អេសេគីអែល (០៩)

ការ​ដាក់​ទោស​ក្រុង​យេរូសាឡឹម
 បន្ទាប់​មក ខ្ញុំ​ឮ​ព្រះអង្គ​មាន​ព្រះបន្ទូល​យ៉ាង​ខ្លាំងៗ​ថា៖ «អស់​អ្នក​ដែល​ត្រូវ​ធ្វើ​ទោស​ក្រុង​យេរូសាឡឹម​អើយ ចូរ​នាំ​គ្នា​កាន់​អាវុធ​សំរាប់​ប្រល័យ​ជីវិត​ចូល​មក!»។

 ពេល​នោះ ខ្ញុំ​ឃើញ​មាន​មនុស្ស​ប្រាំ​មួយ​នាក់ ចូល​តាម​ទ្វារ​កំ​ពែង​ខាង​ជើង ម្នាក់ៗ​កាន់​អាវុធ​សំរាប់​ប្រហារ​ជីវិត។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​បុរស​ម្នាក់​ពាក់​អាវ​ទេសឯក​សុទ្ធ ស្ពាយ​​ប្រដាប់ប្រដា​សរសេរ​នៅ​ចង្កេះ​ផង។ ពួក​គេ​ចូល​មក​ឈរ​នៅ​ខាង​មុខ​អាសនៈ​លង្ហិន។ ពេល​នោះ សិរីរុងរឿង​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ដែល​ស្ថិត​នៅ​លើ​ខេរូប៊ីម*​ក៏​ អណ្ដែត​ឡើង ឆ្ពោះ​ទៅ​មាត់​ទ្វារ​ព្រះដំណាក់។ ព្រះអម្ចាស់​ត្រាស់​ហៅ​បុរស​ដែល​ពាក់​អាវ​ទេសឯក​សុទ្ធ​ និង​ស្ពាយ​ប្រដាប់ប្រដា​សំរាប់​សរសេរ​នោះ​មក  ព្រះអង្គ​មាន​ព្រះបន្ទូល​ ទៅ​គាត់​ថា៖ «ចូរ​ដើរ​កាត់​ក្រុង​យេរូសាឡឹម ហើយ​គូស​សញ្ញា​ជើង​ក្អែក​លើ​ថ្ងាស​អស់​អ្នក​ដែល​ស្រែក​ថ្ងូរ និង​ព្រួយ​ចិត្ត​ដោយ​ឃើញ​អំពើ​គួរ​អោយ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន ដែល​អ្នក​ក្រុង​នេះ​ប្រព្រឹត្ត»។ បន្ទាប់​មក ខ្ញុំ​ឮ​ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​អ្នក​ឯ​ទៀតៗ​ថា៖ «ចូរ​ដើរ​តាម​ក្រោយ​គាត់ ហើយ​ប្រហារ​អ្នក​ក្រុង​នេះ​ទៅ​កុំ​អាណិត​មេត្តា និង​ត្រា​ប្រណី​ពួក​គេ​ឡើយ! ចូរ​សម្លាប់​ពួក​គេ​ទាំង​ អស់​គ្នា​អោយ​ផុត​ពូជ គឺ​ទាំង​ចាស់ ទាំង​កំលោះ ទាំង​ក្រមុំ ទាំង​ក្មេង ទាំង​ស្ត្រី តែ​កុំ​ប៉ះពាល់​អស់​អ្នក​ដែល​មាន​សញ្ញា​ជើង​ក្អែក​ឡើយ​។ ចូរ​ចាប់​ផ្ដើម​ពី​ទីសក្ការៈ​របស់​យើង​ទៅ!»។ អ្នក​ទាំង​នោះ​ក៏​ចាប់​ផ្ដើម​សម្លាប់​ពួក​ព្រឹទ្ធាចារ្យ*​ដែល​នៅ​ខាង​មុខ​ ព្រះដំណាក់។ ព្រះអង្គ​មាន​ព្រះបន្ទូល​ ទៅ​គេ​ទៀត​ថា៖ «ចូរ​ធ្វើ​អោយ​ព្រះដំណាក់​ទៅ​ជា​សៅហ្មង ដោយ​ទុក​សាកសព​ចោល​ពាសពេញ​ទីលាន​រួច​នាំ​គ្នា​ចេញ​ទៅ​ចុះ!»។ ពួក​គេ​ក៏​ចេញ​ទៅ​វាយ​ប្រហារ​ជីវិត​ប្រជាជន​នៅ​ក្នុង​ទីក្រុង។

 ពេល​អ្នក​ទាំង​នោះ​ប្រហារ​ជីវិត​ប្រជាជន ខ្ញុំ​នៅ​តែ​ម្នាក់​ឯង ខ្ញុំ​ក៏​ក្រាប​ចុះ អោន​មុខ​ដល់​ដី ហើយ​ស្រែក​ឡើង​ថា៖ «ព្រះជា​អម្ចាស់​អើយ តើ​ព្រះអង្គ​ជះ​ព្រះពិរោធ មក​លើ​ក្រុង​យេរូសាឡឹម​ដោយ​ប្រល័យ​ជីវិត ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​ដែល​នៅ​សេសសល់​ឬ?»។ ព្រះអង្គ​មាន​ព្រះបន្ទូល​ មក​ខ្ញុំ​ថា៖ «ពូជពង្ស​អ៊ីស្រាអែល និង​ពូជពង្ស​យូដា​មាន​កំហុស​ធ្ងន់​ណាស់។ ពួក​គេ​សម្លាប់​គ្នា​ពាសពេញ​ស្រុក ហើយ​អំពើ​ទុច្ចរិត​ក៏​មាន​ពាសពេញ​ទីក្រុង​ដែរ។ ពួក​គេ​ពោល​ថា “ព្រះអម្ចាស់​បោះ​បង់​ចោល​ស្រុក​នេះ​ហើយ ព្រះអម្ចាស់​ទត​អ្វី​ពុំ​ឃើញ​ទេ”។ ១០ ហេតុ​នេះ​យើង​មិន​អាណិត​អាសូរ និង​ត្រា​ប្រណី​ពួក​គេ​ឡើយ គឺ​យើង​នឹង​ដាក់​ទោស​ពួក​គេ​តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត»។ ១១ ពេល​នោះ បុរស​ដែល​ពាក់​អាវ​ទេសឯក​សុទ្ធ និង​ស្ពាយ​ប្រដាប់ប្រដា​សំរាប់​សរសេរ​ទូល​ព្រះអង្គ​ថា៖ «ទូលបង្គំ​បាន​ធ្វើ​តាម​បង្គាប់​របស់​ព្រះអង្គ​សព្វ​គ្រប់​ហើយ»។