អេសេគីអែល (១៤)

អ៊ីស្រាអែល​ត្រូវ​តែ​បោះ​បង់​ចោល​ព្រះ​ក្លែងក្លាយ
១ មាន​ព្រឹទ្ធាចារ្យ​អ៊ីស្រាអែល​ខ្លះ​មក​ជួប​ខ្ញុំ ហើយ​នាំ​គ្នា​អង្គុយ​នៅ​មុខ​ខ្ញុំ។ ពេល​នោះ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖

 «កូន​មនុស្ស​អើយ អ្នក​ទាំង​នោះ​ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែងក្លាយ ហើយ​នាំ​គ្នា​គោរព​អ្វីៗ​ដែល​នាំ​អោយ​ខ្លួន​ប្រព្រឹត្ត​អំពើ​បាប។ តើ​ពួក​គេ​នឹក​ស្មាន​ថា យើង​នឹង​ផ្ដល់​ចម្លើយ​អោយ​ឬ? ចូរ​នាំ​ពាក្យ​ទៅ​ប្រាប់​ពួក​គេ​ថា ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ក្នុង​ចំណោម​ពូជពង្ស​អ៊ីស្រាអែល អ្នក​ណា​ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែងក្លាយ ហើយ​គោរព​អ្វីៗ​ដែល​នាំ​អោយ​ខ្លួន​ប្រព្រឹត្ត​អំពើ​បាប រួច​មក​រក​ព្យាការី យើង​ជា​ព្រះអម្ចាស់ យើង​នឹង​ឆ្លើយ​តប​ទៅ​អ្នក​នោះ​វិញ​ដោយ​ផ្ទាល់​តែ​ម្ដង។ យើង​នឹង​ឆ្លើយ​ទៅ​គេ​វិញ តាម​ចំនួន​ព្រះ​ក្លែងក្លាយ​ដែល​គេ​គោរព។ ចម្លើយ​របស់​យើង​នឹង​ធ្វើ ​អោយ​ជន​ជាតិ​អ៊ីស្រាអែល​រំជួល​ចិត្ត ដ្បិត​ពួក​គេ​បាន​ងាក​ចេញ​ឆ្ងាយ​ពី​យើង ទៅ​គោរព​ព្រះ​ក្លែងក្លាយ​ទាំង​អស់​គ្នា។ ហេតុ​នេះ ចូរ​ប្រាប់​ពូជពង្ស​អ៊ីស្រាអែល​ថា ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “ចូរ​វិល​ត្រឡប់​មក​វិញ ចូរ​លះបង់​ព្រះ​ក្លែងក្លាយ ហើយ​ងាក​ចេញ​ពី​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត!

 ប្រសិន​បើ ​ជន​ជាតិ​អ៊ីស្រាអែល ឬ​ជន​បរទេស​ណា​ម្នាក់​ដែល​រស់​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល ងាក​ចេញ​ឆ្ងាយ​ពី​យើង ព្រម​ទាំង​ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែងក្លាយ ហើយ​នាំ​គ្នា​គោរព​អ្វីៗ​ដែល​នាំ​អោយ​ខ្លួន​ប្រព្រឹត្ត​អំពើ​បាប រួច​មក​រក​ព្យាការី​ទស្សន៍ទាយ យើង​ដែល​ជា​ព្រះអម្ចាស់ ​យើង​នឹង​ឆ្លើយ​តប​ទៅ​អ្នក​នោះ​វិញ​ដោយ​ផ្ទាល់​តែ​ម្ដង។ យើង​នឹង​ដាក់​ទោស​អ្នក​នោះ យើង​នឹង​ធ្វើ​អោយ​អ្នក​នោះ​ក្លាយ​ទៅ​ជា​គំរូ​អាក្រក់ និង​ជា​មេរៀន​សំរាប់​ព្រមាន​អ្នក​ឯ​ទៀតៗ យើង​នឹង​ដក​អ្នក​នោះ​ចេញ​ពី​ចំណោម​ប្រជារាស្ត្រ​របស់​យើង។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះអម្ចាស់​មែន។

