អេសេគីអែល (២០)

ទោះ​បី​ជន​ជាតិ​អ៊ីស្រាអែល​បះបោរ
ព្រះជាម្ចាស់​នៅ​តែ​ដឹក​នាំ​ពួក​គេ
 នៅ​ឆ្នាំ​ទី​ប្រាំពីរ ថ្ងៃ​ទី​ដប់​នៃ​ខែ​ទី​ប្រាំ​ មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​ព្រឹទ្ធាចារ្យ​របស់​ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា ​មក​សួរ​ព្រះអម្ចាស់ ពួក​គេ​អង្គុយ​នៅ​មុខ​ខ្ញុំ។ ២ ពេល​នោះ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖

 «កូន​មនុស្ស​អើយ ចូរ​ប្រាប់​ព្រឹទ្ធាចារ្យ​របស់​ជន​ជាតិ​អ៊ីស្រា​អែល​ថា ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “តើ​អ្នក​រាល់​គ្នា​មក​នេះ ដើម្បី​រក​យើង​ទស្សន៍ទាយ​អោយ​ឬ? អ្នក​រាល់​គ្នា​នឹក​ស្មាន​ថា យើង​នឹង​ផ្ដល់​ចម្លើយ​អោយ​អ្នក​រាល់​គ្នា​ឬ? យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ យើង​នឹង​មិន​ផ្ដល់​ចម្លើយ​អោយ​អ្នក​រាល់​គ្នា​ជា​ដាច់​ខាត”- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់។ កូន​មនុស្ស​អើយ ចូរ​វិនិច្ឆ័យ​ពួក​គេ ចូរ​វិនិច្ឆ័យ​ពួក​គេ​ទៅ! ចូរ​ប្រាប់​ពួក​គេ​អោយ​ដឹង ​នូវ​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​ដូនតា​របស់​ពួក​គេ ​បាន​​ប្រព្រឹត្ត។ ចូរ​ប្រាប់​ពួក​គេ​ថា ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: នៅ​ថ្ងៃ​យើង​ជ្រើស​រើស​ជន​ជាតិ​អ៊ីស្រាអែល យើង​បាន​លើក​ដៃ​សច្ចា​ចំពោះ​ពូជពង្ស​របស់​លោក​យ៉ាកុប ព្រម​ទាំង​សំដែង​អោយ​ពួក​គេ​ស្គាល់​យើង​នៅ​ស្រុក​អេស៊ីប។ យើង​បាន​លើក​ដៃ​សច្ចា​ថា “យើង​ជា​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា”។  នៅ​ថ្ងៃ​នោះ​យើង​បាន​លើក​ ដៃ​សច្ចា​ចំពោះ​ពួក​គេ​ថា យើង​នឹង​នាំ​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​ឆ្ពោះ​ទៅ​កាន់​ស្រុក​មួយ​ដែល​ យើង​ជ្រើស​រើស​សំរាប់​ពួក​គេ គឺ​ជា​ស្រុក​ដ៏​សម្បូណ៌​សប្បាយ​ និង​ស្រុក​ដែល​ល្អ​ស្អាត​ជាង​គេ​ទាំង​អស់។ យើង​បាន​ប្រាប់​ពួក​គេ​ថា “ម្នាក់ៗ​ត្រូវ​បោះ​បង់​ចោល​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម ដែល​ទាក់ទាញ​ចិត្ត​អ្នក​រាល់​គ្នា។ មិន​ត្រូវ​អោយ​ខ្លួន​ទៅ​ជា​សៅហ្មង ដោយ​ថ្វាយបង្គំ​ព្រះ​របស់​ស្រុក​អេស៊ីប​ឡើយ។ យើង​ជា​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា”។

