សេរីភាព (៣៦)

 លោក​បេសល់អែល លោក​អូហូលីយ៉ាប ព្រម​ទាំង​សិប្បករ​ឯ​ទៀតៗ ដែល​ព្រះអម្ចាស់​ ប្រទាន​ប្រាជ្ញា​ឆ្លាត​វាងវៃ ដើម្បី​អោយ​ពួក​គេ​ចេះ​ធ្វើ​អ្វីៗ​ទាំង​អស់ សំរាប់​ទីសក្ការៈ​នាំ​គ្នា​ធ្វើ​ការងារ ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះ​អម្ចាស់​បាន​បង្គាប់។

 លោក​ម៉ូសេ​បាន​អញ្ជើញ​លោក​បេសាល់អែលល លោក​អូហូលីយ៉ាប និង​អ្នក​ជំនាញ​ទាំង​អស់​ដែល​ព្រះអម្ចាស់​ប្រទាន​តម្រិះ​ប្រាជ្ញា និង​ការ​ប៉ិនប្រសប់​បំពេញ​ការងារ​អោយ​ចាប់​ផ្ដើម​ធ្វើ​ការ។ លោក​ម៉ូសេ​បាន​យក​តង្វាយ​ ទាំង​អស់ ដែល​ជន​ជាតិ​អ៊ីស្រាអែល​យក​មក​ថ្វាយ ប្រគល់​ទៅ​អ្នក​ទាំង​នោះ ដើម្បី​សង់​ទីសក្ការៈ។ រៀង​រាល់​ព្រឹក ប្រជាជន​នៅ​តែ​បន្ត​នាំ​យក​តង្វាយ​មក​ជូន​លោក​ម៉ូសេ។ ដូច្នេះ ពួក​សិប្បករ​ទាំង​អស់ ដែល​បំពេញ​ការងារ​សង់​ទីសក្ការៈ ទុក​ចោល​ការងារ​របស់​ខ្លួន ហើយ​នាំ​គ្នា​ទៅ​ជំរាប​លោក​ម៉ូសេ​ថា៖ «ប្រជាជន​ចេះ​តែ​យក​របស់​មក​អោយ​ពួក​យើង ច្រើន​លើស​ពី​សេចក្ដី​ត្រូវ​ការ​សំរាប់​ការងារ ដែល​ព្រះអម្ចាស់​បង្គាប់​អោយ​ពួក​យើង​ធ្វើ»។ លោក​ម៉ូសេ​បាន​បញ្ជា​អោយ​ ប្រកាស​ក្នុង​ជំរំ​ទាំង​មូល​ថា៖ «ចូរ​ឃាត់​ប្រជាជន​ទាំង​ប្រុស ទាំង​ស្រី កុំ​អោយ​នាំ​យក​តង្វាយ​សំរាប់​សង់​ទីសក្ការៈ​មក​ទៀត​ឡើយ ដ្បិត​របស់​របរ​ដែល​បាន​ទទួល​សំរាប់​ការងារ មាន​ល្មម​គ្រប់​គ្រាន់​ហើយ»។

ការ​សង់​ព្រះពន្លា
 សិប្បករ​ទាំង​អស់​ដែល​មាន ​នាទី​សាង​សង់ បាន​នាំ​គ្នា​សង់​ព្រះពន្លា​ពី​ក្រណាត់​ក្រាស់​ដប់​ផ្ទាំង ដែល​ត្បាញ​ដោយ​អំបោះ​ធ្មៃ​ពណ៌​ក្រហម និង​ក្រហម​ទុំ ដែល​មាន​ប៉ាក់​លំអ​ដោយ​រូប​ខេរូប៊ីន។ ៩ ផ្ទាំង​ក្រណាត់​ទាំង​អស់​មាន​ទំហំ​ប៉ុនៗ​គ្នា គឺ​បណ្ដោយ​​ប្រវែង​ម្ភៃ​ប្រាំ​បី​ហត្ថ ទទឹង​បួន​ហត្ថ។ ១០ គេ​បាន​ដេរ​ក្រណាត់​ប្រាំ​ផ្ទាំង​ជាប់​គ្នា ហើយ​ក្រណាត់​ប្រាំ​ផ្ទាំង​ទៀត ក៏​ដេរ​ជាប់​គ្នា​ដែរ។ ១១ គេ​យក​អំបោះ​ពណ៌​ស្វាយ​វេញ​ធ្វើ​ខ្សែ ដែល​មាន​រាង​ដូច​កង ដេរ​ភ្ជាប់​តាម​ជាយ​ម្ខាង​របស់​ផ្ទាំង​ក្រណាត់​ធំៗ​ទាំង​ពីរ។ ១២ គេ​ធ្វើ​ខ្សែ​កង​ចំនួន​ហាសិប​នៅ​តាម​ជាយ​នៃ​ផ្ទាំង​ធំ​នី​មួយ​ៗ ហើយ​ខ្សែ​កង​ដែល​ស្ថិត​នៅ​លើ​ផ្ទាំង​ធំៗ​ទាំង​ពីរ នៅ​ទន្ទឹម​គ្នា។ ១៣ គេ​ធ្វើ​ទំពក់​មាស​ ចំនួន​ហាសិប សំរាប់​ថ្ពក់​ផ្ទាំង​ក្រណាត់​ធំ​ទាំង​ពីរ​ជាប់​គ្នា។ ដូច្នេះ មាន​ក្រណាត់​តែ​មួយ​ផ្ទាំង​ធ្វើ​ជា​ព្រះ​ពន្លា។