 ប្រសិន​បើ​ព្យាការី​ចាញ់​ការ​ល្បួង​របស់​គេ ហើយ​ឆ្លើយ​តប​ទៅ​គេ​វិញ គឺ​យើង​ជា​ព្រះអម្ចាស់​បាន​បណ្ដោយ​អោយ​ព្យាការី​នោះ​ចាញ់​ការ​ល្បួង។ យើង​នឹង​ដាក់​ទោស​គាត់ ហើយ​ដក​គាត់​ចេញ​ពី​ចំណោម​អ៊ីស្រាអែល​ជា​ប្រជារាស្ត្រ​របស់​យើង។ ១០ ព្យាការី និង​អ្នក​ទៅ​រក​ព្យាការី​ទស្សន៍ទាយ​ត្រូវ​ទទួល​ទោស​ដូច​គ្នា ព្រោះ​គេ​ប្រព្រឹត្ត​អំពើ​បាប​តែ​មួយ។ ១១ ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​លែង​វង្វេង​ចេញ​ឆ្ងាយ​ពី​យើង ហើយ​លែង​សៅហ្មង​ដោយ​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​ទៀត​ហើយ។ ពេល​នោះ គេ​នឹង​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​យើង ហើយ​យើង​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ”» – នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់។

ទោស​ដែល​អ៊ីស្រាអែល​ត្រូវ​តែ​ទទួល
១២ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ ១៣  «កូន​មនុស្ស​អើយ ប្រសិន​បើ​ប្រជាជន​នៅ​ក្នុង​ស្រុក​ទាំង​មូល​ប្រព្រឹត្ត​អំពើ​បាប​ដោយ​ក្បត់​យើង យើង​នឹង​ដាក់​ទោស​ពួក​គេ​អោយ​ខ្វះ​ស្បៀង និង​កើត​ទុរ្ភិក្ស ហើយ​ដក​ជីវិត​ទាំង​មនុស្ស​ទាំង​សត្វ​នៅ​ស្រុក​នោះ​ផង។ ១៤ ទោះ​បី​នៅ​ស្រុក​នោះ​ មាន​ណូអេ ដានីអែល និង​យ៉ូប​ក្ដី ក៏​សេចក្ដី​សុចរិត​របស់​អ្នក​ទាំង​បី រក្សា​បាន​ត្រឹម​តែ​ជីវិត​របស់​ខ្លួន​គេ​ផ្ទាល់​ប៉ុណ្ណោះ – នេះ​ជា​ព្រះបន្ទូល​របស់​ព្រះ​ជា​អម្ចាស់។ ១៥ ប្រសិន​បើ​យើង​អោយ​សត្វ ​សាហាវ​ចូល​មក​ក្នុង​ស្រុក ប្រល័យ​ជីវិត​អ្នក​ស្រុក និង​ធ្វើ​អោយ​ស្រុក​នោះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន គ្មាន​នរណា​ដើរ​កាត់ ព្រោះ​ខ្លាច​សត្វ​ទាំង​នោះ ១៦ ទោះ​បី​មាន​អ្នក​ទាំង​បី ​រស់​នៅ​ក្នុង​ស្រុក​ក្ដី យើង​សុំ​ប្រកាស​ក្នុង​នាម​យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ​ថា អ្នក​ទាំង​បី​រំដោះ​បាន​តែ​ជីវិត​របស់​ខ្លួន​ប៉ុណ្ណោះ គឺ​សូម្បី​តែ​កូន​ប្រុស​កូន​ស្រី​របស់​គេ​ផ្ទាល់ ក៏​គេ​ពុំ​អាច​រំដោះ​បាន​ដែរ ហើយ​ស្រុក​នោះ​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន – នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់។ ១៧ ប្រសិន​បើ​យើង​ធ្វើ​អោយ ​សង្គ្រាម​កើត​មាន​ដល់​ស្រុក ប្រសិន​បើ​យើង​បញ្ជា​អោយ​កងទ័ព​មួយ​វាយ​លុក​ស្រុក​នោះ ប្រល័យ​ជីវិត​ទាំង​មនុស្ស​ទាំង​សត្វ ១៨ ទោះ​បី​មាន​អ្នក​ទាំង​ បី​រស់​នៅ​ក្នុង​ស្រុក​ក្ដី យើង​សុំ​ប្រកាស​ក្នុង​នាម​យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ​ថា អ្នក​ទាំង​បី​រំដោះ​បាន​តែ​ជីវិត​របស់​ខ្លួន​ប៉ុណ្ណោះ គឺ​សូម្បី​តែ​កូន​ប្រុស​កូន​ស្រី​របស់​គេ​ផ្ទាល់ ក៏​គេ​ពុំ​អាច​រំដោះ​បាន​ដែរ – នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់។ ១៩ ប្រសិន​បើ​យើង​ធ្វើ​អោយ​ជំងឺ​រាតត្បាត​កើត​មាន​ក្នុង​ស្រុក​នេះ ដើម្បី​ដាក់​ទោស​ពួក​គេ ដោយ​ប្រល័យ​ជីវិត​ទាំង​មនុស្ស​ទាំង​សត្វ ២០ ទោះ​បី​មាន​ណូអេ ដានីអែល និង​យ៉ូប​រស់​នៅ​ក្នុង​ស្រុក​ក្ដី យើង​សុំ​ប្រកាស​ក្នុង​នាម​យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ​ថា សេចក្ដី​សុចរិត​របស់​អ្នក​ទាំង​បី​រំដោះ​បាន​តែ​ជីវិត​របស់​ខ្លួន​ប៉ុណ្ណោះ គឺ​សូម្បី​តែ​កូន​ប្រុស​កូន​ស្រី​របស់​គេ​ផ្ទាល់ ក៏​គេ​ពុំ​អាច​រំដោះ​បាន​ដែរ» – នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជា​អម្ចាស់ -។

