អេសេគីអែល (១០)

លោក​អេសេគីអែល​និមិត្ត​ឃើញ​ព្រះអម្ចាស់​សា​ជា​ថ្មី
(សូម​អាន ១:១-២៨)
 ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​លំហ​អាកាស​នៅ​ពី​លើ​ក្បាល​របស់​ពួក​ខេរូប៊ីម*។ ក្នុង​លំហ​អាកាស​នោះ​មាន​ដូច​ជា​បល្ល័ង្ក​មួយ​ធ្វើ​ពី​ត្បូង​កណ្ដៀង។ ២ ព្រះ​អម្ចាស់​ មាន​ព្រះបន្ទូល​ទៅ​កាន់​បុរស​ដែល​ពាក់​អាវ​ទេសឯក​សុទ្ធ​នោះ​ថា៖ «ចូរ​ចូល​ទៅ​ខាង​ក្នុង​កង់ ដែល​ស្ថិត​នៅ​ពី​ក្រោម​ពួក​ខេរូប៊ីម ហើយ​យក​រងើក​ភ្លើង​ដែល​កំពុង​តែ​ឆេះ​នៅ​ចន្លោះ​ពួក​ខេរូប៊ីម​ពេញ​មួយ​ក្បង់​ ដៃ រួច​ជះ​ទៅ​លើ​ទីក្រុង​ទៅ!»។

ខ្ញុំ​ក៏​ឃើញ​​​បុរស​នោះ​ចូល​ទៅ។ ពេល​គាត់​ទៅ​ដល់ ពួក​ខេរូប៊ីម​ស្ថិត​នៅ​ខាង​ស្ដាំ​ព្រះដំណាក់ ហើយ​មាន​ពពក​ពាសពេញ​ទីលាន​ខាង​ក្នុង។ សិរីរុងរឿង​របស់​ព្រះអម្ចាស់​ អណ្ដែត​ឡើង​ពី​លើ​ពួក​ខេរូប៊ីម ឆ្ពោះ​កាន់​មាត់​ទ្វារ​ព្រះដំណាក់។ មាន​ពពក​នៅ​ពេញ​ព្រះដំណាក់ ហើយ​ទីលាន​ក៏​ពេញ​ទៅ​ដោយ​រស្មី​នៃ​សិរីរុងរឿង​របស់​ព្រះអម្ចាស់។ សន្ធឹក​ស្លាប​របស់​ពួក​ ខេរូប៊ីម លាន់​ឮ​រហូត​ទៅ​ដល់​ទីលាន​ខាង​ក្រៅ មាន​សូរស័ព្ទ​ដូច​ព្រះសូរសៀង​របស់​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត។ ព្រះអម្ចាស់​ បង្គាប់​ទៅ​បុរស​ដែល​ពាក់​អាវ​ទេសឯក​សុទ្ធ​ដូច​ត​ទៅ៖ «ចូរ​យក​ភ្លើង​ពី​ក្នុង​កង់ នៅ​ចន្លោះ​ពួក​ខេរូប៊ីម​មក!»។ បុរស​នោះ​ក៏​ទៅ​ឈរ​ក្បែរ​កង់។ ពេល​នោះ ខេរូប៊ីម​មួយ​លូក​ដៃ​ទៅ​កាន់​ភ្លើង​ដែល​កំពុង​ឆេះ​នៅ​ចន្លោះ​ពួក​ខេរូប៊ីម ហើយ​យក​ភ្លើង​ហុច​ទៅ​អោយ​បុរស​នោះ។ គាត់​ក៏​ទទួល​យក​រួច​ចេញ​ទៅ។ នៅ​ក្រោម​ស្លាប​របស់​ពួក​ខេរូប៊ីម មាន​ហាក់​ដូច​ជា​ដៃ​របស់​មនុស្ស​លេច​ចេញ​មក។

