អេសេគីអែល (២៧)

ទំនួញស្ដីអំពីក្រុងទីរ៉ុស
១ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ ២ «កូនមនុស្សអើយ ចូរស្មូត្រទំនួញមួយបទ ស្ដីអំពីក្រុងទីរ៉ុស! ៣ ចូរពោលទៅកាន់ក្រុងទីរ៉ុស ដែលស្ថិតនៅមាត់សមុទ្រ ហើយធ្វើជំនួញជាមួយជាតិសាសន៍នៅតាមកោះនានាថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ:
ក្រុងទីរ៉ុសអើយ អ្នកពោលថា
“ខ្ញុំមានសម្រស់យ៉ាងល្អឥតខ្ចោះ”
៤ ព្រំប្រទល់របស់អ្នកលាតសន្ធឹងរហូត
ដល់កណ្ដាលសមុទ្រ
អស់អ្នកដែលសង់អ្នក បានផ្ដល់អោយអ្នក
មានសម្រស់យ៉ាងល្អឥតខ្ចោះ។
៥ ពួកគេបានយកឈើដ៏មានតម្លៃពីភ្នំសេនៀរ
មកធ្វើជាជញ្ជាំងរបស់អ្នក
ហើយយកឈើតាត្រៅពីព្រៃលីបង់
មកធ្វើជាដងក្ដោងរបស់អ្នក។
៦ ពួកគេយកឈើម៉ៃសាក់ពីស្រុកបាសាន
មកធ្វើជាច្រវា
យកឈើគ្រញូងពីកោះគីទីម
មកក្រាលជាមួយភ្លុក ធ្វើកន្លែងអង្គុយ។
៧ ក្ដោងរបស់អ្នកធ្វើពីក្រណាត់ប៉ាក់ដ៏ល្អ
មកពីស្រុកអេស៊ីប
សំរាប់អោយអ្នកប្រើជាទង់ផង។
ដំបូលរបស់អ្នកធ្វើពីក្រណាត់ពណ៌ក្រហម
និងពណ៌ស្វាយមកពីកោះគីប្រុស។
៨ អ្នកក្រុងស៊ីដូន និងអ្នកក្រុងអើវ៉ាឌ ជាអ្នកចែវ
អ្នកឯកទេសនៃក្រុងទីរ៉ុសជានាយសំពៅ។
៩ ពួកចាស់ទុំពីស្រុកកេបាល
និងអ្នកឯកទេសរបស់ពួកគេជាជាងជួសជុល។
សំពៅសមុទ្រទាំងប៉ុន្មាន និងអ្នកដើរសំពៅ
បានចូលមកឈប់សំចតនៅក្នុងអ្នក
ដើម្បីលក់ដូរទំនិញ។
១០ អ្នកស្រុកពែរ្ស អ្នកស្រុកលូឌ និងអ្នកស្រុកពូត
នាំគ្នាមកបំរើក្នុងជួរកងទ័ពរបស់អ្នក
ពួកគេជាអ្នកចំបាំងរបស់អ្នក
ពួកគេព្យួរខែល និងមួកដែកនៅក្នុងអ្នក
ព្រមទាំងផ្ដល់អោយអ្នកបានរុងរឿង។
១១ កូនចៅ អាវ៉ាដ និងពួកចំបាំងរបស់អ្នកស្ថិតនៅជុំវិញកំពែងរបស់អ្នក ហើយក៏មានទាហានយាមល្បាតនៅតាមទីតាំងទ័ពរបស់អ្នកដែរ។ ពួកគេព្យួរខែលនៅជុំវិញកំពែងរបស់អ្នក ធ្វើអោយសម្រស់របស់អ្នកបានល្អឥតខ្ចោះ។

ទីរ៉ុស​ជា​ក្រុង​ពាណិជ្ជកម្ម
