អេសេគីអែល (០៧)

ចុងបញ្ចប់របស់ស្រុកអ៊ីស្រាអែល
១ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ ២ «កូនមនុស្សអើយ យើងជាព្រះជាអម្ចាស់ យើងប្រាប់អោយអ្នកដឹងថា ស្រុកអ៊ីស្រាអែលត្រូវវិនាសហើយ មហន្តរាយកំពុងតែចូលមកតាមទិសទាំងបួន! ៣ អ៊ីស្រាអែលអើយ ចុងបញ្ចប់របស់អ្នកមកដល់ហើយ យើងនឹងជះកំហឹងទៅលើអ្នក យើងនឹងវិនិច្ឆ័យទោសអ្នកតាមអំពើដែលអ្នកប្រព្រឹត្ត យើងនឹងដាក់ទោសអ្នក ព្រោះតែព្រះដ៏គួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់អ្នក។ ៤ យើងនឹងមិនអាណិតមេត្តា អ្នក ហើយយើងក៏មិនត្រាប្រណីអ្នកដែរ យើងនឹងដាក់ទោសអ្នកព្រោះតែអំពើអាក្រក់ដែលអ្នកប្រព្រឹត្ត និងការគោរពព្រះដ៏គួរស្អប់ខ្ពើមក្នុងចំណោមអ្នក។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងនេះហើយជាព្រះអម្ចាស់»។
៥ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ទុក្ខវេទនាមកដល់ហើយ! គឺទុក្ខវេទនាខុសប្លែកពីធម្មតា! ៦ ចុងបញ្ចប់កំពុងតែមក ចុងបញ្ចប់មកដល់ហើយ ចុងបញ្ចប់មកប្រឆាំងនឹងអ្នកយ៉ាងឆាប់ៗ ចុងបញ្ចប់មកដល់ហើយ! ៧ អ្នកស្រុកអើយ ពេលដែលអ្នកត្រូវវិនាសមកដល់ហើយ ពេលកំណត់ក៏មកដល់ដែរ។ ថ្ងៃនោះមកដល់ហើយ គឺថ្ងៃដែលលែងមានសំរែកអរសប្បាយនៅតាមភ្នំ ផ្ទុយទៅវិញ មានតែសំរែកស្លន់ស្លោ។
៨ ឥឡូវនេះ យើងត្រៀមខ្លួនជះកំហឹងលើអ្នកឥតបង្អង់ឡើយ។ យើងនឹងធ្វើទោសអ្នកតាមកំហឹងរបស់យើង រហូតដល់ចប់ចុងចប់ដើម ព្រោះតែអំពើអាក្រក់ដែលអ្នកប្រព្រឹត្ត។ យើងនឹងវិនិច្ឆ័យទោសអ្នក ព្រោះតែព្រះដ៏គួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់អ្នក។ ៩ យើងនឹងមិនអាណិតមេត្តាអ្នក ហើយយើងក៏មិនត្រាប្រណីអ្នកដែរ យើងនឹងដាក់ទោសអ្នកស្របតាមអំពើអាក្រក់ដែលអ្នកប្រព្រឹត្ត ដោយគោរពព្រះដ៏គួរស្អប់ខ្ពើមទាំងប៉ុន្មាន។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងនេះហើយជាព្រះអម្ចាស់ដែលបានវាយអ្នក»។
១០ នុ៎ះហ្ន ថ្ងៃកំណត់! ថ្ងៃកំណត់មកដល់ហើយ! ពេលដែលត្រូវវិនាសមកដល់ហើយ អំពើឃោរឃៅកាន់តែរីកចំរើនមនុស្សព្រហើនកើនដល់កំរិត! ១១ អំពើហិង្សាក៏កើនឡើង ធ្វើអោយអំពើអាក្រក់រឹតតែឃោរឃៅ។ ពួកគេគ្មាននៅសល់អ្វីទៀតទេ គឺបាត់បង់ទ្រព្យសម្បត្តិ បាត់បង់កិត្តិយស និងភាពថ្លៃថ្នូរ។
១២ ពេល កំណត់មកដល់ហើយ ថ្ងៃកំណត់ក៏មកដល់ដែរ! អ្នកទិញមិនត្រូវអរសប្បាយ អ្នកលក់មិនត្រូវសោកសង្រេង ដ្បិតមហន្តរាយនឹងកើតមានដល់ប្រជាជនទាំងអស់! ១៣ អ្នកលក់ពុំអាច ប្រមូលយកអ្វីៗដែលខ្លួនលក់នោះបានមកវិញទេ ទោះបីគេនៅមានជីវិតក៏ដោយ។ ពាក្យដែលយើងប្រកាសដាក់ទោសប្រជាជនទាំងនោះនឹងសំរេចជារូបរាង។ ដោយសារកំហុសដែលម្នាក់ៗប្រព្រឹត្ត ពួកគេមិនអាចរក្សាជីវិតរបស់ខ្លួនបានឡើយ។ ១៤ សំឡេងត្រែលាន់ឮឡើង គ្រប់ៗគ្នាប្រុងប្រៀបខ្លួនជាស្រេច ប៉ុន្តែ គ្មាននរណាម្នាក់ចេញទៅច្បាំងទេ ដ្បិតមហន្តរាយនឹងកើតមានដល់ប្រជាជនទាំងអស់!

