សេរីភាព (៣៣)

ព្រះអម្ចាស់​បញ្ជា​អោយ​ជន​ជាតិ​អ៊ីស្រាអែល​បន្ត​ដំណើរ​ទៅ​មុខ
 ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ចាក​ចេញ​ពី​ទី​នេះ ជា​មួយ​ប្រជាជន​ដែល​អ្នក​បាន​នាំ​ចេញ​មក​ពី​ស្រុក​អេស៊ីប ហើយ​ចូល​ទៅ​ក្នុង​ស្រុក​ ដែល​យើង​បាន​សន្យា​យ៉ាង​ម៉ឺងម៉ាត់​ជា​មួយ​អប្រាហាំ អ៊ីសាក និង​យ៉ាកុប ថា​នឹង​ប្រគល់​អោយ​ពូជពង្ស​របស់​គេ។ ២ យើង​នឹង​ចាត់​ទេវទូត​របស់​យើង​អោយ​នាំ​មុខ​អ្នក យើង​នឹង​បណ្ដេញ​ជន​ជាតិ​កាណាន ជន​ជាតិ​អាម៉ូរី ជន​ជាតិ​ហេត ជន​ជាតិ​ពេរីស៊ី ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស។ ៣ អ្នក​រាល់​គ្នា​នឹង​ចូល​ ទៅ​ក្នុង​ស្រុក ដែល​មាន​ភោគ​ទ្រព្យ​សម្បូណ៌​ហូរហៀរ ប៉ុន្តែ យើង​នឹង​មិន​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ទេ ក្រែង​យើង​ធ្វើ​អោយ​អ្នក​រាល់​គ្នា​វិនាស​នៅ​តាម​ផ្លូវ ដ្បិត​អ្នក​រាល់​គ្នា​ជា​ប្រជាជន​រឹងរូស»។  ពេល​ប្រជាជនឮ​ព្រះបន្ទូល​នេះ ពួក​គេ​កើត​ទុក្ខ​ព្រួយ ហើយ​គ្មាន​នរណា​ពាក់​គ្រឿង​អលង្ការ​ទៀត​ឡើយ។

 ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ត​ទៅ: អ្នក​រាល់​គ្នា​ជា​ប្រជាជន​រឹង​រូស! ប្រសិន​បើ​យើង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​តែ​មួយភ្លែត នោះ​យើង​​នឹង​ធ្វើ​អោយ​អ្នក​រាល់​គ្នា​វិនាស​ជា​មិន​ខាន។ ចូរ​ដោះ​គ្រឿង​អលង្ការ​ចេញ នោះ​យើង​នឹង​សំរេច​ថា ត្រូវ​ធ្វើ​យ៉ាង​ណា​ជា​មួយ​អ្នក​រាល់​គ្នា»។ ដូច្នេះ ក្រោយ​ពេល​ចាក​ចេញ​ពី​ភ្នំ​ហូរែប ប្រជា​ជន​អ៊ីស្រាអែល​លែង​ពាក់​គ្រឿង​អលង្ការ​ទៀត​ហើយ។

ពន្លា​ជួប​ព្រះអម្ចាស់
៧ នៅ​ពេល​ប្រជាជន​ អ៊ីស្រាអែល​បោះ​ជំរំ លោក​ម៉ូសេ​តែងតែ​ដំឡើង​ពន្លា​នៅ​ខាង​ក្រៅ ឆ្ងាយ​ពី​ជំរំ​បន្តិច គេ​ហៅ​ពន្លា​នេះ​ថា “ពន្លា​ជួប​ព្រះអម្ចាស់” ហើយ​អស់​អ្នក​ដែល​ចង់​ទូល​សួរ​ព្រះ​អម្ចាស់ ត្រូវ​តែ​ចេញ​ពី​ជំរំ ឆ្ពោះ​ទៅ​ពន្លា​ជួប​ព្រះអម្ចាស់ ដែល​នៅ​ខាង​ក្រៅ​ជំរំ។ ៨ ពេល​ណា​លោក​ម៉ូសេ​ចេញ​ទៅ​ កាន់​ពន្លា ប្រ​ជា​ជន​ទាំង​អស់​ឈរ​នៅ​មាត់​ទ្វារ​តង់ត៍​របស់​គេ​រៀងៗ​ខ្លួន ហើយ​តាម​មើល​លោក​ម៉ូសេ​រហូត​ទាល់​តែ​លោក​ចូល​ទៅ​ក្នុង​ពន្លា។ ៩ កាល​លោក​ម៉ូសេ​ចូល​ផុត​ទៅ​ក្នុង​ពន្លា នោះ​ដុំ​ពពក*​ក៏​ចុះ​មក​ស្ថិត​នៅ​ត្រង់​មាត់​ទ្វារ​ពន្លា ហើយ​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​​​ម៉ូសេ។ ១០ ប្រជាជន​ទាំង​អស់​ឃើញ​ ដុំ​ពពក​ស្ថិត​នៅ​ត្រង់​មាត់​ទ្វារ​ពន្លា នោះ​ពួក​គេ​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​ពី​មាត់​ទ្វារ​តង់ត៍​របស់​គេ​រៀងៗ​ ខ្លួន។ ១១ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ទល់​មុខ​គ្នា ហាក់​ដូច​ជា​មនុស្ស​ម្នាក់​សន្ទនា​ជា​មួយ​មិត្ត​សម្លាញ់​របស់​ខ្លួន។ បន្ទាប់​មក លោក​ម៉ូសេ​វិល​ត្រឡប់​មក​ជំរំ​វិញ។ រីឯ​យុវជន​ជា​អ្នក​បំរើ​របស់​លោក គឺ​លោក​យ៉ូស៊ូអា ជា​កូន​របស់​លោក​នូន មិន​ចាក​ចេញ​ពី​ពន្លា​ទេ។

