សេរីភាព (២៨)

សម្លៀកបំពាក់​របស់​បូជាចារ្យ
 ត្រូវ​ហៅ​អរ៉ុន ជា​បង​របស់​អ្នក ព្រម​ទាំង​កូន​ប្រុស​របស់​គាត់​គឺ ណាដាប់ អប៊ីហ៊ូ អេឡាសារ និង​អ៊ីតាម៉ា ពី​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រាអែល អោយ​ចូល​មក​ជិត​អ្នក ដើម្បី​បំពេញ​មុខងារ​ជា​បូជាចារ្យ។ ត្រូវ​ធ្វើ​សម្លៀកបំពាក់​សក្ការៈ សំរាប់​អរ៉ុន ជា​បង​របស់​អ្នក ដើម្បី​ជា​កិត្តិយស និង​ភាព​ថ្លៃថ្នូរ​របស់​គាត់។ ៣ ត្រូវ​ប្រាប់​ពួក​សិប្បករ ​ទាំង​អស់​ថា យើង​នឹង​ផ្ដល់​ព្រះប្រាជ្ញាញាណ​អោយ​ពួក​គេ អាច​ធ្វើ​សម្លៀកបំពាក់​សក្កា​រៈ​​សំរាប់​អរ៉ុន ដើម្បី​ញែក​គាត់​អោយ​បាន​វិសុទ្ធ និង​អោយ​គាត់​បំពេញ​មុខងារ​ជា​បូជាចារ្យ​បំរើ​យើង។ ៤ សម្លៀកបំពាក់​ដែល​ពួក​គេ​ ត្រូវ​ធ្វើ​នោះ គឺ​ប្រដាប់​ពាក់​លើ​ទ្រូង​មួយ អាវ​អេផូដ*​មួយ អាវ​វែង​មួយ អាវ​ក្នុង​មួយ​ជា​អាវ​ប៉ាក់ ឆ្នួត​ក្បាល​មួយ និង​ខ្សែ​ក្រវាត់​មួយ។ ពួក​គេ​ត្រូវ​ធ្វើ​សម្លៀកបំពាក់​សក្ការៈ​សំរាប់​អរ៉ុន ជា​បង​របស់​អ្នក ព្រម​ទាំង​កូនៗ​របស់​គាត់ ដើម្បី​អោយ​បំពេញ​មុខងារ​ជា​បូជាចារ្យ​បំរើ​យើង។

 ពួក​សិប្បករ​ត្រូវ​ប្រើ​អំបោះ​មាស អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​អំបោះ​ធ្មៃ។

 ពួក​គេ​ ត្រូវ​ប្រើ​អំបោះ​មាស អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​អំបោះ​ធ្មៃ ធ្វើ​អាវ​អេផូដ ដោយ​មាន​ប៉ាក់​លំអ​ផង។ ត្រូវ​ធ្វើ​ខ្សែ​ព្រយុង​ពីរ ដេរ​ភ្ជាប់​ទៅ​នឹង​ចុង​ទាំង​សង​ខាង​របស់​អាវ​អេផូដ។ រីឯ​ខ្សែ​ក្រវាត់​របស់​ អាវ​អេផូដ​ត្រូវ​ធ្វើ​ដោយ​សរសៃ​អំបោះ ដូច​អាវ​អេផូដ​ដែរ គឺ​មាន​អំបោះ​មាស អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​អំបោះ​ធ្មៃ ខ្សែ​ក្រវាត់​នេះ​ត្រូវ​ដេរ​ជាប់​នឹង​អាវ​អេផូដ។ ចូរ​យក​ត្បូង​មណីជោតិរស​ពីរ​ដុំ​មក ហើយ​ចារ​ឈ្មោះ​កូន​របស់​អ៊ីស្រា​អែល​​នៅ​លើ​នោះ។ ១០ ត្រូវ​ចារ​ឈ្មោះ​ប្រាំ​មួយ​នៅ​លើ​ត្បូង​ទី​មួយ និង​ឈ្មោះ​ប្រាំ​មួយ​ទៀត​នៅ​លើ​ត្បូង​ទី​ពីរ តាម​លំដាប់​អាយុ​របស់​ពួក​គេ។ ១១ អ្នក​ត្រូវ​ចារ​ឈ្មោះ​ កូន​របស់​អ៊ីស្រាអែល​នៅ​លើ​ត្បូង តាម​របៀប​ដូច​គេ​ឆ្លាក់​ត្រា ហើយ​ត្រូវ​ធ្វើ​ក្រចាប់​មាស​ភ្ជាប់​នឹង​ត្បូង​នោះ​ផង។ ១២ ចូរ​ដាំ​ត្បូង​ទាំង​ពីរ ​ភ្ជាប់​នឹង​ខ្សែ​ព្រយុង​របស់​អាវ​អេផូដ ទុក​ជា​តំណាង​កូន​របស់​អ៊ីស្រាអែល។ ដូច្នេះ អរ៉ុន​នឹង​ពាក់​ឈ្មោះ​របស់​ពួក​គេ​លើ​ខ្សែ​ព្រយុង​ទាំង​ពីរ នៅ​ចំពោះ​មុខ​យើង ដែល​ជា​ព្រះអម្ចាស់ ដើម្បី​អោយ​យើង​នឹក​ដល់​ពួក​គេ។ ១៣ ត្រូវ​ធ្វើ​ក្រ​ចាប់​ទាំង​នោះ​ពី​មាស ១៤ ធ្វើ​ខ្សែ​ពី​មាស​សុទ្ធ ដែល​វេញ​ចូល​គ្នា​ជា​របៀប​ខ្សែពួរ ហើយ​ភ្ជាប់​ខ្សែ និង​ក្រចាប់​ជាប់​គ្នា។

