អេសេគីអែល (១៧)

ប្រស្នា​អំពី​ដើម​តាត្រៅ និង​សត្វ​ឥន្ទ្រី
 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ ២ «កូន​មនុស្ស​អើយ ចូរ​និទាន​រឿង​មួយ​ចោទ​ជា​ប្រស្នា​ដល់​ពូជពង្ស​អ៊ីស្រាអែល​ទៅ! ៣ ចូរ​ប្រាប់​ពួក​គេ​ថា ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: មាន​សត្វ​ឥន្ទ្រី​មួយ​យ៉ាង​ធំ ផ្ទាំង​ស្លាប​វា​វែង ស្លាប​វា​ក្រាស់ ហើយ​ចំរុះ​ពណ៌។ ឥន្ទ្រី​នោះ​ហើរ​ទៅ​ដល់​ភ្នំ​លីបង់ រួច​កាច់​ចុង​តាត្រៅ។  ឥន្ទ្រី​ក៏​កាច់​មែក​ខ្ពស់​ជាង​គេ ពាំ​យក​ទៅ​ស្រុក​របស់​អ្នក​លក់​ដូរ​ដាក់​នៅ​ក្នុង​ក្រុង​របស់​អ្នក​ជំនួញ។ ៥ បន្ទាប់​មក ឥន្ទ្រី​ពាំ​គ្រាប់​ពូជ​មួយ​ពី​ស្រុក​នោះ យក​ទៅ​ដាក់​លើ​ថ្នាល​មួយ។ ឥន្ទ្រី​ដាំ​គ្រាប់​នោះ ដូច​ដាំ​ដើម​ចាក នៅ​កន្លែង​ដែល​មាន​ទឹក​បរិបូណ៌។ គ្រាប់​ពូជ​នោះ​ក៏​ដុះ​ ឡើង ក្លាយ​ទៅ​ជា​ដើម​ទំពាំងបាយជូរ​បែក​មែក​សាខា​វារ​នៅ​លើ​ដី។ មែក​របស់​វា​បែរ​ទៅ​រក​ឥន្ទ្រី រីឯ​ឫស​ស្ថិត​នៅ​ពី​ក្រោម​វា។ ដើម​ទំពាំងបាយជូរ​នោះ​លូត​លាស់​ចេញ​ពន្លក​បង្កើត​មែក​ធាង។

 បន្ទាប់​មក មាន​ឥន្ទ្រី​ដ៏​ធំ​មួយ​ទៀត​ដែល​មាន​ផ្ទាំង​ស្លាប​វែង និង​មាន​ស្លាប​ក្រាស់។ ទំពាំងបាយជូរ​លូត​ផុត​ពី​ដី ហើយ​បែរ​ទាំង​ឫស​ទាំង​មែក​ទៅ​រក​ឥន្ទ្រី​ថ្មី ដើម្បី​ទទួល​ទឹក​ពី​ឥន្ទ្រី​នោះ។ ទំពាំងបាយជូរ​ដុះ​នៅ​លើ​ ដី​មាន​ជីជាតិ​ល្អ​មាន​ទឹក​បរិបូណ៌ ហើយ​បែក​មែក​សាខា បង្កើត​ផល​ផ្លែ​ក្លាយ​ទៅ​ជា​ដើម​ទំពាំងបាយ​ជូរ​ដ៏​ល្អ​ប្រណីត»។

 ព្រះជាអម្ចាស់​ មាន​ព្រះបន្ទូល​ថា៖ «តើ​ដើម​ទំពាំងបាយជូរ​នេះ​អាច​ចំរើន​លូត​លាស់​បាន​ឬ? ឥន្ទ្រី​ទី​មួយ​នឹង​ដក​ឫស ព្រម​ទាំង​ជំរុះ​ផ្លែ​របស់​វា​ទុក​អោយ​ដើម​វា​ក្រៀម​ស្ងួត ហើយ​ស្លឹក​ដែល​ទើប​នឹង​ដុះ​ក៏​ក្រៀម​ស្ងួត​អស់​ដែរ។ ដើម្បី​ដក​ឫស​របស់​វា​មិន​ចាំបាច់​ប្រើ​កម្លាំង​ខ្លាំង ឬ​កងទ័ព​ច្រើន​ឡើយ។ ១០ ទោះ​បី​ទំពាំងបាយជូរ​ នេះ​ដុះ​យ៉ាង​មាំ​ក្ដី ក៏​វា​ពុំ​អាច​លូត​លាស់​បាន​ដែរ។ ពេល​មាន​ខ្យល់​បក់​ពី​ទិស​ខាង​កើត វា​មុខ​ជា​ក្រៀម​ស្ងួត​មិន​ខាន គឺ​វា​នឹង​ក្រៀម​នៅ​លើ​ដី​ដែល​វា​ដុះ​នោះ»។