ព្រះអម្ចាស់​សន្យា​គង់​ជា​មួយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ
១២ លោក​ម៉ូសេ​ទូល​ព្រះអម្ចាស់​ថា៖ «បពិត្រ​ព្រះអម្ចាស់! ព្រះអង្គ​បាន​បង្គាប់​អោយ​ទូលបង្គំ​នាំ​ប្រជាជន​នេះ​ឆ្ពោះ​ទៅ​ទឹក​ដី​សន្យា ប៉ុន្តែ ព្រះអង្គ​ពុំ​បាន​ប្រាប់​អោយ​ទូលបង្គំ​ដឹង​ថា ព្រះអង្គ​នឹង​ចាត់​នរណា​អោយ​ទៅ​ជា​មួយ​ទូលបង្គំ​ឡើយ។ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា ព្រះអង្គ​ស្គាល់​ទូលបង្គំ​ច្បាស់ ហើយ​ព្រះអង្គ​គាប់​ព្រះហឫទ័យ​នឹង​ទូលបង្គំ​ទៀត​ផង។ ១៣ ឥឡូវ​នេះ ប្រសិន​បើ​ព្រះអង្គ​គាប់​ព្រះហឫទ័យ​នឹង​ទូលបង្គំ​មែន​នោះ សូម​បង្ហាញ​មា​គ៌ា​របស់​ព្រះអង្គ​មក​ទូលបង្គំ ដើម្បី​អោយ​ទូលបង្គំ​ស្គាល់​ព្រះ​អង្គ ហើយ​គាប់​ព្រះហឫទ័យ​ព្រះអង្គ​ទៀត​ផង។ សូម​នឹក​ចាំ​ថា​ប្រជា​ជាតិ​នេះ​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ»។

១៤ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​ទៅ​ជា​មួយ​អ្នក ហើយ​ផ្ដល់​សេចក្ដី​សុខសាន្ត​ដល់​អ្នក»។ ១៥ លោក​ម៉ូសេ​ទូល​ថា៖ «ប្រសិន​បើ​ព្រះអង្គ​មិន​យាង​ទៅ​ជា​មួយ​យើង​ខ្ញុំ​ទេ សូម​កុំ​អោយ​យើង​ខ្ញុំ​ចាក​ចេញ​ពី​នេះ​ឡើយ។ ១៦ តើ​ធ្វើ​យ៉ាង​ណា​ដើម្បី ​អោយ​គេ​ដឹង​ថា ព្រះអង្គ​គាប់​ព្រះហឫទ័យ​នឹង​ទូលបង្គំ ព្រម​ទាំង​ប្រជា​រាស្ត្រ​របស់​ព្រះអង្គ? គឺ​មាន​តែ​ព្រះអង្គ​យាង​ទៅ​ជា​មួយ​យើង​ខ្ញុំ​ប៉ុណ្ណោះ ទើប​គេ​ឃើញ​ថា ទូលបង្គំ និង​ប្រជារាស្ត្រ​របស់​ព្រះអង្គ ខុស​ប្លែក​ពី​ជាតិ​សាសន៍​ទាំងឡាយ​នៅ​លើ​ផែនដី»។

១៧ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​នឹង​ធ្វើ​តាម​សំណូម​ពរ​របស់​អ្នក ដ្បិត​យើង​ពេញ​ចិត្ត​នឹង​អ្នក ហើយ​ស្គាល់​អ្នក​យ៉ាង​ច្បាស់»។

១៨ លោក​ម៉ូសេ​ទូល​ថា៖ «សូម​ព្រះអង្គ​បង្ហាញ​សិរីរុងរឿង​របស់​ព្រះអង្គ​អោយ​ទូលបង្គំ​ឃើញ​ផង»។ ១៩ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​សំដែង​សេចក្ដី​សប្បុរស​របស់​យើង ហើយ​យើង​ប្រកាស​ឈ្មោះ​យើង ជា​ព្រះអម្ចាស់ នៅ​ចំពោះ​មុខ​អ្នក។ យើង​នឹង​មាន​ចិត្ត​មេត្តា​ករុណា​ដល់​នរណា ដែល​យើង​មេត្តា​ករុណា យើង​ក៏​នឹង​មាន​ចិត្ត​អាណិត​អាសូរ​ដល់​នរណា​ដែល​​​​យើង​អាណិត​អាសូរ​ដែរ»។ ២០ ព្រះអង្គ​មាន​ ព្រះបន្ទូល​ទៀត​ថា៖ «អ្នក​មិន​អាច​ឃើញ​មុខ​យើង​បាន​ទេ ដ្បិត​គ្មាន​មនុស្ស​ណា​អាច​ឃើញ​មុខ​យើង ហើយ​មាន​ជីវិត​ត​ទៅ​មុខ​ទៀត​ឡើយ»​។ ២១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ឈរ​ជិត​យើង លើ​ដុំ​ថ្ម នៅ​កន្លែង​នេះ! ២២ ពេល​សិរីរុងរឿង​របស់​ យើង​ឆ្លង​កាត់​តាម​នេះ យើង​នឹង​លាក់​អ្នក​ក្នុង​ក្រហែង​ថ្ម ហើយ​យក​ដៃ​របស់​យើង​មក​បាំង​អ្នក រហូត​ទាល់​តែ​យើង​ឆ្លង​ផុត​ទៅ។ ២៣ បន្ទាប់​មក យើង​នឹង​ដក​ដៃ​ចេញ ហើយ​អ្នក​នឹង​ឃើញ​យើង​ពី​ក្រោយ តែ​គ្មាន​នរណា​អាច​ឃើញ​មុខ​យើង​ទេ»។