អេសេគីអែល (២១)

ភ្លើង​នៅ​ស្រុក​ខាង​ត្បូង
១(២០)៤៥ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ ២(៤៦) «កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​ខាង​ត្បូង ហើយ​ប្រកាស​ប្រឆាំង​នឹង​ស្រុក​ខាង​ត្បូង​ទៅ! ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រឆាំង​នឹង​ព្រៃ​នៅ​ស្រុក​ខាង​ត្បូង! ៣(៤៧) ត្រូវ​ប្រាប់​ព្រៃ​នៅ​ស្រុក​ខាង​ត្បូង​ថា: ចូរ​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់! ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ថា “យើង​នឹង​បង្កាត់​ភ្លើង​នៅ​ក្នុង​អ្នក ភ្លើង​នេះ​ឆាបឆេះ​ដើម​ឈើ​ស្រស់ និង​ដើម​ឈើ​ងាប់​ទាំង​ប៉ុន្មាន។ ភ្លើង​នេះ​មិន​រលត់​ឡើយ មនុស្ស​ទាំង​អស់​នឹង​ត្រូវ​រលាក​ភ្លើង​តាំង​ពី​អ្នក​ស្រុក​ខាង​ត្បូង រហូត​ដល់​អ្នក​ស្រុក​ខាង​ជើង។ ៤(៤៨) មនុស្ស​លោក​ទាំង​អស់​នឹង​ឃើញ​ថា គឺ​យើង​ជា​ព្រះអម្ចាស់​ដែល​បាន​បង្កាត់​ភ្លើង​នេះ ហើយ​វា​នឹង​មិន​រលត់​ឡើយ”»។ ៥(៤៩) ខ្ញុំ​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះជាអម្ចាស់ អ្នក​ទាំង​នោះ​តែង​តែ​ពោល​ថា ទូលបង្គំ​ជា​អ្នក​និយាយ​ពាក្យ​ប្រស្នា»។

ដាវ​របស់​ព្រះអម្ចាស់
៦(១) ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ ៧(២) «កូន​មនុស្ស​អើយ​ចូរ​បែរ​ មុខ​ទៅ​រក​ក្រុង​យេរូសាឡឹម ហើយ​ប្រកាស​ប្រឆាំង​នឹង​កន្លែង​សក្ការៈ​ទាំងឡាយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រឆាំង​នឹង​ទឹក​ដី​អ៊ីស្រាអែល! ៨(៣) ចូរ​ប្រាប់​ទឹក​ដី​អ៊ីស្រាអែល​ថា ព្រះ​អម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: យើង​ប្រឆាំង​នឹង​អ្នក​ហើយ! យើង​នឹង​ដក​ដាវ​ចេញ​ពី​ស្រោម ប្រហារ​ជីវិត​ប្រជាជន​របស់​អ្នក​ទាំង​មនុស្ស​សុចរិត ទាំង​មនុស្ស​ទុច្ចរិត។ ៩(៤) ដាវ​របស់​យើង​នឹង​ចេញ​ពី​ ស្រោម ប្រហារ​ជីវិត​មនុស្ស​លោក​ទាំង​អស់ តាំង​ពី​ទិស​ខាង​ត្បូង​រហូត​ដល់​ទិស​ខាង​ជើង ដ្បិត​យើង​ចង់​ដក​ជីវិត​ទាំង​មនុស្ស​សុចរិត​ទាំង​មនុស្ស​ទុច្ចរិត។ ១០(៥) ពេល​នោះ មនុស្ស​លោក​ទាំង​អស់​នឹង​ទទួល​ស្គាល់​ថា គឺ​យើង​ជា​ព្រះអម្ចាស់ ដែល​បាន​ដក​ដាវ​ចេញ​ពី​ស្រោម ហើយ​ដាវ​នេះ​នឹង​មិន​ចូល​ទៅ​ក្នុង​ស្រោម​វិញ​ឡើយ។ ១១(៦) កូន​មនុស្ស​អើយ ចូរ​ស្រែក​ថ្ងូរ ទាំង​ឈឺ​ចាប់​ខ្លោចផ្សា ចូរ​ស្រែក​ថ្ងូរ​នៅ​ចំពោះ​មុខ​ពួក​គេ។ ១២(៧) ពេល​ពួក​គេ​សួរ​អ្នក​ថា ហេតុ​អ្វី​បាន​ជា​លោក​ស្រែក​ថ្ងូរ​ដូច្នេះ? ត្រូវ​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា: ខ្ញុំ​ស្រែក​ថ្ងូរ ព្រោះ​ខ្ញុំ​បាន​ទទួល​ដំណឹង​មួយ មនុស្ស​ទាំង​អស់​នឹង​ភ័យ​ស្លន់ស្លោ គេ​បាក់​ទឹក​ចិត្ត ហើយ​ទន់​ដៃ​ទន់​ជើង​ទាំង​អស់​គ្នា ដ្បិត​ហេតុការណ៍​នោះ​មក​ដល់​ហើយ» – នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់។ ១៣(៨) ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ ១៤(៩) កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម

