អេសេគីអែល (៣២)

ទំនួញ​ស្រណោះ​ស្ដេច និង​ប្រជាជន​ស្រុក​អេស៊ីប
 នៅ​ឆ្នាំ​ទី​ដប់ពីរ ខែ​ទី​ដប់ពីរ ថ្ងៃ​ទី​មួយព្រះ​អម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ «ចូរ​ស្មូត្រ​ទំនួញ​បទ​មួយ​អំពី​ផារ៉ោន​ជា​ស្ដេច​ស្រុក​អេស៊ីប! ចូរ​ពោល​ថា:

អ្នក​ប្រៀប​បាន​នឹង​កូន​សិង្ហ
ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ
អ្នក​ប្រៀប​ដូច​ជា​ក្រពើ​សមុទ្រ​ដ៏​ធំ​សំបើម
អ្នក​ហែល​នៅ​តាម​ទន្លេ
ជើង​របស់​អ្នក​កាយ​ទឹក
ធ្វើ​អោយ​កក្រើក ហើយ​ល្អក់។

 ព្រះជាអម្ចាស់​ មាន​ព្រះបន្ទូល​ថា: ជាតិ​សាសន៍​ជា​ច្រើន​ប្រមូល​ផ្ដុំ​គ្នា ពេល​នោះ យើង​នឹង​បោះ​សំណាញ់​របស់​យើង​ទៅ​លើ​អ្នក ពួក​គេ​នឹង​អូស​អ្នក​ដែល​ជាប់​ក្នុង​សំណាញ់​ឡើង​មក​លើ​គោក។ យើង​នឹង​បោះ​អ្នក​ទៅ​លើ​ដី អោយ​នៅ​កណ្ដាល​វាល យើង​នឹង​អោយ​ត្មាត​មក​ចោមរោម​អ្នក ហើយ​អោយ​សត្វ​សាហាវ​ទាំង​អស់​នៅ​លើ​ផែនដី ស៊ី​អ្នក។ យើង​នឹង​យក​សាច់​អ្នក​ទៅ​ដាក់​នៅ​លើ​ភ្នំ ហើយ​យក​ឆ្អឹង​របស់​អ្នក​ទៅ​ចោល​ពាសពេញ​ជ្រលង​ភ្នំ។ យើង​នឹង​យក​ឈាម​អ្នក​ទៅ​ស្រោច​លើ​ដី លើ​ភ្នំ និង​តាម​ដង​ទន្លេ។ នៅ​ពេល​អ្នក​ផុត​ដង្ហើម យើង​នឹង​ធ្វើ​អោយ​ផ្ទៃ​មេឃ​ស្រអាប់ អោយ​ផ្កាយ​ប្រែ​ជា​ងងឹត យើង​នឹង​អោយ​ពពក​បាំង​ពន្លឺ​ព្រះអាទិត្យ ហើយ​អោយ​ព្រះច័ន្ទ​លែង​មាន​ពន្លឺ​ទៀត។  ​ព្រោះ​តែ​អ្នក​ស្លាប់ យើង​នឹង​ធ្វើ​អោយ​ពន្លឺ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ​អាប់​រស្មី ភាព​ងងឹត​គ្រប​ដណ្ដប់​លើ​ស្រុក​អ្នក​ទាំង​មូល។ ពេល​ណា​យើង​នាំ​ដំណឹង​ អំពី​មហន្តរាយ​របស់​អ្នក ទៅ​ប្រាប់​ប្រជាជាតិ​នានា នៅ​ក្នុង​ស្រុក​ដែល​អ្នក​ពុំ​ស្គាល់ យើង​នឹង​ធ្វើ​អោយ​ពួក​គេ​រំជួល​ចិត្ត។ ១០ យើង​នឹង​ធ្វើ​អោយ​ជាតិ​ សាសន៍​ជា​ច្រើន​ភ័យ​តក់ស្លុត ព្រោះ​តែ​អ្នក​ស្លាប់។ នៅ​ពេល​ដែល​យើង​គ្រវី​ដាវ​ពី​មុខ​ពួក​គេ ស្ដេច​របស់​ពួក​គេ​នឹង​ញ័ររន្ធត់។ នៅ​ថ្ងៃ​ដែល​អ្នក​រលំ ពួក​គេ​ចេះ​តែ​ភ័យ​ញាប់ញ័រ ដោយ​គិត​ដល់​អាយុ​ជីវិត​របស់​ខ្លួន។

