អេសេគីអែល (៤៦)

ថ្ងៃ​សប្ប័ទ បុណ្យ​ចូល​ខែ​ថ្មី និង​ពិធី​ផ្សេងៗ
១ ព្រះជាអម្ចាស់​ មាន​ព្រះបន្ទូល​ដូច​ត​ទៅ៖ «ត្រូវ​បិទ​ខ្លោង​ទ្វារ​ទីធ្លា​ខាង​ក្នុង គឺ​ខ្លោង​ទ្វារ​ខាង​កើត​ចំនួន​ប្រាំ​មួយ​ថ្ងៃ​ដែល​ប្រជាជន​ធ្វើ​ការ តែ​ត្រូវ​បើក​ទ្វារ​នោះ​នៅ​ថ្ងៃ​សប្ប័ទ និង​ថ្ងៃ​បុណ្យ​ចូល​ខែ​ថ្មី។ ២ មេ​ដឹក​នាំ​ត្រូវ​ចូល​មក​ តាម​ច្រក​បន្ទប់​ល្វែង​នៃ​ខ្លោង​ទ្វារ​ខាង​ក្រៅ ហើយ​ឈប់​នៅ​ចំ​មាត់​ទ្វារ។ គាត់​ប្រគល់​សត្វ​អោយ​ពួក​បូជាចារ្យ ដើម្បី​ថ្វាយ​តង្វាយ​ដុត និង​យញ្ញបូជា​នៃ​មេត្រីភាព។ មេ​ដឹក​នាំ​ត្រូវ​ក្រាប​ថ្វាយបង្គំ នៅ​ត្រង់​ខ្លោង​ទ្វារ រួច​ចេញ​ទៅ​វិញ។ ត្រូវ​ទុក​ខ្លោង​ទ្វារ​ចំហ​រហូត​ដល់​ល្ងាច។ ៣ នៅ​ថ្ងៃ​សប្ប័ទ និង​ថ្ងៃ​បុណ្យ​ចូល​ខែ​ថ្មី​ប្រជាជន​ត្រូវ​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​ព្រះអម្ចាស់ នៅ​មុខ​ខ្លោង​ទ្វារ​នេះ។

 មេ​ដឹក​នាំ​ត្រូវ​យក​កូន​ចៀម​ដ៏​ល្អ​ឥត​ខ្ចោះ​ប្រាំ​មួយ​ក្បាល និង​ចៀម​ឈ្មោល​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​ក្បាល មក​ថ្វាយ​ព្រះអម្ចាស់ ជា​តង្វាយ​ដុត​ទាំង​មូល។ ត្រូវ​ថ្វាយ​ម្សៅ​មួយ​ ថាំង​ជា​មួយ​ចៀម​ឈ្មោល​នោះ ហើយ​ប្រសិន​បើ​ធ្វើ​បាន ត្រូវ​ថ្វាយ​ម្សៅ​មួយ​ថាំង​ជា​មួយ​កូន​ចៀម​ដោយ​លាយ​ប្រេង​ប្រាំ​មួយ​លីត្រ​ផង។ នៅ​ថ្ងៃ​បុណ្យ​ចូល​ខែ​ ថ្មី មេ​ដឹក​នាំ​ត្រូវ​ថ្វាយ​គោ​ស្ទាវ​ឈ្មោល​មួយ​ក្បាល កូន​ចៀម​ប្រាំ​មួយ​ក្បាល និង​ចៀម​ឈ្មោល​មួយ​ក្បាល​ដែល​សុទ្ធ​តែ​ល្អ​ឥត​ខ្ចោះ។ ត្រូវ​យក​ម្សៅ​មួយ​ថាំង​ មក​ថ្វាយ​ជា​មួយ​គោ នោះ​មួយ​ថាំង​ទៀត​ថ្វាយ​ជា​មួយ​ចៀម​ឈ្មោល ហើយ​ប្រសិន​បើ​ធ្វើ​បាន ត្រូវ​ថ្វាយ​ម្សៅ​មួយ​ថាំង​ទៀត​ជា​មួយ​កូន​ចៀម ដោយ​លាយ​ប្រេង​ប្រាំ​មួយ​លីត្រ​ផង។