១២ ស្រុក​តារស៊ីស​នាំ​គ្នា​ ធ្វើ​ជំនួញ​ជា​មួយ​អ្នក ពួក​គេ​ទិញ​របស់​របរ​ដ៏​សម្បូណ៌​របស់​អ្នក ពួក​គេ​នាំ​ប្រាក់ ដែក ស្ពាន់ និង​សំណ​មក​លក់​ក្នុង​ផ្សារ​របស់​អ្នក។ ១៣ ស្រុក​យ៉ាវ៉ន ទូបាល និង​មេសេក​រក​ស៊ី​ជា​មួយ​អ្នក ពួក​គេ​យក​ទាសករ និង​វត្ថុ​ធ្វើ​ពី​លង្ហិន​មក​ដូរ​យក​ទំនិញ​របស់​អ្នក។ ១៤ អ្នក​ស្រុក​តូការម៉ា​យក​សេះ​សំរាប់​ទឹម សេះ​ចំបាំង និង​លា​កាត់ មក​លក់​ក្នុង​ផ្សារ​របស់​អ្នក។ ១៥ ​ប្រជាជន​នៅ​ស្រុក​ ដេដន​រក​ស៊ី​ជា​មួយ​អ្នក ជំនួញ​រវាង​កោះ​នានា​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អ្នក គេ​យក​ភ្លុក និង​ឈើ​គ្រញូង​មក​ដូរ​ទំនិញ​របស់​អ្នក។ ១៦ ស្រុក​ស៊ីរី​រក​ស៊ី​ជា​ មួយ​អ្នក ដោយ​ទិញ​ផលិត​ផល​របស់​អ្នក​មួយ​ចំនួន​ធំ ហើយ​ពួក​គេ​ក៏​យក​កែវមរកត ក្រណាត់​ពណ៌​ស្វាយ ក្រណាត់​ប៉ាក់ ក្រណាត់​ទេសឯក​ដ៏​ម៉ដ្ដ ផ្កា​ថ្ម និង​ត្បូង​មក​លក់​ក្នុង​ផ្សារ​របស់​អ្នក​ដែរ។ ១៧ ស្រុក​យូដា និង​ស្រុក​អ៊ីស្រាអែល​រក​ស៊ី​ជា​មួយ​អ្នក ពួក​គេ​យក​ស្រូវ​ពី​ស្រុក​មីនីត ម្សៅ​ធ្វើ​នំ ទឹក​ឃ្មុំ ប្រេង និង​ជ័រ​មក​លក់​អោយ​អ្នក។ ១៨ ក្រុង​ដាម៉ាស​រក​ស៊ី​ជា ​មួយ​អ្នក ដោយ​ទិញ​ផលិតផល​របស់​អ្នក​មួយ​ចំនួន​ធំ ពួក​គេ​ទិញ​របស់​របរ​ដ៏​សម្បូណ៌​របស់​អ្នក ហើយ​ពួក​គេ​ក៏​យក​ស្រា​ពី​ស្រុក​ហេលបូន និង​រោម​ចៀម​ពណ៌​ស​មក​លក់​អោយ​អ្នក​ដែរ។ ១៩ ស្រុក​វេដន និង​ស្រុក​យ៉ាវ៉ន ចាប់​តាំង​ពី​ស្រុក​អូសាល់ រក​ស៊ី​ជា​មួយ​អ្នក ពួក​គេ​យក​ដែកថែប ព្រម​ទាំង​កំញាន និង​ខ្លឹមចន្ទន៍​មក​លក់​អោយ​អ្នក។ ២០ ស្រុក​ដេដន​ធ្វើ​ជំនួញ​ជា​មួយ​អ្នក ដោយ​យក​ប្រដាប់​ប្រដា​សំរាប់​សេះ​ចំបាំង​មក​លក់​អោយ​អ្នក។ ២១ ស្រុក​អារ៉ាប៊ី និង​មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​កេដារ នាំ​គ្នា​លក់​ដូរ​ជា​មួយ​អ្នក។ ឈ្មួញ​ពី​ស្រុក​អ្នក​យក​កូន​ចៀម ចៀម​ឈ្មោល និង​ពពែ​ឈ្មោល​ទៅ​លក់​នៅ​ស្រុក​របស់​ពួក​គេ។ ២២ អ្នក​ជំនួញ​ពី​ស្រុក​ សេបា និង​ស្រុក​រ៉ាម៉ា​រក​ស៊ី​ជា​មួយ​អ្នក ពួក​គេ​យក​គ្រឿង​ក្រអូប​ដ៏​មាន​តម្លៃ ព្រម​ទាំង​ត្បូង និង​មាស​គ្រប់​ប្រភេទ​មក​លក់​អោយ​អ្នក។ ២៣ ស្រុក​ហារ៉ន កាណេ និង​អេដែន អ្នក​ជំនួញ​ពី​ស្រុក​សេបា អាស្ស៊ីរី និង​គីលម៉ាដ​នាំ​គ្នា​រក​ស៊ី​ជា​មួយ​អ្នក ២៤ ពួក​គេ​លក់​ដូរ​របស់​ដ៏​មាន​តម្លៃ​ជា​មួយ​អ្នក គឺ​មាន​អាវ​ពណ៌​ស្វាយ ក្រណាត់​ប៉ាក់ ក្រណាត់​គ្រប់​ប្រភេទ និង​ខ្សែ​ក្រង។

