កំណើតពិភពលោក (៣៩)

លោក​យ៉ូសែប​នៅ​ស្រុក​អេស៊ីប
១ ជន​ជាតិ​អ៊ីស្មាអែល​បាន​ នាំ​យ៉ូសែប​ចុះ​ទៅ​ស្រុក​​អេស៊ីប ហើយ​លក់​លោក​អោយ​ជន​ជាតិ​អេស៊ីប​ម្នាក់ ឈ្មោះ​ប៉ូទីផារ ជា​មន្ត្រី​របស់​ព្រះចៅ​ផារ៉ោន និង​ជា​មេ​បញ្ជា​ការ​កងរក្សា​ស្ដេច។ ២ ព្រះអម្ចាស់​ គង់​នៅ​ជា​មួយ​លោក​យ៉ូសែប ការ​អ្វី​ដែល​លោក​ធ្វើ សុទ្ធ​តែ​បាន​លទ្ធផល​ល្អ​ទាំង​អស់។ លោក​រស់​នៅ​ក្នុង​ផ្ទះ​ម្ចាស់​របស់​លោក ដែល​ជា​ជន​ជាតិ​អេស៊ីប​នោះ។ ៣ ម្ចាស់​របស់​លោក​ឃើញ​ថា ព្រះអម្ចាស់​គង់​នៅ​ជា​មួយ​លោក ហើយ​ការ​អ្វី​ដែល​លោក​ធ្វើ ព្រះអង្គ​ប្រោស​ប្រទាន​អោយ​បាន​លទ្ធផល​ល្អ​ទាំង​អស់។ ៤ លោក​ប៉ូទីផារ​ពេញ​ចិត្ត​ នឹង​លោក​យ៉ូសែប​ណាស់ គាត់​ក៏​អោយ​លោក​ធ្វើ​ជា​អ្នក​បំរើ​ជំនិត​របស់​គាត់ ហើយ​តែងតាំង​លោក​អោយ​មើល​ខុស​ត្រូវ​លើ​ផ្ទះ​សំបែង និង​គ្រប់​គ្រង​លើ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​គាត់។ ៥ ចាប់​ពី​ពេល​លោក​ប៉ូទីផារ​តែងតាំង​លោក​យ៉ូសែប​អោយ​មើល​ខុស​ត្រូវ​លើ​ផ្ទះ​សំបែង និង​លើ​ទ្រព្យ​សម្បត្តិ​របស់​គាត់​មក ព្រះអម្ចាស់​ប្រទាន​ពរ​ដល់​ជន​ជាតិ​អេស៊ីប​នេះ ព្រោះ​តែ​លោក​យ៉ូសែប ហើយ​ព្រះអង្គ​ក៏​ប្រទាន​ពរ​ដល់​អ្វីៗ​ទាំង​អស់ ដែល​ជា​កម្មសិទ្ធិ​របស់​គាត់ គឺ​ទាំង​ផ្ទះ​សំបែង ទាំង​ស្រែ​ចំការ។ ៦ គាត់​ប្រគល់​អោយ​លោក​ យ៉ូសែប​គ្រប់គ្រង​លើ​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន ហើយ​ក្រៅ​តែ​ពី​បរិភោគ គាត់​មិន​ខ្វល់​ខ្វាយ​នឹង​កិច្ចការ​អ្វី​ទៀត​ឡើយ។ លោក​យ៉ូសែប​មាន​រូប​រាង​សង្ហា​ណាស់។