 មេ​ដឹក​នាំ​ចូល​តាម​ច្រក​បន្ទប់​ល្វែង​នៃ​ខ្លោង​ទ្វារ រួច​ចេញ​ទៅ​វិញ​តាម​ច្រក​ដដែល។ ពេល​ប្រជាជន​នាំ​គ្នា​មក​ថ្វាយបង្គំ​ព្រះអម្ចាស់​ ក្នុង​ពិធី​បុណ្យ​ដ៏​សំខាន់ៗ អ្នក​ណា​ចូល​តាម​ខ្លោង​ទ្វារ​ខាង​ជើង ដើម្បី​មក​ថ្វាយបង្គំ ត្រូវ​ចេញ​ទៅ​វិញ​តាម​ខ្លោង​ទ្វារ​ខាង​ត្បូង។ អ្នក​ណា​ចូល​តាម​ខ្លោង​ទ្វារ​ខាង​ត្បូង ត្រូវ​ចេញ​ទៅ​វិញ តាម​ខ្លោង​ទ្វារ​ខាង​ជើង។ មិន​ត្រូវ​ចេញ​តាម​ខ្លោង​ទ្វារ​ដែល​ខ្លួន​បាន​ចូល​មក​នោះ​ឡើយ គឺ​ត្រូវ​ចេញ​តាម​ខ្លោង​ទ្វារ​ដែល​នៅ​ទល់​មុខ។ ១០ ពេល​ប្រជាជន​ចូល​មេ​ដឹក​នាំ​ក៏​ចូល​មក​ជា​មួយ ហើយ​ពេល​ពួក​គេ​ចេញ​ទៅ​វិញ គាត់​ក៏​ត្រូវ​ចេញ​ទៅ​វិញ​ជា​មួយ​ដែរ។

១១ នៅ​ថ្ងៃ ​បុណ្យ​ធម្មតា ឬ​ក្នុង​ឱកាស​ពិធី​បុណ្យ​សំខាន់ៗ ត្រូវ​ថ្វាយ​តង្វាយ​ម្សៅ​មួយ​ថាំង​ជា​មួយ​គោ​បា មួយ​ថាំង​ទៀត​ជា​មួយ​ចៀម​ឈ្មោល ហើយ​ប្រសិន​បើ​ធ្វើ​បាន​ត្រូវ​ថ្វាយ​ម្សៅ​មួយ​ថាំង​ទៀត​ជា​មួយ​កូន​ចៀម ដោយ​លាយ​ប្រេង​ប្រាំ​មួយ​លីត្រ​ផង។ ១២ ប្រសិន​បើ​មេ​ដឹក​នាំ​ស្ម័គ្រ​ចិត្ត​យក​តង្វាយ​ដុត ឬ​យញ្ញបូជា​មេត្រីភាព​ពិសេស​មក​ថ្វាយ​ព្រះអម្ចាស់ គេ​ត្រូវ​បើក​ទ្វារ​ខាង​កើត​អោយ​គាត់​ចូល។ គាត់​ថ្វាយ​តង្វាយ​ដុត និង​យញ្ញបូជា​មេត្រីភាព​ដូច​គាត់​ធ្លាប់​ថ្វាយ​នៅ​ថ្ងៃ​សប្ប័ទ​ដែរ។ បន្ទាប់​មក គាត់​ចេញ​ទៅ​វិញ រួច​គេ​ត្រូវ​បិទ​ទ្វារ​ពី​ក្រោយ​គាត់។

១៣ រៀង​រាល់​ថ្ងៃ​អ្នក​ត្រូវ​ថ្វាយ​កូន​ចៀម​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​ក្បាល​អាយុ​មួយ​ខួប ជា​តង្វាយ​ដុត​ដល់​ព្រះអម្ចាស់។ អ្នក​ត្រូវ​ថ្វាយ​កូន​ចៀម​នេះ​រៀង​រាល់​ព្រឹក។ ១៤ ចូរ​យក​តង្វាយ​ម្សៅ​ប្រាំ​គីឡូក្រាម និង​ប្រេង​ពីរ​លីត្រ​មក​លាយ​គ្នា ​ថ្វាយ​ជា​តង្វាយ​ដល់​ព្រះអម្ចាស់ ជា​មួយ​តង្វាយ​ដុត​នោះ​ដែរ។ ត្រូវ​ធ្វើ​តាម​វិន័យ​ដែល​មាន​ចែង​ទុក​នេះ​រហូត​ត​ទៅ។ ១៥ រាល់​ព្រឹក​ត្រូវ​ថ្វាយ​កូន​ចៀម តង្វាយ​ម្សៅ និង​ប្រេង ជា​តង្វាយ​ដុត រហូត​ត​រៀង​ទៅ»។

