កំណើតពិភពលោក (៣៨)

លោក​យូដា និង​នាង​តាម៉ារ
១ នៅ​គ្រា​នោះ លោក​យូដា​បាន​ចាក​ចេញ​ពី​បង​ប្អូន​របស់​លោក ទៅ​នៅ​ជា​មួយ​បុរស​ម្នាក់​ឈ្មោះ​ហ៊ីរ៉ា នៅ​ភូមិ​អាឌូឡាំ។ ២ នៅ​ទី​នោះ គាត់​បាន​ឃើញ​កូន​ស្រី​របស់​លោក​ស៊ូអា ជា​ជន​ជាតិ​កាណាន គាត់​ក៏​យក​នាង​មក​ធ្វើ​ជា​ភរិយា ហើយ​រួម​រស់​ជា​មួយ​នាង។ ៣ នាង​មាន​ផ្ទៃ​ពោះ សំរាល​បាន​កូន​ប្រុស​មួយ ដែល​នាង​ដាក់​ឈ្មោះ​ថា “អ៊ែរ”។  នាង​មាន​ផ្ទៃ​ពោះ​សា​ជា​ថ្មី ហើយ​សំរាល​បាន​កូន​ប្រុស​មួយ ដែល​នាង​ដាក់​ឈ្មោះ​ថា “អូណន”។ ៥ នាង​មាន​ផ្ទៃ​ពោះ​ម្ដង​ទៀត ហើយ​សំរាល​បាន​កូន​ប្រុស​មួយ ដែល​នាង​ដាក់​ឈ្មោះ​ថា “សេឡា”។ ពេល​នាង​សំរាល​កូន​នោះ លោក​យូដា​រស់​នៅ​ភូមិ​កេស៊ីប។

 លោក​យូដា​បាន​ដណ្ដឹង​នារី​ម្នាក់ ឈ្មោះ​ថាម៉ារ មក​អោយ​ធ្វើ​ជា​ភរិយា​របស់​អ៊ែរ ជា​កូន​ច្បង​របស់​គាត់។ អ៊ែរ​ដែល​ជា​កូន​ច្បង​របស់​លោក​យូដា ជា​មនុស្ស​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់​ទេ ដូច្នេះ ព្រះអង្គ​ក៏​ដក​ជីវិត​គាត់​ទៅ។ ពេល​នោះ លោក​យូដា​ពោល​ទៅ​កាន់​អូណន​ថា៖ «ចូរ​ទៅ​រួម​រស់​ជា​មួយ​បង​ថ្លៃ​របស់​កូន យក​នាង​ធ្វើ​ជា​ភរិយា ហើយ​បន្ត​ពូជពង្ស​អោយ​បង​ប្រុស​របស់​កូន​ទៅ»។  ដោយ​អូណន​ដឹង​ថា ពូជពង្ស​ដែល​នឹង​កើត​មក គ្មាន​ឈ្មោះ​ជា​ពូជពង្ស​របស់​គាត់ ដូច្នេះ ពេល​ណា​គាត់​រួម​ដំណេក​ជា​មួយ​បង​ថ្លៃ គាត់​តែង​សំរក់​ចោល​ទៅ​ដី ព្រោះ​មិន​ចង់​បន្ត​ពូជ​អោយ​បង​ប្រុស។ ១០ អំពើ​អាក្រក់​ដែល​គាត់​ប្រព្រឹត្ត​នេះ មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់​ទេ ដូច្នេះ ព្រះអង្គ​ក៏​ដក​ជីវិត​គាត់​ដែរ។ ១១ ពេល​នោះ លោក​យូដា​ពោល​ទៅ​កាន់​នាង​ថាម៉ារ​ជា​កូន​ប្រសា​ថា៖ «ចូរ​កូន​នៅ​ជា​ស្ត្រី​មេម៉ាយ ហើយ​ទៅ​រស់​នៅ​ផ្ទះ​ឪពុក​របស់​កូន​សិន​ទៅ ទម្រាំ​សេឡា​កូន​របស់​ពុក​ធំ​ពេញ​វ័យ»។ គាត់​គិត​ថា «សូម​កុំ​អោយ​កូន​មួយ​នេះ​ស្លាប់​ដូច​បងៗ​វា​ឡើយ»។ នាងថាម៉ារ​ក៏​ទៅ​រស់​នៅ​ផ្ទះ​ឪពុក​នាង។

