អេសេគីអែល (៣៦)

អ៊ីស្រាអែល​នឹង​កាន់​កាប់​ស្រុក​របស់​ខ្លួន​វិញ
 កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង ស្ដី​អំពី​ភ្នំ​ទាំងឡាយ​នៅ​ស្រុក​អ៊ីស្រាអែល​ដូច​ត​ទៅ:

ភ្នំ​ទាំងឡាយ​នៅ​ស្រុក​អ៊ីស្រាអែល​អើយ ចូរ​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់! ព្រះជាអម្ចាស់​ មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ខ្មាំង​​សត្រូវ​បាន​ចំអក​អោយ​អ្នក គេ​ពោល​ថា “ភ្នំ​ដ៏​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច​នេះ បាន​មក​ជា​កម្មសិទ្ធិ​របស់​យើង​ហើយ!”។  ហេតុ​នេះ​ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ចុះ! ចូរ​ពោល​ថា ព្រះជា​អម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ខ្មាំង​សត្រូវ​បាន​បំផ្លាញ និង​ត្របាក់​លេប​អ្នក​រាល់​គ្នា​ពី​គ្រប់​ទិសទី អ្នក​រាល់​គ្នា​ក្លាយ​ទៅ​ជា​កម្ម​សិទ្ធិ​របស់​ប្រជាជាតិ​នានា ពួក​គេ​យក​រឿង​អ្នក​ទៅ​និយាយ​លេង​​សើច​ជា​មួយ​គ្នា។ ហេតុ​នេះ​ភ្នំ​ទាំងឡាយ​នៅ​ស្រុក​អ៊ីស្រា​អែល​អើយ ចូរ​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់! ព្រះជា​អម្ចាស់​មាន​ព្រះបន្ទូល​ថា: ភ្នំ​តូច​ភ្នំ​ធំ ជ្រលង​ដង​អូរ ហើយ​ក្រុង​ដែល​នៅ​សល់​តែ​គំនរ​បាក់​បែកនិង​ក្រុង​ដែល​គេ​បោះ​បង់​ចោល​អើយ ប្រជា​ជាតិ​​នានា​នៅ​ជុំវិញ​នាំ​គ្នា​ប្លន់​កំទេច និង​ចំអក​ឡកឡឺយ​អោយ​អ្នក។  ព្រះជាអម្ចាស់​ មាន​ព្រះបន្ទូល​ថា: ដោយ​យើង​ស្រឡាញ់​អ្នក​រាល់​គ្នា​យ៉ាង​ខ្លាំង​បំផុត​នោះ យើង​និយាយ​ប្រឆាំង​នឹង​ប្រជាជាតិ​ឯ​ទៀតៗ ជា​ពិសេស​ប្រឆាំង​នឹង​ស្រុក​អេដុម​ទាំង​មូល ព្រោះ​ពួក​គេ​បាន​ចាប់​យក​ទឹក​ដី​យើង​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន។ ពួក​គេ​សប្បាយ​ចិត្ត​រឹប​អូស និង​បំផ្លាញ​ស្រុក​នេះ​ឥត​ត្រា​ប្រណី​ឡើយ។  ហេតុ​នេះ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ស្ដី​អំពី​ទឹក​ដី​អ៊ីស្រាអែល! ចូរ​ប្រាប់​ភ្នំ​តូច ភ្នំ​ធំ និង​ជ្រលង​ដង​អូរ​ថា ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: យើង​និយាយ​ដោយ​ចិត្ត​ស្រឡាញ់​ដ៏​លើស​លប់​ចំពោះ​អ្នក