លោកអែសរ៉ា (០៧)

សកម្មភាព​របស់​លោក​បូជាចារ្យ​អែសរ៉ា
លោក​បូជាចារ្យ​អែសរ៉ា
 ក្រោយ​មក​ក្នុង​រជ្ជកាល​ ព្រះចៅ​អ័រតាស៊ែរសេស​ជា​ស្ដេច​ស្រុក​ពែរ្ស មាន​បូជាចារ្យ​មួយ​រូប ឈ្មោះ​អែសរ៉ា​ជា​កូន​របស់​លោក​សេរ៉ាយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​អសារីយ៉ា ជា​កូន​របស់​លោក​ហ៊ីលគីយ៉ា ២ ជា​កូន​របស់​លោក​សាលូម ជា​កូន​របស់​លោក​សាដុក ជា​កូន​របស់​លោក​អហ៊ីទូប ៣ ជា​កូន​របស់​លោក​អម៉ារីយ៉ា ជា​កូន​របស់​លោក​អសារីយ៉ា​ជា​កូន​របស់​លោក​មេរ៉ាយ៉ូត ជា​កូន​របស់​លោក​សេរ៉ាហ៊ីយ៉ា ជា​កូន​របស់​លោក​អ៊ូស៊ី ជា​កូន​របស់​លោក​ប៊ូគី ៥ ជា​កូន​របស់​លោក​អប៊ីសួរ ជា​កូន​របស់​លោក​ភីនេអាស ជា​កូន​របស់​អេឡាសារ ជា​កូន​របស់​មហាបូជាចារ្យ​អរ៉ុន។ ៦ លោក​អែសរ៉ា​មក​ពី​ស្រុក​ បាប៊ីឡូន លោក​ជា​បណ្ឌិត​ខាង​វិន័យ ហើយ​ស្គាល់គម្ពីរវិន័យ​របស់​លោក​ម៉ូសេ​យ៉ាង​ជ្រៅ​ជ្រះ គឺ​គម្ពីរវិន័យ​ដែល​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ប្រទាន​អោយ។ ព្រះអម្ចាស់​ជា​ព្រះ​របស់​លោក​បាន​ដាក់​ព្រះហស្ដ​លើ​លោក ហេតុ​នេះ​ហើយ​ទើប​ព្រះរាជា​ប្រទាន​អ្វីៗ​ទាំង​អស់ តាម​សំណូម​ពរ​របស់​លោក។ នៅ​ឆ្នាំ​ទី​ប្រាំពីរ នៃ​រជ្ជកាល​ព្រះចៅ​អ័រតាស៊ែរសេស ប្រជាជន​អ៊ីស្រាអែល​មួយ​ចំនួន​ព្រម​ទាំង​ក្រុម​បូជាចារ្យ ក្រុម​លេវី ក្រុម​ចំរៀង ក្រុម​ឆ្មាំ​ទ្វារ និង​ក្រុម​អ្នក​បំរើ​ព្រះវិហារ នាំ​គ្នា​វិល​មក​ក្រុង​យេរូសាឡឹម​វិញ។  នៅ​គ្រា​នោះ​លោក​អែសរ៉ា​បាន​មក​ដល់​ក្រុង​យេរូសាឡឹម នៅ​ខែ​ទី​ប្រាំ​ក្នុង​ឆ្នាំ​ទី​ប្រាំពីរ នៃ​រជ្ជកាល​ព្រះចៅ​អ័រតាស៊ែរសេស។ លោក​កំណត់​ពេល​ចេញ​ដំណើរ​ ពី​ក្រុង​បាប៊ីឡូន នៅ​ថ្ងៃ​ទី​មួយ​ក្នុង​ខែ​ទី​មួយ ហើយ​មក​ដល់​ក្រុង​យេរូសាឡឹម នៅ​ថ្ងៃ​ទី​មួយ​ក្នុង​ខែ​ទី​ប្រាំ ដ្បិត​ព្រះ​ដ៏​សប្បុរស​របស់​លោក​បាន​ដាក់​ព្រះហស្ដ​លើ​លោក។ ១០​លោក​អែសរ៉ា​ខិតខំ​រៀន​សូត្រ និង​កាន់​តាមវិន័យ​របស់​ព្រះអម្ចាស់​យ៉ាង​អស់​ពី​ចិត្ត ព្រម​ទាំង​បង្រៀន​ក្រឹត្យ​វិន័យ និងច្បាប់​ដល់​ជន​ជាតិ​អ៊ីស្រាអែល​ទៀត​ផង។

រាជសារ​របស់​ព្រះចៅ​អ័រតាស៊ែរសេស
១១ ព្រះចៅ​អ័រតាស៊ែរសេស​ ប្រគល់​រាជសារ​មួយ​ជូន​លោក​បូជាចារ្យ​អែសរ៉ា ជា​បណ្ឌិត​ខាង​វិន័យ លោក​មាន​នាទី​ចម្លង​ព្រះបន្ទូលនិងវិន័យ​ដែល​ព្រះអម្ចាស់ប្រទាន​មក​អ៊ីស្រាអែល​។ រាជ​សារ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ៖