៩​​ ​ខ្ញុំ​ ក្រឡេក​មើល​ទៅ ឃើញ​មាន​កង់​បួន​នៅ​ក្បែរ​ពួក​ខេរូប៊ីម គឺ​នៅ​ក្បែរ​ខេរូប៊ីម​នីមួយៗ​មាន​កង់​មួយ។ កង់​ទាំង​នោះ​ភ្លឺ​ចាំង​ដូច​ត្បូង​ពេជ្រ។ ១០ កង់​ទាំង​បួន​មាន​ទ្រង់​ទ្រាយ និង​មាន​សណ្ឋាន​ដូចៗ​គ្នា​ទាំង​អស់ គឺ​ភ្លឺ​ចាំង​ដូច​ត្បូង​ពេជ្រ។ ដោយ​កង់​ទាំង​នោះ​មាន​ទ្រង់​ទ្រាយ និង​មាន​រាង​ដូចៗ​គ្នា មើល​ទៅ​ហាក់​ដូច​ជា​កង់​មួយ​ស្ថិត​នៅ​ក្នុង​កង់​មួយ​ទៀត។ ១១ ពេល​កង់​ទាំង​នោះ​វិល​ ទៅ​មុខ​វា​អាច​វិល​ទៅ​ទិស​ទាំង​បួន​ដោយ​ឥត​ងាក​រេ គឺ​វា​វិល​ទៅ​មុខ​តា​ម​ទិស​ដែល​មុខ​របស់​ខេរូប៊ីម​បែរ​ទៅ​គេ ដោយ​ឥត​ងាក​រេ​ឡើយ​។ ១២ រូប​កាយ​របស់​ខេរូប៊ីម​ ទាំង​មូល គឺ​ខ្នង ដៃ ស្លាប មាន​ផ្កា​ភ្លើង​ពាសពេញ ហើយ​តាម​រង្វង់​កង់​របស់​ខេរូប៊ីម​ទាំង​បួន​ក៏​មាន​ផ្កា​ភ្លើង​ពាសពេញ​ដែរ។ ១៣ ខ្ញុំ​ឮ​គេ​ហៅ​កង់​ទាំង​នោះ​ថា “ខ្យល់​កួច”។ ១៤ ខេរូប៊ីម​នីមួយៗ​មាន​ មុខ​បួន។ មុខ​ទី​មួយ​ដូច​មុខ​ខេរូប៊ីម​មុខ​ទី​ពីរ​ដូច​មុខ​មនុស្ស មុខ​ទី​បី​ដូច​មុខ​សិង្ហ មុខ​ទី​បួន​ដូច​មុខ​ឥន្ទ្រី។ ១៥ ពួក​ខេរូប៊ីម​ទាំង​នោះ​ក៏​ហោះ​ឡើង គឺ​សត្វ​លោក​ដែល​ខ្ញុំ​បាន​ឃើញ​ក្បែរ​ទន្លេ​កេបារ។ ១៦ ពេល​ខេរូប៊ីម​ទៅ​មុខ កង់​ក៏​វិល​ទៅ​មុខ​ជា​មួយ ពេល​ខេរូប៊ីម​ទទះ​ស្លាប​ហោះ​ឡើង​ផុត​ពី​ដី កង់​ក៏​នៅ​ជាប់​ជា​មួយ​ដែរ។ ១៧ ពេល​ខេរូប៊ីម​ឈប់​កង់​ក៏​ឈប់ ពេល​ខេរូប៊ីម​ឡើង​កង់​ក៏​ឡើង​ទៅ​ជា​មួយ ដ្បិត​វិញ្ញាណ​របស់​សត្វ​លោក​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​កង់។

១៨ សិរីរុងរឿង​របស់​ព្រះអម្ចាស់ ​អណ្ដែត​ឡើង​ពី​មាត់​ទ្វារ​ព្រះ​ដំណាក់ ទៅ​សណ្ឋិត​លើ​ពួក​ខេរូប៊ីម។ ១៩ ខ្ញុំ​ឃើញ​ខេរូប៊ីម​ ទាំង​នោះ​ទទះ​ស្លាប​ហោះ​ឡើង ហើយ​កង់​ក៏​ទៅ​ជា​មួយ​ដែរ។ សិរីរុងរឿង​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ​សណ្ឋិត​នៅ​លើ​ខេរូប៊ីម ហើយ​ឈប់​នៅ​មាត់​ទ្វារ​កំពែង​ខាង​កើត​នៃ​ព្រះដំណាក់​របស់​ព្រះអម្ចាស់។ ២០ ពេល​នោះ ខ្ញុំ​ដឹង​ថា​សត្វ​លោក ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្រោម​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ក្បែរ​ទន្លេ​កេបារ គឺ​ខេរូប៊ីម​នេះ​ឯង។ ២១ ខេរូប៊ីម​នីមួយៗ​មាន​មុខ​បួន មាន​ស្លាប​បួន ហើយ​នៅ​ពី​ក្រោម​ស្លាប មាន​ទ្រង់​ទ្រាយ​ដូច​ដៃ​មនុស្ស។ ២២ ​ខេរូប៊ីម​ទាំង​នោះ មាន​មុខ​ដូច​សត្វ​លោក​ដែល​ខ្ញុំ​បាន​ឃើញ​ក្បែរ​ទន្លេ​កេបារ បេះ​បិទ។ ខេរូប៊ីម​នីមួយៗ​ហើរ​ទៅ​មុខ​យ៉ាង​ត្រង់។