១១ ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ថា: ដាវ​របស់​ស្ដេច​ស្រុក​បាប៊ីឡូន​នឹង​ប្រហារ​អ្នក។ ១២ យើង​នឹង​ធ្វើ​អោយ​ ប្រជាជន​ដ៏​ច្រើន​របស់​អ្នក ស្លាប់​ដោយ​មុខ​ដាវ​របស់​ខ្មាំង​ដែល​សាហាវ​ជាង​គេ​បំផុត ក្នុង​ចំណោម​ប្រជាជាតិ​នានា។ ពួក​គេ​នឹង​បំបាក់​អំនួត​របស់​ស្រុក​អេស៊ីប ហើយ​ប្រជាជន​ដ៏​ច្រើន​របស់​ស្រុក​អេស៊ីប​នឹង​ត្រូវ​វិនាស។ ១៣ យើង​នឹង​បំផ្លាញ​ហ្វូង​សត្វ​ទាំង​អស់​របស់​អ្នក នៅ​ក្បែរ​ទន្លេ ពេល​នោះ លែង​មាន​ជើង​មនុស្ស ឬ​ជើង​សត្វ​ធ្វើ​អោយ​ល្អក់​ទឹក​ទៀត​ហើយ។ ១៤ យើង​នឹង​ធ្វើ​អោយ​ទឹក​នៅ​ស្ងប់ស្ងៀម ហើយ​អោយ​វា​ហូរ​ដោយ​សំរួល​ដូច​ប្រេង -នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់។ ១៥ ពេល​យើង​ធ្វើ​អោយ​ស្រុក ​អេស៊ីប​ក្លាយ​ទៅ​ជា​ទី​ស្មសាន គ្មាន​សេសសល់​អ្វី​ក្នុង​ស្រុក ហើយ​ពេល​យើង​ប្រហារ​អ្នក​ស្រុក​អេស៊ីប​វិនាស​អស់ នោះ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះអម្ចាស់។

១៦ នេះ​ជា​ បទ​ទំនួញ​ដែល​គេ​ត្រូវ​ស្មូត្រ​នៅ​តាម​ក្រុង​ផ្សេងៗ​ក្នុង​ចំណោម​ប្រជាជាតិ​ ទាំងឡាយ។ ពួក​គេ​នឹង​ស្មូត្រ​ទំនួញ​នេះ​ស្រណោះ​ស្រុក​អេស៊ីប និង​ប្រជាជន​ដ៏​ច្រើន​ឥត​គណនា​របស់​ស្រុក​នេះ»- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់។

១៧ នៅ​ឆ្នាំ​ទី​ដប់ពីរ ថ្ងៃ​ទី​ដប់​ប្រាំ ក្នុង​ខែ​ទី​មួយ ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖

១៨ កូន​មនុស្ស​អើយ ចូរ​យំ​សោក​ស្រណោះ​ប្រជាជន​ដ៏​ច្រើន​ឥត​គណនា​នៅ​ស្រុក​អេស៊ីប​ទៅ! ចូរ​អោយ​បទ​ទំនួញ​នេះ​រុញ​ពួក​គេ​ទម្លាក់​ទៅ​ក្នុង​ទី​ជំរៅ រួម​ជា​មួយ​ប្រជាជាតិ​ដ៏​ខ្លាំង​ពូកែ​ឯ​ទៀតៗ គឺ​ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​រណ្ដៅ! ១៩ ចូរ​ពោល​ទៅ​ពួក​គេ​ថា “តើ​អ្នក​រាល់​គ្នា​នឹក​ស្មាន​ថា គួរ​អោយ​យើង​ប្រណី​អ្នក​រាល់​គ្នា​ជាង​អ្នក​ដទៃ​ឬ? ចូរ​ធ្លាក់​រណ្ដៅ​ជា​មួយ​ពួក​ទមិឡ ២០ ក្នុង​ចំណោម​អស់​អ្នក​ ដែល​ស្លាប់​ដោយ​មុខ​ដាវ​ទៅ!”។ ឥឡូវ​នេះ ដាវ​ហូត​ចេញ​ពី​ស្រោម​ហើយ ចូរ​ប្រហារ​ស្រុក​អេស៊ីប និង​ប្រជាជន​ដ៏​ច្រើន​នៃ​ស្រុក​នេះ​អោយ​វិនាស​ទៅ! ២១ នៅ​ស្ថាន​មច្ចុរាជ ពួក​អ្នក​ចំបាំង​ដ៏​អង់អាច និង​សម្ពន្ធមិត្ត​របស់​ស្រុក​អេស៊ីប​កាល​ពី​មុន នឹង​ពោល​ថា “ពួក​ទមិឡ​ទាំង​នេះ​ដែល​ត្រូវ​គេ​ចាក់​ដោយ​មុខ​ដាវ ក៏​ចុះ​មក​នៅ​ជា​មួយ​ពួក​យើង​ដែរ​ហ្ន៎!”។

