អេសេគីអែល (២៣)

អំពើ​បាប​របស់​ក្រុង​សាម៉ារី និង​ក្រុង​យេរូសាឡឹម
១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖  «កូន​មនុស្ស​អើយ មាន​ស្ត្រី​ពីរ​នាក់​ជា​បង​ប្អូន​បង្កើត។ ៣ កាល​នៅ​ពី​ក្មេង នាង​ទាំង​ពីរ​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប ហើយ​បាន​ខូច​ខ្លួន​ដោយ​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​។ ៤ នាង​បង​ឈ្មោះ អូហូឡា នាង​ប្អូន​ឈ្មោះ អូហូលីបា។ ពី​មុន​នាង​ទាំង​ពីរ​ជា​ភរិយា​របស់​យើង នាង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី។ អូហូឡា​គឺ​ក្រុង​សាម៉ារី រីឯ​អូហូលីបា​គឺ​ក្រុង​យេរូសាឡឹម។ ៥ អូហូឡា​បាន​ក្បត់​ចិត្ត​យើង​ទៅ​ប្រព្រឹត្ត​ពេស្យាចារ ហើយ​បែរ​ទៅ​សហាយស្មន់​ជា​មួយ​ពួក​អាស្ស៊ីរី​ជា​ទាហាន ៦ ដែល​ស្លៀក​ពាក់​ក្រណាត់​ ពណ៌​ស្វាយ​ជា​ទេសាភិបាល និង​ចៅក្រម។ អ្នក​ទាំង​នោះ​មាន​វ័យ​ក្មេង និង​រូប​រាង​សង្ហា ហើយ​សុទ្ធសឹង​ជា​អ្នក​ជិះ​សេះ​ដ៏​ចំណាន។ ៧ នាង​ប្រគល់​ខ្លួន​ទៅ​អោយ​ វីរបុរស​អាស្ស៊ីរី​ទាំង​នោះ។ ពេល​នាង​ខូច​ខ្លួន​ជា​មួយ​សហាយ​ទាំង​ប៉ុន្មាន​របស់​នាង នាង​បាន​ធ្វើ​អោយ​ខ្លួន​ទៅ​ជា​សៅហ្មង ដោយ​គោរព​ព្រះ​ក្លែងក្លាយ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ។ នាង​ពុំ​បាន​លះបង់​អំពើ​ ពេស្យាចារ​ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្ត តាំង​ពី​នៅ​ស្រុក​អេស៊ីប​នោះ​ឡើយ កាល​នៅ​ពី​ក្មេង នាង​ប្រគល់​ខ្លួន​ទៅ​អោយ​ប្រុសៗ ពួក​គេ​បង្ខូច​ព្រហ្មចារី​របស់​នាង​ធ្វើ​អោយ​នាង​ក្លាយ​ទៅ​ជា​ស្រី​ពេស្យា។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រគល់​នាង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សហាយ​នាង គឺ​ជន​ជាតិ​អាស្ស៊ីរី​ដែល​នាង​ឈ្លក់​ចិត្ត​ជា​ខ្លាំង​នោះ។ ១០ ពួក​គេ​ធ្វើ​អោយ​នាង​នៅ ​ខ្លួន​ទទេ​ ពួក​គេ​ចាប់​កូន​ប្រុស​កូន​ស្រី​របស់​នាង ហើយ​ប្រហារ​ជីវិត​នាង​ដោយ​មុខ​ដាវ។ ពួក​គេ​ដាក់​ទោស​នាង ទុក​ជា​មេរៀន​ដល់​ស្ត្រី​ឯ​ទៀតៗ។