១២ «យើង​ អ័រតាស៊ែរសេស​ជា​ព្រះមហាក្សត្រ​លើ​មហាក្សត្រ​ទាំង​អស់ ផ្ញើ​ជូន​លោក​បូជាចារ្យ​អែសរ៉ា​ជា​បណ្ឌិត​ខាង​វិន័យ​របស់​ព្រះ​នៃ​ស្ថាន​ បរមសុខ ១៣ យើង​ចេញ​បញ្ជា​ថា ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ ដែល​រស់​នៅ​ក្នុង​រាជាណាចក្រ​របស់​យើង គឺ​ប្រជាជន ក្រុម​បូជាចារ្យ ក្រុម​លេវី អស់​អ្នក​ដែល​មាន​បំណង​ត្រឡប់​ទៅ​ក្រុង​យេរូសាឡឹម នោះ​យើង​អនុញ្ញាត​អោយ​គេ​ចាក​ចេញ​ទៅ​ជា​មួយ​លោក។ ១៤ យើង និង​ទី​ប្រឹក្សា​ទាំង​ប្រាំពីរ​នាក់ ចាត់​លោក​អោយ​ទៅ​ពិនិត្យ​មើល នៅ​ក្រុង​យេរូសាឡឹម និង​ស្រុក​យូដា អំពី​របៀប​ដែល​គេ​គោរពគម្ពីរវិន័យ​នៃ​ព្រះ​របស់​លោក គឺ​គម្ពីរ​ដែល​លោក​កាន់​នេះ។ ១៥ យើង​ក៏​ចាត់​លោក​អោយ​ នាំ​យក​មាស​ប្រាក់​ដែល​យើង និង​ទី​ប្រឹក្សា​ទាំង​ប្រាំពីរ​រូប សំរេច​ថ្វាយ​ចំពោះ​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ដែល​គង់​នៅ​ក្រុង​យេរូសាឡឹម។ ១៦ លោក​ក៏​ត្រូវ​នាំ​យក​ ប្រាក់ និង​មាស​ទាំង​ប៉ុន្មាន ដែល​លោក​រៃ​បាន​ក្នុង​អាណាខេត្ត​បាប៊ីឡូន​ទាំង​មូល ព្រម​ទាំង​តង្វាយ​ដែល​ប្រជាជន និង​បូជាចារ្យ​ស្ម័គ្រ​ចិត្ត​ថ្វាយ សំរាប់​ព្រះដំណាក់​នៃ​ព្រះ​របស់​ពួក​គេ នៅ​ក្រុង​យេរូសាឡឹម​ដែរ។ ១៧ លោក​ត្រូវ​លៃលក​យក​ ប្រាក់​ទាំង​នោះ ទិញ​គោ​បា ចៀម​ឈ្មោល និង​កូន​ចៀម ព្រម​ទាំង​តង្វាយ​ម្សៅ និង​ស្រា​ទំពាំងបាយជូរ​ដែល​ត្រូវ​ច្រួច​ជា​មួយ។ លោក​ត្រូវ​ថ្វាយ​តង្វាយ​ទាំង​នោះ នៅ​លើ​អាសនៈ​របស់​ព្រះដំណាក់​នៃ​ព្រះ​របស់​ពួក​លោក នៅ​ក្រុង​យេរូសាឡឹម។ ១៨ ប្រសិន​បើ​មាន​មាស​ ប្រាក់​នៅ​សល់​លោក និង​បង​ប្អូន​របស់​លោក​អាច​យក​ទៅ​ប្រើ​ការ តាម​តែ​លោក​យល់​ឃើញ​ថា ល្អ​ត្រឹម​ត្រូវ ស្រប​តាម​ព្រះហឫទ័យ​នៃ​ព្រះ​របស់​អស់​លោក។ ១៩ ចំពោះ​គ្រឿង​បរិក្ខារ​ សំរាប់​ប្រើប្រាស់ ក្នុង​ព្រះដំណាក់​នៃ​ព្រះ​របស់​លោក ដែល​គេ​បាន​ប្រគល់​ដល់​លោក​នោះ ចូរ​យក​ទៅ​ដាក់​ក្នុង​ព្រះវិហារ​របស់​ព្រះជាម្ចាស់​នៅ​ក្រុង​យេរូសាឡឹម។ ២០ ប្រសិន​បើ​លោក​ត្រូវ​ការ​ចំណាយ​អ្វី​ផ្សេង​ទៀត សំរាប់​ព្រះវិហារ​នៃ​ព្រះ​របស់​លោក ចូរ​បើក​ពី​ឃ្លាំង​រាជទ្រព្យ​ទៅ​ចំណាយ​ចុះ។ ២១ យើង​ព្រះចៅ​អ័រតាស៊ែរសេស ចេញ​បញ្ជា​ដល់​អ្នក​កាន់​ឃ្លាំង​រាជទ្រព្យ​ទាំង​អស់ នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត​ថា បើ​លោក​បូជាចារ្យ​អែសរ៉ា ជា​បណ្ឌិត​ខាងវិន័យ​របស់​ព្រះ​នៃ​ស្ថាន​បរមសុខ​សុំ​អ្វី ត្រូវ​ប្រគល់​ជូន​លោក​កុំ​បី​អាក់ខាន​ឡើយ។ ២២ ពួក​គេ​នឹង​ប្រគល់​ជូន​ លោក រហូត​ដល់​ប្រាក់​បី​តោន