អេសេគីអែល (៣៨)

ព្រះបន្ទូល​ប្រឆាំង​នឹង​ស្ដេច​កូក
១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖
 «កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​រក​ស្ដេច​កូក​នៅ​ស្រុក​ម៉ាកូក ជា​មេ​គ្រប់គ្រង​លើ​ទឹក​ដី​មេសេក និង​ទូបាល ហើយ​ថ្លែង​ប្រាប់​ស្ដេច​នោះ​ក្នុង​នាម​យើង​ថា: ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: កូក​ដែល​ជា​មេ​គ្រប់គ្រង​លើ​ទឹក​ដី​មេសេក និង​ទូបាល​អើយ យើង​ប្រឆាំង​នឹង​អ្នក​ហើយ!​ ៤ យើង​នឹង​បង្ខំ​អ្នក យក​បង្ហៀរ​មក​ដាក់​ក្នុង​មាត់​អ្នក យើង​នឹង​នាំ​អ្នក កងទ័ព​ទាំង​មូល​របស់​អ្នក សេះ និង​ទ័ព​សេះ​ដែល​ប្រដាប់​ខ្លួន​យ៉ាង​ល្អ​ឥត​ខ្ចោះ ព្រម​ទាំង​ទាហាន​យ៉ាង​ច្រើន​ដែល​កាន់​ខែល​តូច​ធំ ហើយ​ប្រសប់​ប្រើ​ដាវ​ទាំង​អស់​គ្នា។ ៥ សាសន៍​ពែរ្ស អេត្យូពី និង​ពូថ ដែល​ប្រដាប់​ខ្លួន​ដោយ​ខែល និង​មួក​ដែក​ក៏​មក​ជា​មួយ​ដែរ។ សាសន៍​កូមែរ និង​កងពល​របស់​គេ​ទាំង​មូល ព្រម​ទាំង​សាសន៍​បេត-តូកាម៉ា ដែល​នៅ​ទី​ដាច់​ស្រយាល​នា​ទិស​ខាង​ជើង និង​កងពល​របស់​គេ​ទាំង​មូល គឺ​មាន​កងទ័ព​របស់​ប្រជាជាតិ​យ៉ាង​ច្រើន​មក​ជា​មួយ​អ្នក។ ៧ ចូរ​អ្នក និង​ទាហាន​ដែល​នៅ​ជា​មួយ​អ្នក រៀបចំ​ខ្លួន​ប្រុង​ប្រៀប​ជា​ស្រេច ក្រោម​បញ្ជា​របស់​អ្នក។ ៨ នៅ​ពេល​អនាគត គឺ​នៅ​គ្រា​ចុង​ក្រោយ​បំផុត យើង​នឹង​ចាត់​អ្នក​អោយ​ចេញ​ទៅ​ច្បាំង​យក​ស្រុក​អ៊ីស្រាអែល។ ប្រជាជន​នៅ​ស្រុក​នោះ​បាន​គេច​ផុត​ពី​មុខ​ដាវ ហើយ​ចាក​ចេញ​ពី​ចំណោម​ប្រជា​ជាតិ​​ជា​ច្រើន មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​លើ​ភ្នំ​នានា​នៃ​ស្រុក​អ៊ីស្រាអែល ជា​កន្លែង​ដ៏​ស្ងាត់​ជ្រងំ​យូរ​ឆ្នាំ​មក​ហើយ។ ក្រោយ​ពេល​ចាក​ចេញ​ពី​ចំណោម​ជាតិ​សាសន៍​នានា​មក ពួក​គេ​រស់​នៅ​យ៉ាង​សុខសាន្ត​ទាំង​អស់​គ្នា​ក្នុង​ស្រុក​របស់​ខ្លួន។ ៩ អ្នក​នឹង​ឡើង​ទៅ​វាយ​លុក​ ស្រុក​នោះ​ដូច​ខ្យល់​ព្យុះ​សង្ឃរា អ្នក និង​កងពល​ទាំង​មូល​របស់​អ្នក ព្រម​ទាំង​ជាតិ​សាសន៍​ជា​ច្រើន​ដែល​នៅ​ជា​មួយ​អ្នក នឹង​ប្រៀប​បី​ដូច​ជា​ពពក​គ្រប​បាំង​ពី​លើ​ស្រុក»។