យើង! ចូរពោលថា
ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ:
មើលនែ៎ ដាវ!
គឺដាវដែលគេសំលៀង និងខាត់យ៉ាងរលោង។
១៥(១០) គេសំលៀងដាវនេះ សំរាប់ប្រហារជីវិត
គេខាត់វាយ៉ាងរលោង ចាំងដូចផ្លេកបន្ទោរ។
១៦(១១) គេខាត់ដាវយ៉ាងរលោងដូច្នេះ
ដើម្បីប្រុងប្រៀបប្រហារ។
ដាវនេះត្រូវបានសំលៀង និងខាត់យ៉ាងរលោង
សំរាប់អោយពេជ្ឈឃាតប្រើប្រាស់
១៧(១២) កូនមនុស្សអើយ ចូរស្រែកទ្រហោយំទៅ!
ដ្បិតគេដកដាវនោះ
សំរាប់ប្រហារប្រជាជនរបស់យើង
និងមេដឹកនាំទាំងអស់នៃជនជាតិអ៊ីស្រាអែល។
ពួកគេនឹងត្រូវស្លាប់ជាមួយប្រជាជនរបស់យើង
ដូច្នេះ ចូរគក់ទ្រូងទៅ!
១៨(១៣) ប្រជាជនរបស់យើង
ត្រូវរងទុក្ខវេទនាជាពុំខាន
ប្រសិនបើអំណាចត្រូវរលាយបាត់ទៅហើយ
នោះតើនៅសល់អ្វីទៀត?
– នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
១៩(១៤) «កូនមនុស្សអើយ
ចូរថ្លែងពាក្យក្នុងនាមយើងចុះ!
ចូរទះដៃជាសញ្ញាប្រកាសថា
សត្រូវនឹងលើកដាវកាប់ផ្ទួនៗគ្នាពីរបីដង
ដាវនេះជាដាវប្រល័យជីវិត ដាវសម្លាប់រង្គាល
និងដេញតាមពីក្រោយប្រជាជនរបស់យើង
២០(១៥) ធ្វើអោយពួកគេបាក់ទឹកចិត្ត
ហើយដួលស្លាប់បន្តបន្ទាប់គ្នា។
យើងដាក់ដាវនេះនៅមាត់ទ្វារផ្ទះទាំងអស់
ដើម្បីសម្លាប់ពួកគេ។
ដាវនេះភ្លឺរលោង ចាំងដូចផ្លេកបន្ទោរ
សំរាប់សម្លាប់រង្គាលពួកគេ។
២១(១៦) ដាវអើយ ចូរប្រើមុខដ៏មុតរបស់ឯង!
ចូរវាត់ទៅខាងស្ដាំ វាត់ទៅខាងឆ្វេង!
តម្រង់ទៅគ្រប់ទិសទី!
២២(១៧) ចំណែកឯយើងវិញ យើងក៏នឹងទះដៃដែរ
រហូតទាល់តែស្ងប់កំហឹងរបស់យើង
នេះជាពាក្យរបស់យើង ដែលជាព្រះអម្ចាស់»។

