សេរីភាព (០៦)

 ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​លោក​ម៉ូសេ​ថា៖ «ឥ​ឡូវ​នេះ អ្នក​នឹង​ឃើញ​ការ​ដែល​យើង​ធ្វើ​ចំពោះ​ផារ៉ោន យើង​នឹង​សំដែង​បារមី​ដ៏​ខ្លាំង​ពូកែ​របស់​យើង បង្ខំ​ស្ដេច​នេះ​អនុ​ញ្ញា​​ត​អោយ​ប្រជាជន​អ៊ីស្រាអែល​ចេញ​ទៅ ។ ដោយសារ​បារមី​ដ៏​ខ្លាំ​​​ង​​ពូកែ ស្ដេច​ផារ៉ោន​នឹង​បណ្ដេញ​ពួក​គេ​ចេញ​ពី​ស្រុក​​  ​អេស៊ីប​»​។

ព្រះបន្ទូល​សន្យា​រំដោះ​ជន​ជាតិ​អ៊ីស្រាអែល
២ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​លោក​ម៉ូសេ​ទៀត​ថា៖ «យើង​​​​ជា​ព្រះអម្ចាស់ យើង​បាន​បង្ហាញ​អោយ​ អប្រាហាំ អ៊ីសាក និង​យ៉ាកុប ស្គាល់​យើង ក្នុង​ឋានៈ​ជា​ព្រះ​ដ៏​មាន​ប្ញទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត។ ប៉ុន្តែ យើង​មិន​បាន​ប្រាប់​អោយ​ពួក​គេ​ដឹង​ថា យើង​មាន​ឈ្មោះ​ព្រះអម្ចាស់​ទេ។ ៤ យើង​បាន​ចង​សម្ពន្ធមេត្រី ​ជា​មួយ​ពួក​គេ យើង​បាន​សន្យា​ប្រគល់​ស្រុក​កា​ណាន​​អោយ​ពួក​គេ គឺ​ស្រុក​ដែល​ពួក​គេ​ស្នាក់​នៅ​ក្នុង​ឋានៈ​ជា​ជន​បរទេស។ ៥ យើង​ឮ​ជន​ជាតិ​អ៊ីស្រាអែល​ស្រែក​ថ្ងូរ ព្រោះ​ត្រូវ​ពួក​អេស៊ីប​សង្កត់សង្កិន។ យើង​នឹក​ដល់​សម្ពន្ធមេត្រី​របស់​យើង​។ ហេតុ​នេះ ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ថា: យើង​ជា​ព្រះអម្ចាស់ យើង​នឹង​ដោះ​លែង​អ្នក​រាល់​គ្នា​ពី​ការងារ​ដ៏​លំបាក ដែល​ពួក​អេស៊ីប​បង្ខំ​អ្នក​រាល់​គ្នា​អោយ​ធ្វើ យើង​នឹង​រំដោះ​អ្នក​រាល់​គ្នា​អោយ​រួច​ពី​ភាព​ជា​ទាសករ​របស់​ជន​ជាតិ​អេស៊ីប យើង​នឹង​លោះ​អ្នក​រាល់​គ្នា ដោយ​ឫទ្ធិ​អំណាច​របស់​យើង។ យើង​នឹង​យក​អ្នក​រាល់​ គ្នា​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​យើង ហើយ​យើង​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​ដោះ​លែង​អ្នក​រាល់​គ្នា​ចេញ​ពី​ការងារ​ដ៏​លំបាក ដែល​ពួក​អេស៊ីប​បង្ខំ​អ្នក​រាល់​គ្នា​អោយ​ធ្វើ។ ៨ បន្ទាប់​មក យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​សន្យា​យ៉ាង​ឱឡារិក​ជា​មួយ​អប្រាហាំ​ អ៊ីសាក និង​យ៉ាកុប ហើយ​យើង​អោយ​ស្រុក​នោះ​ដល់​អ្នក​រាល់​គ្នា​ជា​មត៌កយើង​ជា​ព្រះអម្ចាស់!»​។

 លោក​ម៉ូសេ ​ក៏​នាំ​ព្រះបន្ទូល​ទាំង​នោះ​ទៅ​ប្រាប់​កូន​ចៅ​អ៊ីស្រាអែល ប៉ុន្តែ ពួក​គេ​មិន​ស្ដាប់​លោក​ឡើយ ព្រោះ​ពួក​គេ​បាក់​ទឹក​ចិត្ត ដោយសារ​ទុក្ខ​វេទនា ក្នុង​ភាព​ជា​ទាសករ។ ១០ ព្រះ​អម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ទៀត​ថា៖ ១១ «ចូរ​ទៅ​ប្រាប់​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប​ថា ត្រូវ​បើក​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​ទៅ»។ ១២ លោក​ម៉ូសេ​ទូល​ព្រះអង្គថា៖ «សូម្បី​តែ​ជន​ជាតិ​អ៊ីស្រាអែល​ក៏​មិន​ព្រម​ស្ដាប់​ទូល​បង្គំ​ផង ធ្វើ​ដូច​ម្ដេច​អោយ​ស្ដេច​ផារ៉ោន​ស្ដាប់​ទូលបង្គំ ជា​មនុស្ស​ដែល​គ្មាន​វោហារ​នេះ!»។ ១៣ ដូច្នេះ ព្រះអម្ចាស់​បង្គាប់​លោក​ម៉ូសេ និង​លោក​អរ៉ុន អោយ​នាំ​ព្រះបន្ទូល​ទៅ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល និង​ស្ដេច​ផារ៉ោន ដើម្បី​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