ទំនួញស្ដីអំពីក្រុងទីរ៉ុស (ត)
២៥ សំពៅពីស្រុកតារស៊ីសដឹកជញ្ជូនទំនិញរបស់អ្នក
អ្នកមានទ្រព្យសម្បត្តិយ៉ាងច្រើនលើសលប់
ដូចសំពៅពេញទៅដោយទំនិញ
នៅកណ្ដាលសមុទ្រ។
២៦ ពួកអ្នកចែវនាំអ្នកអោយធ្វើដំណើរ
នៅកណ្ដាលសមុទ្រ ស្រាប់តែមាន
ខ្យល់ពីទិសខាងកើត បក់មកកំទេចអ្នក។
២៧ ទ្រព្យសម្បត្តិ ទំនិញ និងឥវ៉ាន់របស់អ្នក
ព្រមទាំងអ្នកដើរសំពៅ កម្មករសំពៅ
អ្នកជួសជុលសំពៅ អ្នកលក់ដូរ
និងទាហានចំបាំងដែលនៅជាមួយអ្នក
គឺនៅថ្ងៃដែលអ្នកវិនាស
មនុស្សទាំងអស់ដែលស្ថិតនៅក្នុងអ្នក
ក៏នឹងត្រូវលិចលង់ទៅក្នុងសមុទ្រដែរ។
២៨ ពេលឮសំរែកស្លន់ស្លោរបស់កម្មករសំពៅ
ប្រជាជននៅតាមឆ្នេរសមុទ្រនាំគ្នាញ័ររន្ធត់
២៩ អ្នកចែវសំពៅផ្សេងទៀត
នាំគ្នាចុះចេញពីសំពៅរបស់ខ្លួន
អ្នកដើរសំពៅ និងកម្មករសំពៅទាំងប៉ុន្មាន
នាំគ្នាឈរនៅលើគោក។
៣០ ពួកគេនឹងបន្លឺសំឡេងស្រណោះអ្នក
ពួកគេសោយសោកយ៉ាងជូរចត់
ពួកគេរោយធូលីដីលើក្បាលរបស់ខ្លួន
ហើយដេកននៀលនៅក្នុងផេះ។
៣១ ពួកគេកោរសក់កាន់ទុក្ខអ្នក ពួកគេស្លៀកបាវ
ហើយនាំគ្នាសោកសង្រេងយ៉ាងខ្លោចផ្សា
ដោយឈឺចាប់ក្នុងចិត្ត កើតទុក្ខស្រណោះអ្នក។
៣២ទុក្ខលំបាកជំរុញពួកគេអោយស្មូត្រទំនួញ
និងយំអាឡោះអាល័យអ្នកទាំងពោលថា:
គ្មានក្រុងណាដូចក្រុងទីរ៉ុសទេ
គឺក្រុងនេះត្រូវវិនាសនៅកណ្ដាលសមុទ្រ!
៣៣ពេលអ្នកដឹកទំនិញនៅតាមសមុទ្រ
ប្រជាជនជាច្រើនបានឆ្អែត។
ទ្រព្យសម្បត្តិ និងទំនិញដ៏បរិបូណ៌របស់អ្នក
បានធ្វើអោយស្ដេចជាច្រើននៅផែនដី
ក្លាយទៅជាអ្នកមាន។
៣៤ តែឥឡូវនេះ អ្នកវិនាសក្នុងសមុទ្រ
ទំនិញរបស់អ្នក ព្រមទាំងអស់អ្នកដែល
នៅក្នុងសំពៅជាមួយអ្នក
ក៏លិចលង់ដល់បាតសមុទ្រជាមួយអ្នកដែរ។
៣៥ ប្រជាជនទាំងអស់ដែលរស់នៅតាមកោះនានា
នឹងនាំគ្នាសោយសោក ព្រោះតែអ្នក
ស្ដេចរបស់ពួកគេនឹងភ័យញ័ររន្ធត់
ផ្ទៃមុខរបស់គេស្លេកស្លាំងអស់។
៣៦ អ្នកលក់ដូរក្នុងចំណោមប្រជាជាតិទាំងឡាយ
នាំគ្នាចំអកអោយអ្នក។
ពេលមនុស្សម្នាឃើញអ្នក គេភ័យតក់ស្លុត
ហើយអ្នកនឹងវិនាសបាត់បង់រហូតតទៅ!»។