ដាវ​របស់​ស្ដេច​ស្រុក​បាប៊ីឡូន
២៣(១៨) ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ ២៤(១៩) «កូន​មនុស្ស​អើយ ចូរ​គូរ​ផ្លូវ​ពីរ​សំរាប់​ដាវ​របស់​ស្ដេច​ស្រុក​បាប៊ីឡូន ផ្លូវ​ទាំង​ពីរ​នេះ​ចេញ​ពី​ស្រុក​តែ​មួយ។ ចូរ​ដាក់​សញ្ញា​សម្គាល់​នៅ​មាត់​ផ្លូវ​ដែល​នាំ​ទៅ​កាន់​ទីក្រុង​នីមួយៗ។ ២៥(២០) ចូរ​គូរ​ផ្លូវ​មួយ​នាំ​ មុខ​ដាវ​ឆ្ពោះ​ទៅ​ក្រុង​រ៉ាបា​ ក្នុង​ស្រុក​អាំម៉ូន និង​មួយ​ទៀត​នាំ​ទៅ​ក្រុង​យេរូសាឡឹម​ក្នុង​ស្រុក​យូដា ជា​ក្រុង​ដែល​មាន​កំពែង​រឹងមាំ។ ២៦(២១) ពេល​ស្ដេច​ស្រុក​បាប៊ីឡូន​មក​ដល់​ត្រង់​ផ្លូវ​បំបែក ហើយ​គន់គូរ​ចង់​ដឹង​ផ្លូវ​ដែល​ត្រូវ​ទៅ​ដោយ​អង្រួន​ព្រួញ​ផ្សង និង​សួរ​គ្រូ​។ ២៧(២២) ដៃ​ស្ដាំ​របស់​ស្ដេច​ ចាប់​ប៉ះ​ចំ​លើ​ព្រួញ​តំណាង​ក្រុង​យេរូសាឡឹម ស្ដេច​ក៏​បញ្ជា​អោយ​គេ​រៀបចំ​ទ័ព ចូល​ទៅ​សម្លាប់​រង្គាល​ទាំង​ស្រែក​ហ៊ោ។ គេ​តំរៀប​គ្រឿង​សស្រ្ដាវុធ ដើម្បី​ទម្លុះ​ទ្វារ​ក្រុង គេ​លើក​ទួល​សំរាប់​វាយ​លុក ព្រម​ទាំង​សង់​លេណដ្ឋាន​ទៀត​ផង។ ២៨(២៣) ប្រជាជន​ក្រុង​ យេរូសាឡឹម​មិន​ចង់​ជឿ​ប្រផ្នូល​នេះ​ទេ ព្រោះ​ពួក​គេ​ពឹង​ផ្អែក​លើ​កិច្ច​សន្យា។ ប៉ុន្តែ ស្ដេច​ស្រុក​បាប៊ីឡូន​រំលឹក​ពួក​គេ​អំពី​កំហុស​របស់​ខ្លួន ហើយ​កៀរ​ពួក​គេ​ទៅ​ជា​ឈ្លើយ​សឹក»។ ២៩(២៤) ហេតុ​នេះ​ហើយ​បាន​ជា​ព្រះជាអម្ចាស់​ មាន​ព្រះបន្ទូល​ថា៖ «អ្នក​រាល់​គ្នា​នឹក​ឃើញ​កំហុស​របស់​ខ្លួន ហើយ​នៅ​តែ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត និង​អំពើ​បាប​ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ អ្នក​រាល់​គ្នា​មុខ​ជា​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សត្រូវ​មិន​ខាន។

