កំណើតពិភពលោក (២៩)

លោកយ៉ាកុបជួបនឹងនាងរ៉ាខែល
 លោក​យ៉ាកុប​ចេញ​ដំណើរ​ត​ទៅ​មុខ​ទៀត ឆ្ពោះ​ទៅ​កាន់​ស្រុក​ខាង​កើត។ ២ លោក​ឃើញ​អណ្ដូង​ទឹក​មួយ​ នៅ​ទី​វាល ហើយ​ឃើញ​ចៀម​បី​ហ្វូង​សំរាក​នៅ​ក្បែរ​នោះ​ដែរ ដ្បិត​គេ​នាំ​ហ្វូង​សត្វ​មក​អោយ​ផឹក​ទឹក​ពី​អណ្ដូង​នោះ រីឯ​ផ្ទាំង​ថ្ម​ដែល​គ្រប​ពី​លើ​មាត់​អណ្ដូង​មាន​ទំហំ​ធំ​ណាស់។ ៣ កាល​គេ​ប្រ​មូល​ហ្វូង​សត្វ ​ទាំង​ប៉ុន្មាន​មក​ផ្ដុំ​គ្នា​នៅ​ទី​នោះ​ហើយ ទើប​គេ​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​អណ្ដូង​អោយ​ហ្វូង​ចៀម​ផឹក​ទឹក រួច​ហើយ​គេ​ប្រមៀល​ថ្ម​គ្រប​មាត់​អណ្ដូង​វិញ។ ៤ លោក​យ៉ាកុប​សួរ​ពួក​គង្វាល​​​ថា៖ «បង​ប្អូន​អើយ តើ​បង​ប្អូន​មក​ពី​ស្រុក​ណា?»។ គេ​ឆ្លើយ​ថា៖ «យើង​មក​ពី​ស្រុក​ហារ៉ន»។ ៥ លោក​សួរ​គេ​ទៀត​ថា៖ «តើ​បង​ប្អូន​ស្គាល់​លោក​ឡាបាន់ ដែល​ត្រូវ​ជា​កូន​របស់​លោក​ណាហ៊រ​ឬ​ទេ?»។ គេ​តប​ថា៖ «បាទ យើង​ស្គាល់​គាត់»។ ៦ លោក​យ៉ាកុប​មាន​ប្រសាសន៍​ ទៅ​គេ​ថា៖ «គាត់​សុខ​សប្បាយ​ជា​ទេ?»។ គេ​ឆ្លើយ​ថា៖ «គាត់​សុខ​សប្បាយ​ជា​ទេ! នុ៎ះហ្ន៎ នាង​រ៉ាខែល កូន​ស្រី​របស់​គាត់​កំពុង​តែ​មក​ជា​មួយ​ហ្វូង​ចៀម»។ ៧ លោក​មាន​ប្រសាសន៍​ថា៖ «មើល៍ ថ្ងៃ​នៅ​ខ្ពស់​នៅ​ឡើយ មិន​ទាន់​ដល់​ពេល​ប្រមូល​ហ្វូង​សត្វ​អោយ​មក​នៅ​ជុំ​គ្នា​ទេ។ សូម​អោយ​ទឹក​វា​ផឹក រួច​អោយ​ស៊ី​ស្មៅ​បន្ត​ទៀត​ទៅ»។ គេ​តប​មក​វិញ​ថា៖ «យើង​មិន​អាច​អោយ​វា​ផឹក​ឥឡូវ​នេះ​បាន​ទេ គឺ​ត្រូវ​ចាំ​ទាល់​តែ​ហ្វូង​សត្វ​ទាំង​អស់​មក​ជុំ​គ្នា​សិន សឹម​បើក​គំរប​អណ្ដូង​អោយ​វា​ផឹក​ទឹក»។