បញ្ជី​រាយ​នាម​បុព្វបុរស​របស់​លោក​ម៉ូសេ និង​លោក​អរ៉ុន
១៤ នេះ​ជា​បញ្ជី​រាយ​នាម​មេ​គ្រួសារ​នៃ​បុព្វបុរស​របស់​ជន​ជាតិ​អ៊ីស្រាអែល:
កូន​របស់​លោក​រូបេន ដែល​ជា​កូន​ច្បង​របស់​លោក​អ៊ីស្រា​អែល មាន​ហេណុក ប៉ាលូ ហេតស្រូន និង​ការមី។ អ្នក​ទាំង​នោះ​ជា​បុព្វបុរស​នៃ​អំបូរ​រូបេន។

១៥ កូន​របស់​លោក​ស៊ីម៉ូន​មាន​យេមូអែល យ៉ាមីន អូហាដ យ៉ាគីន សូហារ និងសាអ៊ូល ជា​កូន​របស់​ស្ត្រី​ជន​ជាតិ​កាណាន។ អ្នក​ទាំង​នោះ​ជា​បុព្វបុរស​នៃ​អំបូរ​ស៊ីម៉ូន។

១៦ រីឯ​កូន​ចៅ​របស់​លោក​លេវី​មាន​រាយ​នាម​តាម​តំណ​វង្ស​ត្រកូល​ដូច​ត​ទៅ:
កូន​របស់​លោក​លេវី​មាន ​គែរសូន គើហាត់ និង​មេរ៉ារី។ លោក​លេវី​រស់​បាន​មួយ​រយ​សាមសិប​ប្រាំពីរ​ឆ្នាំ។ ១៧ កូន​របស់​គែសូន​មាន​លិបនី និង​ស៊ីម៉ៃ ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​ពួក​គេ។ ១៨ កូន​របស់​គើហាត់​មាន ​អាំរ៉ាម យីសារ ហេប្រូន និង​អ៊ូស៊ីអែល។ លោក​គើហាត់​រស់​បាន​មួយ​រយ​សាមសិប​បី​ឆ្នាំ។ ១៩ កូន​របស់​មេរ៉ារី​មាន​ម៉ាលី និង​មូស៊ី។ អ្នក​ទាំង​នោះ​ជា​បុព្វបុរស​នៃ​អំបូរ​លេវី តាម​តំណ​វង្ស​ត្រកូល​របស់​ពួក​គេ។

២០ លោក​អាំរ៉ាម​រៀបការ​ជា​មួយ​នាង​យ៉ូកេបិត ដែល​ត្រូវ​ជា​ម្ដាយ​មីង​របស់​លោក នាង​បង្កើត​បាន​កូន​ប្រុស​ពីរ​នាក់​ជូន​លោក គឺ​លោក​អរ៉ុន និង​លោក​ម៉ូសេ។ លោក​អាំរ៉ាម​រស់​បាន​មួយ​រយ​សាមសិប​ប្រាំពីរ​ឆ្នាំ។

២១ កូន​របស់​លោក​យ៉ីសារ​មាន​កូរេ ណេផេក និង​ស៊ីគ្រី។ ២២ កូន​របស់​លោក​អ៊ូស៊ីអែល​គឺ មីកាអែល អែលសាផន និង​ស៊ីទ្រី។

២៣ លោក​អរ៉ុន​រៀបការ​ជា​មួយ​នាង​អេលីសេបា ជា​កូន​របស់​លោក​អាំមីណាដាប និង​ជា​ប្អូន​របស់​លោក​ណាសូន។ នាង​បង្កើត​បាន​កូន​ប្រុស​បួន​នាក់​ជូន​លោក​គឺ ណាដាប អប៊ីហ៊ូ អេឡាសារ និង​អ៊ីតាម៉ារ។

២៤ កូន​របស់​កូរេ​មាន​អាសសៀរ អែលកាណា និង​អប៊ីសាប ដែល​ជា​បុព្វបុរស​នៃ​អំបូរ​កូរេ។

២៥ លោក​អេឡាសារ កូន​ប្រុស​របស់​លោក​អរ៉ុន បាន​រៀបការ​ជា​មួយ​កូន​ស្រី​លោក​ពេទូអែល នាង​បង្កើត​បាន​កូន​ប្រុស​ម្នាក់​ជូន​លោក​គឺ ភីនេអាស។ អ្នក​ទាំង​នេះ​ជា​មេ​គ្រួសារ​នៃ​កុលសម្ព័ន្ធ​លេវី តាម​អំបូរ​របស់​ពួក​គេ។

២៦ ព្រះអម្ចាស់​បាន​បង្គាប់​អោយ​លោក​អរ៉ុន និង​លោក​ម៉ូសេ​នេះ នាំ​កូន​ចៅ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​មាន​របៀប​រៀប​រយ​ដូច​កងទ័ព​មួយ។ ២៧ លោក​ម៉ូសេ និង​លោក​អរ៉ុន​នេះ​ហើយ​ដែល​បាន​ទៅ​គាល់​ព្រះចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប ដើម្បី​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីប។

បញ្ជា​របស់​ព្រះអម្ចាស់​ចំពោះ​លោក​ម៉ូសេ និង​លោក​អរ៉ុន
២៨ ពេល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​ស្រុក​អេស៊ីប ២៩ ព្រះអង្គ​មាន​ព្រះបន្ទូល​មក​លោក​ថា៖ «យើង​ជា​ព្រះអម្ចាស់! ចូរ​នាំ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​យើង​បង្គាប់​ដល់​អ្នក យក​ទៅ​ប្រាប់​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប»។ ៣០ ប៉ុន្តែ លោក​ម៉ូសេ​ទូល​ព្រះអម្ចាស់​ថា៖ «ទូលបង្គំ​គ្មាន​វោហារ​ទេ ព្រះចៅ​ផារ៉ោន​មុខ​ជា​មិន​ស្ដាប់​ទូលបង្គំ​ឡើយ»។