លោកអែសរ៉ា (០៤)

ការ​ប្រឆាំង​នឹង​ការ​សាង​សង់​ព្រះវិហារ​ឡើង​វិញ
 ពេល​បច្ចាមិត្ត​របស់​កុលសម្ព័ន្ធ​យូដា និង​កុលសម្ព័ន្ធ​បេនយ៉ាមីន​ឮ​ថា ពួក​ឈ្លើយ​ដែល​ត្រឡប់​មក​វិញ​នាំ​គ្នា​សង់​ព្រះវិហារ​ថ្វាយ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល  នោះ​ពួក​គេ​នាំ​គ្នា​មក​ ជួប​លោក​សូរ៉ូបាបិល និង​អស់​លោក​ជា​មេ​ក្រុម​គ្រួសារ​ហើយ​ជំរាប​ថា៖ «ពួក​យើង​ចង់​សាង​សង់​ជា​មួយ​អស់​លោក ដ្បិត​ពួក​យើង​ក៏​គោរព​បំរើ​ព្រះជាម្ចាស់​ ជា​ព្រះ​របស់​អស់​លោក​ដូច​ជា​អស់​លោក​ដែរ ព្រម​ទាំង​ថ្វាយ​យញ្ញបូជា​ចំពោះ​ព្រះអង្គ តាំង​ពី​ជំនាន់​ដែល​ព្រះចៅ​អេសារ-ហាដូន​ជា​ស្ដេច​ស្រុក​អាស្ស៊ីរី នាំ​ពួក​យើង​មក​ទី​នេះ»។

 ប៉ុន្តែ លោក​សូរ៉ូបាបិល លោក​យ៉ូស៊ូអា និង​អស់​លោក​ឯ​ទៀតៗ ជា​មេ​ក្រុម​គ្រួសារ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «អស់​លោក​មិន​ត្រូវ​ចូល​រួម​ជា​មួយ​ពួក​យើង ក្នុង​ការ​សាង​សង់​ព្រះដំណាក់​ថ្វាយ​ព្រះ​របស់​ពួក​យើង​ទេ​ មាន​តែ​ពួក​យើង​ប៉ុណ្ណោះ ដែល​ត្រូវ​សង់​ថ្វាយ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ដូច​ព្រះចៅ​ស៊ីរូស ជា​ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​បញ្ជា​ដល់​ពួក​យើង»។

​៤ ពេល​នោះ អ្នក​ស្រុក​នាំ​គ្នា​ធ្វើ​អោយ​ប្រជាជន​យូដា​បាក់​ទឹក​ចិត្ត ព្រម​ទាំង​បំភ័យ​ពួក​គេ​មិន​អោយ​សាង​សង់​ទៀត។ អ្នក​ស្រុក​ទាំង​នោះ​បាន​ សូកប៉ាន់​ពួក​ទី​ប្រឹក្សា​របស់​ស្ដេច អោយ​រារាំង​គំរោងការ​របស់​ជន​ជាតិ​យូដា តាំង​ពី​រជ្ជកាល​ព្រះចៅ​ស៊ីរូស រហូត​ដល់​រជ្ជកាល​ព្រះចៅ​ដារីយុស​ជា​ស្ដេច​ស្រុក​ពែរ្ស។

 នៅ​ដើម​ រជ្ជកាល​ព្រះចៅ​ស៊ែរសេស​ អ្នក​ស្រុក​នោះ​បាន​ផ្ញើ​សារ​មួយ​ថ្វាយ​ស្ដេច ដើម្បី​ចោទ​ប្រកាន់​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូសាឡឹម។

 នៅ​ រជ្ជកាល​ព្រះចៅ​អ័រតាស៊ែរសេស ជា​ស្ដេច​ស្រុក​ពែរ្ស លោក​ប៊ីសឡាំ លោក​មីត្រេដាត លោក​តាបេអែល និង​បក្ស​ពួក​របស់​គេ ក៏​បាន​សរសេរ​សារ​ថ្វាយ​ព្រះចៅ​អ័រតាស៊ែរសេស​ជា​ស្ដេច​ស្រុក​ពែរ្ស​ដែរ។ សារ​នោះ​សរសេរ​ជា​អក្សរ​អារ៉ាម និង​ភាសា​អារ៉ាម។

