កំណើតពិភពលោក (១២)

ប្រវត្តិ​របស់​លោក​អប្រាហាំ

ព្រះអម្ចាស់​ត្រាស់​ហៅ​លោក​អាប់រ៉ាម
១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​​អប្រាមថា៖ «ចូរ​ចាក​ចេញ​ពី​ស្រុក​របស់​អ្នក ចាក​ចេញ​ពី​ញាតិសន្ដាន និង​ចាក​ចេញ​ពី​ក្រុម​គ្រួសារ​ឪពុក​របស់​អ្នក តម្រង់​ឆ្ពោះ​ទៅ​ស្រុក​ដែល​យើង​នឹង​បង្ហាញ​អ្នក​។

 ​​​យើង​​​​នឹង​អោយ​ប្រជាជាតិ​មួយ​ដ៏​ធំ​កើត​ចេញ​ពី​អ្នក ហើយ​យើង​នឹង​អោយ​ពរ​អ្នក។ យើង​នឹង​ធ្វើ​អោយ​អ្នក​មាន​ឈ្មោះ​ល្បី។ ដូច្នេះ ចូរ​ធ្វើ​ជា​អ្នក​ផ្ដល់​ពរ​ដល់​អ្នក​ដទៃ​ចុះ!។

    យើង​នឹង​អោយ​ពរ​ដល់​ជន​ទាំងឡាយ​ណា
ដែល​អោយ​ពរ​អ្នក
យើង​ក៏​នឹង​ដាក់​បណ្ដាសា​ដល់​ជន​ទាំងឡាយ​ណា
ដែល​ដាក់​បណ្ដាសា​អ្នក​ដែរ
ក្រុម​គ្រួសារ​ទាំង​អស់​នៅ​លើ​ផែនដី
នឹង​បាន​ទទួល​ពរ​ដោយសារ​អ្នក»​។

 លោក​អប្រាម​ក៏​ចេញ​ដំណើរ​ទៅ តាម​ព្រះបន្ទូល​របស់​ព្រះ​អម្ចាស់ ហើយ​លោក​ឡុត​ក៏​ទៅ​ជា​មួយ​លោក​ដែរ។ នៅ​ពេល​លោក​អប្រាម​ចាក​ចេញ​ពី​ស្រុក​ហារ៉ន​ទៅ​នោះ លោក​មាន​អាយុ​ចិតសិប​ប្រាំ​ឆ្នាំ។ លោក​បាន​នាំ​លោក​ស្រី​សារ៉ាយ​ជា​ភរិយា និង​លោក​ឡុត​ជា​ក្មួយ​ទៅ​ជា​មួយ។ លោក​ក៏​យក​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន ដែល​ពួក​លោក​រក​បាន ព្រម​ទាំង​អ្នក​បំរើ​ដែល​ពួក​លោក​ទិញ​បាន នៅ​ស្រុក​ហារ៉ន​ទៅ​ជា​មួយ​ដែរ។ ពួក​លោក​នាំ​គ្នា​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​កាណាន។

លោក​អាប់រ៉ាម​នៅ​ស្រុក​កាណាន
លុះ​បាន​មក​ដល់​ស្រុក​កាណាន​ហើយ លោកអប្រាម​ដើរ​កាត់​ ស្រុក​កាណាន​រហូត​ដល់​កន្លែង​មួយ ឈ្មោះ​ស៊ីគែម គឺ​ទៅ​ដល់​ដើម​ជ្រៃ​របស់​លោក​តា​ម៉ូរេ។ នៅ​សម័យ​នោះ ជន​ជាតិ​កាណាន​ជា​ម្ចាស់​ស្រុក។ ព្រះអម្ចាស់​ បាន​យាង​មក​អោយ​លោក​អប្រាម​ឃើញ ហើយ​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​ប្រគល់​ស្រុក​នេះ​អោយ​ពូជពង្ស​របស់​អ្នក»។ នៅ​ទី​នោះ លោក​អប្រាម​បាន​សង់​អាសនៈ​មួយ សំរាប់​ថ្វាយ​យញ្ញបូជា​ដល់​ព្រះអម្ចាស់ ដែល​បាន​យាង​មក​អោយ​លោក​ឃើញ។

 បន្ទាប់​មក លោក​ចាក​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​កាន់​តំបន់​ភ្នំ ដែល​នៅ​ខាង​កើត​បេតអែល លោក​បោះ​ជំរំ​នៅ​ចន្លោះ​បេតអែល ដែល​នៅ​ខាង​លិច និង​ក្រុង​អៃ ដែល​នៅ​ខាង​កើត។ លោក​បាន​សង់​អាសនៈ​មួយ​សំរាប់​ថ្វាយ​យញ្ញបូជា​ដល់​ព្រះអម្ចាស់ ហើយ​គោរព​បំរើ​ព្រះនាម​ព្រះអម្ចាស់។ លោក​បន្ត​ដំណើរ​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ ឆ្ពោះ​ទៅ​កាន់​តំបន់​ណេកិប។

