សេរីភាព (៣១)

អ្នក​បំរើ​ក្នុង​ទីសក្ការៈ
 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​​​ថា៖ ២ «យើង​បាន​ជ្រើសរើស​បេសាល់​អែលជា​កូន​របស់​អ៊ូរី និង​ជា​ចៅ​របស់​ហួរ ក្នុង​កុលសម្ព័ន្ធ​យូដា។  យើង​បាន​ធ្វើ​អោយ​គាត់ ​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​របស់​យើង ដើម្បី​អោយ​គាត់​មាន​ប្រាជ្ញា​ឆ្លាត​វាងវៃ ចេះ​ធ្វើ​គ្រប់​កិច្ចការ  គឺ​គាត់​ចេះ​លើក​គំរោង ហើយ​ជា​ជាង​មាស ជាង​ប្រាក់ និង​ជាង​លង្ហិន ៥ ចេះ​ឆ្នៃ និង​ដាំ​ត្បូង ចេះ​ឆ្លាក់​ឈើ។ សរុប​មក គាត់​ចេះ​ធ្វើ​ការងារ​គ្រប់​មុខ។ ៦ យើង​ក៏​បាន​តែងតាំង​ អូហូលីយ៉ាប់ ជា​កូន​របស់​អហ៊ីសាម៉ាក ពី​កុលសម្ព័ន្ធ​ដាន់​អោយ​ជួយ​គាត់​ដែរ។ យើង​អោយ​សិប្បករ​ឯ​ទៀតៗ​មាន​ប្រាជ្ញា ដើម្បី​បំពេញ​ការងារ​ទាំង​អស់​ដែល​យើង​បាន​បង្គាប់​អោយ​អ្នក​ធ្វើ ៧ គឺ​ធ្វើ​ពន្លា​ជួប​ ព្រះអម្ចាស់ ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិសញ្ញា គំរប​ហិប និង​គ្រឿង​បរិក្ខារ​ទាំង​អស់ សំរាប់​ប្រើប្រាស់​នៅ​ក្នុង​ពន្លា ៨ តុ និង​គ្រឿង​បរិក្ខារ​សំរាប់​ប្រើប្រាស់​ជា​មួយ​តុ ជើង​ចង្កៀង​ធ្វើ​អំពី​មាស​សុទ្ធ និង​គ្រឿង​បរិក្ខារ សំរាប់​ប្រើប្រាស់​ជា​មួយ​ជើង​ចង្កៀង អាសនៈ​ដុត​គ្រឿង​ក្រអូប ៩ អាសនៈ​សំរាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​គ្រឿង​បរិក្ខារ​សំរាប់​ប្រើប្រាស់​ជា​មួយ​អាសនៈ អាង​ទឹក និង​កំណល់។ ១០ សម្លៀកបំពាក់​សំរាប់​ ពិធី​បុណ្យ គឺ​សម្លៀកបំពាក់​សក្ការៈ​របស់​បូជាចារ្យ​អរ៉ុន និង​សម្លៀកបំពាក់​កូន​ប្រុស​គាត់ សំរាប់​បំពេញ​មុខងារ​ជា​បូជាចារ្យ។ ១១ ប្រេង​សំរាប់​ប្រើ​ ក្នុង​ពិធី​លាប​ប្រេង និង​គ្រឿង​ក្រអូប​សំរាប់​ដុត​នៅ​ទីសក្ការៈ។ ពួក​សិប្បករ​នឹង​ធ្វើ​ការ​ទាំង​អស់ ដូច​យើង​បាន​បង្គាប់»។

ថ្ងៃ​សប្ប័ទ*
១២ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ១៣ ​«ចូរ​ប្រាប់​ជន​ជាតិ​ អ៊ីស្រាអែល​ដូច​ត​ទៅ: ត្រូវ​គោរព​ថ្ងៃ​សប្ប័ទ​របស់​យើង​អោយ​បាន​ដិតដល់ ដ្បិត​ថ្ងៃ​សប្ប័ទ​ជា​ទី​សំគាល់​នៃ​ទំនាក់​ទំនង​រវាង​យើង នឹង​អ្នក​រាល់​គ្នា គ្រប់​ជំនាន់​ត​រៀង​ទៅ ព្រម​ទាំង​រំលឹក​អោយ​ដឹង​ថា យើង​ជា​ព្រះអម្ចាស់ ដែល​បាន​ញែក​អ្នក​រាល់​គ្នា​ជា​ប្រជារាស្ត្រ​ដ៏វិសុទ្ធ​របស់​យើង។ ១៤ ដូច្នេះ ចូរ​គោរព​ថ្ងៃ​សប្ប័ទ និង​ចាត់​ទុក​ថ្ងៃ​នោះ​ជា​ថ្ងៃ​ដ៏​សក្ការៈ។ អ្នក​ណា​មិន​គោរព​ថ្ងៃ​សប្ប័ទ​ទុក​ជា​សក្ការៈ អ្នក​នោះ​នឹង​ត្រូវ​គេ​ប្រហារ​ជីវិត ហើយ​អស់​អ្នក​ដែល​ធ្វើ​ការងារ​នៅ​ថ្ងៃ​នោះ​នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ ប្រជាជន។ ១៥ ក្នុង​រយៈ​ពេល​ប្រាំ​ មួយ​ថ្ងៃ អ្នក​រាល់​គ្នា​អាច​ធ្វើ​ការ​បាន ប៉ុន្តែ ថ្ងៃ​ទី​ប្រាំពីរ​ជា​ថ្ងៃ​សប្ប័ទ គឺ​ថ្ងៃ​សំរាក​ដែល​ត្រូវ​ញែក​ទុក​ជា​ថ្ងៃ​សក្ការៈ ថ្វាយ​ព្រះអម្ចាស់។ អស់​អ្នក​ដែល​ធ្វើ​ការ​នៅ​ថ្ងៃ​សប្ប័ទ​នឹង​ត្រូវ​គេ​ប្រហារ​ជីវិត។ ១៦ ជន​ជាតិ​អ៊ីស្រាអែល​ ត្រូវ​តែ​គោរព​ថ្ងៃ​សប្ប័ទ ពួក​គេ​ត្រូវ​ចាត់​ទុក​ថ្ងៃ​សប្ប័ទ​ជា​ទី​សំគាល់​នៃ​សម្ពន្ធមេត្រី​ជានិច្ច​ និរន្តរ៍ គ្រប់​ជំនាន់​ត​រៀង​ទៅ។ ១៧ ថ្ងៃ​សប្ប័ទ​ជា​ទី​សម្គាល់​នៃ​ទំនាក់ទំនង​រវាង​យើង នឹង​ប្រជាជន​អ៊ីស្រាអែល ជានិច្ច​និរន្តរ៍ ដ្បិត​យើង​ជា​ព្រះអម្ចាស់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី​អស់​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ ហើយ​នៅ​ថ្ងៃ​ទី​ប្រាំពីរ​យើង​ឈប់​ធ្វើ​ការ​ហើយ​សំរាក»។

១៨ ពេល​ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​លើ​ភ្នំ​ស៊ីណៃ​ចប់​សព្វ​គ្រប់​ហើយ ព្រះអង្គ​បាន​ប្រគល់​បន្ទះ​ថ្ម​ទាំង​ពីរ ជា​សន្ធិសញ្ញា គឺ​បន្ទះ​ថ្ម​ដែល​ព្រះអង្គ​បាន​សរសេរ​ដោយ​ព្រះអង្គុលី​របស់​ព្រះអង្គ​ផ្ទាល់ មក​លោក​ម៉ូសេ។