 ប៉ុន្តែ ពួក​គេ​បះបោរ​ប្រឆាំង​នឹង​យើង មិន​ព្រម​ស្ដាប់​បង្គាប់​យើង​ទេ គឺ​គ្មាន​នរណា​ម្នាក់​លះបង់​ចោល​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​ដែល​ទាក់ទាញ​ចិត្ត ​ពួក​គេ​នោះ​ឡើយ ហើយ​ពួក​គេ​ក៏​មិន​ព្រម​បោះ​បង់​ព្រះ​ក្លែងក្លាយ​នៃ​ស្រុក​អេស៊ីប​ដែរ។ នៅ​ស្រុក​អេស៊ីប​នោះ យើង​មាន​បំណង​ដាក់​ទោស​ពួក​គេ​តាម​កំហឹង​របស់​យើង​រហូត​ទាល់​តែ​ចប់​ចុង​ចប់ ​ដើម។ ប៉ុន្តែ យើង​មិន​បាន​បំផ្លាញ​ពួក​គេ​ទេ ដើម្បី​កុំ​អោយ​អាប់​កេរ្តិ៍​ឈ្មោះ​របស់​យើង​នៅ​ចំពោះ​មុខ​ប្រជាជាតិ​ ទាំងឡាយ​ដែល​ពួក​គេ​រស់​នៅ​ជា​មួយ។ យើង​បាន​សំដែង​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ស្គាល់​យើង នៅ​ចំពោះ​មុខ​ប្រជាជាតិ​ទាំង​នោះ​ដោយ​នាំ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​ អេស៊ីប។ ១០ យើង​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីប ព្រម​ទាំង​ដឹក​នាំ​ពួក​គេ​នៅ​វាល​រហោស្ថាន​ទៀត​ផង។ ១១ យើង​បាន​ប្រគល់​ច្បាប់​អោយ​ពួក​គេ និង​នាំ​ពួក​គេ​អោយ​ស្គាល់​វិន័យ​របស់​យើង។ អ្នក​ណា​ប្រតិបត្តិ​តាម អ្នក​នោះ​នឹង​មាន​ជីវិត។ ១២ យើង​ក៏​តាំង​អោយ​មាន​ថ្ងៃ​សប្ប័ទ*​ទុក​ជា​ទី​សម្គាល់​សំរាប់​យើង និង​ពួក​គេ ដើម្បី​អោយ​ពួក​គេ ទទួល​ស្គាល់​ថា យើង​ជា​ព្រះអម្ចាស់​ដែល​ប្រោស​ពួក​គេ​អោយ​បាន​វិសុទ្ធ*។

១៣ នៅ​វាល​រហោស្ថាន ប្រជាជន​អ៊ីស្រាអែល​នាំ​គ្នា​បះបោរ​ប្រ​ឆាំង​នឹង​យើង។ ពួក​គេ​ពុំ​បាន​ប្រតិបត្តិ​តាម​ច្បាប់​របស់​យើង ហើយ​ក៏​បដិសេធ​ធ្វើ​តាម​វិន័យ​របស់​យើង ដែល​ផ្ដល់​ជីវិត​អោយ​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម។ ពួក​គេ​ចេះ​តែ​រំលោភ​លើ​ថ្ងៃ​សប្ប័ទ​របស់​យើង​ជានិច្ច។ យើង​មាន​បំណង​ដាក់​ទោស​ពួក​គេ ដោយ​ប្រល័យ​ជីវិត​ពួក​គេ​អោយ​វិនាស​សូន្យ​នៅ​វាល​រហោស្ថាន​តាម​កំហឹង​របស់​ យើង។ ១៤ ក៏​ប៉ុន្តែ យើង​មិន​បាន​បំផ្លាញ​ពួក​គេ​ទេ ដើម្បី​កុំ​អោយ​អាប់​កេរ្តិ៍​ឈ្មោះ​របស់​យើង​នៅ​ចំពោះ​មុខ​ប្រជាជាតិ​ ទាំងឡាយ ដែល​បាន​ឃើញ​យើង​នាំ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ ១៥ នៅ​វាល​រហោស្ថាន យើង​ក៏​លើក​ដៃ​សច្ចា​ចំពោះ​ពួក​គេ​ថា យើង​នឹង​មិន​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​បាន​ប្រគល់​អោយ​ពួក​គេ​ នោះ​ឡើយ គឺ​ស្រុក​ដ៏​សម្បូណ៌​សប្បាយ និង​ស្រុក​ដែល​ល្អ​ស្អាត​ជាង​គេ​ទាំង​អស់។ ១៦ យើង​ធ្វើ​ដូច្នេះ​មក​ពី ​ពួក​គេ​មើលងាយ​វិន័យ​របស់​យើង មិន​ធ្វើ​តាម​ច្បាប់​របស់​យើង ព្រម​ទាំង​រំលោភ​លើ​ថ្ងៃ​សប្ប័ទ​របស់​យើង​ទៀត​ផង ពួក​គេ​ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែងក្លាយ​របស់​ខ្លួន​ជានិច្ច។ ១៧ ប៉ុន្តែ យើង​មាន​ចិត្ត​អាណិត​មេត្តា​ពួក​គេ យើង​ពុំ​បាន​កំទេច និង​ប្រល័យ​ជីវិត​ពួក​គេ​អោយ​វិនាស​សូន្យ​នៅ​វាល​រហោស្ថាន​ទេ។ ១៨​​យើង​បាន​ប្រាប់​កូន​ចៅ​ របស់​ពួក​គេ នៅ​វាល​រហោស្ថាន​ថា “កុំ​ធ្វើ​តាម​ច្បាប់ និង​គោរព​តាម​វិន័យ​របស់​ដូនតា​អ្នក​រាល់​គ្នា ហើយ​ក៏​មិន​ត្រូវ​បណ្ដោយ​អោយ​ខ្លួន​សៅហ្មង ព្រោះ​តែ​ព្រះ​ក្លែងក្លាយ​របស់​ពួក​គេ​ដែរ។ ១៩ យើង​ជា​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​តាម​ច្បាប់ និង​គោរព​ពាក្យ​បង្គាប់​របស់​យើង គឺ​ត្រូវ​ប្រតិបត្តិ​តាម​ជានិច្ច។ ២០ ចូរ​ចាត់​ទុក​ថ្ងៃ​ សប្ប័ទ*​របស់​យើង​ជា​ថ្ងៃ​ដ៏វិសុទ្ធ ដ្បិត​ថ្ងៃ​សប្ប័ទ​នេះ​ជា​ទី​សម្គាល់​សំរាប់​យើង និង​អ្នក​រាល់​គ្នា ដើម្បី​រំលឹក​អោយ​ដឹង​ថា យើង​ជា​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា”។

២១ ប៉ុន្តែ អ្នក​ទាំង​នោះ​បាន​បះបោរ​ប្រឆាំង​នឹង​យើង​ដែរ។ ពួក​គេ​ពុំ​ធ្វើ​តាម​ច្បាប់​របស់​យើង​ទេ ពួក​គេ​ក៏​ពុំ​បាន​គោរព និង​ប្រតិបត្តិ​តាម​វិន័យ​របស់​យើង ដើម្បី​អោយ​មាន​ជីវិត​ដែរ។ ពួក​គេ​រំលោភ​លើ​ថ្ងៃ​សប្ប័ទ​របស់​យើង។ យើង​មាន​បំណង​ដាក់​ទោស​ពួក​គេ​នៅ​វាល​រហោស្ថាន តាម​កំហឹង​របស់​យើង​ទាល់​តែ​អស់​ចិត្ត។ ២២ ផ្ទុយ​ទៅ​វិញ​យើង​បាន​ ដូរ​គំនិត គឺ​យើង​មិន​ដាក់​ទោស​ពួក​គេ​ទេ ដើម្បី​កុំ​អោយ​អាប់​កេរ្តិ៍​ឈ្មោះ​របស់​យើង​នៅ​ចំពោះ​មុខ​ប្រជា​ជាតិ​ ទាំងឡាយ​ដែល​បាន​ឃើញ​យើង​នាំ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ ២៣ នៅ​ក្នុង​វាល​រហោស្ថាន​ នោះ យើង​ក៏​បាន​លើក​ដៃ​សច្ចា​ថា យើង​នឹង​បំបែក​ពួក​គេ​ទៅ​ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ ព្រម​ទាំង​កំចាត់កំចាយ​ពួក​គេ​អោយ​ទៅ​រស់​នៅ​តាម​ស្រុក​នានា​ទៀត​ផង ២៤ ព្រោះ​ពួក​គេ​ពុំ​បាន​ ធ្វើ​តាម​បង្គាប់​វិន័យ​របស់​យើង