 លោក​ យ៉ាកុប​កំពុង​និយាយ​ជា​មួយ​ពួក​គង្វាល​ទាំង​នោះ​នៅ​ឡើយ ស្រាប់​តែ​នាង​រ៉ាខែលនាំ​ហ្វូង​ចៀម​របស់​ឪពុក​នាង​មក​ដល់ ដ្បិត​នាង​ជា​អ្នក​ឃ្វាល។ ១០ពេល​លោក​យ៉ាកុប​ឃើញ​នាង ​រ៉ាខែល ជា​កូន​របស់​លោក​ឡាបាន់ ដែល​ជា​បង​ប្រុស​របស់​ម្ដាយ​លោក និង​ហ្វូង​ចៀម​របស់​លោក​ឡាបាន់​មក​ដល់ លោក​ក៏​ចូល​ទៅ​ជិត​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​អណ្ដូង រួច​ដង​ទឹក​អោយ​សត្វ​របស់​លោក​ឡាបាន់​ផឹក។ ១១ បន្ទាប់​មក លោក​ថើប​នាង​រ៉ាខែល ហើយ​ទ្រហោ​យំ។ ១២ លោក​យ៉ាកុប​ប្រាប់​នាង​ រ៉ាខែល​ថា លោក​ត្រូវ​ជា​សាច់ញាតិ​នឹង​ឪពុក​នាង គឺ​លោក​ជា​កូន​របស់​លោក​ស្រី​រេបេកា នាង​រ៉ាខែល​ក៏​រត់​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​ឪពុក។ ១៣ កាល​លោក​ឡាបាន់​ឮ​ដំណឹង​ថា លោក​យ៉ាកុប​ជា​កូន​របស់​ប្អូន​ស្រី​គាត់​មក​ដល់ គាត់​ក៏​រត់​ទៅ​ទទួល ទាំង​ឱប​ថើប​ទៀត​ផង ហើយ​នាំ​លោក​យ៉ាកុប​ចូល​ទៅ​ក្នុង​ផ្ទះ។ លោក​យ៉ាកុប​រៀប​រាប់​ប្រាប់​លោក​ឡាបាន់ តាម​ដំណើរ​រឿង​ទាំង​អស់។ ១៤ លោក​ឡាបាន់​ក៏​ពោល​ឡើង​ថា៖ «ក្មួយ​ពិត​ជា​សាច់​ឈាម​របស់​អ៊ំ​មែន!»។ លោក​យ៉ាកុប​ស្នាក់​នៅ​ជា​មួយ​លោក​ឡាបាន់​អស់​រយៈ​ពេល​មួយ​ខែ។

លោក​យ៉ាកុប​រៀបការ​ជា​មួយ​នាង​លេអា និង​នាង​រ៉ាខែល
១៥ ថ្ងៃ​មួយ លោក​ឡាបាន់​ពោល​ទៅ​កាន់​លោក​យ៉ាកុប​ថា៖ «ក្មួយ​ជា​សាច់ញាតិ​របស់​អ៊ំ​មែន តែ​ក្មួយ​មិន​ត្រូវ​ធ្វើ​ការ​អោយ​អ៊ំ ដោយ​មិន​យក​កំរៃ​នោះ​ឡើយ។ សូម​ក្មួយ​ប្រាប់​អ៊ំ​មក ក្មួយ​ចង់​បាន​ថ្លៃ​ឈ្នួល​ប៉ុន្មាន?»។ ១៦ លោក​ឡាបាន់​មាន​កូន​ស្រី​ពីរ​នាក់ កូន​បង​ឈ្មោះ​លេអា ហើយ​កូន​ប្អូន​ឈ្មោះ​រ៉ាខែល។ ១៧ នាង​លេអា​មាន​ភ្នែក​ស្រស់​ល្អ​ រីឯ​នាង​រ៉ាខែល​វិញ នាង​មាន​រូប​ឆោម​ស្អាត​ល្អ​ណាស់។ ១៨ ដោយ​លោក​យ៉ាកុប​ស្រឡាញ់ ​នាង​រ៉ាខែល លោក​ឆ្លើយ​ថា៖ «ក្មួយ​សុខ​ចិត្ត​នៅ​បំរើ​លោក​អ៊ំ​ប្រាំពីរ​ឆ្នាំ ដើម្បី​អោយ​បាន​រ៉ាខែល ជា​កូន​ពៅ​របស់​លោក​អ៊ំ​មក​ធ្វើ​ជា​ប្រពន្ធ»។ ១៩ លោក​ឡាបាន់​តប​ថា៖ «អ៊ំ​ពេញ​ចិត្ត​នឹង​លើក​កូន​អោយ​ក្មួយ ជា​ជាង​លើក​អោយ​ប្រុស​ដទៃ​ទៀត។ ដូច្នេះ ចូរ​ក្មួយ​នៅ​ជា​មួយ​នឹង​អ៊ំ​ទៅ!»