លោកអែសរ៉ា (០៨)

បញ្ជី​រាយ​នាម​អស់​អ្នក​ដែល​វិល​ត្រឡប់​ទៅ​ជា​មួយ​លោក​អែសរ៉ា
 «នេះ​ជា​បញ្ជី​រាយ​នាម​មេ​ក្រុម​គ្រួសារ​ដែល​វិល​ត្រឡប់​ពី​ស្រុក​បាប៊ីឡូន​មក​ជា​មួយ​ខ្ញុំ ក្នុង​រជ្ជកាល​ព្រះចៅ​អ័រតាស៊ែរសេស: ២ ក្នុង​អំបូរ​ភីនេអាស​មាន​លោក​គែរសូម។ ក្នុង​អំបូរ​អ៊ីតាម៉ារ​មាន​លោក​ដានីអែល។ ក្នុង​អំបូរ​ដាវីឌ​មាន​លោក​ហាត់ទូស។  ក្នុង​អំបូរ​សេកានីយ៉ា និង​អំបូរ​ប៉ារ៉ូស​មាន​លោក​សាការី ហើយ​មាន​មនុស្ស​ប្រុស ១៥០ នាក់​នៅ​ជា​មួយ​លោក។  ក្នុង​អំបូរ​ប៉ាហាត់-ម៉ូអាប់ មាន​លោក​អេលីយ៉ូណៃ ជា​កូន​របស់​លោក​សេរ៉ាយ៉ា ហើយ​មាន​មនុស្ស​ប្រុស ២០០ នាក់ នៅ​ជា​មួយ​លោក។  ក្នុង​អំបូរ​សាទូ​មាន​លោក​សេកានីយ៉ា ជា​កូន​របស់​លោក​យ៉ាស៊ីអែល ហើយ​មាន​មនុស្ស​ប្រុស ៣០០ នាក់ នៅ​ជា​មួយ​លោក។ ក្នុង​អំបូរ​អឌីន​មាន​លោក​អេបេដ ជា​កូន​របស់​លោក​យ៉ូណាថាន ហើយ​មាន​មនុស្ស​ប្រុស ៥០ នាក់​នៅ​ជា​មួយ​លោក។ ៧ ក្នុង​អំបូរ​អេឡាំ​មាន​លោក​យេសាយ៉ា ជា​កូន​របស់​លោក​អថាលីយ៉ា ហើយ​មាន​មនុស្ស​ប្រុស ៧០​នាក់ នៅ​ជា​មួយ​លោក។ ៨ ក្នុង​អំបូរ​សេផាទីយ៉ា​មាន​លោក​សេបាឌីយ៉ា ជា​កូន​របស់​លោក​មីកាអែល ហើយ​មាន​មនុស្ស​ប្រុស ៨០ នាក់ នៅ​ជា​មួយ​លោក។  ក្នុង​អំបូរ​យ៉ូអាប់​មាន​លោក​អូបាឌីយ៉ា ជា​កូន​របស់​លោក​យេហ៊ីអែល ហើយ​មាន​មនុស្ស​ប្រុស ២១៨​នាក់ នៅ​ជា​មួយ​លោក។ ១០ ក្នុង​អំបូរ​បានី​មាន​លោក​សេឡូមីត ជា​កូន​របស់​យ៉ូស៊ីភីយ៉ា ហើយ​មាន​មនុស្ស​ប្រុស ១៦០ នាក់ នៅ​ជា​មួយ​លោក។ ១១ ក្នុង​អំបូរ​បេបៃ មាន​លោក​សាការី ជា​កូន​របស់​លោក​បេបៃ ហើយ​មាន​មនុស្ស​ប្រុស​២៨​នាក់ នៅ​ជា​មួយ​លោក។ ១២ ក្នុង​អំបូរ​អាសកាដ​មាន​លោក​យ៉ូហាណន ជា​កូន​របស់​លោក​ហាក់កាថាន ហើយ​មាន​មនុស្ស ១១០ នាក់ នៅ​ជា​មួយ​លោក។ ១៣ ក្នុង​អំបូរ​អដូនីកាំ​មាន​លោក​អេលីផាលេត លោក​យេអែល និង​លោក​សេម៉ាយ៉ា​ដែល​ក្មេង​ជាង​គេ ហើយ​មាន​មនុស្ស​ប្រុស ៦០ នាក់ នៅ​ជា​មួយ។ ១៤ ក្នុង​អំបូរ​ប៊ីកវ៉ាយ​មាន​លោក​អ៊ូថាយ និង​លោក​សាកូរ ហើយ​មាន​មនុស្ស​ប្រុស ៧០ នាក់ នៅ​ជា​មួយ​លោក»។

