សេរីភាព (៣២)

ជន​ជាតិ​អ៊ីស្រាអែល​ផ្ដាច់​សម្ពន្ធមេត្រី ដែល​ពួក​គេ​បាន​ចង​ជា​មួយ​ព្រះជាម្ចាស់

ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ថ្វាយបង្គំ​រូប​គោ​មាស
 កាល​ប្រជាជន​ឃើញ​លោក​ ម៉ូសេ​ក្រ​ចុះ​ពី​ភ្នំ​មក​វិញ ពួក​គេ​លើក​គ្នា​មក​ជួប​លោក​អរ៉ុន ហើយ​ពោល​ថា៖ «សូម​លោក​ធ្វើ​រូប​ព្រះ សំរាប់​ដឹក​នាំ​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​ពុំ​ដឹង​ថា មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​លោក​ម៉ូសេ ដែល​បាន​នាំ​ពួក​យើង​ចេញ​មក​ពី​ស្រុក​អេស៊ីប​នោះ​ឡើយ»។

 លោក​ អរ៉ុន​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ចូរ​ដោះ​ក្រវិល​មាស​ពី​ត្រចៀក​ប្រពន្ធ និង​កូន​ប្រុស កូន​ស្រី​របស់​អ្នក​រាល់​គ្នា យក​មក​អោយ​ខ្ញុំ»។

 ប្រជាជន​អ៊ីស្រាអែល​ទាំង​អស់​ក៏​ដោះ​ក្រវិល​មាស​ពី​ត្រចៀក​របស់​ពួក​គេ យក​មក​ជូន​លោក​អរ៉ុន។ លោក​អរ៉ុន​យក​ក្រវិល​ ទាំង​នោះ​ទៅ​សិត​ធ្វើ​ជា​រូប​កូន​គោ​មួយ។ បន្ទាប់​មក ពួក​គេ​ស្រែក​ឡើង​ថា៖ «អ៊ីស្រាអែល​អើយ នេះ​ជា​ព្រះ​ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប!»។ ឃើញ​ដូច្នេះ លោក​អរ៉ុន​ក៏​សង់​អាសនៈ​មួយ​នៅ​មុខ​រូប​គោ រួច​ប្រកាស​ថា៖ «នៅ​ថ្ងៃ​ស្អែក​នឹង​មាន​ពិធី​បុណ្យ​មួយ​ថ្វាយ​ព្រះអម្ចាស់»។ លុះ​ស្អែក​ឡើង ប្រជាជន​ក្រោក​ពី​ព្រលឹម នាំ​គ្នា​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញបូជា​មេត្រី​ភាព។ ប្រជាជន​អង្គុយ​ស៊ី​ផឹក រួច​នាំ​គ្នា​ក្រោក​ឡើង រាំ​យ៉ាង​សប្បាយ។

 ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ត្រឡប់​ទៅ​វិញ​ចុះ ដ្បិត​ប្រជាជន​របស់​អ្នក គឺ​ប្រជាជន​ដែល​អ្នក​នាំ​ចេញ​ពី​ស្រុក​អេស៊ីប បាន​ប្រព្រឹត្ត​អំពើ​បាប​មួយ​យ៉ាង​ធ្ងន់។  ពួក​គេ​ឆាប់​ងាក​ចេញ​ពី​ មាគ៌ា ដែល​យើង​បាន​បង្ហាញ​ដល់​ពួក​គេ គឺ​ពួក​គេ​បាន​សិត​ធ្វើ​រូប​កូន​គោ​មួយ ហើយ​ក្រាប​ថ្វាយបង្គំ និង​ថ្វាយ​យញ្ញបូជា​ដល់​រូប​កូន​គោ​នោះ ទាំង​ពោល​ថា “អ៊ីស្រាអែល​អើយ នេះ​ជា​ព្រះ​ដែល​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប!”»។  ព្រះ​អម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​ឃើញ​ហើយ​ថា ប្រជាជន​នេះ​សុទ្ធ​តែ​ជា​មនុស្ស​រឹងរូស។ ១០ ឥឡូវ​នេះ ចូរ​ទុក​អោយ​យើង​លុប​បំបាត់​ប្រជាជន​នេះ អោយ​វិនាស​សាប​សូន្យ តាម​កំហឹង​របស់​យើង រួច​យើង​អោយ​ប្រជាជាតិ​ដ៏​ធំ​កើត​ចេញ​ពី​អ្នក»។

