កំណើតពិភពលោក (៤៦)

លោក​យ៉ាកុប​ទៅ​នៅ​ប្រទេស​អេស៊ីប
 លោក​អ៊ីស្រាអែល​ចេញ​ដំណើរទៅ ដោយ​យក​អ្វីៗ​ទាំង​អស់ ដែល​លោក​មាន​ទៅ​ជា​មួយ​ផង។ លុះ​​​​​​​​​ទៅ​ដល់​បៀរសេបា លោក​បាន​ធ្វើ​យញ្ញបូជា​ថ្វាយ​ព្រះជា​ម្ចាស់ ជា​ព្រះ​របស់​លោក​អ៊ីសាកជា​ឪពុក។

 ព្រះជាម្ចាស់ ​មាន​ព្រះបន្ទូល​ហៅ​លោក​អ៊ីស្រាអែល ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​ថា៖ «យ៉ាកុប! យ៉ាកុប​អើយ!»។ លោក​អ៊ីស្រាអែល​ឆ្លើយ​ថា៖ «បពិត្រ​ព្រះអម្ចាស់!»។  ព្រះ​ជា​ម្ចាស់​មាន​ ព្រះបន្ទូល​ថា៖ «យើង​ជា​ព្រះជាម្ចាស់ ជា​ព្រះ​នៃ​ឪពុក​របស់​អ្នក។ កុំ​ខ្លាច​នឹង​ចុះ​ទៅ​ស្រុក​អេស៊ីប​ឡើយ ដ្បិត​នៅ​ទី​នោះ យើង​នឹង​ធ្វើ​អោយ​អ្នក​បាន​ទៅ​ជា​ប្រជាជាតិ​មួយ​ដ៏​ធំ។ យើង​នឹង​ចុះ​ទៅ​ស្រុក​អេស៊ីប​ជា​មួយ​អ្នក ហើយ​យើង​ក៏​នឹង​នាំ​អ្នក​ឡើង​មក​វិញ​ដែរ។ ពេល​អ្នក​ស្លាប់ យ៉ូសែប​នឹង​បិទ​ភ្នែក​អោយ​អ្នក»។

 លោក​យ៉ាកុប​ចាក​ចេញ​ពី​បៀរសេបា។ កូន​របស់​លោក​អ៊ីស្រាអែល​បាន​នាំ​ឪពុក និង​ប្រពន្ធ​កូន​របស់​ខ្លួន​ជិះ​រទេះ ដែល​ព្រះចៅ​ផារ៉ោន​បាន​បញ្ជូន​អោយ​មក​ទទួល​នោះ។ គេ​ក៏​នាំ​ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​គេ​មាន​នៅ​ស្រុក​កាណាន យក​ទៅ​ជា​មួយ​ដែរ។ លោក​យ៉ាកុប​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេស៊ីប ទាំង​នាំ​ពូជពង្ស​ទាំង​អស់​ទៅ​ជា​មួយ​ផង។ លោក​នាំ​កូន​ប្រុស ចៅ​ប្រុស កូន​ស្រី ចៅ​ស្រី គឺ​នាំ​ពូជពង្ស​ទាំង​ប៉ុន្មាន​របស់​លោក ទៅ​ស្រុក​អេស៊ីប។

 នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​លោក​អ៊ីស្រាអែល ដែល​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេស៊ីប។