ការ​រៀបចំ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​យេរូសាឡឹម
១៥ «ខ្ញុំ​បាន​ប្រមូល​ បណ្ដាជន​ទាំង​នោះ នៅ​ជិត​ព្រែក​ដែល​ហូរ​ឆ្ពោះ​ទៅ​ស្រុក​អាហាវ៉ា ហើយ​យើង​បោះ​ជំរំ​នៅ​ទី​នោះ​អស់​រយៈ​ពេល​បី​ថ្ងៃ។ ខ្ញុំ​សង្កេត​ឃើញ​ថា មាន​តែ​ប្រជាជន និង​ក្រុម​បូជាចារ្យ គឺ​ពុំ​ឃើញ​មាន​ក្រុម​លេវី​ទេ។ ១៦ ដូច្នេះ ខ្ញុំ​បាន​ចាត់​អស់​លោក​ដែល​ជា​មេ​ដឹក​នាំ គឺ​មាន​លោក អេលីយេស៊ែរ លោក​អរីអែល លោក​សេម៉ាយ៉ា លោក​អែលណាថាន លោក​យ៉ារីប លោក​អែលណាថាន លោក​ណាថាន លោក​សាការី និង​លោក​មេស៊ូឡាម ព្រម​ទាំង​លោក​យ៉ូយ៉ារីប និង​លោក​អែលណាថាន អ្នក​បង្រៀន​វិន័យ ១៧ ខ្ញុំ​បាន​បង្គាប់​លោក​ ទាំង​នោះ អោយ​ទៅ​ជួប​លោក​អ៊ីដូ ដែល​ជា​មេ​ដឹក​នាំ​នៅ​តំបន់​កាស៊ីភីយ៉ា។ ខ្ញុំ​ក៏​បាន​ប្រាប់​ពួក​គេ​អំពី​របៀប​ដែល​ត្រូវ​និយាយ​ជា​មួយ​លោក​អ៊ីដូ និង​បង​ប្អូន​លោក​ជា​ក្រុម​អ្នក​បំរើ​ព្រះវិហារ ​ដែល​រស់​នៅ​តំបន់​កាស៊ីភីយ៉ា ដើម្បី​អោយ​ពួក​គេ​នាំ​មនុស្ស​មក​បំរើ​ការងារ ​ក្នុង​ព្រះដំណាក់​នៃ​ព្រះ​ របស់​យើង។ ១៨ ដោយ​ព្រះ​ដ៏​សប្បុរស​ បាន​ដាក់​ព្រះហស្ដ​លើ​យើង ពួក​គេ​នាំ​លោក​សេរេប៊ីយ៉ា​មក​អោយ​ពួក​យើង។ គាត់​ជា​បុរស​ម្នាក់​ដែល​មាន​សុភនិច្ឆ័យ ជា​ពូជពង្ស​របស់​លោក​ម៉ាលី ដែល​ត្រូវ​ជា​កូន​របស់​លោក​លេវី ជា​កូន​របស់​លោក​អ៊ីស្រាអែល។ គាត់​នាំ​កូន​ប្រុស និង​បង​ប្អូន​របស់​គាត់​មក​ជា​មួយ​ដែរ ដែល​មាន​ចំនួន ១៨​នាក់។ ១៩ បន្ទាប់​មក មាន​លោក​ហាសាប៊ីយ៉ា និង​លោក​យេសាយ៉ា​ពី​អំបូរ​មេរ៉ារី ព្រម​ទាំង​បង​ប្អូន និង​កូនៗ​របស់​ពួក​គេ ដែល​មាន​ចំនួន ២០ នាក់។ ២០ បន្ទាប់​មក​ទៀត មាន​ក្រុម​បំរើ​ព្រះវិហារ​ចំនួន ២២០​នាក់ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី។ ពួក​គេ​ជា​កូន​ចៅ​របស់​អស់​អ្នក​ដែល​ព្រះបាទ​ដាវីឌ និង​មេ​ដឹក​នាំ​តែងតាំង​អោយ​ជួយ​ធ្វើ​ការ​ក្រុម​លេវី។