ហើយ​បោះ​បង់​ចោល​ច្បាប់ និង​រំលោភ​លើ​ថ្ងៃ​សប្ប័ទ​របស់​យើង ព្រម​ទាំង​ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែងក្លាយ​របស់​ដូនតា​ខ្លួន។ ២៥ ហេតុ​នេះ​យើង​ក៏​ប្រគល់​ច្បាប់​មិន​ល្អ​ដល់​ពួក​គេ ហើយ​អោយ​ពួក​គេ​ធ្វើ​តាម​វិន័យ ដែល​ពុំ​ផ្ដល់​អោយ​ពួក​គេ​មាន​ជីវិត។ ២៦ យើង​ធ្វើ​អោយ​ពួក​គេ​ទៅ ​ជា​សៅហ្មង​ដោយសារ​តង្វាយ​របស់​ខ្លួន គឺ​នៅ​ពេល​ដែល​គេ​យក​កូន​ច្បង​របស់​ខ្លួន​ទៅ​ដុត​ជា​យញ្ញ​បូជា។ យើង​ចង់​អោយ​ពួក​គេ​វិនាស​ហិនហោច ដើម្បី​អោយ​ពួក​គេ​ទទួល​ស្គាល់ ថា​យើង​ពិត​ជា​ព្រះអម្ចាស់​មែន។

២៧ ហេតុ​នេះ​កូន​មនុស្ស​អើយ ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ថា “ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ដូនតា​របស់​អ្នក​រាល់​គ្នា​ចេះ​តែ​នាំ​គ្នា​ប្រមាថ​យើង​ដោយ​ក្បត់​ចិត្ត​យើង។ ២៨ យើង​នាំ​ពួក​គេ​ចូល​ទៅ​ ក្នុង​ទឹក​ដី ដែល​យើង​បាន​លើក​ដៃ​សច្ចា​ថា ប្រគល់​អោយ​ពួក​គេ។ ប៉ុន្តែ ពួក​គេ​បែរ​ជា​ផ្ដោត​ចិត្ត​ទៅ​រក​ទួល​ខ្ពស់ៗ ព្រម​ទាំង​ដើម​ឈើ​ទាំង​ប៉ុន្មាន​ដែល​មាន​ស្លឹក​ពាសពេញ។ ពួក​គេ​នាំ​គ្នា​ធ្វើ​យញ្ញបូជា​នៅ​ទី​នោះ ព្រម​ទាំង​ច្រួចស្រា​បណ្ដាល​អោយ​យើង​ខឹង។ ពួក​គេ​សែន​សំណែន​ដ៏​មាន​ក្លិន​ឈ្ងុយឈ្ងប់ និង​ច្រួចស្រា​សែន​ព្រះ​ក្លែងក្លាយ។ ២៩ យើង​បាន​សួរ​ពួក​គេ​ថា តើ​ទួល​ខ្ពស់ៗ​ជា​អ្វី បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​កាត់​ពី​ឆ្ងាយ​ទៅ​រក​កន្លែង​នោះ?”។ គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា “ទីសក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ” រហូត​មក​ទល់​សព្វ​ថ្ងៃ។

៣០ ចូរ​ថ្លែង​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ថា ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​អោយ​ខ្លួន​សៅហ្មង ដោយ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម ដូច​ដូនតា​របស់​អ្នក​រាល់​គ្នា​យ៉ាង​នេះ?