លោក​អាប់រ៉ាម​ទៅ​ស្នាក់​នៅ​ស្រុក​អេស៊ីប
១០ ពេល​នោះ មាន​កើត​ទុរ្ភិក្ស​នៅ​ក្នុង​ស្រុក។ លោក​អប្រាម​ចុះ​ទៅ​ស្រុក​អេស៊ីប ដើម្បី​ស្នាក់​នៅ​ទី​នោះ ដ្បិត​ទុរ្ភិក្ស​កើត​រឹត​តែ​ខ្លាំង​ឡើងៗ។ ១១ ពេល​ទៅ​ដល់​ជិត​ស្រុក​អេស៊ីប លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ស្រី​សារ៉ាយ ជា​ភរិយា​ថា៖ «មើល៍ បង​ដឹង​ច្បាស់​ថា​អូន​មាន​រូប​ស្អាត​ណាស់។ ១២ ហេតុ​នេះ ពេល​ជន​ជាតិ​អេស៊ីប​ឃើញ​អូន​គេ​មុខ​ជា​ពោល​ថា “នាង​នេះ​ជា​ប្រពន្ធ​របស់​គាត់!” គេ​នឹង​សម្លាប់​បង​ជា​មិន​ខាន ហើយ​ទុក​ជីវិត​អូន​អោយ​នៅ​រស់។ ១៣ ដូច្នេះ សូម​អូន​និយាយ​ថា អូន​ជា​ប្អូន​ស្រី​របស់​បង ដើម្បី​អោយ​គេ​រាប់​រក​បង​ដោយ​មេត្រី ព្រោះ​តែ​អូន ហើយ​បង​នឹង​បាន​រួច​ជីវិត ក៏​ដោយសារ​តែ​អូន​ដែរ»។ ១៤ កាល​លោក​អប្រាម​ទៅ​ដល់​ស្រុក​អេស៊ីប​ហើយ ជន​ជាតិ​អេស៊ីប​បាន​ឃើញ​ថា ភរិយា​របស់​លោក​មាន​រូប​ស្អាត​ណាស់។ ១៥ ពួក​មន្ត្រី​របស់​ ព្រះចៅ​ផារ៉ោន​ក៏​បាន​ឃើញ​គាត់​ដែរ ហើយ​នាំ​គ្នា​សរសើរ​ពី​គាត់​ទូល​ព្រះចៅ​ផារ៉ោន។ គេ​ក៏​នាំ​លោក​ស្រី​សារ៉ាយ​ចូល​ទៅ​ក្នុង​វាំង​របស់​ព្រះចៅ​ផារ៉ោន។ ១៦ រីឯ​លោក​អប្រាម​វិញ គេ​រាប់​រក​លោក​ដោយ​មេត្រី ព្រោះ​តែ​ភរិយា​របស់​លោក។ គេ​បាន​យក​ចៀម គោ លា អ្នក​បំរើ​ប្រុស​ស្រី លា​ញី និង​អូដ្ឋ មក​ជូន​លោក​អប្រាម។ ១៧ ប៉ុន្តែ ព្រះអម្ចាស់​បាន​ធ្វើ​អោយ​ព្រះចៅ​ផារ៉ោន និង​ព្រះញាតិវង្ស ជួប​នឹង​គ្រោះ​កាច​ដ៏​សែន​វេទនា ព្រោះ​តែ​លោក​ស្រី​សារ៉ាយ ជា​ភរិយា​របស់​លោក​អប្រាម។

១៨ ពេល​នោះ ព្រះចៅ​ផារ៉ោន​កោះ​ហៅ​លោក​អប្រាម​មក​មាន​រាជឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​បែប​នេះ​ចំពោះ​យើង? ម្ដេច​​​ក៏​អ្នក​មិន​ប្រាប់​យើង​ថា​នាង​ជា​ភរិយា​របស់​អ្នក?១៩ ហេតុ​អ្វី​បាន​ជា​អ្នក​ ថា​នាង​ជា​ប្អូន​ទៅ​វិញ បណ្ដាល​អោយ​យើង​យក​នាង​មក​ធ្វើ​ជា​មហេសី​របស់​យើង​ដូច្នេះ? នេះ​នែ៎ ភរិយា​របស់​អ្នក ចូរ​យក​នាង​ចេញ​ពី​ទី​នេះ​ទៅ!»។ ២០ ព្រះចៅ​ផារ៉ោន​បញ្ជា​ រាជ​បំរើ​អោយ​បើក​ផ្លូវ​ដល់​លោក​អប្រាម ចាក​ចេញ​ទៅ​ជា​មួយ​ភរិយា​របស់​លោក ទាំង​យក​អ្វីៗ​ដែល​ជា​កម្មសិទ្ធិ​របស់​លោក​ទៅ​ជា​មួយ​ផង។