អេសេគីអែល (៤១)

 បន្ទាប់​មក លោក​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​ទីសក្ការៈ លោក​វាស់​សសរ​ម្ខាងៗ​មាន​ទទឹង​ប្រាំ​មួយ​ហត្ថ ស្មើ​នឹង​ទទឹង​របស់​ព្រះពន្លា*។ ក្រប​ទ្វារ​មាន​ទទឹង​ដប់​ ហត្ថ រីឯ​ទ្វារ​វិញ​ម្ខាងៗ​មាន​ទទឹង​ប្រាំ​ហត្ថ។ លោក​វាស់​ទីសក្ការៈ​មាន​បណ្ដោយ​សែសិប​ហត្ថ ហើយ​ទទឹង​ម្ភៃ​ហត្ថ។ បន្ទាប់​មក លោក​ចូល​ទៅ​ខាង​ក្នុង​វាស់​សសរ​មាត់​ទ្វារ ឃើញ​មាន​កំរាស់​ពីរ​ហត្ថ រីឯ​ទ្វារ​កំរាស់​ប្រាំ​មួយ​ហត្ថ ទទឹង​ប្រាំពីរ​ហត្ថ។  លោក​វាស់​ផ្នែក​ខាង​ក្នុង​ទីសក្ការៈ មាន​បណ្ដោយ​ម្ភៃ​ហត្ថ ទទឹង​ម្ភៃ​ហត្ថ រួច​លោក​ប្រាប់​ខ្ញុំ​ថា នេះ​ជា​ទីសក្ការៈ​បំផុត។

 លោក​វាស់​ជញ្ជាំង​ខណ្ឌ​ព្រះដំណាក់ ឃើញ​មាន​កំរាស់​ប្រាំ​មួយ​ហត្ថ។ រីឯ​បន្ទប់​អម​ជុំវិញ​ព្រះដំណាក់​មាន​ទទឹង​បួន​ហត្ថ។  បន្ទប់​អម​ជុំវិញ​ទាំង​ នោះ​មាន​បី​ជាន់ ក្នុង​មួយ​ជាន់​មាន​សាមសិប​បន្ទប់។ បន្ទប់​នីមួយៗ​ស្ថិត​នៅ​តាម​ជញ្ជាំង​ខាង​ក្រៅ​ដែល​ព័ទ្ធ​ជុំវិញ​ព្រះដំណាក់ គឺ​មិន​នៅ​តាម​ជញ្ជាំង​ទីសក្ការៈ​ទេ។  បន្ទប់​ជាន់​ខាង​លើ​ទូលាយ ​ជាង​បន្ទប់​នៅ​ជាន់​ក្រោម ព្រោះ​ផ្នែក​ខាង​លើ កំរាស់​ជញ្ជាំង​ដែល​ព័ទ្ធ​ជុំវិញ​ព្រះវិហារ​តូច​ជាង​កំរាស់​ផ្នែក​ខាង​ ក្រោម។ ហេតុ​នេះ​ហើយ​បាន​ជា​កាល​ណា​គេ​ឡើង​ទៅ​ខាង​លើ​កាន់​តែ​ខ្ពស់ នោះ​កាន់​តែ​មាន​កន្លែង​ទូលាយ​ជាង។ គេ​អាច​ឡើង​ពី​ជាន់​ក្រោម​ទៅ​ជាន់​កណ្ដាល រួច​ទៅ​ជាន់​ខាង​លើ។

 ខ្ញុំ​សង្កេត​មើល​ជុំវិញ​ព្រះដំណាក់ ឃើញ​ថា​បន្ទប់​ដែល​នៅ​អម​តាម​ជញ្ជាំង​មាន​កំពស់​ពេញ​មួយ​ឈើ​រង្វាស់ គឺ​ប្រាំ​មួយ​ហត្ថ។  ជញ្ជាំង​ដែល​នៅ​ខាង​ក្រៅ​បន្ទប់​អម​មាន​កំរាស់​ប្រាំ​ហត្ថ។ រីឯ​ធ្លា​នៅ​ចន្លោះ​បន្ទប់​អម​ដែល​នៅ​ជាប់​នឹង​ជញ្ជាំង ១០ និង​បន្ទប់​ដែល​នៅ​ជុំវិញ​ទីសក្ការៈ​មាន​ប្រវែង​ម្ភៃ​ហត្ថ។ ១១ បន្ទប់​អម​ទាំង​នោះ​មាន ​ច្រក​ចេញ​ចូល​តាម​ធ្លា ច្រក​មួយ​នៅ​ខាង​ជើង ច្រក​មួយ​ទៀត​នៅ​ខាង​ត្បូង។ ធ្លា​នោះ​មាន​ជ្រុង​នីមួយៗ​ប្រវែង​ប្រាំ​ហត្ថ។