១១ ពេល​ អូហូលីបា​ជា​ប្អូន​ឃើញ​ដូច្នេះ នាង​មាន​តណ្ហា​អាក្រក់ ខ្លាំង​ជាង​បង​ទៅ​ទៀត។ នាង​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​អាក្រក់​លើស​បង​របស់​ខ្លួន។ ១២ នាង​ឈ្លក់​ចិត្ត​នឹង​ជន ​ជាតិ​អាស្ស៊ីរី​ជា​ទាហាន​ទេសាភិបាល និង​ចៅក្រម។ អ្នក​ទាំង​នោះ​ស្លៀក​ពាក់​យ៉ាង​ស្អាត​ជា​អ្នក​ជិះ​សេះ​ដ៏​ចំណាន​មាន​វ័យ​ ក្មេង និង​រូប​រាង​សង្ហា។ ១៣ យើង​ឃើញ​នាង​ខូច​ខ្លួន ទាំង​បង​ទាំង​ប្អូន​ដើរ​តាម​ផ្លូវ​តែ​មួយ។ ១៤ នាង​ប្រព្រឹត្ត​អំពើ​ ពេស្យាចារ​បែប​នេះ​ហើយ នៅ​តែ​មិន​អស់​ចិត្ត​ទៀត។ នាង​ឃើញ​រូប​ប្រុសៗ​ដែល​គេ​ឆ្លាក់​នៅ​តាម​ជញ្ជាំង គឺ​រូប​ចម្លាក់​របស់​ជន​ជាតិ​ខាល់ដេ គូរ​ដោយ​ពណ៌​ក្រហម ១៥ មាន​ខ្សែ​ក្រវាត់​នៅ​ ជុំវិញ​ចង្កេះ មាន​ឆ្នួត​ដ៏​ឆើតឆាយ​រុំ​ជុំវិញ​ក្បាល។ រូប​ទាំង​នោះ​មាន​ទំនង​ជា​មេ​ដឹក​នាំ និង​មាន​ទ្រង់​ទ្រាយ​ជា​ជន​ជាតិ​បាប៊ីឡូន​នៅ​ស្រុក​ខាល់ដេ ដែល​ជា​មាតុភូមិ​របស់​ពួក​គេ។ ១៦ ពេល​ឃើញ​រូប​ទាំង​នោះ នាង​ចាប់​ចិត្ត​ស្នេហា​ភ្លាម ហើយ​ចាត់​អ្នក​នាំ​សារ​ទៅ​ស្រុក​ខាល់ដេ​។ ១៧ ជន​ជាតិ​បាប៊ីឡូន​នាំ​ គ្នា​មក​រក​នាង ដើម្បី​រួម​ដំណេក​ជា​មួយ​នាង ហើយ​បង្ខូច​នាង​អោយ​ក្លាយ​ទៅ​ជា​ស្រី​ពេស្យា។ នាង​បាន​ខូច​ខ្លួន​ជា​មួយ​ពួក​គេ រហូត​ដល់​នាង​ស្អប់​ខ្ពើម​ពួក​គេ។ ១៨ នាង​បង្ហាញ​អោយ​គ្រប់​ គ្នា​ឃើញ​ថា ខ្លួន​ជា​ស្រី​ពេស្យា នាង​បើក​កេរខ្មាស​អោយ​គេ​ឃើញ។ ហេតុ​នេះ​យើង​ស្អប់​ខ្ពើម​នាង​ដូច​យើង​ស្អប់​ខ្ពើម​បង​ស្រី​របស់​នាង​ដែរ។ ១៩ កាល​នាង​នឹក​ឃើញ​គ្រា​ ដែល​នាង​នៅ​ក្មេង គឺ​គ្រា​ដែល​នាង​ធ្វើ​ជា​ស្រី​ពេស្យា​នៅ​ស្រុក​អេស៊ីប នាង​រឹត​តែ​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​កាន់​តែ​ច្រើន​ឡើងៗ។ ២០ នាង​ឈ្លក់​ចិត្ត​នឹង​ពួក​សហាយ​របស់​នាង ដែល​មាន​សាច់​ឈាម​ដូច​សត្វ​លា និង​ពូកែ​ចែចង់​ដូច​សេះ​ឈ្មោល។ ២១ នាង​ចង់​ប្រព្រឹត្ត​ អំពើ​ថោក​ទាប ដូច​នាង​ធ្លាប់​ប្រព្រឹត្ត​កាល​នៅ​ពី​ក្មេង គឺ​នៅ​គ្រា​ដែល​ពួក​អេស៊ីប​ប៉ះពាល់​ដើម​ទ្រូង​របស់​នាង និង​ធ្វើ​អោយ​នាង​ខូច​ព្រហ្មចារី»។