១០ ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ទៀត​ថា៖ «នៅ​គ្រា​នោះ អ្នក​នឹង​មាន​ចិត្ត​អួត​បំប៉ោង ហើយ​រៀបចំ​ផែនការ​អាក្រក់។ ១១ អ្នក​ពោល​ថា “ខ្ញុំ​នឹង​ឡើង​ទៅ​វាយ​យក​ស្រុក​ដែល​គ្មាន​នរណា​ការពារ ខ្ញុំ​នឹង​វាយ​ប្រហារ​ អ្នក​ស្រុក​ដែល​រស់​នៅ​ដោយ​ឥត​ភ័យ​បារម្ភ ហើយ​​ក្រុង​របស់​គេ​គ្មាន​កំពែង គ្មាន​ទ្វារ ឬ​រនុក​ឡើយ។ ១២ ខ្ញុំ​នឹង​រឹប​អូស​យក​ ជយភ័ណ្ឌ​របស់​ពួក​គេ ខ្ញុំ​នឹង​ចាប់​យក​ស្រុក​ដែល​ពី​មុន​ជា​គំនរ​បាក់​បែក តែ​ឥឡូវ​នេះ​មាន​ប្រជាជន​រស់​នៅ គឺ​ប្រជាជន​ដែល​ចាក​ចេញ​ពី​ចំណោម​ប្រជាជាតិ​នានា ពួក​គេ​មាន​ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ ហើយ​រស់​នៅ​ចំ​កណ្ដាល​ផែនដី”។ ១៣ ជន​ជាតិ​សេបា ជន​ជាតិ​ដេដន អ្នក​ជំនួញ​ពី​ស្រុក​តារស៊ីស និង​មេ​ដឹក​នាំ​របស់​ពួក​គេ​នឹង​ពោល​មក​អ្នក​ថា “តើ​ព្រះរាជា​យាង​មក​ចាប់​យក​ជយភ័ណ្ឌ​ឬ? តើ​ព្រះរាជា​លើក​កងទ័ព​មក​យ៉ាង​ច្រើន​ដូច្នេះ ដើម្បី​ប្លន់​ស្រុក​នេះ​រឹបអូស​យក​មាស​ប្រាក់ ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​ដែល​ជា​ជយភ័ណ្ឌ​ដ៏​ច្រើន​ឬ?”»។

១៤ កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង ប្រាប់​ស្ដេច​កូក​ដូច​ត​ទៅ៖ «ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ថា: នៅ​ថ្ងៃ​ដែល​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​យើង កំពុង​រស់​នៅ​យ៉ាង​សុខសាន្ត​នោះ អ្នក​ក៏​បាន​ទទួល​ដំណឹង ១៥ ហើយ​ចាក​ចេញ​ពី​ស្រុក​របស់​ខ្លួន ដែល​ស្ថិត​នៅ​ទី​ដាច់​ស្រយាល​នា​ទិស​ខាង​ជើង អ្នក​នឹង​នាំ​កងទ័ព​ដ៏​ច្រើន​ឥត​គណនា​ជិះ​សេះ​មក ១៦ ដូច​ជា​ពពក​គ្រប​បាំង​ ពី​លើ​ស្រុក​វាយ​ប្រហារ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​យើង ហេតុការណ៍​ទាំង​នេះ​នឹង​កើត​មាន​នៅ​គ្រា​អវសានកាល​នៃ​ពិភព​លោក។ កូក​អើយ យើង​នឹង​នាំ​អ្នក​មក​វាយ​លុក​ស្រុក​របស់​យើង។ ពេល​ណា​យើង​បង្ហាញ​ភាព​ដ៏វិសុទ្ធ​របស់​យើង តាម​រយៈ​អ្នក នៅ​ចំពោះ​មុខ​ប្រជាជាតិ​ទាំងឡាយ នោះ​ពួក​គេ​នឹង​ស្គាល់​យើង»។