 លោក​ ទេសាភិបាល​រេហ៊ូម និង​លោក​ស៊ីមសៃ ជា​លេខា ក៏​បាន​សរសេរ​សារ​ថ្វាយ​ព្រះចៅ​អ័រតាស៊ែរសេស​ ស្ដី​អំពី​ក្រុង​យេរូ​សាឡឹម។ សារ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ៖

 «ទូលបង្គំ ​យើង​ខ្ញុំ រេហ៊ូម ជា​ទេសាភិបាល និង​ស៊ីមសៃ ជា​លេខា ព្រម​ទាំង​សហការី​គ្រប់​រូប​នៃ​តំបន់ ឌីន អផារសាតាក់ តារប៉ែល អផារ៉ាស អេរិក បាប៊ីឡូន ស៊ូសា ដេហា អេឡាំ ១០ និង​ប្រជាជន​ឯ​ទៀតៗ​ដែល ​ព្រះបាទ​អស្នាប៉ា ជា​ស្ដេច​ដ៏​ប្រសើរ​ឧត្ដម​បាន​កៀរ​អោយ​មក​រស់​នៅ​ក្នុង​ក្រុង​សាម៉ារី និង​តំបន់​ដែល​នៅ​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត។ ល។»

១១ សេចក្ដី ​នៅ​ក្នុង​សារ​ដែល​ពួក​គេ​ផ្ញើ​ថ្វាយ​ព្រះចៅ​អ័រតាស៊ែរ​សេស មាន​ដូច​ត​ទៅ៖ «ទូលបង្គំ​យើង​ខ្ញុំ​ជា​ប្រជាជន​រស់​នៅ​ប៉ែក​ខាង​លិច ទន្លេ​អឺប្រាត។ ល។

១២ សូម​ ព្រះករុណា​ជ្រាប​ថា ជន​ជាតិ​យូដា​ដែល​ត្រឡប់​ពី​នគរ​របស់​ព្រះករុណា មក​ដល់​ក្រុង​យេរូសាឡឹម ក្នុង​ចំណោម​យើង​ខ្ញុំ​កំពុង​តែ​នាំ​គ្នា​សង់​ក្រុង​អាក្រក់ និង​បះបោរ​នេះ​ឡើង​វិញ។ ពួក​គេ​ជួសជុល​កំពែង​ក្រុង ព្រម​ទាំង​កំពុង​ចាក់​គ្រឹះ​ទៀត​ផង។ ១៣ សូម​ព្រះករុណា​ជ្រាប​ថា ប្រសិន​បើ​ពួក​គេ​សង់​ក្រុង​នេះ​ឡើង​វិញ ហើយ​ជួសជុល​កំពែង​ក្រុង ពួក​គេ​មុខ​ជា​ឈប់​បង់​ពន្ធដារ សួយសារអាករ និង​ពន្ធ​ផ្លូវ ធ្វើ​អោយ​ព្រះករុណា​ខាត​បង់​រាជទ្រព្យ​មិន​ខាន។ ១៤ ដោយ​យើង​ខ្ញុំ​ជ្រក​ ក្រោម​ម្លប់​បារមី​របស់​ព្រះករុណា យើង​ខ្ញុំ​មិន​អាច​ព្រងើយ​កន្តើយ ទុក​អោយ​គេ​បង្អាប់​កិត្តិយស​របស់​ព្រះករុណា​ឡើយ ដូច្នេះ ទើប​យើង​ខ្ញុំ​ផ្ញើ​ដំណឹង​ទាំង​នេះ​មក​ថ្វាយ​ព្រះករុណា។ ១៥ សូម​ព្រះករុណា​អោយ​គេ​ ស្រាវជ្រាវ​ក្នុង​ឯកសារ ដែល​អយ្យកោ​របស់​ព្រះករុណា​ចង​ក្រង​ទុក នោះ​ព្រះរាជា​នឹង​ឃើញ​ច្បាស់​ថា ក្រុង​នេះ​តែងតែ​បះបោរ​ជានិច្ច ព្រម​ទាំង​បង្ក​អោយ​មាន​វិបត្តិ ដល់​ព្រះមហាក្សត្រ និង​ទេសាភិបាល​នានា។ តាំង​ពី​ដើម​រៀង​មក​ប្រជាជន​នៅ​ក្រុង​នេះ តែងតែ​បង្ក​អោយ​មាន​ចលនា​បះបោរ​ជានិច្ច។ ហេតុ​នេះ​ហើយ​បាន​ជា​ក្រុង​នេះ​ត្រូវ​គេ​បំផ្លាញ​ខ្ទេចខ្ទី​អស់។ ១៦ ទូលបង្គំ​យើង​ខ្ញុំ​សូម ​ទូល​ព្រះករុណា អោយ​បាន​ជ្រាប​ថា ប្រសិន​បើ​ពួក​គេ​សង់​ក្រុង​នេះ​ឡើង​វិញ ហើយ​ជួសជុល​កំពែង​ក្រុង នោះ​ព្រះករុណា​នឹង​បាត់​បង់​ទឹក​ដី​នៅ​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត​ជា​មិន​ ខាន»។