៣១ អ្នក​រាល់​គ្នា​ធ្វើ​ អោយ​ខ្លួន​សៅហ្មង ដោយ​គោរព​ព្រះ​ក្លែងក្លាយ​របស់​អ្នក​រាល់​គ្នា​រហូត​មក​ទល់​សព្វ​ថ្ងៃ។ អ្នក​រាល់​គ្នា​យក​សំណែន និង​យក​កូន​របស់​ខ្លួន​ទៅ​ដុត​ជា​យញ្ញបូជា​សែន​ព្រះ​ទាំ​នោះ។ អ៊ីស្រាអែល​អើយ តើ​អ្នក​រាល់​គ្នា​ស្មាន​ថា យើង​ផ្ដល់​ចម្លើយ​អោយ​អ្នក​រាល់​គ្នា​ឬ? ទេ​យើង​មិន​ផ្ដល់​ចម្លើយ​អោយ​អ្នក​រាល់​គ្នា​ឡើយ។ យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ! – នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់។ ៣២ អ្នក​រាល់​គ្នា​នឹក​ ស្មាន​ថា ខ្លួន​អាច​គោរព​ថ្វាយបង្គំ​ព្រះ​ដែល​ធ្វើ​ពី​ឈើ និង​ពី​ថ្ម​ដូច​ប្រជាជាតិ និង​ជាតិ​សាសន៍​នៅ​តាម​ស្រុក​នានា​នោះ​ឬ? ទេ​ធ្វើ​ដូច្នេះ​មិន​បាន​ជា​ដាច់​ខាត! ៣៣ យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ -នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់ – យើង​នឹង​គ្រង​រាជ្យ​លើ​អ្នក​រាល់​គ្នា យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា​ដោយ​ឫទ្ធិបារមី​ដ៏​ខ្លាំងក្លា​របស់​យើង។ ៣៤ យើង​នឹង​នាំ​អ្នក​រាល់​ គ្នា​ចេញ​ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំងឡាយ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ពី​ស្រុក​ដែល​យើង​កំចាត់កំចាយ​អ្នក​រាល់​ គ្នា​អោយ​ទៅ​នោះ ហើយ​យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា​ដោយ​ឫទ្ធិបារមី​ដ៏​ខ្លាំងក្លា​របស់​ យើង។ ៣៥ យើង​នឹង​នាំ​អ្នក​រាល់​ គ្នា​ទៅ​វាល​រហោស្ថាន​ដាច់​ឡែក​ពី​ជាតិ​សាសន៍​នានា នៅ​ទី​នោះ​យើង​នឹង​វិនិច្ឆ័យ​ទោស​អ្នក​រាល់​គ្នា មុខ​ទល់​នឹង​មុខ។ ៣៦ យើង​នឹង​វិនិច្ឆ័យ​ទោស​ អ្នក​រាល់​គ្នា ដូច​យើង​ធ្លាប់​វិនិច្ឆ័យ​ទោស​ដូនតា​របស់​អ្នក​រាល់​គ្នា​នៅ​វាល​រហោស្ថាន​ ស្រុក​អេស៊ីប​ដែរ – នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់។ ៣៧ យើង​នឹង​ដាក់​អ្នក​រាល់​គ្នា​នៅ​ក្រោម​អំណាច​របស់​យើង ហើយ​បង្ខំ​អ្នក​រាល់​គ្នា​អោយ​គោរព​តាម​សម្ពន្ធមេត្រី។ ៣៨ យើង​នឹង​ដក​ជន​បះបោរ ព្រម​ទាំង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ប្រឆាំង​នឹង​យើង ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។ យើង​នឹង​យក​ពួក​គេ​ចេញ​ពី​ស្រុក​ដែល​ពួក​គេ​ទៅ​រស់​នៅ​តែ​ពួក​គេ មិន​វិល​ត្រឡប់​ទៅ​កាន់​ទឹក​ដី​អ៊ីស្រាអែល​វិញ​ឡើយ។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះអម្ចាស់​មែន»។