ហើយ​ដោយ​កំហឹង​ដ៏​ខ្លាំង​ដែរ ព្រោះ​ប្រជាជាតិ​នានា​បាន​ធ្វើ​អោយ​អ្នក​រាល់​គ្នា​អាម៉ាស់។ ហេតុ​នេះ​យើង​ជា​ព្រះជាអម្ចាស់ យើង​លើក​ដៃ​សន្យា​យ៉ាង​ឱឡារិក​ថា ប្រជាជាតិ​ដែល​នៅ​ជុំវិញ​អ្នក​រាល់​គ្នា មុខ​ជា​ទទួល​យក​ការ​អាម៉ាស់​នោះ​មិន​ខាន! រីឯ​ភ្នំ​ទាំងឡាយ​នៅ​ ស្រុក​អ៊ីស្រាអែល​អើយ ដើម​ឈើ​របស់​អ្នក​រាល់​គ្នា​នឹង​បែក​មែក​សាខា បង្កើត​ផល​ផ្លែ​សំរាប់​អ៊ីស្រា​អែល​ជា​ប្រជារាស្ត្រ​របស់​យើង ដ្បិត​ពួក​គេ​ជិត​ត្រឡប់​មក​វិញ​ហើយ។ យើង​បែរ​មក​រក​អ្នក​រាល់​គ្នា យើង​កាន់​ខាង​អ្នក​រាល់​គ្នា។ មាន​គេ​ភ្ជួរ​រាស់​អ្នក និង​សាប​ព្រោះ​ឡើង​វិញ។ ១០ យើង​នឹង​ធ្វើ​អោយ​ចំនួន ​មនុស្ស​នៅ​លើ​ភ្នំ​នេះ​កើន​ឡើង គឺ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​មូល។ ក្រុង​ទាំងឡាយ​នឹង​មាន​មនុស្ស​រស់​នៅ ហើយ​កន្លែង​បាក់​បែក​ទាំងឡាយ ក៏​នឹង​ត្រូវ​សង់​ឡើង​វិញ​ដែរ។ ១១ យើង​នឹង​ធ្វើ​អោយ​ចំនួន ​មនុស្ស និង​ហ្វូង​សត្វ​នៅ​លើ​ភ្នំ​នេះ​កើន​ឡើង ហើយ​បង្កើត​កូន​ពូន​ជា​ចៅ។ យើង​នឹង​ធ្វើ​អោយ​ប្រជាជន​មាន​ចំនួន​ច្រើន ដូច​កាល​ពី​មុន​យើង​នឹង​អោយ​អ្នក​រាល់​គ្នា​បាន​ចំរុង​ចំរើន​លើស​ពី​មុន​ទៅ​ទៀត។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះជាអម្ចាស់​មែន។ ១២ ​អ៊ីស្រាអែល​ជា​ ប្រជារាស្ត្រ​របស់​យើង​អើយ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​អោយ​ដើរ​នៅ​លើ​ភ្នំ​នេះ​វិញ។ អ្នក​រាល់​គ្នា​នឹង​យក​ទឹក​ដី​នេះ​ធ្វើ​ជា​កម្មសិទ្ធិ និង​ជា​កេរមត៌ក ទឹក​ដី​នេះ​នឹង​លែង​ធ្វើ​អោយ​អ្នក​រាល់​គ្នា​បាត់​បង់​កូន​ចៅ​ទៀត​ហើយ»។

១៣ ព្រះជាអម្ចាស់​ មាន​ព្រះបន្ទូល​ដូច​ត​ទៅ៖ «គេ​តែង​ពោល​ថា “ស្រុក​នេះ​បំផ្លាញ​ជីវិត​មនុស្ស​ស្រុក​នេះ​ធ្វើ​អោយ​ប្រជាជាតិ​របស់​ខ្លួន​ បាត់​បង់​កូន​ចៅ”។ ១៤ ប៉ុន្តែ ពី​ពេល​នេះ​ទៅ​មុខ អ្នក​លែង​បំផ្លាញ​ជីវិត​មនុស្ស អ្នក​លែង​ធ្វើ​អោយ​ប្រជាជាតិ​របស់​អ្នក​បាត់​បង់​កូន​ចៅ​ទៀត​ហើយ – នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់។ ១៥ យើង​នឹង​លែង​អោយ​ ប្រជាជាតិ​នានា​ប្រមាថ​មាក់ងាយ​អ្នក ជាតិ​សាសន៍​ដទៃ​នឹង​លែង​ធ្វើ​អោយ​អ្នក​អាម៉ាស់​មុខ អ្នក​នឹង​លែង​ធ្វើ​អោយ​ប្រជាជាតិ​របស់​អ្នក​វិនាស​ទៀត​ដែរ»។