លោក​យ៉ាកុប និង​កូន​ប្រុស​របស់​លោក កូន​ច្បង​របស់​លោក​យ៉ាកុប គឺ​រូបេន។  កូន​ប្រុស​របស់​លោក​រូបេន​មាន ហេណុក ប៉ាល់លូ ហេតស្រូន និង​ការមី។ ១០ កូន​ប្រុស​របស់​លោក​ស៊ីម៉ូន​មាន យេមូអែល យ៉ាមីន អូហាដ យ៉ាគីន សូហារ និង​សាអ៊ូល ជា​កូន​របស់​ស្ត្រី​ជន​ជាតិ​កាណាន។ ១១ កូន​ប្រុស​របស់​លោក​លេវី​មាន គែរសូន គើហាត់ និង​មេរ៉ារី។ ១២ កូន​ប្រុស​របស់​លោក​ យូដា​មាន អ៊ែរ អូណន សេឡា ពេរេស និង​សេរ៉ា (អ៊ែរ និង​អូណន បាន​ស្លាប់​នៅ​ស្រុក​កាណាន)។ កូន​ប្រុស​របស់​ពេរេស​មាន ហេតស្រូន និង​ហាមូល។ ១៣ កូន​ប្រុស​របស់​លោក​អ៊ីសាកា​មាន តូឡា ពូវ៉ា យ៉ុប និង​ស៊ីមរ៉ូន។ ១៤ កូន​ប្រុស​របស់​លោក​សាប៊ូឡូន​មាន សេរ៉េដ អេឡូន និង​យ៉ាឡេអែល។ ១៥ លោក​ទាំង​នោះ​ជា​កូន ដែល​លោក​ស្រី​លេអា​បាន​បង្កើត​ជូន​លោក​យ៉ាកុប នៅ​ស្រុក​ប៉ាដន-អារ៉ាម។ ក្រៅ​ពី​លោក​ទាំង​នេះ​នៅ​មាន​នាង​ឌីណា​ដែរ។ កូន និង​ចៅ​ប្រុស​ស្រី​របស់​លោក​ស្រី​លេអា​មាន​ទាំង​អស់​សាមសិប​បី​នាក់។

១៦ កូន​ប្រុស​របស់​លោក​កាដ​មាន ស៊ីបយ៉ន ហាគី ស៊ូនី អេសបូន អេរី អរ៉ូឌី និង​អរេអេលី។ ១៧ កូន​របស់​លោក​អេស៊ែរ​មាន យីមម៉ា យីសវ៉ា យីសវី និង​បេរីយ៉ា ព្រម​ទាំង​នាង​សេរ៉ា។ កូន​របស់​បេរីយ៉ាមាន ហេប៊ែរ និង​ម៉ាលគីអែល។ ១៨ លោក​ទាំង​នោះ​ជា​កូន​ របស់​នាង​ស៊ីលប៉ា ដែល​លោក​ឡាបាន់​បាន​អោយ​មក​ធ្វើ​ជា​ស្រី​បំរើ​របស់​លោក​ស្រី​លេអា។ នាង​ស៊ីលប៉ា​បាន​បង្កើត​កូន​ពីរ​នាក់​នេះ​ជូន​លោក​យ៉ាកុប។ កូន និង​ចៅ​របស់​នាង​មាន​ចំនួន​ទាំង​អស់​ដប់​ប្រាំ​មួយ​នាក់។

១៩ កូន​ប្រុស​របស់​លោក​ស្រី​រ៉ាខែល ជា​ភរិយា​លោក​យ៉ាកុប មាន​យ៉ូសែប និង​បេនយ៉ាមីន។ ២០ នៅ​ស្រុក​អេស៊ីប លោក​យ៉ូសែប​មាន​កូន​ប្រុស​ពីរ​នាក់ គឺ ម៉ាណាសេ និង​អេប្រាអ៊ីម ជា​កូន​ដែល​លោក​ស្រី​អស្នាថ កូន​ស្រី​លោក​ប៉ូទីភេរ៉ា បូជាចារ្យ​នៅ​ក្រុង​អូន បាន​បង្កើត​ជូន​លោក។ ២១ កូន​ប្រុស​របស់​បេនយ៉ាមីន​មាន បេឡា បេគែរ អាសបែល គេរ៉ា ណាអាម៉ាន អេហ៊ី រ៉ូស មូពីម ហូពីម និង​អាដ។ ២២ លោក​ទាំង​នោះ​ជា​កូន​ ដែល​លោក​ស្រី​រ៉ាខែលបាន​បង្កើត​ជូន​លោក​យ៉ាកុប។ កូន និង​ចៅ​របស់​លោក​ស្រី​រ៉ាខែល​មាន​ចំនួន​ទាំង​អស់​ដប់បួន​នាក់។ ២៣ កូន​ប្រុស​របស់​លោក​ដាន់​មាន ហ៊ូស៊ីម។ ២៤ កូន​ប្រុស​របស់​លោក​ណែបថាលី​មាន យ៉ាសេអែល គូនី យ៉េតស៊ែរ និង​ស៊ីលឡែម។ ២៥ លោក​ទាំង​នេះ​ជា​កូន​ របស់​នាង​ប៊ីលហា ដែល​លោក​ឡាបាន់​បាន​អោយ​មក​ធ្វើ​ជា​ស្រី​បំរើ​របស់​លោក​ស្រី​រ៉ាខែល។ នាង​បាន​បង្កើត​កូន​ទាំង​នោះ​ជូន​លោក​យ៉ាកុប។ កូន និង​ចៅ​របស់​នាង​មាន​ចំនួន​ទាំង​អស់​ប្រាំពីរ​នាក់។