៣៩ រីឯ​អ្នក​រាល់​គ្នា​វិញ ជន​ជាតិ​អ៊ីស្រាអែល​អើយ ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ថា: «ទៅ! នាំ​គ្នា​ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ​របស់​អ្នក​រាល់​គ្នា​រៀងៗ​ខ្លួន​ទៅ! នៅ​ពេល​ក្រោយ​អ្នក​រាល់​គ្នា​ត្រូវ​តែ​ស្ដាប់​បង្គាប់​យើង អ្នក​រាល់​គ្នា​នឹង​លែង​ប្រមាថ​នាម​របស់​យើង ដោយ​ការ​សែនព្រេន​ព្រះ​ក្លែងក្លាយ​ទៀត​ហើយ ៤០ ដ្បិត​ជន​ជាតិ​ អ៊ីស្រាអែល​ទាំង​មូល​ដែល​រស់​នៅ​ក្នុង​ស្រុក នឹង​គោរព​បំរើ​យើង​នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង គឺ​ភ្នំ​ដ៏​ខ្ពស់​នៅ​ស្រុក​អ៊ីស្រាអែល – នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់។ យើង​ពេញ​ចិត្ត​នឹង​ទទួល​អ្នក​រាល់​គ្នា​នៅ​លើ​ភ្នំ​នោះ ព្រម​ទាំង​ទទួល​តង្វាយ​ផល​ដំបូង និង​អ្វីៗ​ផ្សេង​ទៀត​ដែល​អ្នក​រាល់​គ្នា​ញែក​ទុក​សំរាប់​យើង។ ៤១ កាល​យើង​នាំ​អ្នក​រាល់​ គ្នា​ចេញ​ពី​ចំណោម​ជាតិ​សាសន៍​ទាំងឡាយ កាល​យើង​ប្រមូល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក ដែល​យើង​បំបែក​អ្នក​រាល់​គ្នា​អោយ​ទៅ​នៅ​នោះ​មក​វិញ យើង​ពេញ​ចិត្ត​នឹង​ទទួល​អ្នក​រាល់​គ្នា ព្រម​ទាំង​ទទួល​យញ្ញបូជា​ដ៏​មាន​ក្លិន​ឈ្ងុយឈ្ងប់។ ពេល​នោះ យើង​នឹង​សំដែង​អោយ​ប្រជាជាតិ​នានា​ឃើញ​ថា យើង​ជា​ព្រះ​ដ៏វិសុទ្ធ ដោយ​យើង​ប្រណី​សន្ដោស​អ្នក​រាល់​គ្នា។ ៤២ ពេល​យើង​នាំ​អ្នក​រាល់​ គ្នា​វិល​ត្រឡប់​ទៅ​កាន់​ទឹក​ដី​អ៊ីស្រាអែល​វិញ គឺ​ទឹក​ដី​ដែល​យើង​បាន​លើក​ដៃ​សច្ចា​ថា ប្រគល់​អោយ​ដូនតា​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះអម្ចាស់​មែន។ ៤៣ នៅ​ទី​នោះ​អ្នក​រាល់​ គ្នា​នឹង​នឹក​ឃើញ​អំពី​កិរិយា​មារយាទ និង​អំពើ​ទាំង​ប៉ុន្មាន​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​អោយ​ខ្លួន​សៅហ្មង អ្នក​រាល់​គ្នា​នឹក​ខ្មាស​ខ្លួន​ឯង ព្រោះ​តែ​អំពើ​ទុច្ចរិត​ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត។ ៤៤ ជន​ជាតិ​អ៊ីស្រាអែល​អើយ ​យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​ដោយ​យល់​ដល់​នាម​យើង​ផ្ទាល់ គឺ​យើង​មិន​ប្រព្រឹត្ត​តាម​អំពើ​ទុច្ចរិត និង​អំពើ​អាក្រក់​របស់​អ្នក​រាល់​គ្នា​ទេ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះអម្ចាស់​មែន» -នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់។