១៦ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ ១៧ «កូន​មនុស្ស​អើយ ពេល​កូន​ចៅ​អ៊ីស្រាអែល​រស់​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​នៅ​ឡើយ ពួក​គេ​ធ្វើ​អោយ​ទឹក​ដី​នេះ​ទៅ​ជា​សៅហ្មង​ដោយសារ​អំពើ​អាក្រក់ និង​មារយាទ​ថោក​ទាប​របស់​ពួក​គេ។ យើង​ចាត់​ទុក​មារយាទ​របស់​ពួក​គេ​ថា មិន​បរិសុទ្ធ​ដូច​ស្ត្រី​ក្នុង​គ្រា​មាន​សៅហ្មង​ដែរ។ ១៨ ពួក​គេ​ធ្វើ​អោយ​ទឹក​ដី ​នេះ​ទៅ​ជា​សៅហ្មង ដោយ​ការ​បង្ហូរ​ឈាម និង​ការ​ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ជះ​កំហឹង​របស់​យើង​ទៅ​លើ​ពួក​គេ។ ១៩ យើង​បាន​កំចាត់​កំចាយ​ពួក​គេ អោយ​ទៅ​នៅ​ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ យើង​បំបែក​ពួក​គេ អោយ​ទៅ​រស់​នៅ​តាម​ស្រុក​នានា។ យើង​ដាក់​ទោស​ពួក​គេ​តាម​អំពើ​អាក្រក់ និង​តាម​មារយាទ​ថោក​ទាប​របស់​ខ្លួន។ ២០ ពេល​ទៅ​ដល់​ស្រុក​របស់​ ប្រជាជាតិ​ទាំងឡាយ ពួក​គេ​បាន​បង្អាប់បង្អោន​នាម​ដ៏វិសុទ្ធ​របស់​យើង ហើយ​ម្ចាស់​ស្រុក​និយាយ​អំពី​ពួក​គេ​ថា “ពួក​នេះ​ជា​ប្រជារាស្ត្រ​របស់​ព្រះអម្ចាស់ ពួក​គេ​ចាក​ចេញ​ពី​ស្រុក​របស់​ព្រះអង្គ​មក”។ ២១ យើង​ចង់​រក្សា​នាម​ ដ៏វិសុទ្ធ​របស់​យើង​ដែល​កូន​ចៅ​អ៊ីស្រាអែល​បាន​បង្អាប់​បង្អោន​​នៅ​ក្នុង​ ចំណោម​ប្រជាជាតិ​ទាំងឡាយ ដែល​ពួក​គេ​ស្នាក់​អាស្រ័យ​នៅ​ជា​មួយ។

២២ ហេតុ​នេះ​ចូរ​ប្រាប់​ពូជពង្ស​អ៊ីស្រាអែល​ថា: ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ “ពូជពង្ស​អ៊ីស្រាអែល​អើយ! យើង​ធ្វើ​ដូច្នេះ​មិន​មែន​ដោយ​យល់​ដល់​អ្នក​រាល់​គ្នា គឺ​យល់​ដល់​នាម​ដ៏វិសុទ្ធ​របស់​យើង​ដែល​អ្នក​រាល់​គ្នា​បាន​បង្អាប់បង្អោន ក្នុង​ចំណោម​​​ប្រជាជាតិ​ទាំងឡាយ ដែល​អ្នក​រាល់​គ្នា​អាស្រ័យ​នៅ​ជា​មួយ។ ២៣ យើង​នឹង​សំដែង​បារមី​ អោយ​ប្រជាជាតិ​នានា​ស្គាល់​នាម​ដ៏វិសុទ្ធ*​របស់​យើង គឺ​នាម​ដែល​អ្នក​រាល់​គ្នា​បាន​បង្អាប់​បង្អោន​​ក្នុង​ចំណោម​ប្រជាជាតិ​ទាំង​នោះ។ ពេល​ណា​យើង​សំដែង​ភាព​វិសុទ្ធ​របស់​យើង​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​អោយ​ ប្រជាជាតិ​ទាំង​នោះ​ឃើញ ពេល​នោះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះអម្ចាស់ – នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់។ ២៤ យើង​នឹង​យក​អ្នក​រាល់​ គ្នា​ចេញ​ពី​ចំណោម​ប្រជាជាតិ​ទាំង​ឡាយ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ពី​គ្រប់​ស្រុក​នាំ​ត្រឡប់​មក​មាតុ​ភូមិ​វិញ។ ២៥ យើង​នឹង​ប្រោះ​ទឹក​ដ៏​ បរិសុទ្ធ​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​បរិសុទ្ធ។ យើង​នឹង​ជំរះ​អ្នក​រាល់​គ្នា​អោយ​បាន​ស្អាត​បរិសុទ្ធ* ផុត​ពី​អំពើ​សៅហ្មង​ទាំងឡាយ លែង​អោយ​អ្នក​រាល់​គ្នា​ជាប់​ចិត្ត​នឹង​ព្រះ​ក្លែងក្លាយ​ទាំង​ប៉ុន្មាន។ ២៦ យើង​នឹង​ប្រគល់​ចិត្ត​ គំនិត​ថ្មី​អោយ​អ្នក​រាល់​គ្នា ហើយ​ដាក់​វិញ្ញាណ​ថ្មី​ក្នុង​អ្នក​រាល់​គ្នា។ យើង​នឹង​ដក​ចិត្ត​រឹង​ដូច​ថ្ម​ចេញ​ពី​អ្នក​រាល់​គ្នា រួច​អោយ​អ្នក​រាល់​គ្នា​មាន​ចិត្ត​អាណិតអាសូរ​វិញ។ ២៧ យើង​នឹង​ដាក់​វិញ្ញាណ​របស់​យើង​ក្នុង​អ្នក​រាល់​គ្នា ដើម្បី​អោយ​អ្នក​រាល់​គ្នា​អាច​ធ្វើ​តាម​ច្បាប់ ហើយ​កាន់​តាម​វិន័យ​របស់​យើង។ ២៨ អ្នក​រាល់​គ្នា​នឹង​រស់ ​នៅ​ក្នុង​ស្រុក​ដែល​យើង​បាន​ប្រគល់​អោយ​ដូនតា​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​យើង ហើយ​យើង​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ ២៩ យើង​នឹង​សង្គ្រោះ​អ្នក​ រាល់​គ្នា​អោយ​រួច​ផុត​ពី​អំពើ​សៅហ្មង​គ្រប់​យ៉ាង យើង​នឹង​អោយ​អ្នក​រាល់​គ្នា​មាន​ស្រូវ​យ៉ាង​ច្រើន​បរិបូណ៌ គឺ​មិន​អោយ​មាន​ទុរ្ភិក្ស​ទៀត​ទេ។ ៣០ យើង​នឹង​ធ្វើ​អោយ​ដើម​ឈើ និង​ស្រែ​ចំការ​បង្កើត​ផល​ផ្លែ​ជា​ច្រើន ដើម្បី​កុំ​អោយ​អ្នក​រាល់​គ្នា​រង​គ្រោះ​ដោយ​ទុរ្ភិក្ស និង​ត្រូវ​អាម៉ាស់​នៅ​ចំពោះ​មុខ​ប្រជាជាតិ​នានា។ ៣១ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​នឹក​ឃើញ​អំពី​កិរិយាមារយាទ​អាក្រក់ និង​អំពើ​មិន​គួរ​គប្បី​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​ប្រព្រឹត្ត​កាល​ពី​មុន