២១ នៅ​ ក្បែរ​ព្រែក​អាហាវ៉ា​នោះ ខ្ញុំ​បាន​ប្រកាស​អោយ​ធ្វើ​ពិធី​តម​អាហារ ដើម្បី​ដាក់​ខ្លួន​នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះ​នៃ​យើង សូម​ព្រះអង្គ​ប្រោស​ប្រទាន​អោយ​យើង និង​កូន​ចៅ​របស់​យើង​ធ្វើ​ដំណើរ​ប្រកប​ដោយ​សុខសាន្ត ហើយ​អោយ​ទ្រព្យសម្បត្តិ​របស់​យើង​បាន​គង់វង្ស​ផង។

២២ ខ្ញុំ​ នឹក​ខ្មាស​មិន​ហ៊ាន​ទូល​សូម​ព្រះរាជា​ប្រទាន​កងទ័ព​សេះ សំរាប់​ការពារ​ពួក​យើង នៅ​តាម​ផ្លូវ ក្រែង​លោ​មាន​ខ្មាំង​មក​យាយី​នោះ​ឡើយ ដ្បិត​ពួក​យើង​បាន​ទូល​ព្រះរាជា​ថា ព្រះ​នៃ​យើង​សំដែង​ព្រះចេស្ដា និង​ព្រះហឫទ័យ​សប្បុរស​ការពារ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ តែ​ទ្រង់​ពិរោធ​ដាក់​ទោស​អស់​អ្នក​ដែល​បោះ​បង់​ចោល​ព្រះអង្គ។ ២៣ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​យើង​តម​អាហារ និង​អង្វរ​រក​ព្រះ​នៃ​យើង ហើយ​ព្រះអង្គ​ទ្រង់​ព្រះសណ្ដាប់​ពួក​យើង។

២៤ បន្ទាប់​មក ខ្ញុំ​ញែក​បូជាចារ្យ​ដប់ពីរ​រូប ពី​ចំណោម​មេ​ដឹក​នាំ​របស់​ក្រុម​បូជាចារ្យ គឺ​មាន​លោក​សេរេប៊ីយ៉ា និង​លោក​ហាសាប៊ីយ៉ា ព្រម​ទាំង​បង​ប្អូន​របស់​ពួក​លោក​ដប់​រូប​ទៀត។ ២៥ ខ្ញុំ​បាន​ថ្លឹង​ប្រាក់ មាស និង​វត្ថុ​ផ្សេងៗ​មួយ​ចំណែក​ជូន​អស់​លោក​ទាំង​នោះ គឺ​ចំណែក​ញែក​ចេញ​ពី​តង្វាយ​ដែល​ព្រះរាជា ទី​ប្រឹក្សា មន្ត្រី​របស់​ស្ដេច និង​ជន​ជាតិ​អ៊ីស្រាអែល នៅ​ក្នុង​ស្រុក​បាន​ថ្វាយ​សំរាប់​ព្រះដំណាក់​របស់​ព្រះ​នៃ​យើង។ ២៦ ខ្ញុំ​បាន​ប្រគល់​ប្រាក់​ជូន​លោក​ទាំង​នោះ​ចំនួន​ម្ភៃ​តោន វត្ថុ​ធ្វើ​អំពី​ប្រាក់​ចំនួន​បី​តោន មាស​បី​តោន ២៧ ពែង​មាស​ចំនួន​ម្ភៃ​ដែល​មាន​តម្លៃ​ជា​មាស មួយ​ពាន់​តម្លឹង ព្រម​ទាំង​ផើង​ពីរ​ធ្វើ​ពី​លង្ហិន​ដ៏​រលើប​ដែល​មាន​តម្លៃ​ដូច​មាស​ដែរ។ ២៨ បន្ទាប់​មក ខ្ញុំ​ពោល​ទៅ​កាន់​បូជាចារ្យ​ទាំង​នោះ​ថា: “អស់​លោក​​បាន​ញែក​ខ្លួន​ជា​សក្ការៈ​ថ្វាយ​ព្រះអម្ចាស់ រីឯ​វត្ថុ​ទាំង​នេះ​ក៏​សក្ការៈ​ដែរ។ ប្រាក់ និង​មាស​នេះ​សុទ្ធសឹង​ជា​តង្វាយ​ស្ម័គ្រ​ចិត្ត ដែល​គេ​ថ្វាយ​ចំពោះ​ព្រះអម្ចាស់ ជា​ព្រះ​របស់​បុព្វបុរស​នៃ​អស់​លោក។ ២៩ សូម​យក​ចិត្ត​ទុក​ដាក់​ ថែរក្សា​វត្ថុ​ទាំង​នេះ រហូត​ដល់​ក្រុង​យេរូសាឡឹម។ នៅ​ទី​នោះ​អស់​លោក​ត្រូវ​ថ្លឹង​វត្ថុ​ទាំង​នេះ នៅ​ចំពោះ​មុខ​មេ​ដឹក​នាំ​ក្រុម​បូជាចារ្យ និង​ក្រុម​លេវី ព្រម​ទាំង​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​នៃ​ជន​ជាតិ​អ៊ីស្រា​អែល នៅ​ក្នុង​បន្ទប់​នៃ​ព្រះដំណាក់​របស់​ព្រះអម្ចាស់”។

