អេសេគីអែល (៣៧)

និមិត្ត​ហេតុ​អស្ចារ្យ​អំពី​ឆ្អឹង​ខ្មោច​ដែល​រស់​ឡើង​វិញ
 ព្រះអម្ចាស់​ដាក់​ព្រះហស្ដ​លើ​ខ្ញុំ ព្រះវិញ្ញាណ​របស់​ព្រះអង្គ​នាំ​ខ្ញុំ​ទៅ​ដាក់​កណ្ដាល​ជ្រលង​ភ្នំ​មួយ ដែល​មាន​ឆ្អឹង​ខ្មោច​ពាសពេញ។ ២ ព្រះអង្គ​នាំ​ខ្ញុំ​ដើរ​ចុះ​ឡើង​ក្បែរ​ឆ្អឹង​ទាំង​នោះ។ ក្នុង​ជ្រលង​ភ្នំ​មាន​ឆ្អឹង​ច្រើន​ណាស់ ហើយ​សុទ្ធ​តែ​ស្ងួត​ហួតហែង​ទាំង​អស់។ ព្រះអម្ចាស់​មាន​ ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! តើ​ឆ្អឹង​ទាំង​នេះ​អាច​រស់​មក​ជា​មនុស្ស​វិញ​បាន​ឬ​ទេ?»។ ខ្ញុំ​ទូល​តប​ថា៖ «បពិត្រ​ព្រះជាអម្ចាស់​មាន​តែ​ព្រះអង្គ​ទេ​ដែល​ជ្រាប»។ ៤ ព្រះអង្គ​មាន​ព្រះបន្ទូល​ មក​ខ្ញុំ​ថា៖ «ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង ប្រាប់​ឆ្អឹង​ទាំង​នេះ​ថា: ឆ្អឹង​ដ៏​ស្ងួត​អើយ ចូរ​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់! ៥ ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ថា “យើង​នឹង​បញ្ចូល​ខ្យល់​ដង្ហើម​ក្នុង​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​រស់​ឡើង។ ៦ យើង​នឹង​អោយ​អ្នក​រាល់​គ្នា​មាន​សរ​សៃ​​តភ្ជាប់​គ្នា ហើយ​មាន​សាច់​ដុះ​ពី​លើ ព្រម​ទាំង​មាន​ស្បែក​រុំ​ពី​ក្រៅ​ផង។ យើង​នឹង​ដាក់​ខ្យល់​ដង្ហើម​ក្នុង​អ្នក​រាល់​គ្នា ដើម្បី​អោយ​អ្នក​រាល់​គ្នា​មាន​ជីវិត ហើយ​ពេល​នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះអម្ចាស់”»។

 ខ្ញុំ​ក៏​ ថ្លែង​ព្រះបន្ទូល តាម​បញ្ជា​របស់​ព្រះអង្គ។ ក្នុង​ពេល​ដែល​ខ្ញុំ​កំពុង​និយាយ​នោះ ស្រាប់​តែ​មាន​ឮ​ស្នូរ​សំឡេង គឺ​ឆ្អឹង​ទាំង​អស់​កំរើក​ចូល​ជិត​គ្នា​ទៅ​វិញ​ទៅ​មក។ ខ្ញុំ​សង្កេត​ឃើញ​មាន​សរសៃ​នៅ​លើ​ឆ្អឹង ហើយ​សាច់​ដុះ​ពី​លើ រួច​មាន​ស្បែក​រុំ​ស្រោប​ផង ប៉ុន្តែ មិន​ទាន់​មាន​ខ្យល់​ដង្ហើម​នៅ​ឡើយ​ទេ។ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រាប់​ខ្យល់​ដង្ហើម! ចូរ​ប្រាប់​ខ្យល់​ដង្ហើម​ថា ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ខ្យល់​ដង្ហើម​អើយ! សូម​បក់​មក​ពី​ទិស​ទាំង​បួន! ហើយ​ផ្លុំ​លើ​សាកសព​ទាំង​នេះ​អោយ​មាន​ជីវិត​រស់​ឡើង»។ ១០ ខ្ញុំ​ថ្លែង​ព្រះបន្ទូល​តាម​បញ្ជា​របស់​ព្រះអម្ចាស់។ ខ្យល់​ដង្ហើម​ក៏​ចូល​មក​ក្នុង​ពួក​គេ ពួក​គេ​ក៏​មាន​ជីវិត ហើយ​ក្រោក​ឈរ​ឡើង ទៅ​ជា​កងទ័ព​មួយ​ដែល​មាន​ចំនួន​យ៉ាង​ច្រើន​ឥត​គណនា។