១២ យូរ​ ថ្ងៃ​ក្រោយ​មក ភរិយា​របស់​លោក​យូដា គឺ​កូន​ស្រី​របស់​លោក​ស៊ូអា បាន​ទទួល​មរណភាព។ កាល​លោក​យូដា​បាន​ធូរ​ស្បើយ​ពី​មរណទុក្ខ​នេះ​ហើយ គាត់​ក៏​ធ្វើ​ដំណើរ​ទៅ​ភូមិ​ទីមណា​ជា​មួយ​លោក​ហ៊ីរ៉ា ជា​អ្នក​ស្រុក​អាឌូឡាំ មិត្ត​របស់​គាត់ ដើម្បី​ទៅ​មើល​ពួក​អ្នក​កាត់​រោម​ចៀម​របស់​គាត់។ ១៣ មាន​គេ​មក​ប្រាប់​នាង​ថាម៉ារ​ថា៖ «ឪពុក​ក្មេក​របស់​នាង​ឡើង​ទៅ​កាត់​រោម​ចៀម​នៅ​ទីមណា»។ ១៤ ឮ​ដូច្នេះ នាង​ថាម៉ារ​យក​សម្លៀកបំពាក់​ស្ត្រី​មេម៉ាយ​ចេញ ហើយ​យក​ស្បៃ​មក​ពាក់​បាំង​មុខ មិន​អោយ​នរណា​ស្គាល់ រួច​ទៅ​អង្គុយ​នៅ​មាត់​ផ្លូវ ចូល​ភូមិ​អេណាអ៊ីម ដែល​ស្ថិត​នៅ​តាម​ផ្លូវ​ទៅទីមណា។ នាង​ធ្វើ​ដូច្នេះ​មក​ពី​នាង​ឃើញ​ថា សេ​ឡា​ធំ​ពេញ​វ័យ​ហើយ តែ​លោក​យូដា​ពុំ​បាន​យក​នាង​ទៅ​អោយ​ធ្វើ​ជា​ភរិយា​ឡើយ។

១៥ កាល​លោក​យូដា​ឃើញ​នាង គាត់​ស្មាន​ថា​ជា​ស្ត្រី​ពេស្យា ដ្បិត​នាង​មាន​ស្បៃ​បាំង​មុខ។ ១៦ គាត់​ចូល​ទៅ​ជិត​នាង ពោល​ថា៖ «មក៍ រួមរ័ក​ជា​មួយ​ខ្ញុំ!»។ គាត់​ពុំ​បាន​ដឹង​ថា​ជា​កូន​ប្រសា​របស់​គាត់​ទេ។ នាង​តប​ថា៖ «បើ​ខ្ញុំ​ទៅ​ជា​មួយ​លោក តើ​លោក​អោយ​អ្វី​ខ្ញុំ?»។ ១៧ គាត់​ឆ្លើយ​ថា «ខ្ញុំ​នឹង​ផ្ញើ​កូន​ពពែ​មួយ​មក​អោយ​នាង»។ នាង​តប​ទៅ​វិញ​ថា៖ «ចា៎ស ខ្ញុំ​យល់​ព្រម តែ​លោក​ត្រូវ​បញ្ចាំ​អ្វី​មួយ​ទុក​អោយ​ខ្ញុំ ទម្រាំ​ខ្ញុំ​បាន​ទទួល​កូន​ពពែ​នោះ»។ ១៨ ​គាត់​ពោល​ទៅ​វិញ​ថា៖ «តើ​ចង់​អោយ​ខ្ញុំ​បញ្ចាំ​អ្វី​ទុក?»។ នាង​ឆ្លើយ​ថា៖ «សុំ​ប្រគល់​ត្រា​របស់​លោក និង​ខ្សែ​វា ព្រម​ទាំង​ដំបង​ដែល​លោក​កាន់​នោះ​មក​អោយ​ខ្ញុំ»។ លោក​យូដា​ប្រគល់​របស់​ទាំង​នោះ​អោយ​នាង រួច​គាត់​ក៏​រួមរ័ក​ជា​មួយ​នាង។ បន្ទាប់​មក នាង​មាន​ផ្ទៃ​ពោះ​ជា​មួយ​គាត់។ ១៩ នាង​ក្រោក​ឡើង ចាក​ចេញ​ពី​ទី​នោះ នាង​យក​ស្បៃ​ចេញ ហើយ​យក​សម្លៀកបំពាក់​ស្ត្រី​មេម៉ាយ​មក​ស្លៀក​ពាក់​វិញ។