៣០ ក្រុម​ បូជាចារ្យ និង​ក្រុម​លេវី​ទទួល​យក​មាស​ប្រាក់ និង​វត្ថុ​ទាំង​អស់​ដែល​គេ​បាន​ថ្លឹង ដើម្បី​នាំ​ទៅ​ក្រុង​យេរូសាឡឹម ដាក់​ក្នុង​ព្រះដំណាក់​នៃ​ព្រះ​របស់​យើង»។

ការ​មក​ដល់​ក្រុង​យេរូសាឡឹម
៣១ «នៅ​ថ្ងៃ​ទី​ដប់ពីរ​ ក្នុង​ខែ​ទី​មួយ ពួក​យើង​បាន​ចាក​ចេញ​ពី​ព្រែក​អាហាវ៉ា ឆ្ពោះ​ទៅ​ក្រុង​យេរូសាឡឹម។ នៅ​តាម​ផ្លូវ​ព្រះ​នៃ​យើង​បាន​ដាក់​ព្រះហស្ដ​ការពារ​យើង មិន​អោយ​មាន​ខ្មាំង​សត្រូវ​មក​យាយី ឬ​ត្រូវ​ចោរ​ប្លន់​ឡើយ។ ៣២ ពេល​ទៅ​ដល់​ក្រុង​យេរូសាឡឹម យើង​នាំ​គ្នា​សំរាក​ចំនួន​បី​ថ្ងៃ។ ៣៣ នៅ​ថ្ងៃ​ទី​បួន​យើង​បាន ​ថ្លឹង​ប្រាក់​មាស និង​វត្ថុ​ទាំង​អស់ នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះ​នៃ​យើង រួច​ប្រគល់​ជូន​លោក​បូជាចារ្យ​មេរេម៉ូត ជា​កូន​លោក​អ៊ូរីយ៉ា។ នៅ​ជា​មួយ​លោក​មាន​លោក​អេឡាសារ ជា​កូន​របស់​លោក​ភីនេអាស ព្រម​ទាំង​មាន​លោក​យ៉ូសាបាដ ជា​កូន​របស់​លោក​យ៉ូស៊ូអា និង​លោក​ណូអាឌីយ៉ា​ជា​កូន​របស់​លោក​ប៊ីនូអ៊ី ដែល​ជា​ក្រុម​លេវី។ ៣៤ គេ​បាន​រាប់​ចំនួន និង​ថ្លឹង​វត្ថុ​ទាំង​នោះ ព្រម​ទាំង​កត់ត្រា​ទម្ងន់​សរុប ទុក​ជា​លាយលក្ខណ៍​អក្សរ​ផង។

៣៥ អស់​ អ្នក​ដែល​គេ​កៀរ​ទៅ​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​វិញ​នោះ នាំ​គ្នា​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ចំពោះ​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល គឺ​គោ ១២​ក្បាល សំរាប់​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល ចៀម​ឈ្មោល ៩៦​ក្បាល កូន​ចៀម ៧៧​ក្បាល និង​ពពែ​ឈ្មោល ២០ ក្បាល ជា​តង្វាយ​រំដោះ​បាប។ ពួក​គេ​ដុត​សត្វ​ទាំង​នោះ​ជា​តង្វាយ​ដុត​ទាំង​មូល​ថ្វាយ​ព្រះអម្ចាស់។ ៣៦ បន្ទាប់​មក គេ​បាន​ប្រគល់​រាជ​ក្រឹត្យ​ជូន​អស់​លោក​ឧបរាជ និង​ទេសាភិបាល តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត។ អស់​លោក​ទាំង​នោះ​បាន​ជួយ​គាំទ្រ​ជន​ជាតិ​អ៊ីស្រាអែល និង​ព្រះដំណាក់​របស់​ព្រះជាម្ចាស់»។

ជន​ជាតិ​យូដា​ដែល​រៀបការ​ជា​មួយ​សាសន៍​ដទៃ