១១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ ១២ «ចូរ​សួរ​ពូជ​បះបោរ​ថា តើ​អ្នក​រាល់​គ្នា​យល់​អត្ថន័យ​ប្រស្នា​នេះ​ឬ​ទេ? ចូរ​ប្រាប់​ពួក​គេ​ថា ស្ដេច​ស្រុក​បាប៊ីឡូន​បាន​ទៅ​ក្រុង​យេរូសាឡឹម ហើយ​ចាប់​ស្ដេច​ស្រុក​យូដា និង​ពួក​នាម៉ឺន​នាំ​យក​មក​ស្រុក​បាប៊ីឡូន។ ១៣ ស្ដេច​ស្រុក​បាប៊ីឡូន​ ជ្រើស​រើស​ពូជ​ស្ដេច​ស្រុក​យូដា​មួយ​រូប​មក ហើយ​ចង​សម្ពន្ធមេត្រី​ជា​មួយ ព្រម​ទាំង​អោយ​ពូជ​ស្ដេច​នោះ​ធ្វើ​សច្ចាប្រណិធាន​ផង។ ស្ដេច​ស្រុក​បាប៊ីឡូន​យក​ពួក​មេ​ដឹក​នាំ​ចេញ​ពី​ស្រុក ១៤ ដើម្បី​អោយ​នគរ​នោះ​នៅ​ទន់​ខ្សោយ មិន​អាច​បះបោរ ហើយ​គោរព​សម្ពន្ធមេត្រី​យ៉ាង​ម៉ត់ចត់។ ១៥ ប៉ុន្តែ ស្ដេច​យូដា​បះបោរ​ប្រឆាំង​នឹង​ស្ដេច​ស្រុក​បាប៊ីឡូន ដោយ​ចាត់​អ្នក​នាំ​សារ​ទៅ​ស្រុក​អេស៊ីប​សុំ​ជំនួយ​ទ័ព​សេះ និង​ពល​ទាហាន​យ៉ាង​ច្រើន។ តើ​ស្ដេច​ធ្វើ​ដូច្នេះ​អាច​សំរេច​គំរោងការ និង​រំដោះ​ខ្លួន​បាន​ឬ​ទេ? ស្ដេច​នោះ​ផ្ដាច់​សម្ពន្ធមេត្រី ហើយ​ពិត​ជា​ពុំ​អាច​រំដោះ​ខ្លួន​បាន​ឡើយ! ១៦ យើង​ជា​ព្រះ​ដ៏​មាន​ជីវិត​គង់​នៅ! -នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់ – ស្ដេច​នោះ​មុខ​ជា​ស្លាប់​នៅ​ក្នុង​ស្រុក នៅ​ក្បែរ​ស្ដេច​ដែល​បាន​តែងតាំង​ខ្លួន​អោយ​គ្រង​រាជ្យ និង​នៅ​កណ្ដាល​ក្រុង​បាប៊ីឡូន ព្រោះ​ស្ដេច​នោះ​បាន​ក្បត់​ពាក្យ​សច្ចាប្រណិធាន និង​ផ្ដាច់​សម្ពន្ធមេត្រី​ទៀត​ផង។ ១៧ ពេល​កងទ័ព​បាប៊ីឡូន​សង់ ​ប៉ម និង​លើក​ទួល​ឡើង ដើម្បី​ប្រល័យ​ជីវិត​ប្រជាជន​ដ៏​ច្រើន​កុះករ ទោះ​បី​ស្ដេច​ផារ៉ោន​មាន​ទ័ព​ជា​ច្រើន និង​ខ្លាំង​ពូកែ​យ៉ាង​ណា​ក្ដី​ក៏​ពុំ​អាច​ជួយ​ស្ដេច​នោះ​បាន​ដែរ។ ១៨ ស្ដេច​នោះ​បាន​ក្បត់​ ពាក្យ​សច្ចាប្រណិធាន និង​ផ្ដាច់​សម្ពន្ធមេត្រី គឺ​ស្ដេច​បាន​ព្រម​ព្រៀង​ជា​មួយ​គេ ហើយ​បែរ​ជា​ប្រព្រឹត្ត​អំពើ​ទាំង​នេះ​ទៅ​វិញ ដូច្នេះ ស្ដេច​ពុំ​អាច​រំដោះ​ខ្លួន​បាន​ឡើយ!»។