​១៤ គេ​បាន​ត្បាញ​ក្រណាត់​ក្រាស់​ដប់​មួយ​ផ្ទាំង​ពី​រោម​ពពែ សំ​រាប់​​គ្រប​ពី​លើ​ព្រះពន្លា។ ១៥ ក្រណាត់​ដប់​មួយ​ផ្ទាំង​នេះ​មាន​ទំហំ​ប៉ុនៗ​គ្នា គឺ​បណ្ដោយ​សាមសិប​ហត្ថ ទទឹង​បួន​ហត្ថ។ ១៦ គេ​យក​ក្រណាត់​ប្រាំ​ផ្ទាំង​មក​ដេរ​ភ្ជាប់​គ្នា រួច​ទើប​យក​ក្រណាត់​ប្រាំ​មួយ​ផ្ទាំង​ទៀត​មក​ដេរ​ភ្ជាប់​គ្នា​ដែរ។ ១៧ គេ​ធ្វើ​ខ្សែ​កង​ចំនួន​ហាសិប ដេរ​ភ្ជាប់​នៅ​ជាយ​ម្ខាង​នៃ​ផ្ទាំង​ក្រណាត់​ធំៗ​ទី​ពីរ។ ១៨ គេ​ធ្វើ​ទំពក់​លង្ហិន​​ចំនួន​ហាសិប សំរាប់​ភ្ជាប់​ក្រណាត់​ជា​មួយ​គ្នា​អោយ​ទៅ​ជា​មួយ​ផ្ទាំង។ ១៩ គេ​យក​ស្បែក​ពពែ​ឈ្មោល ជ្រលក់​ពណ៌​ក្រហម គ្រប​ពី​លើ​ផ្ទាំង​ក្រណាត់​នោះ ហើយ​យក​ស្បែក​ផ្សោត​គ្រប​ពី​លើ​ថែម​ទៀត។