២៦ ក្រុម​ គ្រួសារ​របស់​លោក​យ៉ាកុប ដែល​មក​ស្រុក​អេស៊ីប​ជា​មួយ​លោក មាន​គ្នា​ទាំង​អស់​ហុកសិប​ប្រាំ​មួយ​នាក់ ដោយ​ឥត​បាន​រាប់​បញ្ចូល​កូន​ប្រសា​ស្រី​ទេ។ ២៧ បើ​រាប់​បញ្ចូល​កូន​ ទាំង​ពីរ​របស់​លោក​យ៉ូសែប ដែល​កើត​នៅ​ស្រុក​អេស៊ីប​ផង ចំនួន​សរុប​នៃ​ក្រុម​គ្រួសារ​របស់​លោក​យ៉ាកុប ដែល​មក​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប មាន​ទាំង​អស់​ចិតសិប​នាក់។

លោក​យ៉ាកុប​នៅ​ស្រុក​អេស៊ីប
២៨ លោក​យ៉ាកុប​បាន​ចាត់​លោក​យូដា អោយ​ទៅ​តំបន់​កូសែន​​​​​មុន​លោក។ ពេល​ក្រុម​គ្រួសារ​របស់​លោក​យ៉ាកុប​ទៅ​ដល់​តំបន់​កូសែន ២៩ លោក​យ៉ូសែប​បាន​ទឹម​រថ​របស់​លោក រួច​ឡើង​ទៅ​កូសែន ដើម្បី​ទទួល​លោក​អ៊ីស្រាអែល​ជា​ឪពុក។ ពេល​ទៅ​ដល់​ភ្លាម លោក​ឱប​ឪពុក ហើយ​យំ​យ៉ាង​យូរ។ ៣០ លោក​អ៊ីស្រាអែល​មាន​ ប្រសាសន៍​ទៅ​កាន់​លោក​យ៉ូសែប​ថា៖ «ឥឡូវ​នេះ បើ​ពុក​ស្លាប់​ក៏​អស់​ចិត្ត​ដែរ ព្រោះ​ពុក​បាន​ជួប​មុខ​កូន​វិញ និង​ឃើញ​ថា​កូន​នៅ​មាន​ជីវិត​នៅ​ឡើយ!»។ ៣១ លោក​យ៉ូសែប​មាន​ ប្រសាសន៍​ទៅ​កាន់​បងៗ និង​ក្រុម​គ្រួសារ​ឪពុក​លោក​ថា៖ «ខ្ញុំ​នឹង​ទៅ​ទូល​ព្រះចៅ​ផារ៉ោន​ថា «បងៗ និង​ក្រុម​គ្រួសារ​របស់​ឪពុក​ទូលបង្គំ នៅ​ស្រុក​កាណាន​បាន​មក​ជួបជុំ​នឹង​ទូលបង្គំ​ហើយ។ ៣២ ពួក​គេ​ទាំង​អស់​គ្នា​ សុទ្ធ​តែ​ជា​គង្វាល និង​ជា​អ្នក​ចិញ្ចឹម​សត្វ។ ពួក​គេ​បាន​នាំ​ហ្វូង​ចៀម ហ្វូង​គោ និង​អ្វីៗ​ទាំង​អស់​ដែល​គេ​មាន​មក​ជា​មួយ​ដែរ»។ ៣៣ កាល​ណា​ព្រះចៅ​ផារ៉ោន​កោះ​ហៅ​បងៗ​ទៅ​សួរ​ថា «តើ​អ្នក​រាល់​គ្នា​មាន​មុខ​របរ​អ្វី?» ត្រូវ​ទូល​ស្ដេច​ថា «តាំង​ពី​ក្មេង​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ យើង​ខ្ញុំ​ចិញ្ចឹម​សត្វ ដូច​ដូនតា​របស់​យើង​ខ្ញុំ​ដែរ»។ បើ​ទូល​ដូច្នេះ បងៗ​នឹង​អាច​រស់​នៅ​ក្នុង​តំបន់​កូសែន ដ្បិត​ជន​ជាតិ​អេស៊ីប​ស្អប់​ពួក​គង្វាល​ណាស់»។