១១ ប៉ុន្តែ លោក​ម៉ូសេ​ទូលអង្វរ សូម​ការ​ប្រោសប្រណី​ពី​ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក ដោយ​មាន​ប្រសាសន៍​ថា៖ «បពិត្រ​ព្រះអម្ចាស់ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ទ្រង់​ព្រះពិរោធ​នឹង​ប្រជារាស្ត្រ ដែល​ព្រះអង្គ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ឫទ្ធានុភាព និង​ព្រះបារមី​ដ៏​ខ្លាំង​ពូកែ​ដូច្នេះ? ដ្បិត​ពួក​គេ​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ។ ១២ សូម​កុំ​អោយ​ជន​ជាតិ​ អេស៊ីប​ពោល​ថា “ព្រះអង្គ​បាន​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ទៅ ដោយ​បំណង​អាក្រក់ ដើម្បី​សម្លាប់​ពួក​គេ​នៅ​តាម​ភ្នំ ព្រម​ទាំង​លុប​បំបាត់​ពួក​គេ​អោយ​អស់​ពី​ផែនដី”។ សូម​ព្រះអង្គ​ឈប់​ខ្ញាល់ ហើយ​ដូរ​ព្រះហឫទ័យ ឈប់​ធ្វើ​ទោស​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ទៅ។ ១៣ សូម​នឹក​ដល់​លោក​ អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​អ្នក​បំរើ​របស់​ព្រះអង្គ​ផង ដ្បិត​ព្រះអង្គ​បាន​សន្យា​ជា​មួយ​អស់​លោក​ទាំង​នោះ​យ៉ាង​ម៉ឺងម៉ាត់​ថា “យើង​នឹង​ធ្វើ​អោយ​ពូជពង្ស​របស់​អ្នក​រាល់​គ្នា បាន​កើន​ចំនួន​ឡើង​ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ យើង​នឹង​ប្រគល់​ស្រុក​ដែល​យើង​បាន​សន្យា​នេះ ដល់​ពូជពង្ស​របស់​អ្នក ហើយ​ពួក​គេ​នឹង​ទទួល​ស្រុក​នោះ​ជា​មត៌ក​រហូត​ត​ទៅ”»។ ១៤ ព្រះអម្ចាស់​ក៏​ដូរ​ព្រះហឫទ័យ​លែង​ធ្វើ​ទោស​ប្រជារាស្ត្រ​របស់​ព្រះអង្គ ដូច​ព្រះអង្គ​មាន​ព្រះបន្ទូល។

១៥ លោក​ម៉ូសេ​ក៏​ចុះ​ពី​លើ​ភ្នំ​មក​វិញ ដោយ​កាន់​បន្ទះ​ថ្ម​ទាំង​ពីរ ជា​សន្ធិសញ្ញា ដែល​មាន​ចារ​អក្សរ​ទាំង​សង​ខាង។ ១៦ បន្ទះ​ថ្ម​នេះ​ជា​ស្នា​ព្រះហស្ដ​របស់​ព្រះជាម្ចាស់ គឺ​ព្រះជាម្ចាស់​បាន​ចារ​អក្សរ ដោយ​ព្រះហស្ដ​របស់​ព្រះអង្គ​ផ្ទាល់។

១៧ ពេល​លោក​យ៉ូស៊ូអាំ​ឮ​សំឡេង​ប្រជាជន​ហ៊ោ​កញ្ជ្រៀវ លោក​​​​​​​​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «មាន​ឮ​សំឡេង​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ជំរំ»។

