អេសេគីអែល (២៤)

ទីសម្គាល់អំពីថ្លាង
១ នៅឆ្នាំទីប្រាំបួន ខែទីដប់ ថ្ងៃទីដប់ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ ២ «កូនមនុស្សអើយ ចូរកត់ត្រាថ្ងៃនេះទុក ដ្បិតថ្ងៃនេះហើយដែលស្ដេចស្រុកបាប៊ីឡូនឡោមព័ទ្ធក្រុងយេរូសាឡឹម។ ៣ ចូរចោទប្រស្នាមួយដល់ពូជអ្នកបះបោរនេះថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ:
ចូររៀបចំថ្លាងមួយដាក់នៅលើភ្លើង
រួចចាក់ទឹកទៅក្នុងថ្លាងនោះ។
៤បន្ទាប់មក ចូរដាក់សាច់ទៅក្នុងថ្លាង
គឺសាច់ល្អៗ សាច់ភ្លៅ សាច់ស្មា
រួចដាក់ឆ្អឹងល្អៗបំពេញថ្លាងនោះដែរ។
៥ចូរយកសាច់ចៀមដ៏ល្អៗមក
ហើយយកឆ្អឹងរបស់វាដាក់ពីក្រោម។
ចូរស្ងោរសាច់នៅក្នុងថ្លាងអោយផុយ
សូម្បីតែឆ្អឹងក៏ត្រូវអោយឆ្អិនល្អដែរ។
៦ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ:
ក្រុងដែលប្រឡាក់ទៅដោយឈាម
មុខជាត្រូវវេទនាពុំខាន!
ក្រុងនេះប្រៀបបាននឹងថ្លាងដុះស្នឹម
ហើយស្នឹមនេះដុសមិនជ្រះទេ។
ចូរស្រង់ដុំសាច់ចេញបន្តបន្ទាប់គ្នា
គ្មានដុំណាមួយនៅសល់ឡើយ។
៧នៅក្នុងក្រុងគេសម្លាប់គ្នា
គេបង្ហូរឈាមនៅលើផ្ទាំងថ្ម
គឺមិនទុកអោយឈាមនោះស្រោចលើដី
ហើយយកដីលុបទេ។
៨ដូច្នេះ ដើម្បីសំរេចតាមកំហឹង
និងតាមការសងសឹករបស់យើង
យើងនឹងទុកឈាមគេនៅលើផ្ទាំងថ្ម
ឥតយកដីលុបឡើយ។
៩ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ:
ក្រុងដែលប្រឡាក់ទៅដោយឈាម
មុខជាត្រូវវេទនាពុំខាន!
ដ្បិតយើងនឹងបង្កាត់ភ្លើងដ៏សន្ធោសន្ធៅដែរ។
១០ចូរយកអុសយ៉ាងច្រើនមកគរលើគ្នា!
ចូរបង្កាត់ភ្លើង! ចូរចំអិនសាច់!
ចូរដាក់គ្រឿង ហើយដុតបន្សុសឆ្អឹងទៅ!
១១បន្ទាប់មក ចូរដាក់ថ្លាងទទេលើភ្លើង
ទុកអោយក្ដៅរហូតទាល់តែស្ពាន់ឡើងក្រហម
អ្វីៗដែលកខ្វក់នៅក្នុងនោះ ត្រូវរលាយ
រីឯស្នឹមក៏ត្រូវរលាយអស់ដែរ។

១២ ទោះ​បី​គេ​ខំ​ប្រឹង​យ៉ាង​ណា​ក៏​ដុស​ស្នឹម​មិន​ជ្រះ​ដែរ គឺ​មាន​តែ​ភ្លើង​ទេ​ដែល​អាច​ជំរះ​ស្នឹម​បាន! ១៣ យេរូសាឡឹម​អើយ នាង​ប្រឡាក់​ដោយ​អំពើ​ប្រាស​ចាក​សីលធម៌។ ទោះ​បី​យើង​ខំ​ជំរះ​នាង​អោយ​បរិសុទ្ធ​ក្ដី ក៏​នាង​នៅ​តែ​មិន​បរិសុទ្ធ​ដដែល។ ដូច្នេះ នាង​នៅ​សៅហ្មង រហូត​ដល់​យើង​សំរេច​តាម​កំហឹង​របស់​យើង​ចប់​សព្វ​គ្រប់។ ១៤ យើង​ជា​ព្រះអម្ចាស់ យើង​និយាយ​យ៉ាង​ណា​នឹង​កើត​មាន​យ៉ាង​នោះ។ យើង​សំរេច​តាម​ពាក្យ​របស់​យើង​ឥត​ដូរ​គំនិត​ឡើយ។ យើង​ក៏​មិន​អាណិត​អាសូរ ឬ​ស្ដាយ​ក្រោយ​ដែរ។ នាង​នឹង​ត្រូវ​ទទួល​ទោស​តាម​កិរិយាមារយាទ និង​អំពើ​ទាំងឡាយ​ដែល​នាង​បាន​ប្រព្រឹត្ត»-នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់។