។ ២០ លោក​យ៉ាកុប​នៅ​បំរើ​លោក ​ឡាបាន់ អស់​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ ដើម្បី​បាន​នាង​រ៉ាខែល ប៉ុន្តែ ដោយ​លោក​ស្រឡាញ់​នាង​រ៉ាខែល​ជា​ខ្លាំង រយៈ​ពេល​ប្រាំពីរ​ឆ្នាំ​នោះ​ហាក់​ដូច​ជា​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។ ២១ បន្ទាប់​មក លោក​យ៉ាកុប​ជំរាប​លោក​ឡាបាន់​ថា៖ «សូម​លោក​អ៊ំ​អោយ​ក្មួយ​រៀបការ​ជា​មួយ​នឹង​រ៉ាខែល​ទៅ ព្រោះ​ក្មួយ​នៅ​បំរើ​លោក​អ៊ំ​ចប់​សព្វ​គ្រប់ តាម​ដែល​យើង​បាន​កំណត់​នោះ​ហើយ»។ ២២ លោក​ឡាបាន់​ក៏​អញ្ជើញ​អ្នក​ស្រុក​ទាំង​អស់​មក ហើយ​រៀបចំ​ជប់លៀង។ ២៣ នៅ​ពេល​ល្ងាច គាត់​នាំ​នាង​លេអា​ទៅ​ផ្សំ​ដំណេក​ជា​មួយ​លោក​យ៉ាកុប។ ២៤ លោក​ឡាបាន់​ប្រគល់​នាង​ស៊ីលប៉ា ជា​អ្នក​បំរើ​របស់​លោក អោយ​បំរើ​នាង​លេអា។ ២៥ លុះ​ព្រលឹម​ឡើង លោក​យ៉ាកុប​ឃើញ​ថា​ជា​នាង​លេអា លោក​ពោល​ទៅ​កាន់​លោក​ឡាបាន់​ថា៖ «ម្ដេច​ក៏​លោក​ឪពុក​ធ្វើ​ដូច្នេះ? ខ្ញុំ​នៅ​បំរើ​លោក​ឪពុក ដើម្បី​នាង​រ៉ាខែល​ទេ តើ​ហេតុ​អ្វី​បាន​ជា​លោក​ឪពុក​បោក​ប្រាស់​ខ្ញុំ​បែប​នេះ?»។ ២៦ លោក​ឡាបាន់​តប​វិញ​ថា៖ «នៅ​ស្រុក​យើង​នេះ​មិន​ដែល​មាន​នរណា​លើក​កូន​ពៅ​អោយ​គេ មុន​កូន​ច្បង​ឡើយ ២៧ ចូរ​បង្គ្រប់​ពិធី​ មង្គលការ​ជា​មួយ​នាង​អោយ​បាន​មួយ​អាទិត្យ​សិន រួច​ហើយ​សឹម​ពុក​លើក​នាង​មួយ​ទៀត​អោយ តែ​កូន​ត្រូវ​ធ្វើ​ការ​អោយ​ពុក​ប្រាំពីរ​ឆ្នាំ​ទៀត»។