៣០(២៥) ចំណែក​ឯ ​អ្នក​ដែល​ជា​មេ​ដឹក​នាំ​ពាល និង​ទុច្ចរិត​របស់​ជន​ជាតិ​អ៊ីស្រាអែល​វិញ ថ្ងៃ​ដែល​អ្នក​ត្រូវ​ទទួល​ទោស​មក​ដល់​ហើយ ពេល​នោះ អ្នក​លែង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត!»។ ៣១(២៦) ព្រះជាអម្ចាស់​ មាន​ព្រះបន្ទូល​ថា៖ «គេ​នឹង​យក​ឆ្នួត​ចេញ​ពី​ក្បាល​អ្នក គេ​នឹង​ដក​មកុដ​រាជ្យ​ចេញ​ពី​អ្នក។ សភាពការណ៍​នឹង​ផ្លាស់​ប្រែ គឺ​មនុស្ស​ទន់ទាប​នឹង​ត្រូវ​គេ​លើក​តម្កើង រីឯ​អ្នក​ខ្ពង់ខ្ពស់​នឹង​ត្រូវ​គេ​បន្ទាប​ចុះ​វិញ។ ៣២(២៧) ការ​វិនាស​នឹង​កើត​មាន​ ផ្ទួនៗ​គ្នា គឺ​យើង​នឹង​ធ្វើ​អោយ​ក្រុង​នេះ​វិនាស។ ប៉ុន្តែ មិន​មែន​មុន​ការ​មក​ដល់​របស់​អ្នក ដែល​យើង​ប្រគល់​អំណាច​អោយ​ដាក់​ទោស​ក្រុង​នេះ​ឡើយ។

ដាវ​នឹង​ប្រហារ​ជន​ជាតិ​អាំម៉ូន
៣៣(២៨) កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ទៅ! ចូរ​ពោល​ថា ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ស្ដី​អំពី​ជន​ជាតិ​ អាំម៉ូន​ដែល​បាន​ប្រមាថ​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ត​ទៅ: “ដាវ! ដាវ​ដក​ចេញ​ពី​ស្រោម ហើយ​ខាត់​យ៉ាង​រលោង ចាំង​ពន្លឺ​ដូច​ផ្លេក​បន្ទោរ សំរាប់​សម្លាប់​រង្គាល និង​ផ្ដាច់​ជីវិត។ ៣៤(២៩) ពេល​អ្នក​អះអាង​លើ​ និមិត្តហេតុ​បោក​ប្រាស់ និង​ការ​ទស្សន៍ទាយ​បោក​បញ្ឆោត គេ​នឹង​ត្រៀម​ដាវ​កាត់​ក​អ្នក​ដែល​ជា​មនុស្ស​ទុច្ចរិត និង​ជា​មនុស្ស​អាក្រក់ ព្រោះ​ថ្ងៃ​ដែល​អ្នក​ត្រូវ​ទទួល​ទោស​មក​ដល់​ហើយ ពេល​នោះ អ្នក​លែង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត!។

៣៥(៣០) ចូរ​ស៊ក​ដាវ​ក្នុង​ស្រោម​វិញ​ទៅ។ យើង​នឹង​វិនិច្ឆ័យ​ទោស​អ្នក នៅ​កន្លែង​ដែល​អ្នក​កើត គឺ​ស្រុក​កំណើត​របស់​អ្នក។ ៣៦(៣១) យើង​នឹង​ជះ​កំហឹង​របស់​ យើង​លើ​អ្នក យើង​នឹង​ផ្លុំ​ភ្លើង​នៃ​កំហឹង​របស់​យើង​ទៅ​លើ​អ្នក ហើយ​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​កំរោល ដែល​ប៉ិនប្រសប់​ខាង​បំផ្លាញ។ ៣៧(៣២) អ្នក​នឹង​វិនាស​នៅ​ ក្នុង​ភ្លើង ឈាម​របស់​អ្នក​នឹង​ដក់​នៅ​ក្នុង​ស្រុក ហើយ​ក៏​គ្មាន​នរណា​នឹក​ដល់​អ្នក​ទៀត​ដែរ”។ នេះ​ជា​ពាក្យ​របស់​យើង ដែល​ជា​ព្រះអម្ចាស់»។