ទី​សម្គាល់​អំពី​មរណភាព​នៃ​ភរិយា​របស់​ព្យាការី
១៥ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ ១៦ «កូន​មនុស្ស​អើយ! យើង​នឹង​ដក​ជីវិត​ប្រពន្ធ​ដ៏​ជា​ទី​គាប់​ចិត្ត​របស់​អ្នក​ក្នុង​មួយ​ប៉ប្រិច ​ភ្នែក។ អ្នក​មិន​ត្រូវ​កាន់​ទុក្ខ មិន​ត្រូវ​សោក​សង្រេង មិន​ត្រូវ​បង្ហូរ​ទឹក​ភ្នែក​ឡើយ។ ១៧ ចូរ​ខ្សឹកខ្សួល​យ៉ាង​ ស្ងាត់​ស្ងៀម តែ​កុំ​កាន់​ទុក្ខ​អោយ​សោះ។ ត្រូវ​ជួត​ក្បាល ពាក់​ស្បែក​ជើង​ធ្វើ​ដូច​ធម្មតា កុំ​បាំង​មុខ ឬ​បរិភោគ​អាហារ​សំរាប់​អ្នក​កាន់​ទុក្ខ​ឡើយ»។

១៨ នៅ​ពេល​ព្រឹក​ខ្ញុំ​និយាយ​ជា​មួយ​ប្រជាជន លុះ​ដល់​ពេល​ល្ងាច​ប្រពន្ធ​ខ្ញុំ​បាត់​បង់​ជីវិត។ ស្អែក​ឡើង​ខ្ញុំ​ធ្វើ​តាម​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់​បាន​បង្គាប់​មក​ខ្ញុំ។ ១៩ ប្រជាជន​សួរ​ខ្ញុំ​ថា៖ «សូម​ពន្យល់​ប្រាប់​យើង​ខ្ញុំ​ផង លោក​ធ្វើ​ដូច្នេះ​មាន​ន័យ​ដូច​ម្ដេច​សំរាប់​យើង​ខ្ញុំ?»។ ២០ ខ្ញុំ​ឆ្លើយ​ទៅ​គេ​វិញ​ថា៖ «ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ: ២១ “ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ថា ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ បន្តិច​ទៀត​យើង​នឹង​បន្ទាបបន្ថោក​ទីសក្ការៈ​របស់​យើង ដែល​ជា​ទី​អួតអាង ជា​កម្លាំង​ជា​ទី​គាប់​ចិត្ត និង​ជា​ទី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា។ កូន​ប្រុស​កូន​ស្រី​ដែល​អ្នក​រាល់​គ្នា​ទុក​នៅ​ក្រុង​យេរូសាឡឹម​នឹង​ត្រូវ​ ស្លាប់​ដោយ​មុខ​ដាវ។ ២២ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ធ្វើ​ដូច​ខ្ញុំ​ធ្វើ​នេះ​ដែរ គឺ​អ្នក​រាល់​គ្នា​មិន​បាំង​មុខ មិន​បរិភោគ​អាហារ​សំរាប់​អ្នក​កាន់​ទុក្ខ​ទេ។ ២៣ អ្នក​រាល់​គ្នា​នឹង​ជួត ​ក្បាល​ពាក់​ស្បែក​ជើង​ធ្វើ​ដូច​ធម្មតា គឺ​អ្នក​រាល់​គ្នា​មិន​កាន់​ទុក្ខ ឬ​សោក​សង្រេង​ឡើយ។ ប៉ុន្តែ អ្នក​រាល់​គ្នា​កាន់​តែ​រីងរៃ​ទៅៗ ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន ហើយ​ម្នាក់ៗ​ស្រណោះស្រណោក​គ្នា​ទៅ​វិញ​ទៅ​មក។ ២៤ អេសេគីអែល​ធ្វើ​ដូច្នេះ ជា​ប្រផ្នូល​សំរាប់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ធ្វើ​សព្វ​គ្រប់​ទាំង​អស់​ដូច​គាត់​បាន​ធ្វើ​ដែរ។ ពេល​ហេតុការណ៍​នោះ​កើត​ឡើង អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះជាអម្ចាស់​មែន”។

២៥ កូន​មនុស្ស​អើយ យើង​នឹង​ដក​ទីសក្ការៈ​ដែល​ជា​កម្លាំង អំណរ ភាព​រុងរឿង និង​ជា​ទី​គាប់​ចិត្ត ជា​ទី​ស្រឡាញ់​របស់​ពួក​គេ យើង​ក៏​នឹង​ដក​កូន​ប្រុស​កូន​ស្រី​ចេញ​ពី​ពួក​គេ​ដែរ ២៦ នៅ​ថ្ងៃ​នោះ​មាន​មនុស្ស​រត់​នាំ​ដំណឹង​មក​ប្រាប់​អ្នក ២៧ នៅ​ថ្ងៃ​នោះ​អ្នក​នឹង​ លែង​នៅ​ស្ងៀម​ទៀត​ហើយ គឺ​អ្នក​នឹង​ហា​មាត់​និយាយ​ជា​មួយ​មនុស្ស​ដែល​រត់​មក។ អ្នក​នឹង​ធ្វើ​ជា​ប្រផ្នូល​សំរាប់​ពួក​គេ ហើយ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះអម្ចាស់​មែន»។