២៨ លោក​ យ៉ាកុប​ក៏​ធ្វើ​តាម​ពាក្យ​គាត់ គឺ​បង្គ្រប់​ពិធី​មង្គលការ​ជា​មួយ​នាង​លេអា​អស់​មួយ​អាទិត្យ។ បន្ទាប់​មក លោក​ឡាបាន់​បាន​អោយ​នាង​រ៉ាខែល​ទៅ​លោក​យ៉ាកុប​ទៀត។ ២៩ លោក​ឡាបាន់​​​ប្រគល់​នាង​ប៊ីលហា ជា​អ្នក​បំរើ​របស់​លោក អោយ​បំរើ​នាង​រ៉ាខែល។ ៣០ លោក​យ៉ាកុប​ក៏​បាន​រួម​ ដំណេក​ជា​មួយ​នាង​រ៉ាខែល​ដែរ។ លោក​ស្រឡាញ់​នាង​រ៉ាខែល​ខ្លាំង​ជាង​នាង​លេអា។ បន្ទាប់​មក លោក​នៅ​បំរើ​លោក​ឡាបាន់​ប្រាំពីរ​ឆ្នាំ​ទៀត។

កូន​ចៅ​របស់​លោក​យ៉ាកុប
៣១ កាល​ព្រះអម្ចាស់​ទត​ឃើញ​ថា លោក​យ៉ាកុប​មិន​សូវ​ស្រឡាញ់​លោក​ស្រី​លេអា​ដូច្នេះ ព្រះអង្គ​ក៏​ប្រោស​អោយ​គាត់​មាន​កូន រីឯ​លោក​ស្រី​រ៉ាខែល​វិញ នៅ​ជា​ស្ត្រី​អារ។ ៣២ លោក​ស្រី​លេអា​មាន​ផ្ទៃ​ពោះ ហើយ​សំរាល​បាន​កូន​ប្រុស​មួយ ដែល​គាត់​ដាក់​ឈ្មោះ​ថា “រូបេន” ដ្បិត​គាត់​ពោល​ថា៖ «ព្រះអម្ចាស់​បាន​ទត​ឃើញ​ថា ខ្ញុំ​ជា​ស្ត្រី​អភ័ព្វ ហើយ​ឥឡូវ​នេះ​ប្ដី​ខ្ញុំ​មុខ​ជា​ស្រឡាញ់​ខ្ញុំ​មិន​ខាន»។ ៣៣ គាត់​មាន​ផ្ទៃ​ពោះ​ម្ដង​ទៀត ហើយ​សំរាល​បាន​កូន​ប្រុស​មួយ គាត់​ពោល​ថា៖ «ព្រះអម្ចាស់​ ជ្រាប​ថា ប្ដី​ខ្ញុំ​មិន​ស្រឡាញ់​ខ្ញុំ​ទេ បាន​ជា​ព្រះអង្គ​ប្រទាន​កូន​ប្រុស​មួយ​ទៀត​នេះ​មក​អោយ​ខ្ញុំ»។ គាត់​ដាក់​ឈ្មោះ​កូន​ថា “ស៊ីម៉ូន”។ ៣៤ បន្ទាប់​មក គាត់​មាន​ផ្ទៃ​ពោះ​សា​ជា​ថ្មី ហើយ​សំរាល​បាន​កូន​ប្រុស​មួយ​ទៀត​។ គាត់​ពោល​ថា៖ «លើក​នេះ ប្ដី​ខ្ញុំ​ពិត​ជា​ជំពាក់​ចិត្ត​នឹង​ខ្ញុំ​មិន​ខាន ព្រោះ​ខ្ញុំ​បង្កើត​កូន​ប្រុស​ជូន​គាត់ ដល់​ទៅ​បី​ហើយ»។ ហេតុ​នេះ បាន​ជា​គេ​ហៅ​ឈ្មោះ​កូន​នោះ​ថា “លេវី”។ ៣៥ គាត់​មាន​ផ្ទៃ​ពោះ​ម្ដង​ទៀត ហើយ​សំរាល​បាន​កូន​ប្រុស​មួយ គាត់​ពោល​ថា៖ «ពេល​នេះ ខ្ញុំ​សូម​លើក​តម្កើង​ព្រះអម្ចាស់»។ ហេតុ​នេះ​ហើយ បាន​ជា​គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា “យូដា” បន្ទាប់​មក គាត់​ក៏​លែង​មាន​កូន​ទៀត។