២២ ហេតុ​នេះ​អូហូលីបា​អើយ ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ៖ «យើង​នឹង​នាំ​សហាយ​របស់​នាង គឺ​អស់​អ្នក​ដែល​នាង​ស្អប់​ខ្ពើម​នោះ​អោយ​មក​ប្រឆាំង​នឹង​នាង។ យើង​នឹង​នាំ​ពួក​គេ​មក​វាយ​ប្រហារ​នាង​ពី​គ្រប់​ទិសទី។ ២៣ ជន​ជាតិ​បាប៊ីឡូន និង​ជន​ជាតិ​ខាល់ដេ​ទាំង​អស់ អ្នក​ស្រុក​ពេកុដ សូអា និង​កូអា ព្រម​ទាំង​ជន​ជាតិ​អាស្ស៊ីរី​ទាំង​ប៉ុន្មាន​ក៏​លើក​គ្នា​មក​ដែរ អ្នក​ទាំង​នោះ​មាន​វ័យ​ក្មេង និង​រូប​រាង​សង្ហា ពួក​គេ​សុទ្ធ​តែ​ជា​ទេសាភិបាល និង​មេ​ដឹក​នាំ ជា​នាយ​ទាហាន​ដ៏​ខ្ពង់ខ្ពស់ ហើយ​សុទ្ធ​តែ​ជា​អ្នក​ជិះ​សេះ​ដ៏​ចំណាន។ ២៤ ពួក​គេ​លើក​គ្នា​ពី​ទិស ​ខាង​ជើង​មក​វាយ​ប្រហារ​នាង ដោយ​មាន​រទេះ​សេះ រទេះ​ចំបាំង និង​ពល​ទាហាន​ដ៏​ច្រើន។ ពួក​គេ​ឡោមព័ទ្ធ​នាង​គ្រប់​ទិសទី ដោយ​មាន​ខែល​តូច​ធំ និង​មួក​ដែក។ យើង​នឹង​ប្រគល់​សំណុំ​រឿង​របស់​នាង ទៅ​អោយ​ពួក​គេ ហើយ​ពួក​គេ​នឹង​វិនិច្ឆ័យ​ទោស​នាង តាម​ច្បាប់​របស់​ពួក​គេ។ ២៥ ដោយ​យើង​មាន​ចិត្ត​ ប្រច័ណ្ឌ យើង​នឹង​បណ្ដោយ​អោយ​ពួក​គេ​ធ្វើ​បាប​នាង​យ៉ាង​ឃោរឃៅ ពួក​គេ​កាត់​ច្រមុះ និង​កាត់​ត្រចៀក​នាង ព្រម​ទាំង​សម្លាប់​កូន​ចៅ​របស់​នាង​ដោយ​មុខ​ដាវ ពួក​គេ​នឹង​យក​កូន​ប្រុស​កូន​ស្រី​របស់​នាង​ទៅ​ដុត​ទាំង​រស់។ ២៦ ពួក​គេ​នឹង​យក​សម្លៀកបំពាក់ ព្រម​ទាំង​គ្រឿង​អលង្ការ​ចេញ​ពី​នាង។ ២៧ យើង​នឹង​បញ្ឈប់​នាង លែង​អោយ​ប្រព្រឹត្ត​អំពើ​ថោក​ទាប និង​អំពើ​ពេស្យាចារ​ដែល​នាង​ធ្លាប់​ប្រព្រឹត្ត​តាំង​ពី​នៅ​ស្រុក​អេស៊ីប​ រហូត​ត​រៀង​មក។ នាង​លែង​ជំពាក់​ចិត្ត​លើ​សហាយ​របស់​នាង ហើយ​ក៏​លែង​នឹក​នា​ដល់​ស្រុក​អេស៊ីប​ទៀត​ដែរ។

២៨ យើង​ជា​ព្រះជាអម្ចាស់ យើង​ប្រាប់​អោយ​នាង​ដឹង​ថា យើង​នឹង​ប្រគល់​នាង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​នាង​ស្អប់ គឺ​អស់​អ្នក​ដែល​នាង​ជិនណាយ។ ២៩ ពួក​គេ​នឹង​ប្រព្រឹត្ត​ ចំពោះ​នាង​ដោយ​ចិត្ត​ស្អប់ ពួក​គេ​នឹង​រឹប​អូស​យក​អ្វីៗ​ទាំង​អស់​ដែល​នាង​ខំ​ប្រឹង​រក ហើយ​ទុក​អោយ​នាង​នៅ​ខ្លួន​ទទេ។ មនុស្សម្នា​នឹង​ឃើញ​កេរខ្មាស​របស់​នាង គេ​នឹង​ដឹង​ថា​នាង​ជា​ស្រី​ពេស្យា។ ៣០ គេ​ប្រព្រឹត្ត​ចំពោះ​ នាង​ដូច្នេះ មក​ពី​នាង​ប្រព្រឹត្ត​អំពើ​ថោក​ទាប និង​អំពើ​ពេស្យាចារ តាម​ប្រជាជាតិ​នានា ព្រម​ទាំង​ធ្វើ​អោយ​ខ្លួន​សៅហ្មង ដោយ​គោរព​ព្រះ​ក្លែងក្លាយ​របស់​ពួក​គេ។ ៣១ នាង​បាន​ដើរ​តាម​ផ្លូវ​របស់​បង​ស្រី​នាង ហេតុ​នេះ​យើង​នឹង​អោយ​ពែង​នៃ​ទុក្ខ​ទោស​​ដល់​នាង ដូច​បង​ស្រី​របស់​នាង​ដែរ»។