ស្រូវ​សាមសិប​តោន ស្រា​ទំពាំងបាយជូរ​បួន​ពាន់​លីត្រ ប្រេង​អូលីវ​បួន​ពាន់​លីត្រ ព្រម​ទាំង​អំបិល​តាម​សេចក្ដី​ត្រូវ​ការ។ ២៣ អ្វីៗ​ដែល​ព្រះជាម្ចាស់ ​នៃ​ស្ថាន​បរមសុខ​បង្គាប់ ស្ដី​អំពី​ព្រះដំណាក់​របស់​ព្រះអង្គ ត្រូវ​តែ​ធ្វើ​តាម​យ៉ាង​រួសរាន់ ដើម្បី​កុំ​អោយ​ព្រះជាម្ចាស់​ទ្រង់​ព្រះពិរោធ​ទាស់​នឹង​នគរ ឬ​រាជវង្ស​របស់​យើង។ ២៤ មួយ​វិញ​ទៀត យើង​សុំ​ប្រាប់​អស់​លោក​អោយ​ដឹង​ថា អស់​លោក​គ្មាន​សិទ្ធិ​ទារ​ពន្ធដារ សួយសារអាករ និង​ពន្ធ​ផ្លូវ​ពី​ក្រុម​បូជាចារ្យ ក្រុម​លេវី ក្រុម​អ្នក​ចំរៀង ក្រុម​ឆ្មាំ​ទ្វារ ក្រុម​អ្នក​បំរើ​ព្រះវិហារ ឬ​អ្នក​បំពេញ​ការងារ​ផ្សេង​ទៀត ក្នុង​ព្រះដំណាក់​របស់​ព្រះជាម្ចាស់​ឡើយ។ ២៥ ចំពោះ​លោក​អែសរ៉ា​វិញ យោង​តាម​គម្ពីរ​ដែល​បង្ហាញ​អំពី​ព្រះប្រាជ្ញាញាណ​នៃ​ព្រះ​របស់​លោក គឺ​គម្ពីរ​ដែល​លោក​កាន់​នោះ ចូរ​តែងតាំង​ចៅក្រម និង​អ្នក​គ្រប់គ្រង ដើម្បី​កាត់​ក្ដី​អោយ​ប្រជាជន ដែល​រស់​នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត គឺ​អស់​អ្នក​ដែល​ស្គាល់​គម្ពីរវិន័យ​នៃ​ព្រះ​របស់​លោក​ហើយ។ លោក​ក៏​ត្រូវ​តែ​បង្ហាត់​បង្រៀន​អស់​អ្នក​ដែល​មិន​ស្គាល់​វិន័យ​ដែរ។ ២៦ អ្នក​ណា​មិន​គោរព​តាម​ វិន័យ​នៃ​ព្រះ​របស់​លោក ហើយ​មិន​គោរព​តាម​ច្បាប់​របស់​ស្ដេច​អោយ​បាន​ម៉ត់ចត់​ទេ អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស សម​តាម​ការ​ដែល​ខ្លួន​ប្រព្រឹត្ត គឺ​ទទួល​ទោស​ដល់​ស្លាប់ ឬ​ត្រូវ​និរទេស ឬ​ត្រូវ​រឹប​អូស​យក​ទ្រព្យសម្បត្តិ ឬ​ត្រូវ​ជាប់​ពន្ធនាគារ»។

លោក​អែសរ៉ា​អរ​ព្រះគុណ​ព្រះជាម្ចាស់
២៧ លោក​អែសរ៉ា​បន្លឺ​សំឡេង​ថា៖ «សូម​លើក​តម្កើង​ព្រះអម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​យើង ដែល​ព្រះអង្គ​ជំរុញ​ព្រះហឫទ័យ​ព្រះរាជា អោយ​មាន​បំណង​លើក​កិត្តិយស​ព្រះ​ដំណាក់​នៃ​ព្រះអម្ចាស់ នៅ​ក្រុង​យេរូសាឡឹម។ ២៨ ព្រះអ​ម្ចាស់​​​​​សំដែង​ ព្រះហឫទ័យ​មេត្តា​ករុណា​ដល់​ខ្ញុំ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះមហាក្សត្រ ចំពោះ​អស់​លោក​ដែល​ជា​ទី​ប្រឹក្សា ព្រម​ទាំង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​របស់​ព្រះរាជា​ទៀត​ផង។ ព្រះអម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ​បាន​ដាក់​ព្រះហស្ដ​លើ​ខ្ញុំ ធ្វើ​អោយ​ខ្ញុំ​មាន​កម្លាំង ហើយ​ប្រមូល​អស់​លោក ដែល​ជា​មេ​ដឹក​នាំ​របស់​អ៊ីស្រាអែល អោយ​ចេញ​ដំណើរ​ទៅ​ជា​មួយ​ខ្ញុំ»។