ការដាក់ទោសជនជាតិអ៊ីស្រាអែល
១៥ ខាងក្រៅមានសង្គ្រាម ខាងក្នុងផ្ទះមានជំងឺរាតត្បាត និងទុរ្ភិក្ស អ្នកនៅតាមស្រែចំការនឹងស្លាប់ដោយមុខដាវ រីឯអ្នកនៅក្នុងក្រុងនឹងត្រូវវិនាសដោយទុរ្ភិក្ស និងជំងឺរាតត្បាត។ ១៦ អ្នកដែលគេចខ្លួនរួច នាំគ្នារត់ទៅរស់នៅតាមភ្នំ ដូចព្រាបរស់នៅតាមជ្រលងភ្នំ។ ពួកគេទាំងអស់គ្នាស្រែកថ្ងូរ ព្រោះតែកំហុសដែលម្នាក់ៗបានប្រព្រឹត្ត។
១៧ពួកគេអស់កម្លាំង ទន់ដៃទន់ជើង។
១៨ពួកគេស្លៀកបាវកាន់ទុក្ខ ទាំងភ័យញ័ររន្ធត់
ពួកគេបាក់មុខ ហើយកោរសក់ទាំងអស់គ្នា។
១៩ពួកគេបាចប្រាក់របស់ខ្លួនចោលតាមផ្លូវ
មាសរបស់គេក៏អស់តម្លៃ។
នៅថ្ងៃព្រះអម្ចាស់ទ្រង់ព្រះពិរោធ
ប្រាក់ និងមាសពុំអាចរំដោះពួកគេ
អោយរួចខ្លួនបានឡើយ។
ពួកគេក៏ពុំអាចយកមាសប្រាក់នេះ
ទៅទិញអ្វីមកចំអែតក្រពះបានដែរ
ដ្បិតមាស និងប្រាក់ ជាមូលហេតុ
នាំពួកគេអោយប្រព្រឹត្តអំពើបាប។
២០គ្រឿងអលង្ការធ្វើអោយពួកគេមានចិត្តអំនួត
ពួកគេយកគ្រឿងអលង្ការទាំងនោះទៅសូន
ធ្វើជារូបព្រះដ៏ចង្រៃ គួរស្អប់ខ្ពើម។
ហេតុនេះហើយបានជាយើងធ្វើអោយ
គ្រឿងអលង្ការរបស់ពួកគេអស់តម្លៃ។
២១យើងនឹងបណ្ដោយអោយសាសន៍ដទៃ
រឹបអូសយកគ្រឿងអលង្ការទាំងនោះ
ហើយអោយពួកចោរប្លន់យកជារបស់ជយភ័ណ្ឌ
ព្រមទាំងប្រមាថរូបព្រះធ្វើពី
គ្រឿងអលង្ការទាំងនោះទៀតផង។
២២ទោះបីមានចោរប្លន់
ហើយប្រមាថសម្បត្តិក្នុងដំណាក់របស់យើងក្ដី
ក៏យើងមិនរវីរវល់ដែរ។
២៣«ចូររៀបចំច្រវាក់
ដ្បិតស្រុកនេះពោរពេញដោយអំពើឧក្រិដ្ឋ
ទីក្រុងពោរពេញដោយអំពើឃោរឃៅ។
២៤យើងនឹងនាំប្រជាជាតិដ៏សាហាវបំផុត
អោយមករឹបអូសយកផ្ទះរបស់ពួកគេ
យើងនឹងបំបាក់អំនួតរបស់ពួកខ្លាំងពូកែ
ហើយខ្មាំងនឹងប្រមាថទីសក្ការៈរបស់ពួកគេ។
២៥ ភយន្តរាយមកដល់ហើយ!
ពួកគេប្រាថ្នាចង់បានសេចក្ដីសុខ
តែគ្មានសេចក្ដីសុខឡើយ!
២៦មហន្តរាយកើតមានផ្ទួនៗគ្នា
ដំណឹងមិនល្អក៏លេចឮជាបន្តបន្ទាប់ដែរ។
គេចង់ដឹងនិមិត្តហេតុអស្ចារ្យពីព្យាការី*
ដ្បិតពួកបូជាចារ្យ*លែងទូន្មានពួកគេ
ហើយពួកព្រឹទ្ធាចារ្យ*
ក៏លែងផ្ដល់យោបល់អ្វីទៀតដែរ។
២៧ ស្ដេចកាន់ទុក្ខ មេដឹកនាំអស់សង្ឃឹម
ប្រជាជននៅក្នុងស្រុកបាក់ទឹកចិត្ត។
យើងនឹងប្រព្រឹត្តចំពោះពួកគេ
តាមអំពើដែលពួកគេបានប្រព្រឹត្ត
យើងនឹងវិនិច្ឆ័យទោសពួកគេ
តាមការវិនិច្ឆ័យរបស់ពួកគេផ្ទាល់។
ពេលនោះ ពួកគេនឹងដឹងថា
យើងជាព្រះអម្ចាស់»។