្នាប្រាថ្នាចង់បានផលច្រើន
តែអ្នករាល់គ្នាទទួលបានតិច។
អ្នករាល់គ្នាយកផលនោះមកដាក់ក្នុងផ្ទះ
តែយើងបានផ្លុំបំបាត់អស់ទៅ។
ហេតុអ្វីបានជាដូច្នេះ?
គឺមកពីដំណាក់របស់យើងបាក់បែកនៅឡើយ
ហើយអ្នករាល់គ្នាគិតតែខ្នះខ្នែង
ពីរឿងផ្ទះសំបែងរបស់ខ្លួន
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
១០ ហេតុនេះហើយបានជាមេឃទប់មិនអោយ
មានភ្លៀងធ្លាក់
ដីក៏មិនផ្ដល់ភោគផលអោយអ្នករាល់គ្នាដែរ។
១១ យើងនឹងធ្វើអោយកើតរាំងស្ងួត
គ្មានភ្លៀងធ្លាក់នៅក្នុងស្រុក តាមភ្នំ លើស្រែ
លើចំការទំពាំងបាយជូរ លើចំការអូលីវ
លើដំណាំឯទៀតៗ លើមនុស្ស លើសត្វ។
ដូច្នេះ កិច្ចការទាំងអស់ដែលមនុស្សធ្វើ
ឥតបង្កើតបានផលអ្វីឡើយ»។

១២ ព្យាការីហាកាយបាននាំយកព្រះបន្ទូលដែលព្រះអម្ចាស់ ថ្លែងមកកាន់លោក ទៅជំរាបលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងលោកមហាបូជាចារ្យយ៉ូស៊ូអា ជាកូនរបស់លោកយេហូសាដាក ព្រមទាំងប្រជាជនទាំងប៉ុន្មានដែលនៅសេសសល់។ ពួកគេស្ដាប់សេចក្ដីដែលព្រះអម្ចាស់ជាព្រះរបស់ពួកគេ មានព្រះបន្ទូលតាមរយៈព្យាការីហាកាយ ហើយកោតខ្លាចព្រះអម្ចាស់។ ១៣ លោកហាកាយ ដែលព្រះអម្ចាស់ចាត់អោយមកមានប្រសាសន៍ទៅកាន់ប្រជាជន តាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះអង្គមានព្រះបន្ទូលថា៖ «យើងស្ថិតនៅជាមួយអ្នករាល់គ្នា» – នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ១៤ ព្រះអម្ចាស់ ដាស់ស្មារតីលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងជាទេសាភិបាលរបស់អាណាខេត្តយូដា ព្រមទាំងលោកមហាបូជាចារ្យយ៉ូស៊ូអា ជាកូនរបស់លោកយេហូសាដាក ហើយព្រះអង្គក៏ដាស់ស្មារតីរបស់ប្រជាជនដែលនៅសេសសល់ដែរ។ ពួកគេនាំគ្នាមកហើយចាប់ផ្ដើមសង់ ព្រះដំណាក់របស់ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ពួកគេ ១៥ នៅថ្ងៃទីម្ភៃបួន ខែទីប្រាំមួយ ក្នុងឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារីយូស។