កំណើតពិភពលោក (៤៤)

លោក​យ៉ូសែប​ល​មើល​ចិត្ត​បងៗ
១ បន្ទាប់​មក លោក​យ៉ូសែប​បញ្ជា​ទៅ​អ្នក​មើល​ខុស​ត្រូវ​លើ​ផ្ទះ​ថា៖ «ចូរ​ច្រក​ស្រូវ​អោយ​ពេញ​បាវ​អ្នក​ទាំង​នេះ តាម​តែ​គេ​អាច​យក​ទៅ​បាន ហើយ​ដាក់​ប្រាក់​របស់​ម្នាក់ៗ​នៅ​មាត់​បាវ​របស់​គេ​រៀងៗ​ខ្លួន​ទៅ។ ២ ចូរ​ដាក់​ពែង​ប្រាក់​របស់ ​ខ្ញុំ​ទៅ​ក្នុង​បាវ​របស់​ម្នាក់​ដែល​ក្មេង​ជាង​គេ រួម​ទាំង​ប្រាក់​ទិញ​ស្រូវ​នោះ​ផង»។ បុរស​នោះ​ក៏​ធ្វើ​តាម​ពាក្យ​ដែល​លោក​យ៉ូសែប​បង្គាប់។ ៣ លុះ​ភ្លឺ​ឡើង គេ​អនុញ្ញាត​អោយ​កូនៗ​របស់​លោក​យ៉ាកុប​ដឹក​លា​ចាក​ចេញ​ទៅ តាំង​ពី​ព្រលឹម។ ៤ ពេល​ពួក​គេ​ចេញ​ដំណើរ​ពី​ ទីក្រុង​ទៅ​បាន​បន្តិច លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​មើល​ខុស​ត្រូវ​លើ​ផ្ទះ​របស់​លោក​ថា៖ «ចូរ​ប្រញាប់​ដេញ​តាម​អ្នក​ទាំង​នោះ​អោយ​ទាន់ រួច​សួរ​គេ​ថា «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ តប​ស្នង​នឹង​អំពើ​ល្អ​បែប​នេះ? ​ ម្ចាស់​របស់​ខ្ញុំ​តែងតែ​ប្រើ​ពែង​សំរាប់​ពិសា​ទឹក និង​សំរាប់​ទស្សន៍​ទាយ​ផង ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​លួច​យក​មក​ដូ​ច្នេះ​?​”»។ ៦ អ្នក​មើល​ខុស​ត្រូវ​លើ​ផ្ទះ​ដេញ​តាម​ពួក​គេ​ទាន់ ហើយ​និយាយ​ទៅ​ពួក​គេ តាម​ពាក្យ​លោក​យ៉ូសែប​បង្គាប់។ ៧ ពួក​គេ​តប​មក​វិញ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​ម្ចាស់​មាន​ប្រសាសន៍​ដូច្នេះ? យើង​ខ្ញុំ​ពុំ​អាច​ប្រព្រឹត្ត​អំពើ​ដ៏​សែន​អាក្រក់​នេះ​កើត​ទេ។ ៨ ពេល​យើង​ខ្ញុំ​ឃើញ​ប្រាក់ ​នៅ​មាត់​បាវ​ស្រូវ យើង​ខ្ញុំ​បាន​យក​ប្រាក់​នោះ ពី​ស្រុក​កាណាន​មក​ជូន​លោក​វិញ ដូច្នេះ តើ​អោយ​យើង​ខ្ញុំ​លួច​យក​ប្រាក់ ឬ​មាស​ពី​ផ្ទះ​ម្ចាស់​របស់​លោក​ដូច​ម្ដេច​កើត! ៩ ក្នុង​ចំណោម​យើង​ខ្ញុំ បើ​លោក​ម្ចាស់​រក​ឃើញ​ថា អ្នក​ណា​លួច​យក​ពែង អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ជីវិត ហើយ​សូម​យក​យើង​ខ្ញុំ​ទៅ​ធ្វើ​ជា​ទាសករ​ចុះ!»។ ១០ បុរស​នោះ​តប​ថា៖ «អ៊ីចឹង​ក៏​បាន ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​របស់​អ្នក​រាល់​គ្នា! បើ​ខ្ញុំ​រក​ឃើញ​ពែង​ក្នុង​បាវ​អ្នក​ណា អ្នក​នោះ​នឹង​ទៅ​ជា​ទាសករ​របស់​ខ្ញុំ ប៉ុន្តែ អ្នក​ឯ​ទៀតៗ​នឹង​បាន​រួច​ខ្លួន»។ ១១ ពួក​គេ​ប្រញាប់ប្រញាល់​ទម្លាក់​បាវ​ស្រូវ​រៀងៗ​ខ្លួន​ចុះ​មក​ដី ហើយ​ស្រាយ​មាត់​បាវ។ ១២ អ្នក​មើល​ខុស​ត្រូវ​លើ​ ផ្ទះ​លោក​យ៉ូសែប ក៏​ចាប់​ផ្ដើម​ឆែកឆេរ​មើល​បាវ​របស់​អ្នក​ដែល​ចាស់​ជាង​គេ រហូត​ដល់​អ្នក​ដែល​ក្មេង​ជាង​គេ ហើយ​រក​ពែង​នោះ​ឃើញ​នៅ​ក្នុង​បាវ​របស់​បេនយ៉ាមីន។ ១៣ បងៗ​នាំ​គ្នា​ហែក​ស​ម្លៀ​ក​​​​​​​​​បំពាក់​របស់​ខ្លួន ហើយ​ម្នាក់ៗ​លើក​បាវ​ដាក់​លើ​ខ្នង​លា ត្រឡប់​ទៅ​ទីក្រុង​វិញ។

១៤ លោក​យូដា និង​បង​ប្អូន​របស់​គាត់ ទៅ​ដល់​ផ្ទះ​របស់​លោក​យ៉ូសែប ឃើញ​លោក​នៅ​ទី​នោះ​នៅ​ឡើយ។ ពួក​គេ​ក្រាប​ថ្វាយ​បង្គំ​លោក​ដល់​ដី។ ១៥ លោក​យ៉ូសែប​មាន​ ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ដូច្នេះ អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា មនុស្ស​ដូច​ខ្ញុំ​នេះ​ចេះ​ទស្សន៍ទាយ​ដឹង​ទាំង​អស់? »។ ១៦ លោក​យូដា​តប​ថា៖ «យើង​ខ្ញុំ​ប្របាទ​គ្មាន​អ្វី​ឆ្លើយ​នឹង​លោក​ម្ចាស់​ទេ យើង​ខ្ញុំ​ក៏​រក​ពាក្យ​មក​ដោះសា​ពុំ​បាន​ដែរ ព្រះជាម្ចាស់​បាន​បង្ហាញ​កំហុស​របស់​យើង​ខ្ញុំ​ស្រាប់​ហើយ ដូច្នេះ យើង​ខ្ញុំ ព្រម​ទាំង​អ្នក​ដែល​បាន​លួច​ពែង សុខ​ចិត្ត​ធ្វើ​ជា​ទាសករ​របស់​លោក​ម្ចាស់»។ ១៧ លោក​យ៉ូសែប​ប្រកែក​ថា៖ «ទេ ខ្ញុំ​ធ្វើ​ដូច្នោះ​មិន​កើត​ទេ គឺ​មាន​តែ​ម្ចាស់​បាវ​ដែល​គេ​រក​ឃើញ​ពែង​ប៉ុណ្ណោះ នឹង​ទៅ​ជា​ទាសករ​របស់​ខ្ញុំ។ រីឯ​អ្នក​រាល់​គ្នា ចូរ​វិល​ត្រឡប់​ទៅ​រក​ឪពុក​របស់​អ្នក​រាល់​គ្នា​វិញ​ដោយ​សុខសាន្ត​ចុះ»។