១៦ ព្រះជាអម្ចាស់​ មាន​ព្រះបន្ទូល​ថា៖ «ប្រសិន​បើ​មេ​ដឹក​នាំ​ចែក​ដី​មួយ​កន្លែង ជា​អំណោយ​ដល់​កូន​របស់​ខ្លួន អំណោយ​នោះ​ត្រូវ​ចាត់​ទុក​ជា​ចំណែក​មត៌ក ជា​កេរអាករ ដែល​កូន​នោះ​អាច​ចែក​ត​កូន​ចៅ​របស់​ខ្លួន។ ១៧ ក៏​ប៉ុន្តែ ប្រសិន​បើ​គាត់​យក​ដី​ដែល​ជា​មត៌ក​របស់​ខ្លួន ប្រគល់​ជា​អំណោយ​ដល់​អ្នក​បំរើ ដី​នោះ​នៅ​ជា​កម្មសិទ្ធិ​របស់​អ្នក​បំរើ រហូត​ដល់​ឆ្នាំ​ដែល​គេ​បាន​រួច​ទៅ​ជា​អ្នក​ជា បន្ទាប់​មក ត្រូវ​បង្វិល​ដី​នោះ​មក​មេ​ដឹក​នាំ​វិញ ដ្បិត​មាន​តែ​កូន​របស់​គាត់​ទេ​ដែល​មាន​សិទ្ធិ​ទទួល​ដី​នោះ​ជា​កេរមត៌ក។ ១៨ មេ​ដឹក​នាំ​មិន​ត្រូវ​ ប៉ះពាល់​ដីធ្លី​របស់​ប្រជាជន​ទេ គឺ​មិន​ត្រូវ​រឹប​អូស​យក​ដី​របស់​ពួក​គេ​ឡើយ។ មេ​ដឹក​នាំ​ត្រូវ​យក​ដី​របស់​ខ្លួន​ផ្ទាល់ ចែក​ជា​កេរមត៌ក​ដល់​កូនៗ​របស់​ខ្លួន ដើម្បី​កុំ​អោយ​មាន​នរណា​ម្នាក់ ក្នុង​ចំណោម​ប្រជាជន បាត់​បង់​ដីធ្លី​របស់​ខ្លួន»។

១៩ បន្ទាប់​មក បុរស​នោះ​នាំ​ខ្ញុំ​ចូល​តាម​ច្រក​មួយ​នៅ​ក្បែរ​ខ្លោង​ទ្វារ ក្នុង​បន្ទប់​ដ៏​សក្ការៈ​ដែល​បម្រុង​ទុក​សំរាប់​ពួក​បូជាចារ្យ គឺ​បន្ទប់​ដែល​បែរ​មុខ​ទៅ​រក​ទិស​ខាង​ជើង។ ខ្ញុំ​ឃើញ​កន្លែង​មួយ​នៅ​កៀន​ខាង​ក្នុង គឺ​នៅ​ខាង​លិច។ ២០ លោក​មាន​ប្រសាសន៍​មក​ ខ្ញុំ​ថា៖ «នេះ​ជា​កន្លែង​ពួក​បូជាចារ្យ​ស្ងោរ​សាច់ ដែល​គេ​យក​មក​ថ្វាយ​ជា​យញ្ញបូជា​សុំ​លើកលែង​ទោស និង​យញ្ញបូជា​រំដោះ​បាប​។ គេ​ក៏​ចំអិន​តង្វាយ​ម្សៅ​នៅ​ទី​នេះ​ដែរ ដើម្បី​ចៀស​វាង​សែង​ទៅ​ខាង​ក្រៅ ក្រែង​លោ​ប្រជាជន​ប៉ះពាល់​របស់​សក្ការៈ»។ ២១ លោក​នាំ​ខ្ញុំ​ចេញ​ទៅ​ទីលាន​ខាង​ក្រៅ អោយ​ខ្ញុំ​ដើរ​កាត់​ជ្រុង​ទាំង​បួន​នៃ​ទីលាន។ តាម​ជ្រុង​នីមួយៗ​នៃ​ទីលាន​នោះ មាន​ទីធ្លា​មួយ។ ២២ ទីធ្លា​ទាំង​បួន​មាន​ទំហំ​តូច​ប៉ុនៗ​គ្នា គឺ​បណ្ដោយ​សែសិប​ហត្ថ និង​ទទឹង​សាមសិប​ហត្ថ។ ២៣ មាន​របង​មួយ​ព័ទ្ធ​ជុំវិញ​ទីធ្លា​ទាំង​បួន ហើយ​មាន​កន្លែង​ធ្វើ​ម្ហូប នៅ​ជាប់​នឹង​របង​ដែល​ព័ទ្ធ​ជុំវិញ​នោះ​ផង។ ២៤ បុរស​នោះ​មាន​ប្រសាសន៍​ មក​ខ្ញុំ​ថា៖ «នេះ​ជា​កន្លែង​ដែល​ពួក​ជំនួយ​ការ​ក្នុង​ព្រះដំណាក់​ចំអិន​សាច់ ដែល​ប្រជាជន​យក​មក​ថ្វាយ​ជា​យញ្ញបូជា»។