២២ ស្ដេច​ស្រុក​អាស្ស៊ីរី និង​កងទ័ព​ទាំង​មូល​ដែល​ស្លាប់​ដោយ​មុខ​ដាវ​ក៏​នៅ​ទី​នោះ​ទាំង​អស់​គ្នា​ដែរ ផ្នូរ​ទាហាន​នៅ​ព័ទ្ធ​ជុំវិញ​ផ្នូរ​របស់​ស្ដេច។ ២៣ ផ្នូរ​របស់​ពួក​គេ​ ស្ថិត​នៅ​ក្នុង​រណ្ដៅ​ដ៏​ជ្រៅ ផ្នូរ​ទាហាន​នៅ​ព័ទ្ធ​ជុំវិញ​ផ្នូរ​របស់​ស្ដេច។ ពួក​អ្នក​ដែល​ធ្លាប់​តែ​ធ្វើ​អោយ​ពិភព​លោក​ភ័យ​ញ័រ បែរ​ជា​ដួល​ស្លាប់​ដោយ​មុខ​ដាវ​ទាំង​អស់​គ្នា​ដែរ។

២៤ ស្ដេច​ស្រុក​អេឡាំ និង​កងពល​ទាំង​មូល​ត្រូវ​ដួល​ស្លាប់​ដោយ​មុខ​ដាវ​ទាំង​អស់​គ្នា ផ្នូរ​ទាហាន​នៅ​ព័ទ្ធ​ជុំវិញ​ផ្នូរ​របស់​ស្ដេច។ ពួក​ទមិឡ​ដែល​ធ្លាប់​តែ​ធ្វើ​អោយ​ពិភព​លោក​ភ័យ​ញ័រ​បាន​ធ្លាក់​ទៅ​ក្នុង​ទី​ ជំរៅ ពួក​គេ​ត្រូវ​អាម៉ាស់​មុខ​ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ។ ២៥ ស្ដេច​ស្រុក​អេឡាំ និង​ពល​ទាហាន ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ឯ​ទៀតៗ​ដែល​ស្លាប់ ផ្នូរ​ទាហាន​ស្ថិត​នៅ​ជុំវិញ​ផ្នូរ​របស់​ស្ដេច។ ទោះ​បី​ពួក​ទមិឡ​ទាំង​នោះ​ធ្លាប់​ធ្វើ​អោយ​ពិភព​លោក​ភ័យ​ញ័រ​ក្ដី ក៏​ពួក​គេ​ស្លាប់​ដោយ​មុខ​ដាវ​ទាំង​អស់​គ្នា។ ពួក​គេ​ត្រូវ​អាម៉ាស់​មុខ​ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ ពួក​គេ​ស្ថិត​នៅ​ជា​មួយ​អស់​អ្នក​ដែល​ស្លាប់។