ហើយ​អ្នក​រាល់​គ្នា​នឹង​នឹក​ខ្មាស​ខ្លួន​ឯង ព្រោះ​តែ​អំពើ​បាប និង​អំពើ​គួរ​ស្អប់​ខ្ពើម ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត។ ៣២ តោង​ដឹង​ថា​យើង​ធ្វើ​ ដូច្នេះ​មិន​មែន​មក​ពី​យល់​ដល់​អ្នក​រាល់​គ្នា​ទេ! ពូជពង្ស​អ៊ីស្រាអែល​អើយ ចូរ​នឹក​ខ្មាស និង​អៀន​ខ្លួន​ចំពោះ​កិរិយាមារយាទ​របស់​ខ្លួន​ទៅ!” – នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់»។

៣៣ ព្រះជាអម្ចាស់​ មាន​ព្រះបន្ទូល​ថា៖ «នៅ​ថ្ងៃ​ដែល​យើង​ជំរះ​អ្នក​រាល់​គ្នា​អោយ​បាន​បរិសុទ្ធ រួច​ផុត​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន​របស់​ខ្លួន​ហើយ យើង​នឹង​អោយ​មាន​ប្រជាជន​រស់​នៅ​សា​ជា​ថ្មី​ក្នុង​ក្រុង​នានា ហើយ​គេ​នឹង​សង់​ផ្ទះ​នៅ​ត្រង់​កន្លែង​បាក់​បែក​នោះ​ឡើង​វិញ។ ៣៤ ដី​ដែល​គេ​បោះ​បង់​ចោល​នឹង​មាន​ដំណាំ​ដុះ​សា​ជា​ថ្មី អស់​អ្នក​ដើរ​កាត់​តាម​នោះ​នឹង​លែង​ឃើញ​ដី​ដែល​គេ​បោះ​បង់​ចោល​ទៀត​ហើយ។ ៣៥ ពួក​គេ​នឹង​ពោល​ថា ស្រុក​ដែល​គេ​បោះ​បង់​ចោល​នេះ ត្រឡប់​ជា​មាន​សោភណភាព​ដូច​សួន​ឧទ្យាន​អេដែន ក្រុង​ដែល​បាក់​បែក ហើយ​ស្ងាត់​ជ្រងំ​នេះ​នឹង​ត្រូវ​សង់​ឡើង​វិញ ដោយ​មាន​កំពែង​រឹងមាំ ព្រម​ទាំង​មាន​ប្រជាជន​រស់​នៅ​ផង។ ៣៦ ប្រជាជាតិ​នានា​ដែល​នៅ​ជុំវិញ​អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះអម្ចាស់ អ្វីៗ​ដែល​បាក់​បែក​យើង​នឹង​សង់​ឡើង​វិញ ហើយ​យើង​ក៏​ដាំ​ដំណាំ​សា​ជា​ថ្មី នៅ​លើ​ដី​ដែល​គេ​បោះ​បង់​ដែរ»។ យើង​ជា​ព្រះអម្ចាស់ យើង​និយាយ​យ៉ាង​ណា យើង​នឹង​ធ្វើ​យ៉ាង​នោះ។

៣៧ ព្រះជាអម្ចាស់​ មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​ទុក​អោយ​ពូជពង្ស​អ៊ីស្រាអែល​ហៅ​រក​យើង​ត​ទៅ​ទៀត យើង​នឹង​ជួយ​ពួក​គេ ដោយ​ធ្វើ​អោយ​ពួក​គេ​កើន​ចំនួន​ច្រើន​ឡើង។ ៣៨ ក្រុង​នានា​ដែល​នៅ​សល់​ តែ​គំនរ​បាក់​បែក នឹង​មាន​មនុស្ស​រស់​នៅ​យ៉ាង​ច្រើន ដូច​ចំនួន​សត្វ ​ដែល​គេ​នាំ​យក​ទៅ​ធ្វើ​យញ្ញបូជា​នៅ​ក្រុង​យេរូសា​ឡឹម ក្នុង​ពិធី​បុណ្យ​ដ៏​សំខាន់ៗ​កាល​ពី​ដើម។ ពេល​នោះ គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះអម្ចាស់​មែន»។