២១ ពិត​មែន​ហើយ ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «ទោះ​បី​យើង​ដាក់​ទោស​ក្រុង​យេរូសាឡឹម ដោយ​គ្រោះ​កាច​ទាំង​បួន​យ៉ាង គឺ​សង្គ្រាម ទុរ្ភិក្ស សត្វ​សាហាវ និង​ជំងឺ​រាតត្បាត ដើម្បី​ប្រល័យ​ជីវិត​ពួក​គេ​ទាំង​មនុស្ស​ទាំង​សត្វ​ក្ដី ២២ ក៏​មាន​មនុស្ស​ប្រុស​ ស្រី​មួយ​ចំនួន​នៅ​សេសសល់​ដែរ។ ខ្មាំង​នឹង​កៀរ​អ្នក​ទាំង​នោះ​អោយ​ចេញ​មក​នៅ​ជា​មួយ​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ឃើញ​របៀប​ដែល​គេ​រស់​នៅ ព្រម​ទាំង​របៀប​ដែល​គេ​ប្រព្រឹត្ត ហើយ​អ្នក​រាល់​គ្នា​នឹង​ធូរ​ស្រាល​ក្នុង​ចិត្ត ចំពោះ​ទុក្ខ​វេទនា​ដែល​យើង​បាន​ធ្វើ​អោយ​កើត​មាន​ដល់​ក្រុង​យេរូសាឡឹម។ ២៣ អ្នក​ទាំង​នោះ​នឹង​ សំរាល​ទុក្ខ​អ្នក​រាល់​គ្នា តាម​របៀប​ដែល​គេ​រស់​នៅ និង​របៀប​ដែល​គេ​ប្រព្រឹត្ត ហើយ​អ្នក​រាល់​គ្នា​នឹង​យល់​ថា អ្វីៗ​ទាំង​អស់​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​ក្រុង​នេះ​មិន​មែន​ឥត​មូល​ហេតុ​ ទេ» – នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់។