២០ លោក​យូដា​បាន​ផ្ញើ​កូន​ពពែ​ទៅ​អោយ​នាង តាម​រយៈ​មិត្ត​របស់​គាត់ ជា​អ្នក​ស្រុក​អាឌូឡាំ ដើម្បី​លោះ​យក​របស់​របរ​ដែល​គាត់​បាន​បញ្ចាំ​ទុក​ជា​មួយ​នាង​មក​វិញ តែ​មិត្ត​របស់​លោក​យូដា​រក​នាង​ពុំ​ឃើញ​សោះ។ ២១ គាត់​សួរ​អ្នក​ស្រុក​នៅ ​កន្លែង​នោះ​ថា៖ «ស្ត្រី​ពេស្យា​ដែល​នៅ​មាត់​ផ្លូវ​ចូល​ភូមិ​អេណាអ៊ីម​នោះ នៅ​ឯ​ណា​?​»។ គេ​តប​មក​វិញ​ថា៖ «នៅ​ទី​នេះ មិន​ដែល​មាន​ស្ត្រី​ពេស្យា​ទេ!»។ ២២ គាត់​ក៏​វិល​ទៅ​រក​លោក​ យូដា​វិញ ប្រាប់​ថា៖ «ខ្ញុំ​រក​ស្រី​នោះ​ពុំ​ឃើញ​ទេ ហើយ​អ្នក​ស្រុក​នោះ​បាន​ប្រាប់​ខ្ញុំ​ថា “នៅ​ទី​នេះ​មិន​ដែល​មាន​ស្ត្រី​ពេស្យា​ទេ”»។ ២៣ លោក​យូដា​ពោល​ថា៖ «អោយ​នាង​ទុក​របស់​ទាំង​នោះ​ទៅ! យើង​មិន​បាច់​សួរ​ដេញ​ដោល នាំ​តែ​អ្នក​ស្រុក​មើលងាយ​ទេ។ ខ្ញុំ​បាន​ផ្ញើ​កូន​ពពែ​ទៅ​អោយ​នាង​តាម​សន្យា តែ​បើ​សម្លាញ់​ឯង​រក​នាង​មិន​ឃើញ ក៏​ហី​ទៅ​ចុះ!»។

២៤ បី​ខែ​កន្លង​មក​ទៀត មាន​គេ​នាំ​ដំណឹង​មក​ប្រាប់​លោក​យូ​ដា​​ថា៖ «នាងថាម៉ារ ជា​កូន​ប្រសា​របស់​លោក បាន​ខូច​ខ្លួន​ហើយ ឥឡូវ​នេះ ថែម​ទាំង​មាន​ផ្ទៃ​ពោះ​ទៀត​ផង»។ លោក​យូដា​ពោល​ថា៖ «អូស​វា​ចេញ​ទៅ​ក្រៅ ដុត​ទាំង​រស់​ទៅ!»។ ២៥ ពេល​គេ​កំពុង​តែ​នាំ​ នាង​ចេញ​ទៅ​ក្រៅ នាង​ថាម៉ារ​អោយ​គេ​ទៅ​ជំរាប​លោក​យូដា​ថា៖ «ខ្ញុំ​មាន​ផ្ទៃ​ពោះ​ជា​មួយ​ម្ចាស់​វត្ថុ​ទាំង​នេះ សូម​ពុក​មើល​មើល៍ តើ​ត្រា​នេះ និង​ខ្សែ​វា ព្រម​ទាំង​ដំបង​នេះ​ជា​របស់​នរណា?»។ ២៦ លោក​យូដា​ស្គាល់​វត្ថុ​ ទាំង​នោះ ក៏​ពោល​ថា៖ «នាង​សុចរិត​ជាង​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​បាន​យក​នាង​មក​អោយ​ធ្វើ​ជា​ភរិយា​របស់​សេឡា ជា​កូន​ខ្ញុំ​ទេ»។ តាំង​ពី​ពេល​នោះ​មក លោក​យូដា​ពុំ​បាន​រួមរ័ក​ជា​មួយ​នាង​ទៀត​ឡើយ។

២៧ លុះ​ជិត​ដល់​ពេល​សំរាល​កូន គេ​ដឹង​ថា​នាង​មាន​កូន​ភ្លោះ​ក្នុង​ផ្ទៃ​នាង។ ២៨ ពេល​សំរាល​កូន​មាន​កូន​មួយ​ចេញ​ដៃ​មក​មុន ឆ្មប​ក៏​យក​អំបោះ​ក្រហម​ចង​ដៃ​ទារក​នោះ ទាំង​ពោល​ថា៖ «កូន​មួយ​នេះ​កើត​មុន»។ ២៩ ប៉ុន្តែ ទារក​នោះ​បាន​ដក​ដៃ​ចូល​ទៅ​វិញ ហើយ​បង​របស់​វា​ក៏​កើត​ចេញ​មក។ ពេល​នោះ ឆ្មប​ពោល​ថា៖ «ឯង​បាន​បើក​ប្រឡោះ​ដណ្ដើម​ចេញ​មុន!» គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា “ពេរេស”។ ៣០ បន្ទាប់​មក​ទៀត កូន​ប្អូន​កើត​ចេញ​មក ទាំង​មាន​អំបោះ​ក្រហម​នៅ​ជាប់​នឹង​ដៃ​ផង។ គេ​ដាក់​ឈ្មោះ​កូន​នោះ​ថា “សេរ៉ា”។