ប្រដាប់​ពាក់​លើ​ទ្រូង
១៥ ត្រូវ​ធ្វើ​ប្រដាប់​ ពាក់​លើ​ទ្រូង​មួយ សំរាប់​វិនិច្ឆ័យ។ ប្រដាប់​ពាក់​លើ​ទ្រូង​នេះ​ត្រូវ​ធ្វើ​ដោយ​សរសៃ​អំបោះ​ដូច​អាវ​អេផូដ​ដែរ គឺ​មាន​អំបោះ​មាស អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​អំបោះ​ធ្មៃ ដោយ​មាន​ប៉ាក់​លំអ​ផង។ ១៦​ ប្រដាប់​ពាក់​លើ​ទ្រូង​នេះ​មាន​ពីរ​ស្រទាប់ និង​មាន​រាង​បួន​ជ្រុង​ស្មើ ជ្រុង​នីមួយៗ​មាន​ប្រវែង​មួយ​ចង្អាម។ ១៧ ប្រដាប់​ពាក់​លើ​ទ្រូង​ ត្រូវ​លំអ​ដោយ​ត្បូង​បួន​ជួរ គឺ​ជួរ​ទី​មួយ ត្រូវ​ដាំ​ត្បូង​ទទឹម​មួយ​គ្រាប់ ត្បូង​ប៊ុតលឿង​មួយ​គ្រាប់ និង​ត្បូង​មរកត​មួយ​គ្រាប់។ ១៨ ជួរ​ទី​ពីរ ត្រូវ​ដាំ​ត្បូង​ទទឹម​មួយ​គ្រាប់​ត្បូង​កណ្ដៀង​មួយ​គ្រាប់ និង​ត្បូង​ពេជ្រ​មួយ​គ្រាប់។ ១៩ ជួរ​ទី​បី ត្រូវ​ដាំ​ត្បូង​ទទឹម​មួយ​គ្រាប់ ត្បូង​និលរ័ត្ន​មួយ​គ្រាប់ និង​ត្បូង​ជម្ពូរ័ត្ន​មួយ​គ្រាប់ ២០ ហើយ​ជួរ​ទី​បួន ត្រូវ​ដាំ​ត្បូង​ដៃរគៀម​មួយ​គ្រាប់ ត្បូង​កែវយក់​មួយ​គ្រាប់ និង​មណីជោតិរស​មួយ​គ្រាប់។ ត្បូង​នីមួយៗ​ត្រូវ​តែ​ដាំ​បង្កប់​ក្នុង​ក្រ​ចាប់​​ធ្វើ​អំពី​មាស។ ២១ ត្បូង​ទាំង​នេះ​ជា​ តំណាង​កុលសម្ព័ន្ធ​នៃ​ជន​ជាតិ​អ៊ីស្រាអែល គឺ​មាន​ទាំង​អស់​ដប់ពីរ។ នៅ​លើ​ត្បូង​នីមួយៗ​ត្រូវ​ចារ​ឈ្មោះ​កុលសម្ព័ន្ធ​មួយ តាម​របៀប​ដែល​គេ​ឆ្លាក់​ត្រា។ ២២​ត្រូវ​យក​មាស​សុទ្ធ​មក​ធ្វើ​ជា​ខ្សែ ហើយ​វេញ​ចូល​គ្នា​ជា​របៀប​ខ្សែពួរ សំរាប់​ភ្ជាប់​ទៅ​នឹង​ប្រដាប់​ពាក់​លើ​ទ្រូង។ ២៣ ត្រូវ​ធ្វើ​កង​មាស​ពីរ​ភ្ជាប់​ទៅ​នឹង​មុម​ខាង​លើ​នៃ​ប្រដាប់​ពាក់​លើ​ទ្រូង។ ២៤​បន្ទាប់​មក ត្រូវ​ថ្ពក់​ខ្សែ​មាស​ទាំង​ពីរ​ទៅ​នឹង​កង​ទាំង​ពីរ​នៃ​ប្រដាប់​ពាក់​លើ​ទ្រូង ២៥ រួច​ភ្ជាប់​ចុង​ម្ខាង​ ទៀត​ទៅ​នឹង​ក្រ​ចាប់​មាស​ទាំង​ពីរ ដែល​ស្ថិត​នៅ​លើ​ខ្សែ​ព្រយុង​របស់​អាវ​អេផូដ ដើម្បី​អោយ​ប្រដាប់​ពាក់​លើ​ទ្រូង​នោះ​ស្ថិត​នៅ​ពី​មុខ។ ២៦ ត្រូវ​ធ្វើ​កង​មាស​ពីរ​ទៀត ភ្ជាប់​ទៅ​នឹង​មុម​ខាង​ក្រោម​ទាំង​ពីរ​នៃ​ប្រដាប់​ពាក់​លើ​ទ្រូង គឺ​មុម​ដែល​ប៉ះ​នឹង​អាវ​អេផូដ។ ២៧ ត្រូវ​ធ្វើ​កង​មាស​ពីរ​ ទៀត ភ្ជាប់​ទៅ​ចុង​ខាង​ក្រោម​នៃ​ខ្សែ​ព្រយុង​របស់​អាវ​អេផូដ ត្រង់​កន្លែង​ដែល​ខ្សែ​ព្រយុង និង​អាវ​អេផូដ ដេរ​ជាប់​គ្នា នៅ​ពី​លើ​ខ្សែ​ក្រវាត់​របស់​អាវ​អេផូដ។ ២៨ ចូរ​យក​ខ្សែ​ពណ៌​ស្វាយ ចង​កង​របស់​ប្រដាប់​ពាក់​លើ​ទ្រូង ភ្ជាប់​ទៅ​នឹង​កង​របស់​អាវ​អេផូដ ដើម្បី​អោយ​ប្រដាប់​ពាក់​លើ​ទ្រូង​នោះ ស្ថិត​នៅ​ពី​លើ​ខ្សែ​ក្រវាត់ ហើយ​កុំ​អោយ​របូត​ចេញ​ពី​អាវ​អេផូដ​ឡើយ។ ២៩ ពេល​អរ៉ុន​ចូល​ក្នុង​ ទីសក្ការៈ គាត់​មាន​ឈ្មោះ​កុលសម្ព័ន្ធ​នៃ​កូន​ចៅ​អ៊ីស្រាអែល​នៅ​ជាប់​នឹង​ប្រដាប់​ពាក់ ​លើ​ទ្រូង សំរាប់​វិនិច្ឆ័យ ដើម្បី​អោយ​យើង​ដែល​ជា​ព្រះអម្ចាស់ នឹក​ដល់​ពួក​គេ​អស់កល្ប​ជានិច្ច។ ៣០ ចូរ​ដាក់​អ៊ូរីម និងទូមីម* ទៅ​ក្នុង​ប្រដាប់​ពាក់​លើ​ទ្រូង​សំរាប់​វិនិច្ឆ័យ ដើម្បី​អោយ​វត្ថុ​ទាំង​នេះ​ស្ថិត​នៅ​ជាប់​នឹង​ទ្រូង​អរ៉ុន​ជានិច្ច នៅ​ពេល​គាត់​ចូល​មក​រក​យើង។ ដូច្នេះ នៅ​ពេល​ចូល​មក​រក​យើង ដែល​ជា​ព្រះអម្ចាស់ អរ៉ុន​ត្រូវ​ពាក់​គ្រឿង​សំរាប់​វិនិច្ឆ័យ​ជន​ជាតិ​អ៊ីស្រាអែល​ជាប់​នឹង​ដើម​ទ្រូង​ជានិច្ច។

