មាតិកា

កំណើតពិភពលោក
(លោកុប្បត្តិ)
ពាក្យលំនាំ

«កំណើតពិភពលោក»​រៀបរាប់អំពីដើមកំណើតពិភពលោក​ដើមកំណើតមនុស្សជាតិ​ និង​ដើម​កំណើតជនជាតិអ៉ីស្រាអែល​ ជាប្រជារាស្ត្ររបស់​ព្រះជាម្ចាស់​ ។ ​ក្នុងភាសាដើម ​គេយកញក្យខាងដើម​បង្អស់  ធ្វើជាចំណងជើង របស់ក័ណ្ឌ​គម្ពីរនេះ ​គឺ​  «កាលពីដើមដំបូងបង្អស់»។

យើង​អាចចែកក័ណ្ឌគម្ពីរនេះ​ជាពីរផ្នែក​គឺ:
• ១-១១: ​កំណើតពិភពលោក​កំណើតបុរស ​និង​ស្ត្រី ​មនុស្សផ្តាច់ចំណងមេត្រីជាមួយព្រះជាម្ចាស់ ​លោក​កាអ៊ីន  ​និង​ លោកអបិល​ លោកណូអេ​  និង​  ទឹកជំនន់ធំ ​ប៉មនៅបាបិល។

គ្មាននរណាអាចបញ្ជាក់អំពីពេលវេលានៃព្រឹត្តិការណ៍​ ដែលកើតមាននោះបានទេ​ ប៉ុ​ន្តែ​ព្រឹត្តិការណ៍ទាំង​នោះអាចជួយយើងអោយយល់​បញ្ហាជីវិត ដែលយើងជួបប្រទះរាល់ថ្ងៃ ។ ​តើជីវិតមានអត្ថន័យដូចម្តេច ? ​តើមនុស្សយើងមានមុខងារអ្វីក្នុងលោកនេះ ?​ ហេតុអ្វីបានជាទំនាក់ទំនងរវាងមនុស្ស​ និង​មនុស្ស ​ពិបាក​យ៉ាង​នេះ?…។​

•​ ១២-៥០:​ ក្នុងផ្នែកនេះ​មានរៀបរាប់អំពីរបៀបដែលព្រះជាម្ចាស់ចាប់ផ្តើមសង្គ្រោះមនុស្សជាតិ​ គឺ​ព្រះអង្គ​​​​បាន ត្រាស់ហៅបុព្វបុរស នៃជនជាតិ អ៊ីស្រាអែល​អោយស្គាល់​  និង​  គោរពបំរើ​ព្រះអង្គ  :

-  លោកអប្រាហាំ  (១២.​១​-​២៥.១៨)​ដែលជាគំរូរបស់អ្នកជឿ​  និង​  ស្តាប់ឱវាទព្រះជាម្ចាស់
– លោកអ៊ីសាក  ជាកូនលោកអប្រាហាំ

-លោកយ៉ាកុបជាចៅរបស់លោកអប្រាហាំ ​(២៥.១៩​-​៣៧.​១) ​ដែលទទួលនាមថា​«អ៊ីស្រាអែល»។ ​លោកមាន​កូន​ប្រុសដប់ពីរនាក់​  ដែលជាកំណើត កុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិ​អ៊ីស្រាអែល។

-លោកយ៉ូសែប​(៣៧.២-៥០.២៦) ​ជាកូនម្នាក់​  ក្នុងចំណោមកូនទាំង​ដប់ពីររបស់លោកយ៉ាកុប ។ ក័ណ្ឌ​​​​គម្ពីរ​«កំណើតពិភពលោក» ​ណែនាំអ្នក អានអោយស្គាល់ស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ​គឺ​មុន​ដំបូងព្រះអង្គ​បាន​​បង្កើត​​​ពិភពលោក ​និង​ប្រទានអោយអ្វីៗសព្វសារពើក្នុងពិភពលោកនេះ  មានតម្លៃដ៏​វិសេស​ហើយពិភព​លោក​ទាំងមូល ត្រូវស្ថិតនៅក្រោមអំណាចរបស់ព្រះអង្គ ។​ ក៏ប៉ុន្តែ​ មនុស្សលោកបាន​ផ្តាច់ចំណងសម្ពន្ធមេត្រីជា​មួយ​ព្រះ​ជាម្ចាស់​ដែលធ្វើអោយ អំពើ បាបចូលមករាតត្បាតពិភពលោក ។​ ព្រះ​ជាម្ចាស់ បានជ្រើសរើស​ជនជាតិអ៊ី​ស្រា​អែល  ​ដើម្បីរៀបចំគំរោងការ​សង្គ្រោះ​ពិភពលោក។