១៧ ព្រះជាអម្ចាស់​ មាន​ព្រះបន្ទូល​ថា៖ «ពី​ដើម​យើង​បាន​និយាយ​អំពី​អ្នក​តាម​រយៈ​អ្នក​បំរើ​របស់​យើង គឺ​ពួក​ព្យាការី​របស់​ជន​ជាតិ​អ៊ីស្រាអែល។ នៅ​គ្រា​នោះ ពួក​គេ​បាន​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ជា​ច្រើន​ឆ្នាំ​ថា យើង​នឹង​នាំ​អ្នក​មក​វាយ​ប្រហារ​ប្រជា​រាស្ត្រ​របស់​យើង។ ១៨ ក៏​ប៉ុន្តែ នៅ​ថ្ងៃ​នោះ គឺ​ថ្ងៃ​ដែល​កូក​មក​វាយ​លុក​ទឹក​ដី​អ៊ីស្រាអែល យើង​ក្ដៅ​ចិត្ត​ជា​ខ្លាំង – នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់។ ១៩ ដោយ​ចិត្ត​ប្រច័ណ្ឌ និង​ដោយ​ចិត្ត​ឆេះឆួល​យើង​ក៏​ប្រកាស​ថា នៅ​ថ្ងៃ​នោះ​មុខ​ជា​មាន​រញ្ជួយ​ផែនដី​យ៉ាង​ខ្លាំង​នៅ​ស្រុក​អ៊ីស្រាអែល។ ២០ ត្រី​នៅ​ក្នុង​សមុទ្រ បក្សាបក្សី​ដែល​ហើរ​នៅ​លើ​មេឃ សត្វ​ព្រៃ សត្វ​លូន​វារ និង​មនុស្ស​ទាំង​អស់​ដែល​រស់​នៅ​លើ​ផែនដី នឹង​ភ័យ​ញាប់ញ័រ​នៅ​ចំពោះ​មុខ​យើង។ ភ្នំ​ទាំងឡាយ​នឹង​ត្រូវ​រលាយ រីឯ​ផ្ទាំង​ថ្ម ព្រម​ទាំង​កំពែង​ទាំង​ប៉ុន្មាន​ក៏​នឹង​ត្រូវ​រលំ​ដែរ។ ២១ យើង​នឹង​ធ្វើ​អោយ​មាន​ ការ​កាប់​សម្លាប់​គ្នា ក្នុង​ជួរ​ទ័ព​របស់​ស្ដេច​កូក នៅ​លើ​ភ្នំ​ទាំង​ប៉ុន្មាន​របស់​យើង – នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់។ ពេល​នោះ ម្នាក់ៗ​នឹង​លើក​ដាវ​កាប់​បង​ប្អូន​របស់​ខ្លួន។ ២២ យើង​នឹង​ប្រើ​ជំងឺ​ រាតត្បាត និង​ការ​បង្ហូរ​ឈាម​ដាក់​ទោស​ស្ដេច​នេះ។ យើង​ធ្វើ​អោយ​មាន​ព្រឹល និង​ភ្លៀង​ធ្លាក់​ចុះ​មក​យ៉ាង​ខ្លាំង ហើយ​ធ្វើ​អោយ​មាន​ភ្លើង និង​ស្ពាន់ធ័រ​ធ្លាក់​មក​លើ​ស្ដេច​នោះ ព្រម​ទាំង​កងទ័ព និង​ជាតិ​សាសន៍​ដ៏​ច្រើន​ដែល​នៅ​ជា​មួយ។ ២៣ យើង​នឹង​សំដែង​អោយ​ ប្រជាជាតិ​ទាំងឡាយ​ឃើញ​ថា យើង​ជា​ព្រះ​ដ៏​ឧត្ដុង្គឧត្ដម និង​ជា​ព្រះ​ដ៏វិសុទ្ធ។ ដូច្នេះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះអម្ចាស់​មែន»។