១៨ លោក​ម៉ូសេ​ឆ្លើយ​ថា៖ «ទេ នេះ​មិន​មែន​ជា​សំរែក​ជ័យជំ​នះ ឬ​សំរែក​បរាជ័យ​ឡើយ តែ​ខ្ញុំ​ឮ​សូរ​សំឡេង​ចំរៀង»។ ១៩ លុះ​មក​ដល់​ជិត​ជំរំ លោក​ម៉ូសេ​បាន​ឃើញ​រូប​កូន​គោ និង​ឃើញ​ប្រ​ជាជន​កំពុង​តែ​លោត​រាំ​លេង លោក​ក្រេវក្រោធ​យ៉ាង​ខ្លាំង លោក​​​ក៏​បោក​បន្ទះ​ថ្ម​ដែល​លោក​កាន់ អោយ​បែក​នៅ​ជើង​ភ្នំ​ទៅ។ ២០ ​លោក​យក​រូប​កូន​គោ ដែល​ពួក​គេ​បាន​ធ្វើ ទៅ​ដុត រួច​លោក​កំទេច​អោយ​ម៉ដ្ដ​ដូច​ម្សៅ ហើយ​យក​ម្សៅ​នោះ​ទៅ​ដាក់​ក្នុង​ទឹក អោយ​ជន​ជាតិ​អ៊ីស្រាអែល​ផឹក។ ២១ បន្ទាប់​មក លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អរ៉ុន​ថា៖ «តើ​ប្រជាជន​នេះ​ធ្វើ​អ្វី​ដល់​បង បាន​ជា​បង​បណ្ដោយ​អោយ​ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់​បែប​នេះ?»។ ២២ លោក​អរ៉ុន​តប​ថា៖ «សូម​លោក​ម្ចាស់​កុំ​ខឹង​អី លោក​ក៏​ជ្រាប​ហើយ​ថា ប្រជាជន​នេះ​ចូល​ចិត្ត​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់។ ២៣ ពួក​គេ​នាំ​គ្នា​មក​ ប្រាប់​ខ្ញុំ​ថា “សូម​លោក​ធ្វើ​រូប​ព្រះ​សំរាប់​ដឹក​នាំ​ពួក​យើង​ផង ដ្បិត​ពួក​យើង​ពុំ​ដឹង​ថា មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​លោក​ម៉ូសេ ដែល​បាន​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប​មក​នោះ​ឡើយ”។ ២៤ ខ្ញុំ​បាន​ប្រាប់​ពួក​ គេ​ថា អ្នក​ណា​មាន​មាស សុំ​យក​មក​អោយ​ខ្ញុំ។ ពួក​គេ​យក​មាស​មក​អោយ​ខ្ញុំ ខ្ញុំ​ក៏​បោះ​មាស​ទៅ​ក្នុង​ភ្លើង ស្រាប់​តែ​ចេញ​ជា​រូប​កូន​គោ​នេះ»។

២៥ លោក​ម៉ូសេ​ឃើញ​ថា លោក​អរ៉ុន​បណ្ដោយ​អោយ​ប្រជា ជន​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត ជា​ហេតុ​នាំ​អោយ​សត្រូវ​មើលងាយ។ ២៦  លោក​ទៅ​ឈរ​នៅ​ត្រង់​ទ្វារ​ចូល​ជំរំ ហើយ​ស្រែក​ថា៖ «អ្នក​ណា​ស្រឡាញ់​ព្រះអម្ចាស់ អ្នក​នោះ​ត្រូវ​មក​ខាង​ខ្ញុំ»។ កូន​ចៅ​លេវី​ទាំង​អស់​នាំ​គ្នា មក​មូល​ផ្ដុំ​ជុំវិញ​លោក​ម៉ូសេ។ ២៧ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ដូច​ត​ទៅ “អ្នក​រាល់​គ្នា​ត្រូវ​កាន់​ដាវ​រៀងៗ​ខ្លួន ហើយ​ដើរ​ចុះ​ឡើង​ពី​ចុង​ម្ខាង​ទៅ​ចុង​ម្ខាង​ទៀត​នៃ​ជំរំ ទាំង​សម្លាប់​បង​ប្អូន មិត្តភក្ដិ និង​សាច់ញាតិ​របស់​អ្នក​រាល់​គ្នា​ទៅ”»។