៣២ ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ៖
«នាងនឹងផឹកពីពែងនៃទុក្ខទោស
ដូចបងស្រីរបស់នាង
ពែងនេះធំ ហើយជ្រៅថែមទៀតផង។
មនុស្សម្នានឹងសើចចំអកមើលងាយនាង
ព្រោះពែងនោះពេញបរិបូណ៌។
៣៣នាងនឹងវង្វេងស្មារតីដោយរងទុក្ខជាខ្លាំង
ដ្បិតពែងនោះជាពែងនៃការភ័យខ្លាច
និងការវិនាសហិនហោច
គឺពែងរបស់សាម៉ារី ជាបងស្រីនាង។
៣៤នាងនឹងផឹក រហូតទាល់តែអស់ពីពែង
រួចនាងខាំបំបែកពែងនោះជាច្រើនបំណែក
ហើយយកអំបែងមកឆូតសាច់ខ្លួនឯង
ដូចយើងបាននិយាយទុកមែន»
– នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
៣៥ ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ៖
«ដោយនាងបានបំភ្លេចយើង
ដោយនាងបែរខ្នងដាក់យើង
នាងនឹងត្រូវរងទុក្ខទោស
ព្រោះតែអំពើថោកទាប
និងអំពើពេស្យាចាររបស់ខ្លួន»។

ការ​វិនិច្ឆ័យ​ទោស ក្រុង​សាម៉ារី និង​ក្រុង​យេរូសាឡឹម
៣៦ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​វិនិច្ឆ័យ​ទោស​អូហូឡា និង​អូហូលីបា​ទៅ! ចូរ​រៀប​រាប់​អោយ​នាង​ទាំង​ពីរ​ស្គាល់​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ខ្លួន ៣៧ ដ្បិត​នាង​ទាំង​ពីរ​បាន ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ហើយ​ដៃ​ប្រឡាក់​ទៅ​ដោយ​ឈាម។ ពួក​នាង​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​ព្រះ​ក្លែងក្លាយ ព្រម​ទាំង​យក​កូន​ដែល​នាង​បាន​បង្កើត​អោយ​យើង​ទៅ​ដុត សែន​ព្រះ​ទាំង​នោះ​ទៀត​ផង។ ៣៨ មិន​តែ​ប៉ុណ្ណោះ​សោត នៅ​ថ្ងៃ​ដដែល​នោះ ពួក​នាង​ប្រព្រឹត្ត​អាក្រក់​ចំពោះ​យើង​ថែម​ទៀត គឺ​ធ្វើ​អោយ​ទីសក្ការៈ​របស់​យើង​ទៅ​ជា​សៅហ្មង និង​រំលោភ​លើ​ថ្ងៃ​សប្ប័ទ*​របស់​យើង។ ៣៩ ក្នុង​ថ្ងៃ​តែ​មួយ ពួក​នាង​សម្លាប់​កូន​របស់​ខ្លួន​សែន​ព្រះ​ក្លែងក្លាយ រួច​ចូល​ទៅ​ប្រមាថ​ទីសក្ការៈ​របស់​យើង។ នេះ​ហើយ​ជា​អំពើ​ ដែល​ពួក​នាង​ប្រព្រឹត្ត​នៅ​ក្នុង​ដំណាក់​របស់​យើង។