លោក​យូដា​អង្វរករ​អោយ​លោក​បេនយ៉ាមីន
១៨ ពេល​នោះ លោក​យូដា​ខិត​ចូល​ទៅ​ជិត​លោក​យ៉ូសែប​អង្វរ​ថា៖ «លោក​ម្ចាស់​អើយ សូម​មេត្តា​ប្រោសប្រណី សូម​អនុញ្ញាត​អោយ​ខ្ញុំ​ប្របាទ​ជំរាប​ជូន​លោក​ម្ចាស់​ស្ដាប់​មួយ​ម៉ាត់​សិន សូម​កុំ​ខឹង​នឹង​ខ្ញុំ​ប្របាទ​ឡើយ ដ្បិត​លោក​ម្ចាស់​មាន​អំណាច​ស្មើ​នឹង​ព្រះ​ចៅ​ផារ៉ោន​ដែរ។ ១៩ លោក​ម្ចាស់​បាន​សួរ​យើង​ខ្ញុំ​ថា «អ្នក​រាល់​គ្នា​មាន​ឪពុក មាន​ប្អូន​ឬ​ទេ»២០ យើង​ខ្ញុំ​បាន​ជំរាប​ លោក​ម្ចាស់​វិញ​ថា «យើង​ខ្ញុំ​មាន​ឪពុក​ចាស់​ជរា ហើយ​យើង​ខ្ញុំ​ក៏​មាន​ប្អូន​ពៅ​ម្នាក់ ដែល​​​កើត​មក​ក្នុង​ពេល​ឪពុក​ចាស់​ហើយ​នោះ​ដែរ បង​របស់​វា​បាន​​​ស្លាប់​បាត់​ទៅ​ហើយ ដូច្នេះ ក្នុង​ចំណោម​កូន​ដែល​កើត​មក​ពី​ម្ដាយ​វា នៅ​សល់​តែ​វា​ម្នាក់​គត់។ ឪពុក​ស្រឡាញ់​ប្អូន​ពៅ​នេះ​ខ្លាំង​ណាស់»។ ២១ លោក​ម្ចាស់​បាន​ប្រាប់​យើង​ខ្ញុំ​ថា «ចូរ​នាំ​វា​មក​អោយ​យើង​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ផង!»។ ២២ យើង​ខ្ញុំ​បាន​ជំរាប​ លោក​ម្ចាស់​ថា «ប្អូន​ប្រុស​របស់​យើង​ខ្ញុំ​ពុំ​អាច​ឃ្លាត​ចេញ​ពី​ឪពុក​បាន​ឡើយ បើ​វា​ឃ្លាត​ចេញ​នោះ ឪពុក​យើង​ខ្ញុំ​មុខ​ជា​ទទួល​មរណភាព​មិន​ខាន»។ ២៣ លោក​ម្ចាស់​មាន​ ប្រសាសន៍​មក​យើង​ខ្ញុំ​ទៀត​ថា «បើ​ប្អូន​ពៅ​របស់​អ្នក​រាល់​គ្នា​មិន​មក​ទេ​នោះ អ្នក​រាល់​គ្នា​មិន​អាច​ជួប​មុខ​ខ្ញុំ​បាន​ទៀត​ឡើយ»។ ២៤ ពេល​យើង​ខ្ញុំ​វិល​ទៅ​ជួប​ឪពុក​វិញ យើង​ខ្ញុំ​បាន​យក​ប្រសាសន៍​របស់​លោក​ម្ចាស់​ទៅ​រៀប​រាប់​ជំរាប​គាត់។ ២៥ ឪពុក​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ថា «ចូរ​នាំ​គ្នា​វិល​ទៅ​រក​ទិញ​ស្បៀង​អាហារ​សំរាប់​ក្រុម​គ្រួសារ​យើង​មក»​។ ២៦ យើង​ខ្ញុំ​តប​វិញ​ថា «កូនៗ​មិន​អាច​ទៅ​បាន​ទេ ទាល់​តែ​អា​ពៅ​ទៅ​ជា​មួយ ទើប​កូនៗ​ទៅ​បាន ដ្បិត​កូនៗ​អាច​ជួប​មុខ​លោក​នោះ​បាន លុះ​ត្រា​ណា​តែ​មាន​ប្អូន​ទៅ​ជា​មួយ»។ ២៧ ឪពុក​របស់​យើង​ខ្ញុំ​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ថា «កូនៗ​ដឹង​ហើយ​ថា ប្រពន្ធ​របស់​ពុក​មាន​កូន​ប្រុស​តែ​ពីរ​នាក់​ទេ។ ២៨ ម្នាក់​បាន​ចាក​ចេញ​ពី​ពុក​ទៅ​ហើយ ប្រហែល​មាន​សត្វ​ព្រៃ​មក​ហែក​វា​ស៊ី បាន​ជា​ពុក​លែង​ឃើញ​វា​រហូត​មក​ទល់​សព្វ​ថ្ងៃ។ ២៩ ឥឡូវ​នេះ កូនៗ​ចង់​យក​អា​ពៅ​ទៅ​ទៀត! ប្រសិន​បើ​វា​ជួប​នឹង​គ្រោះ​ថ្នាក់​អ្វី​មួយ​នោះ កូនៗ​មុខ​ជា​ធ្វើ​អោយ​ពុក​ដែល​ចាស់​ណាស់​ហើយ​នេះ ត្រូវ​លា​ចាក​លោក​ទៅ ទាំង​វេទនា​មិន​ខាន»។ ៣០ ដូច្នេះ បើ​ខ្ញុំ​ប្របាទ​វិល​ទៅ​ជួប​ឪពុក​វិញ ដោយ​មិន​នាំ​ប្អូន​ប្រុស​ដែល​គាត់​ជំពាក់​ចិត្ត​យ៉ាង​ខ្លាំង​នេះ ទៅ​ជា​មួយ​ទេ ៣១ ឪពុក​យើង​ខ្ញុំ​ប្រាកដ​ ជា​ស្លាប់​មិន​ខាន នៅ​ពេល​មិន​ឃើញ​វា។ យើង​ខ្ញុំ​មុខ​តែ​ធ្វើ​អោយ​ឪពុក​យើង​ខ្ញុំ​លា​ចាក​លោក​នេះ​ទៅ ទាំង​កើត​ទុក្ខ​យ៉ាង​ខ្លាំង។ ៣២ ខ្ញុំ​ប្របាទ​ផ្ទាល់​ បាន​ធានា​រ៉ាប់រង​ជូន​ឪពុក​ខ្ញុំ​ប្របាទ​ថា «បើ​កូន​មិន​នាំ​ប្អូន​ត្រឡប់​មក​ជួប​លោក​ឪពុក​វិញ​ទេ​នោះ កូន​នឹង​មាន​ទោស​ចំពោះ​លោក​ឪពុក​អស់​មួយ​ជីវិត! »។ ៣៣ ដូច្នេះ សូម​លោក​ម្ចាស់​មេត្តា​អនុញ្ញាត​​​អោយ​ខ្ញុំ​ប្របាទ​ធ្វើ​ជា​ទាសករ​របស់​លោក​ ម្ចាស់​នៅ​ទី​នេះ ជំនួស​ប្អូន។ សូម​លោក​ម្ចាស់​អនុញ្ញាត​អោយ​វា​វិល​ទៅ​វិញ​ជា​មួយ​បងៗ ដោយ​អនុគ្រោះ​ផង។ ៣៤ ប្រសិន​បើ​ប្អូន​ពៅ​មិន ​ទៅ​ជា​មួយ ខ្ញុំ​ប្របាទ​មិន​អាច​ទៅ​ជួប​មុខ​ឪពុក​វិញ​បាន​ទេ ដ្បិត​ខ្ញុំ​ប្រ​បាទ​​មិន​ចង់​ឃើញ​ឪពុក​ខ្ញុំ​ប្របាទ​មាន​ទុក្ខ​វេទនា​ឡើយ»។