២៨ កូន​ចៅ​ លេវី​នាំ​គ្នា​ធ្វើ​តាម​បង្គាប់​របស់​លោក​ម៉ូសេ ហើយ​នៅ​ថ្ងៃ​នោះ មាន​ជន​ជាតិ​អ៊ីស្រាអែល​ប្រមាណ​បី​ពាន់​នាក់​ត្រូវ​បាត់​បង់​ជីវិត។ ២៩ លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «ថ្ងៃ​នេះ អ្នក​រាល់​គ្នា​ញែក​ខ្លួន​បំរើ​ព្រះអម្ចាស់ គឺ​អ្នក​រាល់​គ្នា​មិន​បាន​រារែក​ចិត្ត​ក្នុង​ការ​ប្រហារ​ជីវិត​កូន ឬ​បង​ប្អូន​របស់​ខ្លួន​ឡើយ។ ដូច្នេះ សូម​ព្រះអង្គ​ប្រទាន​ព្រះពរ​ដល់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ»។

លោក​ម៉ូសេ​ទូលអង្វរ​ព្រះអម្ចាស់
៣០ លុះ​ស្អែក​ឡើង លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា ជន​ថា៖ «អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់។ ឥឡូវ​នេះ ខ្ញុំ​ត្រូវ​ឡើង​ទៅ​គាល់​ព្រះអម្ចាស់​ម្ដង​ទៀត។ ប្រហែល​ជា​ខ្ញុំ​អាច​សូម​ព្រះអង្គ​លើកលែង​ទោស​អោយ​អ្នក​រាល់​គ្នា​បាន​រួច​ពី​បាប»។ ៣១ លោក​ម៉ូសេ​ក៏​ទៅ​គាល់​ព្រះអម្ចាស់ ហើយ​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់ ប្រជាជន​នេះ​បាន​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់ គឺ​ពួក​គេ​យក​មាស​សិត​ធ្វើ​រូប​ព្រះ សំរាប់​ថ្វាយបង្គំ។ ៣២ សូម​ព្រះអង្គ​មេត្តា​ លើកលែង​ទោស​អោយ​ពួក​គេ​រួច​ពី​បាប​ផង។ បើ​មិន​ដូច្នោះ​ទេ សូម​ព្រះអង្គ​លុប​ឈ្មោះ​ទូលបង្គំ ចេញ​ពី​បញ្ជី​ឈ្មោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ទៅ»។

៣៣ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​លោក​ម៉ូសេ​វិញ​ថា៖ «អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប​ប្រឆាំង​នឹង​យើង យើង​នឹង​លុប​ឈ្មោះ​អ្នក​នោះ​ចេញ​ពី​បញ្ជី​របស់​យើង!។ ៣៤ ឥឡូវ​នេះ ចូរ​ទៅ​ចុះ ហើយ​នាំ​ប្រជាជន​ទៅ​កាន់​កន្លែង​ដែល​យើង​បាន​ប្រាប់​អ្នក! ទេវទូត​របស់​យើង​នឹង​ដើរ​ពី​មុខ​អ្នក។ នៅ​ថ្ងៃ​វិនិច្ឆ័យ​ទោស យើង​នឹង​ដាក់​ទោស​ពួក​គេ ព្រោះ​តែ​អំពើ​បាប​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត»។

៣៥ ព្រះអម្ចាស់​បាន​ប្រហារ​ប្រជាជន ដ្បិត​ពួក​គេ​បាន​សុំ​អោយ​លោក​អរ៉ុន​ធ្វើ​រូប​កូន​គោ។