ចម្លើយ​របស់​ព្រះចៅ​អ័រតាស៊ែរសេស
១៧ ព្រះរាជា​ផ្ញើ​សារ​តប​ វិញ​ដូច​ត​ទៅ៖ «ជូន​ចំពោះ​លោក​ទេសាភិបាល​រេហ៊ូម និង​លោក​ស៊ីមសៃ ជា​លេខា ព្រម​ទាំង​សហការី​គ្រប់​រូប​នៅ​ស្រុក​សាម៉ារី និង​តំបន់​ដែល​នៅ​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត​សូម​ជ្រាប។

១៨ សារ​ដែល​អស់​លោក​ផ្ញើ​មក​យើង​នោះ គេ​បាន​បក​ប្រែ និង​អាន​អោយ​យើង​ស្ដាប់​សព្វ​គ្រប់​ហើយ។ ១៩ យើង​បញ្ជា​អោយ​គេ​ ស្រាវជ្រាវ​ហើយ​ឃើញ​ថា តាំង​ពី​ដើម​រៀង​មក អ្នក​ក្រុង​យេរូសាឡឹម តែងតែ​បង្ក​ចលនា​បះបោរ និង​ឃុបឃិត​គ្នា​ប្រឆាំង​នឹង​ស្ដេច​ជានិច្ច។ ២០ កាល​ពី​ដើម​នៅ​ក្រុង​ យេរូសាឡឹម​នេះ មាន​ស្ដេច​ខ្លាំង​ពូកែ គ្រប់គ្រង​តំបន់​ខាង​លិច​ទន្លេ​អឺប្រាត​ទាំង​មូល ព្រម​ទាំង​ហូត​ពន្ធដារ​សួយសារអាករ និង​ពន្ធ​ផ្លូវ​ទៀត​ផង។ ២១ ឥឡូវ​នេះ ចូរ​អស់​លោក​បញ្ជា​អោយ​ពួក​គេ​បញ្ឈប់​កិច្ចការ​របស់​ខ្លួន​ទៅ។ ដរាប​ណា​គ្មាន​បញ្ជា​ពី​យើង​ទេ គេ​មិន​ត្រូវ​សង់​ក្រុង​នោះ​ឡើង​វិញ​ជា​ដាច់​ខាត។ ២២ សូម​យក​ចិត្ត​ទុក​ដាក់​នឹង​កិច្ចការ​នេះ អោយ​បាន​ដិត​ដល់ ក្រែង​លោ​ផល​អាក្រក់​កាន់​តែ​រីក​ធំ​ឡើង នាំ​អោយ​ខាត​បង់​រាជទ្រព្យ»។

២៣ កាល​គេ​ អាន​រាជសារ​របស់​ព្រះចៅ​អ័រតាស៊ែរសេស​អោយ​លោក​រេហ៊ូម និង​លោក​ស៊ីមសៃ​ជា​លេខា ព្រម​ទាំង​សហការី​គ្រប់​រូប​ស្ដាប់​ហើយ អ្នក​ទាំង​នោះ​ក៏​ប្រញាប់ប្រញាល់​នាំ​គ្នា​ទៅ​ក្រុង​យេរូសាឡឹម ហើយ​ប្រើ​កម្លាំង​បង្ខំ​អោយ​ជន​ជាតិ​យូដា​បញ្ឈប់​ការ​សាង​សង់​ជា​បន្ទាន់។

ជន​ជាតិ​យូដា​នាំ​គ្នា​សង់​ព្រះវិហារ​ជា​បន្ត​ទៀត
២៤ ជន​ជាតិ​យូដា​ផ្អាក​ការ ​សាង​សង់​ព្រះដំណាក់​របស់​ព្រះជា​ម្ចាស់​នៅ​ក្រុង​យេរូសាឡឹម រហូត​ដល់​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះចៅ​ដារីយូស ជា​ស្ដេច​ស្រុក​ពែរ្ស។