 ក្រោយ​មក ភរិយា​ម្ចាស់​របស់​លោក​យ៉ូសែប​ចាប់​ចិត្ត​ស្រ​ឡាញ់​លោក ហើយ​បបួល​លោក​ថា៖ «សុំ​មក​រួម​ដំណេក​ជា​មួយ​ខ្ញុំ!»។ លោក​យ៉ូសែប​បាន​បដិសេធ លោក​ពោល​ទៅ​ភរិយា​ម្ចាស់​របស់​លោក​ថា៖ «លោក​ម្ចាស់​របស់​ខ្ញុំ​បាន​ប្រគល់​អោយ​ខ្ញុំ​គ្រប់គ្រង​លើ​អ្វីៗ​ទាំង​អស់​ ដែល​លោក​មាន គឺ​លោក​មិន​ខ្វល់​ខ្វាយ​នឹង​កិច្ចការ​ក្នុង​ផ្ទះ​សំបែង​របស់​លោក​ឡើយ។ ក្នុង​ផ្ទះ​នេះ គ្មាន​នរណា​ធំ​ជាង​ខ្ញុំ​ទេ លោក​អនុញ្ញាត​អោយ​ខ្ញុំ​ប៉ះពាល់​អ្វីៗ​នៅ​ក្នុង​ផ្ទះ​ទាំង​អស់ វៀរលែង​តែ​លោក​ស្រី​ម្នាក់​ប៉ុណ្ណោះ ព្រោះ​លោក​ស្រី​ជា​ភរិយា​របស់​លោក។ ដូច្នេះ ខ្ញុំ​ពុំ​អាច​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​បំផុត​នេះ​ឡើយ ហើយ​ខ្ញុំ​ក៏​ពុំ​អាច​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ​ហឫទ័យ​ព្រះជាម្ចាស់ ​បាន​ដែរ»។ ១០ ស្ត្រី​នោះ​លួងលោម​លោក​យ៉ូសែប ជា​រៀង​រាល់​ថ្ងៃ អោយ​រួមរ័ក​ជា​មួយ​នាង តែ​លោក​ពុំ​ព្រម​ធ្វើ​តាម​ពាក្យ​នាង​ឡើយ។ ១១ ថ្ងៃ​មួយ លោក​យ៉ូសែប​បាន​ចូល​ទៅ​បំពេញ​កិច្ចការ​របស់​លោក​នៅ​ក្នុង​ផ្ទះ ពេល​នោះ គ្មាន​អ្នក​បំរើ​ណា​នៅ​ក្នុង​ផ្ទះ​ទេ ១២ ភរិយា​របស់​លោក​ ប៉ូទីផារ​ក៏​ទាញ​អាវ​លោក​យ៉ូសែប​ជាប់ ទាំង​ពោល​ថា៖ «សុំ​មក​រួម​ដំណេក​ជា​មួយ​ខ្ញុំ!»។ លោក​ក៏​ទុក​អាវ​លោក​ចោល​ក្នុង​ដៃ​នាង ហើយ​រត់​ចេញ​មក​ខាង​ក្រៅ។ ១៣ ពេល​នាង​ឃើញ​លោក​ទុក​អាវ​លោក​ក្នុង​ដៃ​នាង និង​ឃើញ​លោក​រត់​ចេញ​មក​ក្រៅ​ដូច្នេះ ១៤ នាង​ក៏​ស្រែក​ហៅ​ពួក​ អ្នក​បំរើ​មក​ប្រាប់​ថា៖ «មើល​ចុះ ប្ដី​ខ្ញុំ​បាន​យក​ជន​ជាតិ​ហេប្រឺ​នេះ​មក​អោយ​មាក់ងាយ​យើង។ វា​ចូល​មក​បម្រុង​នឹង​រំលោភ​លើ​ខ្ញុំ ប៉ុន្តែ ខ្ញុំ​បាន​ស្រែក​យ៉ាង​ខ្លាំង។ ១៥ ពេល​វា​ឮ​ខ្ញុំ​ស្រែក​ហៅ​គេ​យ៉ាង​ខ្លាំង​ដូច្នេះ វា​ក៏​ទុក​អាវ​ចោល​នៅ​នឹង​ខ្ញុំ ហើយ​រត់​ចេញ​ទៅ​ខាង​ក្រៅ»។ ១៦ នាង​បាន​ទុក​អាវ​របស់​លោក​យ៉ូសែប​នៅ​ជា​មួយ​នាង រហូត​ទាល់​តែ​ប្ដី​វិល​ត្រឡប់​មក​ផ្ទះ​វិញ។ ១៧ នាង​បាន​និយាយ​ពាក្យ​ដ​ដែល​​ទៅ​កាន់​ប្ដី​ថា៖ «ទាសករ​ជាតិ​ហេប្រឺ​ដែល​បង​បាន​យក​មក​នោះ វា​មក​រក​រំលោភ​ខ្ញុំ ១៨ តែ​ដោយ​ខ្ញុំ​ស្រែក​ហៅ​គេ​យ៉ាង​ខ្លាំង វា​ក៏​ទុក​អាវ​ចោល​នៅ​នឹង​ខ្ញុំ ហើយ​រត់​ចេញ​ទៅ​ខាង​ក្រៅ»។

១៩ ក្រោយ​ពី​បាន​ឮ​ភរិយា​ពោល​ថា “ទាសករ​របស់​បង​ប្រព្រឹត្ត​បែ​ប​​​នេះ​មក​លើ​ខ្ញុំ!” ម្ចាស់​របស់​លោក​យ៉ូសែប​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង។ ២០ គាត់​អោយ​គេ​ចាប់​លោក​យក​ទៅ​ដាក់​ក្នុង​ពន្ធនាគារ ដែល​គេ​ឃុំឃាំង​អ្នក​ទោស​របស់​ស្ដេច។

លោក​យ៉ូសែប​នៅ​ក្នុង​ពន្ធនាគារ
ពេល​លោក​យ៉ូសែប​ជាប់​ឃុំឃាំង​នៅ​ទី​នោះ ២១ ព្រះអម្ចាស់​គង់​ជា​មួយ​លោក ហើយ​សំដែង​ព្រះហឫទ័យ​សប្បុរស​ចំពោះ​លោក គឺ​ធ្វើ​អោយ​នាយក​ពន្ធនាគារ​មាន​ចិត្ត​សន្តោស​ដល់​លោក​។ ២២ នាយក​ពន្ធនាគារ​ប្រគល់​ អោយ​លោក​យ៉ូសែប​មើល​ខុស​ត្រូវ​លើ​អ្នក​ទោស​ទាំង​អស់ ហើយ​លោក​មាន​ភារកិច្ច​ចាត់​ចែង​កិច្ចការ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ពន្ធនាគារ។ ២៣ នាយក​ពន្ធនាគារ​លែង​ខ្វល់​ខ្វាយ​នឹង​កិច្ចការ​អ្វី ដែល​គាត់​ដាក់​អោយ​លោក​យ៉ូសែប​ធ្វើ​នោះ​ហើយ ដ្បិត​ព្រះអម្ចាស់​គង់​ជា​មួយ​លោក​យ៉ូសែប កិច្ចការ​អ្វី​ដែល​លោក​ធ្វើ ព្រះអម្ចាស់​ប្រោស​ប្រទាន​អោយ​បាន​លទ្ធផល​ល្អ​ទាំង​អស់។