៤០ លើស​ពី​ នេះ​ពួក​នាង​បាន​ចាត់​អ្នក​នាំ​សារ​ទៅ​រក​ប្រុសៗ​នៅ​ស្រុក​ឆ្ងាយ និង​ហៅ​គេ​អោយ​មក។ អ្នក​ទាំង​នោះ​ក៏​នាំ​គ្នា​មក។ នាង​ងូត​ទឹក​ដើម្បី​ទទួល​ពួក​គេ ដោយ​ផាត់​ម្សៅ និង​ពាក់​គ្រឿង​អលង្ការ​ទៀត​ផង។ ៤១ នាង​អង្គុយ​នៅ​លើ​គ្រែ​តាក់​តែង​យ៉ាង​ស្អាត នៅ​មុខ​មាន​តុ​មួយ​ដែល​នាង​យក​គ្រឿង​ក្រអូប និង​ប្រេង​របស់​យើង​មក​ដាក់​ទទួល​ពួក​គេ។ ៤២ សំរែក​របស់​មនុស្ស​ដ៏​ ច្រើន​កុះករ ដែល​គ្មាន​កង្វល់​អ្វី​បាន​លាន់​ឮ​ឡើង ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​មនុស្ស​មួយ​ចំនួន​ដែល​មក​ពី​គ្រប់​ទិស​តំបន់​នៃ​វាល​រហោស្ថាន គេ​បាន​ពាក់​កងដៃ​អោយ​នាង​ទាំង​ពីរ និង​ពាក់​មកុដ​ដ៏​ល្អ​ប្រណីត​នៅ​លើ​ក្បាល​ផង។ ៤៣ ពេល​នោះ យើង​ក៏​ឧទាន​ឡើង​ថា “មើល​ចុះ សូម្បី​ស្រី​ដែល​បាត់​បង់​សម្ផស្ស​ដោយសារ​អំពើ​ពេស្យាចារ​ក៏​នៅ​តែ​ ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ដែរ!”។ ៤៤ ពួក​គេ​ទៅ​រក​នាង ដូច​ទៅ​រក​ស្រី​ពេស្យា គឺ​ពួក​គេ​ទៅ​រក​នាង​អូហូឡា និង​នាង​អូហូលីបា​ជា​ស្រី​ថោក​ទាប។ ៤៥ ប៉ុន្តែ មនុស្ស​សុចរិត​នឹង​វិនិច្ឆ័យ​ទោស​ស្រី​ទាំង​ពីរ​នោះ ដូច​គេ​វិនិច្ឆ័យ​ទោស​ស្រី​ផិត​ក្បត់ និង​ស្រី​ដែល​សម្លាប់​គេ ដ្បិត​នាង​ទាំង​ពីរ​ជា​ស្រី​ផិត​ក្បត់ ហើយ​ដៃ​ប្រឡាក់​ដោយ​ឈាម»។

៤៦ ហេតុ​នេះ​ព្រះជាអម្ចាស់​ មាន​ព្រះបន្ទូល​ថា៖ «ចូរ​កោះ​ហៅ​មនុស្សម្នា​អោយ​មក​ជួបជុំ​គ្នា​ប្រឆាំង​នឹង​នាង​ទាំង​ពីរ។ យើង​នឹង​ធ្វើ​អោយ​នាង​ភ័យ​តក់ស្លុត ហើយ​អោយ​គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​នាង។ ៤៧ ចូរ​យក​ដុំ​ថ្ម​គប់​នាង ​ទាំង​ពីរ ចូរ​សម្លាប់​នាង​ទាំង​ពីរ ដោយ​មុខ​ដាវ ចូរ​សម្លាប់​កូន​ប្រុស​កូន​ស្រី​របស់​នាង ព្រម​ទាំង​ដុត​កំទេច​ផ្ទះ​របស់​នាង​ទៀត​ផង។ ៤៨ យើង​នឹង​បំបាត់​អំពើ​ ប្រាស​ចាក​សីលធម៌​អោយ​អស់​ពី​ក្នុង​ស្រុក។ ស្ត្រី​ទាំង​អស់​នឹង​យក​រឿង​នេះ​ទុក​ជា​មេរៀន ហើយ​មិន​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ដូច​នាង​ទៀត​ឡើយ។ ៤៩ នាង​ទាំង​ពីរ​នឹង​ទទួល​ ទោស តាម​អំពើ​ប្រាស​ចាក​សីលធម៌ និង​អំពើ​បាប​ដែល​នាង​ប្រព្រឹត្ត​ដោយ​គោរព​ព្រះ​ក្លែងក្លាយ។ ពេល​នោះ នាង​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះជាអម្ចាស់​មែន»។