២០ គេ​យក​ឈើ​នាងនួន​មក​ធ្វើ​ជា​ស៊ុម សំរាប់​បញ្ឈរ​ទ្រ​ក្រ​ណាត់​ព្រះពន្លា​នោះ ២១ ស៊ុម​នីមួយៗ​មាន​កំពស់​ដប់​ហត្ថ និង​ទទឹង​មួយ​ហត្ថ​កន្លះ។ ២២ នៅ​លើ​ស៊ុម​នីមួយៗ​មាន​ពន្លួញ​ពីរ​ស្រប​គ្នា។ ២៣ គេ​ធ្វើ​ស៊ុម​ចំនួន​ម្ភៃ សំរាប់​ប៉ែក​ខាង​ត្បូង​ព្រះពន្លា។ ២៤ គេ​ធ្វើ​ជើង​ទ្រ​ស៊ុម​ ពី​ប្រាក់​ចំនួន​សែសិប ដើម្បី​ទ្រ​ស៊ុម​ទាំង​ម្ភៃ​នោះ គឺ​ជើង​ទ្រ​ពីរ​នៅ​ក្រោម​ស៊ុម​មួយ ត្រង់​កន្លែង​ដែល​មាន​ពន្លួញ​ទាំង​ពីរ។ ២៥ នៅ​ប៉ែក​ខាង​ជើង​ព្រះពន្លា គេ​ធ្វើ​ស៊ុម​ចំនួន​ម្ភៃ ២៦ និង​ជើង​ទ្រ​ស៊ុម​ពី​ប្រាក់​ចំនួន​សែសិប គឺ​ជើង​ទ្រ​ពីរ​សំរាប់​ស៊ុម​មួយ។ ២៧ នៅ​ខាង​ក្រោយ​ព្រះពន្លា គឺ​ប៉ែក​ខាង​លិច គេ​ធ្វើ​ស៊ុម​​ចំនួន​ប្រាំ​មួយ។ ២៨ គេ​ធ្វើ​ស៊ុម​ពីរ​ទៀត សំរាប់​ជ្រុង​ខាង​ក្រោយ​ព្រះពន្លា។ ២៩ ស៊ុម​នៅ​ជ្រុង​ទាំង​ពីរ ​នេះ មាន​ទ្រង់​ទ្រាយ​ដូច​គ្នា គឺ​ផ្នែក​ខាង​ក្រោម​មាន​ទទឹង​ធម្មតា តែ​នៅ​ផ្នែក​ខាង​លើ​ភ្ជាប់​គ្នា​ដោយសារ​កង​មួយ។ ៣០ ដូច្នេះ នៅ​ប៉ែក​ខាង​ក្រោយ​មាន​ស៊ុម​ចំនួន​ប្រាំ​បី និង​ជើង​ទ្រ​ធ្វើ​ពី​ប្រាក់​ចំនួន​ដប់​ប្រាំ​មួយ គឺ​ជើង​ទ្រ​ពីរ​សំរាប់​ស៊ុម​នីមួយៗ។ ៣១ គេ​យក​ឈើ​នាងនួន​មក​ធ្វើ​ជា​ឈើ​ទទឹង​ចំនួន​ប្រាំ សំរាប់​បញ្ឈរ​ស៊ុម​នៅ​ប៉ែក​ទី​មួយ​របស់​ព្រះពន្លា ៣២ ឈើ​ទទឹង​ប្រាំ​សំរាប់​ប៉ែក​ទី​ពីរ​នៃ​ព្រះពន្លា ហើយ​ឈើ​ទទឹង​ប្រាំ​ទៀត សំរាប់​ប៉ែក​ខាង​លិច​នៃ​ព្រះពន្លា។ ៣៣ គេ​ក៏​បាន​ធ្វើ​ឈើ​ទទឹង​ដែល​នៅ​កណ្ដាល ដើម្បី​ដាក់​ចំ​ពាក់​កណ្ដាល​ស៊ុម​ទាំង​អស់ ចាប់​ពី​ចុង​ម្ខាង​ទៅ​ចុង​ម្ខាង​ទៀត​នៃ​ព្រះពន្លា។ ៣៤ គេ​យក​មាស​ស្រោប​ស៊ុម​ទាំង​អស់ ព្រម​ទាំង​ធ្វើ​កង​មាស​សំរាប់​ស៊ក​ឈើ​ទទឹង ហើយ​ឈើ​ទទឹង​នោះ​ក៏​ស្រោប​មាស​ដែរ។

៣៥ គេ​ធ្វើ ​វាំងនន​មួយ​ត្បាញ​ដោយ​អំបោះ​ធ្មៃ ដែល​លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ។ វាំងនន​នេះ​ត្រូវ​តែ​ប៉ាក់​លំអ ដោយ​រូប​ខេរូប៊ីម។ ៣៦ គេ​បាន​ធ្វើ​បង្គោល​បួន ​ពី​ឈើ​នាងនួន ស្រោប​មាស សំរាប់​ថ្ពក់​វាំងនន រីឯ​ទំពក់​ក៏​ធ្វើ​ពី​មាស​ដែរ។ គេ​បាន​ធ្វើ​ជើង​ទ្រ​បួន ធ្វើ​អំពី​ប្រាក់ សំរាប់​បញ្ឈរ​បង្គោល​ទាំង​នោះ។ ៣៧ រីឯ​ទ្វារ​ចូល​ ព្រះពន្លា គេ​បាន​ត្បាញ​វាំងនន​មួយ​ទៀត​ពី​អំបោះ​ធ្មៃ លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ។ វាំងនន​នេះ​មាន​ប៉ាក់​ក្បាច់​លំអ​ដែរ។ ៣៨ គេ​បាន​យក​ឈើ​នាងនួន​មក ​ធ្វើ​សសរ​ប្រាំ​ដើម ព្រម​ទាំង​ធ្វើ​ទំពក់​សំរាប់​ថ្ពក់​វាំងនន​នោះ​ផង។ ក្បាល​សសរ និង​មេរូត​ស្រោប​ដោយ​មាស។ គេ​ក៏​ធ្វើ​ជើង​ទ្រ​សសរ​ប្រាំ​អំពី​លង្ហិន​ដែរ។