១២ នៅ​ខាង​លិច មាន​អាគារ​មួយ​នៅ​ជាប់​នឹង​ធ្លា​ធំ មាន​ទទឹង​ចិតសិប​ហត្ថ បណ្ដោយ​កៅសិប​ហត្ថ រីឯ​ជញ្ជាំង​មាន​កំរាស់​ប្រាំ​ហត្ថ។ ១៣ បុរស​នោះ​វាស់​ព្រះដំណាក់ ឃើញ​មាន​បណ្ដោយ​មួយ​រយ​ហត្ថ។ ចំណែក​ឯ​ធ្លា​ធំ អាគារ និង​ជញ្ជាំង​ក៏​មាន​បណ្ដោយ​មួយ​រយ​ហត្ថ​ដែរ។ ១៤ ជញ្ជាំង​ខាង​មុខ​ព្រះដំណាក់ និង​ធ្លា​ធំ​ដែល​នៅ​ខាង​កើត​មាន​ប្រវែង​មួយ​រយ​ហត្ថ។ ១៥ បុរស​នោះ​បាន​វាស់​ បណ្ដោយ​របស់​អាគារ ដែល​ស្ថិត​នៅ​ខាង​ក្រោយ​ព្រះដំណាក់ រួម​ទាំង​ថែវ​នៅ​សង​ខាង​ផង ឃើញ​មាន​ប្រវែង​មួយ​រយ​ហត្ថ។ ទីសក្ការៈ បន្ទប់​ល្វែង​នៅ​ទីលាន​ខាង​ក្នុង ១៦ ក្រប​ទ្វារ បង្អួច​ចម្រឹង​ដែក​ថែវ​តាម​ជាន់​ទាំង​បី​នៅ​ទល់​មុខ​នឹង​ក្រប​ទ្វារ សុទ្ធ​តែ​មាន​បន្ទះ​ឈើ​ពាស​ជុំវិញ គឺ​ចាប់​ពី​ក្រោម​រហូត​ដល់​បង្អួច ហើយ​បង្អួច​ក៏​មាន​ពាស​ឈើ​ដែរ។ ១៧ ចាប់​ពី​លើ​ទ្វារ​រហូត​ដល់​ក្នុង​ទីសក្ការៈ*​មាន​ក្បាច់​លំអ​ទាំង​ខាង​ក្រៅ​ទាំង​ខាង​ក្នុង ១៨ គឺ​ក្បាច់​ខេរូប៊ីម និង​ក្បាច់​ដើម​ចាក។ រូប​ដើម​ចាក​មួយ រូប​ខេរូប៊ីម*​ពីរ​នៅ​ឆ្លាស់​គ្នា។ ១៩ ខេរូប៊ីម​នីមួយៗ​មាន​ មុខ​ពីរ មុខ​មនុស្ស​បែរ​ទៅ​រក​ដើម​ចាក​ម្ខាង មុខ​សិង្ហ​បែរ​ទៅ​រក​ដើម​ចាក​ម្ខាង​ទៀត ជា​បន្ត​បន្ទាប់​គ្នា​ព័ទ្ធ​ជុំវិញ​ព្រះដំណាក់។ ២០ ក្បាច់​ខេរូប៊ីម និង​ដើម​ចាក​នេះ មាន​ឆ្លាក់​ពាសពេញ​ជញ្ជាំង​ព្រះវិហារ ចាប់​តាំង​ពី​ក្រោម​រហូត​ដល់​ខាង​លើ​ទ្វារ។ ២១ ប្រអប់​ទ្វារ​ព្រះវិហារ មាន​រាង​បួន​ជ្រុង។ នៅ​ខាង​មុខ​ទីសក្ការៈ​បំផុត ២២ មាន​អាសនៈ​ធ្វើ​អំពី​ឈើ កំពស់​បី​ហត្ថ និង​បណ្ដោយ​ពីរ​ហត្ថ ជ្រុង និង​គែម​ក៏​ធ្វើ​ពី​ឈើ​ដែរ។ បុរស​នោះ​ពោល​មក​ខ្ញុំ​ថា៖ «នេះ​ជា​តុ​តម្កល់​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់»។ ២៣ ទីសក្ការៈ និង​ទីសក្ការៈ​បំផុត​មាន​ច្រក​ចូល​ពីរ។ ២៤ ច្រក​នីមួយៗ​មាន​សន្លឹក​ទ្វារ​ពីរ​ដែល​អាច​បិទ​បើក​បាន។ ២៥ នៅ​លើ​ទ្វារ​ទីសក្ការៈ​ មាន​ឆ្លាក់​ក្បាច់​ខេរូប៊ីម និង​ដើម​ចាក ដូច​នៅ​តាម​ជញ្ជាំង​ដែរ។ នៅ​ខាង​មុខ​បន្ទប់​ល្វែង​ដែល​នៅ​ខាង​ក្រៅ​មាន​បាំង​សាច​ធ្វើ​ពី​ឈើ។ ២៦ នៅ​តាម​បន្ទប់​ល្វែង និង​បន្ទប់​អម​ជញ្ជាំង​ព្រះដំណាក់ ព្រម​ទាំង​បាំង​សាច មាន​បង្អួច​ចម្រឹង​ដែក និង​ក្បាច់​ដើម​ចាក​ទាំង​សង​ខាង។