អេសេគីអែល (៣១)

ប្រស្នាអំពីដើមតាត្រៅដែលគេកាប់
១ នៅឆ្នាំទីដប់មួយ ថ្ងៃទីមួយ ក្នុងខែទីបី ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ ២ «កូនមនុស្សអើយ ចូរប្រាប់ផារ៉ោនជាស្ដេចស្រុកអេស៊ីប និងប្រជាជនដ៏ច្រើនរបស់គេថា:
តើភាពរុងរឿងរបស់អ្នកប្រៀបបាននឹងអ្វី?
៣ អ្នកប្រៀបដូចជាដើមតាត្រៅនៅលើភ្នំលីបង់
ដែលបែកមែកសាខា និងមានម្លប់ដ៏ត្រជាក់។
ដើមតាត្រៅនោះលូតឡើង
ចុងវាខ្ពស់កប់ពពក។
៤ ទឹកទន្លេធ្វើអោយវាដុះធំឡើង
ទឹកនៅទីជំរៅធ្វើអោយវាលូតឡើងយ៉ាងខ្ពស់
ហើយហូរជុំវិញដើមនោះ
រួចបែកជាដៃទន្លេ ហូរទៅស្រោចស្រព
ដើមឈើទាំងប៉ុន្មាននៅក្នុងព្រៃ។
៥ ដើមតាត្រៅនោះលូតឡើងខ្ពស់
លើសដើមឈើទាំងប៉ុន្មាននៅក្នុងព្រៃ
បែកមែកសាខា ហើយលាតសន្ធឹង
ព្រោះឫសវាសម្បូណ៌ទឹក។
៦ បក្សាបក្សីនាំគ្នាមកធ្វើសំបុក
នៅតាមមែករបស់វា
រីឯសត្វព្រៃទាំងប៉ុន្មាន
ក៏មកបង្កើតកូនចៅនៅក្រោមមែករបស់វា
ហើយប្រជាជាតិទាំងអស់ក៏ជ្រកក្រោម
ម្លប់របស់វាដែរ។
៧ ដើមតាត្រៅនោះល្អណាស់
ព្រោះវាខ្ពស់មានមែកលាតសន្ធឹងយ៉ាងវែង
ហើយឫសរបស់វាចាក់ទៅរកកន្លែងសម្បូណ៌ទឹក។
៨ ដើមតាត្រៅនៅក្នុងឧទ្យានរបស់ព្រះជាម្ចាស់
មិនអាចប្រៀបផ្ទឹមនឹងវាបានទេ
រីឯដើមគគីរ ឬដើមកកោះ
ក៏មិនអាចផ្ទឹមស្មើនឹងវាបានដែរ
គ្មានដើមឈើណាក្នុងឧទ្យានរបស់ព្រះជាម្ចាស់
ល្អដូចដើមតាត្រៅនេះឡើយ។
៩ យើងបានតុបតែងវាអោយមានមែកជាច្រើន
ដើមឈើទាំងប៉ុន្មាននៅអេដែន
ដែលជាឧទ្យានរបស់ព្រះជាម្ចាស់
នាំគ្នាច្រណែននឹងវា។

១០ យើង​ជា​ព្រះជាអម្ចាស់ យើង​ប្រាប់​អោយ​ដឹង​ថា ដើម​តាត្រៅ​នេះ​មាន​កំពស់​ខ្ពស់​ណាស់ ចុង​របស់​វា​លូត​ឡើង​កប់​ពពក ហើយ​ចិត្ត​របស់​វា​ក៏​ព្រហើន​ដែរ។ ១១ ហេតុ​នេះ​ហើយ​បាន​ជា​ យើង​ប្រគល់​វា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មេ​ដឹក​នាំ​នៃ​ប្រជាជាតិ​ទាំងឡាយ។ អ្នក​នោះ​នឹង​ប្រព្រឹត្ត​ចំពោះ​វា តាម​អំពើ​អាក្រក់​របស់​វា ព្រោះ​យើង​បាន​បោះ​បង់​វា​ចោល​ហើយ។ ១២ ជន​បរទេស​ដែល​សាហាវ​ជាង ​គេ​ទាំង​អស់​ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ បាន​កាប់​ដើម​ឈើ​នោះ​រួច​ទុក​ចោល។ មែក​របស់​វា​រលំ​ទៅ​លើ​តំបន់​ភ្នំ និង​ជ្រលង​ភ្នំ​ទាំង​អស់។ រីឯ​មែក​តូចៗ​របស់​វា បាក់​ធ្លាក់​ទៅ​តាម​ជ្រោះ​ទាំងឡាយ​នៅ​ក្នុង​ស្រុក​នោះ។ ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​ផែនដី​នាំ​គ្នា​ចាក​ចេញ​ពី​ម្លប់​របស់​វា ហើយ​បោះ​បង់​វា​ចោល។ ១៣ សត្វ​ស្លាប​ទាំង​ ប៉ុន្មាន នាំ​គ្នា​មក​ទំ​នៅ​តាម​មែក​បាក់​របស់​វា ហើយ​សត្វ​សាហាវ​ទាំង​អស់​ក៏​មក​ស្នាក់​អាស្រ័យ​នៅ តាម​មែក​តូចៗ​របស់​វា​ដែរ។ ១៤ ធ្វើ​ដូច្នេះ កុំ​អោយ​ដើម​ឈើ​ដែល​សម្បូណ៌​ទឹក​ដុះ​ខ្ពស់​កប់​ពពក​ឡើយ ហើយ​កុំ​អោយ​ដើម​ឈើ​ណា​អួតអាង​ថា ខ្លួន​ខ្ពស់​ជាង​គេ​ដែរ។ ដើម​ឈើ​ទាំងឡាយ​មិន​ខុស​ពី​មនុស្ស​ទេ វា​នឹង​ត្រូវ​ស្លាប់​ធ្លាក់​ទៅ​បាត​ដី រួម​ជា​មួយ​អស់​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្ដៅ»។