សម្លៀកបំពាក់​សក្ការៈ​ផ្សេង​ទៀត
៣១ ចូរ​ធ្វើ​អាវ​វែង​មួយ​ពណ៌​ស្វាយ សំរាប់​ពាក់​ពី​ក្រោម​អាវ​អេផូដ។ ៣២ ផ្នែក​ខាង​លើ​របស់​អាវ​ វែង​នោះ ត្រូវ​កាត់​ប្រឡោះ​មួយ​ចំ​កណ្ដាល​សំរាប់​ស៊ក​ក្បាល។ ត្រូវ​ដេររឹម​ជុំវិញ​ប្រឡោះ​នោះ ដើម្បី​កុំ​អោយ​រហែក គឺ​ដេរ​តាម​របៀប​ដែល​គេ​ដេរ​ជាយ​អាវ​ស្បែក។ ៣៣ នៅ​តាម​ជាយ​អាវ​ខាង​ ក្រោម ត្រូវ​ប៉ាក់​លំអ​ដោយ​រូប​ផ្លែ​ទទឹម​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​ទុំ ហើយ​ត្រូវ​ដាក់​កូន​កណ្ដឹង​មាស​ទៀត​ផង។ ៣៤ ត្រូវ​ដាក់​រូប​ផ្លែ​ទទឹម​មួយ កូន​កណ្ដឹង​មួយ​ឆ្លាស់​គ្នា​ជុំវិញ​ជាយ​អាវ។ ៣៥ អរ៉ុន​ពាក់​អាវ​នេះ​នៅ​ពេល​បំពេញ​មុខងារ គឺ​ពេល​គាត់​មក​រក​ព្រះអម្ចាស់​ក្នុង​ទីសក្ការៈ ហើយ​ពេល​គាត់​ចេញ​មក​វិញ គេ​នឹង​ឮ​ស្នូរ​កូន​កណ្ដឹង។ ដូច្នេះ គាត់​នឹង​មិន​ត្រូវ​ស្លាប់​ឡើយ។