១១ ព្រះអង្គ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! ឆ្អឹង​ទាំង​អស់​នេះ​ជា​ពូជពង្ស​អ៊ីស្រាអែល​ទាំង​មូល។ ពួក​គេ​តែង​ពោល​ថា “ឆ្អឹង​របស់​យើង​ស្ងួត​ហួតហែង​អស់ យើង​ផុត​សង្ឃឹម​ហើយ! យើង​វិនាស​ហើយ!” ១២ ហេតុ​នេះ​ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រាប់​គេ​ថា ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ប្រជារាស្ត្រ​របស់​យើង​អើយ! យើង​នឹង​បើក​ផ្នូរ​របស់​អ្នក​រាល់​គ្នា ហើយ​នាំ​អ្នក​រាល់​គ្នា​ឡើង​ពី​ផ្នូរ​នោះ បន្ទាប់​មក យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ត្រឡប់​ទៅ​កាន់​ទឹក​ដី​អ៊ីស្រាអែល​វិញ។ ១៣ ប្រជារាស្ត្រ​របស់​យើង​អើយ! ពេល​យើង​បើក​ផ្នូរ ហើយ​នាំ​អ្នក​រាល់​គ្នា​ឡើង​មក នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះអម្ចាស់​មែន។ ១៤ យើង​នឹង​ដាក់​វិញ្ញាណ​ របស់​យើង​ក្នុង​អ្នក​រាល់​គ្នា ដើម្បី​អោយ​អ្នក​រាល់​គ្នា​មាន​ជីវិត។ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​តាំង​ទី​លំនៅ​លើ​ទឹក​ដី​របស់​ខ្លួន​វិញ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះអម្ចាស់​មែន។ យើង​និយាយ​យ៉ាង​ណា​យើង​នឹង​ធ្វើ​យ៉ាង​នោះ» -នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។

ព្រះអម្ចាស់​នឹង​បង្រួបបង្រួម​អ៊ីស្រាអែល និង​យូដាជា​នគរ​តែ​មួយ
១៥ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ ១៦ «កូន​មនុស្ស​អើយ! ចូរ​យក​ក្ដារ​មួយ​បន្ទះ​មក​សរសេរ​ពី​លើ​ថា “កុលសម្ព័ន្ធ​យូដា និង​កូន​ចៅ​អ៊ីស្រាអែល​ជា​ដៃ​គូ​នឹង​គ្នា”។ ចូរ​យក​ក្ដារ​មួយ​បន្ទះ​ទៀត​មក​សរសេរ​ពី​លើ​ថា “យ៉ូសែប​ (គឺ​អេប្រាអ៊ីម) និង​ពូជពង្ស​អ៊ីស្រាអែល​ទាំង​មូល​ជា​ដៃ​គូ​នឹង​គ្នា”។ ១៧ បន្ទាប់​មក ចូរ​យក​ក្ដារ​ទាំង​ពីរ​នោះ​មក​ដាក់​ភ្ជាប់​គ្នា ជា​បន្ទះ​តែ​មួយ​នៅ​ក្នុង​ដៃ​របស់​អ្នក។ ១៨ កាល​ណា​ប្រជាជន​របស់​អ្នក​សួរ​ថា “សូម​ពន្យល់​យើង​ខ្ញុំ​ផង លោក​ធ្វើ​ដូច្នេះ​មាន​ន័យ​ដូច​ម្ដេច?”១៩ ត្រូវ​ប្រាប់​ពួក​គេ​វិញ​ថា “ព្រះជាអម្ចាស់​ មាន​ព្រះបន្ទូល​ថា បន្តិច​ទៀត​យើង​នឹង​យក​ក្ដារ​ជា​តំណាង​យ៉ូសែប(គឺ​អេប្រាអ៊ីម) ព្រម​ទាំង​កុលសម្ព័ន្ធ​អ៊ីស្រាអែល​ដែល​នៅ​ជា​មួយ​គេ ទៅ​ដាក់​ភ្ជាប់​នឹង​ក្ដារ​ជា​តំណាង​យូដា ហើយ​យើង​នឹង​ផ្គុំ​ក្ដារ​ទាំង​ពីរ​អោយ​ទៅ​ជា​បន្ទះ​តែ​មួយ នៅ​ក្នុង​ដៃ​របស់​យើង។ ២០ បន្ទះ​ក្ដារ​ទាំង​ពីរ​ដែល​អ្នក​សរសេរ​នោះ នឹង​ស្ថិត​ក្នុង​ដៃ​របស់​អ្នក​នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​អស់”។ ២១ ​ចូរ​ប្រាប់​ពួក​គេ​ថា ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: យើង​នឹង​យក​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ចំណោម​ប្រជាជាតិ​នានា​ដែល​ពួក​គេ​ទៅ​ រស់​នៅ។ យើង​នឹង​ប្រមូល​ពួក​គេ​ពី​គ្រប់​ទិសទី ហើយ​នាំ​ពួក​គេ​វិល​ត្រឡប់​មក​ទឹក​ដី​របស់​ខ្លួន​វិញ។ ២២ យើង​នឹង​បង្រួបបង្រួម​ ពួក​គេ​ជា​ប្រជាជាតិ​តែ​មួយ នៅ​ក្នុង​ស្រុក និង​នៅ​លើ​ភ្នំ​នៃ​ស្រុក​អ៊ីស្រាអែល។ ពេល​នោះ ពួក​គេ​ទាំង​អស់​គ្នា​នឹង​មាន​ស្ដេច​តែ​មួយ គឺ​ពួក​គេ​លែង​ជា​ប្រជាជាតិ​ពីរ ហើយ​បាក់​បែក​គ្នា​ជា​រាជា​ណាចក្រ​ពីរ​ទៀត​ដែរ។ ២៣ ពួក​គេ​នឹង​លែង​ ប្រព្រឹត្ត​អំពើ​សៅហ្មង ដោយ​គោរព​ព្រះ​ក្លែងក្លាយ​គួរ​ស្អប់​ខ្ពើម និង​លែង​បះបោរ​ប្រឆាំង​នឹង​យើង​ទៀត​ហើយ។ យើង​នឹង​រំដោះ​ពួក​គេ​អោយ​ចេញ​ផុត​ពី​គ្រប់​កន្លែង​ដែល​ពួក​គេ​រស់​នៅ និង​ជា​កន្លែង​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប។ យើង​នឹង​ជម្រះ​ពួក​គេ​អោយ​បាន​បរិសុទ្ធ ពួក​គេ​នឹង​ទៅ​ជា​ប្រជារាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ទៅ​ជា​ព្រះ​របស់​ពួក​គេ។ ២៤ ពេល​នោះ ដាវីឌ​ជា​អ្នក​បំរើ​របស់​យើង នឹង​គ្រង​រាជ្យ​លើ​ពួក​គេ ហើយ​ពួក​គេ​នឹង​មាន​គង្វាល​តែ​មួយ​គត់។ ពួក​គេ​នឹង​ប្រព្រឹត្ត​តាម​វិន័យ​របស់​យើង ពួក​គេ​នឹង​គោរព ហើយ​ប្រតិបត្តិ​តាម​ច្បាប់​របស់​យើង​ទៀត​ផង។ ២៥ ពួក​គេ​នឹង​រស់​នៅ​ ក្នុង​ស្រុក​ដែល​យើង​បាន​ប្រគល់​អោយ​យ៉ាកុប ជា​អ្នក​បំរើ​របស់​យើង គឺ​ជា​ស្រុក​ដែល​ដូនតា​របស់​ពួក​គេ​ធ្លាប់​រស់​នៅ​កាល​ពី​ដើម។ ពួក​គេ ព្រម​ទាំង​កូន​ចៅ​របស់​ពួក​គេ​នឹង​រស់​នៅ​ក្នុង​ស្រុក​នោះ​រហូត ហើយ​ដាវីឌ​ជា​អ្នក​បំរើ​របស់​យើង នឹង​គ្រប់គ្រង​លើ​ពួក​គេ​ត​រៀង​ទៅ។ ២៦ យើង​នឹង​ចង​ សម្ពន្ធមេត្រី ដែល​ផ្ដល់​សេចក្ដី​សុខសាន្ត​ជា​មួយ​ពួក​គេ គឺ​ជា​សម្ពន្ធមេត្រី​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច។ យើង​នឹង​អោយ​ពួក​គេ​រស់​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​វិញ អោយ​ពួក​គេ​កើន​ចំនួន​ច្រើន​ឡើង ហើយ​យើង​នឹង​តាំង​ទីសក្ការៈ​របស់​យើង​នៅ​ក្នុង​ចំណោម​ពួក​គេ​រហូត​ត​ទៅ។ ២៧ ដំណាក់​របស់​យើង​នឹង​ស្ថិត​នៅ​ជា​មួយ​ពួក​គេ យើង​នឹង​ទៅ​ជា​ព្រះ​របស់​ពួក​គេ ហើយ​ពួក​គេ​ទៅ​ជា​ប្រជារាស្ត្រ​របស់​យើង។ ២៨ ពេល​ដែល​ទីសក្ការៈ​របស់​យើង ស្ថិត​នៅ​ជា​មួយ​ពួក​គេ​រហូត​ត​ទៅ​នោះ ប្រជាជាតិ​នានា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះអម្ចាស់​ដែល​បាន​ប្រោស​ជន​ជាតិ​អ៊ីស្រាអែល​អោយ​ទៅ​ជា​ប្រ​ជាជន​ដ៏វិសុទ្ធ*»។