១៥ ព្រះជាអម្ចាស់​ មាន​ព្រះបន្ទូល​ថា៖ «នៅ​ថ្ងៃ​ដែល​ដើម​តាត្រៅ​ចុះ​ទៅ​ស្ថាន​មច្ចុរាជ យើង​បាន​អោយ​ធម្មជាតិ​កាន់​ទុក្ខ។ ព្រោះ​តែ​ដើម​តាត្រៅ​នោះ​ងាប់ យើង​បាន​បិទ​ប្រភព​ទឹក​នៅ​ក្រោម​ដី និង​ទប់​ទឹក​ទន្លេ រីឯ​ទឹក​សមុទ្រ​ក៏​លែង​កំរើក​ទៀត​ដែរ។ យើង​បាន​ធ្វើ​អោយ​មាន​ភាព​ងងឹត​គ្រប​ដណ្ដប់​លើ​ភ្នំ​លីបង់ និង​ធ្វើ​អោយ​ព្រៃ​ឈើ​ទាំង​ប៉ុន្មាន​ស្ងួត​ហួតហែង​អស់។ ១៦ យើង​បាន​ធ្វើ​អោយ​ ប្រជាជាតិ​នានា​ញ័រ​រន្ធត់ នៅ​ពេល​ឮ​ដើម​តាត្រៅ​នោះ​រលំ។ ពេល​យើង​ទម្លាក់​វា​ទៅ​ស្ថាន​មច្ចុរាជ​ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​ រណ្ដៅ នៅ​ទី​នោះ​ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​អេដែន ព្រម​ទាំង​ដើម​ឈើ​ដ៏​ល្អ​បំផុត ដែល​ដុះ​នៅ​កន្លែង​សម្បូណ៌​ទឹក នៅ​ភ្នំ​លីបង់​នាំ​គ្នា​សប្បាយ​ចិត្ត។ ១៧ ដើម​ឈើ​ទាំង​នោះ​ក៏​ចុះ ​ទៅ​ស្ថាន​មច្ចុរាជ​ជា​មួយ​ដើម​តាត្រៅ និង​ជា​មួយ​អស់​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ​ដែរ ព្រោះ​ដើម​ឈើ​ទាំង​នោះ​ជា​បក្សសម្ព័ន្ធ ដែល​ស្ថិត​នៅ​ក្រោម​ម្លប់​របស់​ដើម​តាត្រៅ ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ។ ១៨ ក្នុង​ចំណោម​ដើម​ឈើ​នៅ​អេដែន តើ​មាន​ដើម​ណា​រុងរឿង​ឧត្ដុង្គឧត្ដម​ដូច​អ្នក? ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​ក៏​នឹង​ត្រូវ​គេ​ទម្លាក់​ទៅ​ក្នុង​រណ្ដៅ​ដូច​ដើម​ឈើ​ឯ​ទៀតៗ​ដែរ អ្នក​នឹង​វិនាស​ជា​មួយ​ពួក​ទមិឡ ជា​មួយ​អស់​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ។ រីឯ​ស្ដេច​ផារ៉ោន និង​ប្រជាជន​ដ៏​ច្រើន​ឥត​គណនា​របស់​ខ្លួន ក៏​នឹង​ត្រូវ​វិនាស​ដូច្នេះ​ដែរ» – នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់។