២៦ ស្ដេច​ស្រុក​ម៉េសេក និង​ស្រុក​ទូបាល ព្រម​ទាំង​ពល​ទាហាន​របស់​គេ​ក៏​នៅ​ទី​នោះ​ដែរ ផ្នូរ​ទាហាន​ស្ថិត​នៅ​ជុំវិញ​ផ្នូរ​របស់​ស្ដេច។ ពួក​ទមិឡ​ទាំង​នោះ​សុទ្ធ​តែ​ស្លាប់​ដោយ​មុខ​ដាវ ដ្បិត​ពួក​គេ​បាន​ធ្វើ​អោយ​ពិភព​លោក​ភ័យ​ញ័រ។ ២៧ ពួក​គេ​មិន​ស្ថិត​នៅ​ជា ​មួយ​ពួក​វីរបុរស​ពី​ជំនាន់​ដើម​ទេ ដ្បិត​ពួក​គេ​ជា​មនុស្ស​ទមិឡ។ ពួក​គេ​ចុះ​ទៅ​ស្ថាន​មច្ចុរាជ ដោយ​មាន​ទាំង​គ្រឿង​សស្រ្ដាវុធ​ទៅ​ជា​មួយ​ផង ដាវ​របស់​គេ​ស្ថិត​នៅ​ពី​ក្រោម​ក្បាល​ដំណេក បាប​របស់​ពួក​គេ​ស្ថិត​នៅ​ជាប់​ជា​មួយ​ឆ្អឹង​របស់​ខ្លួន ដ្បិត​ពួក​គេ​បាន​ធ្វើ​អោយ​ពិភព​លោក​ភ័យ​ញ័រ។

២៨ ផារ៉ោន​អើយ​អ្នក​ត្រូវ​គេ​សម្លាប់​ក្នុង​ចំណោម​ពួក​ទមិឡ អ្នក​ក៏​នឹង​ស្ថិត​នៅ​ជា​មួយ​ពួក​ដែល​ស្លាប់​ដោយ​មុខ​ដាវ​ដែរ!

២៩ ជន​ជាតិ ​អេដុម ទាំង​ស្ដេច ទាំង​មេ​ដឹក​នាំ ក៏​នៅ​ទី​នោះ​ដែរ។ ទោះ​បី​ពួក​គេ​ជា​អ្នក​ចំបាំង​ដ៏​ពូកែ​ក្ដី ក៏​ពួក​គេ​ស្ថិត​នៅ​ជា​មួយ​អស់​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ។ ពួក​គេ​ស្ថិត​នៅ​ជា​មួយ​ពួក​ទមិឡ និង​ជា​មួយ​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្ដៅ។

៣០ មេ​ដឹក​ នាំ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​ខាង​ជើង និង​អ្នក​ស្រុក​ស៊ីដូន​ទាំង​អស់​ក៏​នៅ​ទី​នោះ​ដែរ។ ទោះ​បី​ពួក​គេ​ធ្លាប់​ជា​អ្នក​ចំបាំង​ដ៏​ពូកែ ហើយ​ធ្វើ​អោយ​ពិភព​លោក​ភ័យ​ញ័រ​ក្ដី ពួក​គេ​ចុះ​ទៅ​ជា​មួយ​អស់​អ្នក​ដែល​ស្លាប់​ទាំង​អាម៉ាស់។ ពួក​ទមិឡ​ទាំង​នោះ​ស្ថិត​នៅ​ជា​មួយ​អស់​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ ពួក​គេ​ត្រូវ​អាម៉ាស់​មុខ​ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ។

៣១ ពេល​ផារ៉ោន​ឃើញ​អ្នក​ទាំង​នេះ គាត់​នឹង​បាន​ធូរ​ស្បើយ​ចំពោះ​ការ​បាត់​បង់​ពល​ទ័ព​របស់​ខ្លួន គឺ​ពល​ទាហាន​អេស៊ីប​ទាំង​មូល ដែល​ស្លាប់​ដោយ​មុខ​ដាវ​នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជា​អម្ចាស់​។ ៣២ «យើង​បណ្ដោយ​អោយ​ផារ៉ោន ​សាប​ព្រោះ​ការ​ភ័យ​ញ័រ​ក្នុង​ពិភព​លោក​ទាំង​មូល តែ​ក្រោយ​មក​គេ​នឹង​បញ្ចុះ​សព​ផារ៉ោន និង​កងពល​ក្នុង​ចំណោម​ពួក​ទមិឡ និង​អស់​អ្នក​ដែល​បាន​ស្លាប់​ដោយ​មុខ​ដាវ» – នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់។