១៩ ហេតុ​នេះ​ព្រះជាអម្ចាស់​ មាន​ព្រះបន្ទូល​ថា៖ «យើង​ជា​ព្រះ​ដ៏​មាន​ជីវិត​គង់​នៅ! ស្ដេច​ស្រុក​អ៊ីស្រាអែល​ក្បត់​នឹង​ពាក្យ​សច្ចាប្រណិធាន ដែល​គេ​បាន​ស្បថ​ជា​មួយ​យើង ហើយ​ក៏​ផ្ដាច់​សម្ពន្ធមេត្រី​ដែល​គេ​បាន​ចង​ជា​មួយ​យើង​ដែរ។ យើង​នឹង​ដាក់​ទោស​គេ​តាម​ពាក្យ​ដែល​គេ​ស្បថ។ ២០ យើង​នឹង​បោះ​សំណាញ់​ទៅ​ លើ​ស្ដេច ហើយ​ស្ដេច​នោះ​នឹង​ជាប់​ក្នុង​សំណាញ់​របស់​យើង។ យើង​នឹង​នាំ​គេ​ទៅ​ស្រុក​បាប៊ីឡូន ហើយ​នៅ​ទី​នោះ​យើង​នឹង​កាត់​ទោស​គេ ព្រោះ​គេ​បាន​ក្បត់​យើង។ ២១ ទាហាន​ដ៏​ចំណាន​របស់​គេ ​នឹង​ស្លាប់​ដោយ​មុខ​ដាវ រីឯ​អ្នក​ដែល​រួច​ពី​ស្លាប់ នឹង​ត្រូវ​ខ្ចាត់ខ្ចាយ​រត់​ទៅ​គ្រប់​ទិសទី។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា នេះ​ពិត​ជា​ពាក្យ​របស់​យើង ដែល​ជា​ព្រះអម្ចាស់​មែន»។

ព្រះបន្ទូល​សន្យា
២២ ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​កាច់​ពន្លក​មួយ​ពី​ចុង​តាត្រៅ យក​មក​ដាំ​នៅ​លើ​ភ្នំ​ដ៏​ខ្ពស់​សន្លឹម។ ២៣ យើង​នឹង​ដាំ​ពន្លក​នោះ​ នៅ​លើ​ភ្នំ​ដ៏​ខ្ពស់​ក្នុង​ស្រុក​អ៊ីស្រាអែល ពន្លក​នោះ​នឹង​បែក​មែក​សាខា បង្កើត​ផ្លែ​ផ្កា ក្លាយ​ទៅ​ជា​ដើម​តាត្រៅ​ដ៏​ល្អ​ប្រណីត។ បក្សាបក្សី​គ្រប់​ប្រភេទ​នឹង​នាំ​គ្នា​មក​ធ្វើ​សំបុក​អាស្រ័យ​នៅ​តាម​មែក​ តាត្រៅ​នោះ។ ២៤ ពេល​នោះ ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​តាម​ព្រៃ​នឹង​ទទួល​ស្គាល់​ថា គឺ​យើង​នេះ​ហើយ​ជា​ព្រះអម្ចាស់។ យើង​រំលំ​ដើម​ឈើ​ខ្ពស់ៗ ហើយ​លើក​ដើម​ឈើ​តូចៗ​អោយ​លូត​ខ្ពស់​ឡើង។ យើង​ធ្វើ​អោយ​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី ប្រែ​ជា​ក្រៀម​ស្ងួត ហើយ​ធ្វើ​អោយ​ដើម​ឈើ​ក្រៀម​ស្ងួត ត្រឡប់​ជា​មាន​ស្លឹក​ខៀវ​ខ្ចី​វិញ។ យើង​ជា​ព្រះអម្ចាស់​យើង​និយាយ​យ៉ាង​ណា យើង​ក៏​នឹង​ធ្វើ​យ៉ាង​នោះ​ដែរ»។