៣៦ ចូរ​ធ្វើ​គ្រឿង​អលង្ការ​មួយ​ពី​មាស​សុទ្ធ​មាន​រាង​ដូច​ផ្កា។ ត្រូវ​ឆ្លាក់​អក្សរ «បូជា​ថ្វាយ​ព្រះអម្ចាស់» នៅ​លើ​គ្រឿង​អលង្ការ​នេះ តាម​របៀប​ដែល​គេ​ឆ្លាក់​ត្រា។ ៣៧ ចូរ​ភ្ជាប់​គ្រឿង​អលង្ការ​ទៅ​នឹង​ផ្នែក​ខាង​មុខ​នៃ​ឆ្នួត​ក្បាល ដោយ​ប្រើ​ខ្សែ​ពណ៌​ស្វាយ។ ៣៨ ពេល​អរ៉ុន​ចូល​មក​រក​យើង​ដែល​ជា​ព្រះអម្ចាស់ គ្រឿង​អលង្ការ​នេះ​ស្ថិត​នៅ​លើ​ថ្ងាស​របស់​គាត់​ជានិច្ច។ ធ្វើ​ដូច្នេះ ទោះ​បី​ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​ខុស នៅ​ពេល​ថ្វាយ​តង្វាយ​ក៏​ដោយ ក៏​យើង​យល់​ព្រម​ទទួល​តង្វាយ​របស់​ពួក​គេ​ដែរ។

៣៩ ត្រូវ​ធ្វើ​អាវ​ក្នុង​មួយ​ពី​អំបោះ​ធ្មៃ ឆ្នួត​ក្បាល​មួយ​ពី​អំបោះ​ធ្មៃ ព្រម​ទាំង​ប៉ាក់​ខ្សែ​ក្រវាត់​មួយ​ផង។

៤០ ត្រូវ​ ធ្វើ​អាវ​ក្នុង ខ្សែ​ក្រវាត់ និង​ឆ្នួត​ក្បាល សំរាប់​កូន​ទាំង​អស់​របស់​អរ៉ុន ដើម្បី​ជា​កិត្តិយស និង​ភាព​ថ្លៃថ្នូរ​របស់​ពួក​គេ។ ៤១ ត្រូវ​យក​សម្លៀកបំពាក់​ ទាំង​នេះ​ទៅ​ពាក់​អោយ​អរ៉ុន និង​កូន​ប្រុស​របស់​គាត់ រួច​ចាក់​ប្រេង​តែងតាំង​ពួក​គេ ដើម្បី​ញែក​ពួក​គេ​អោយ​បំពេញ​មុខងារ​ជា​បូជាចារ្យ​បំរើ​យើង។ ៤២ ចូរ​ធ្វើ​ខោ​ខ្លី​ពី​អំបោះ​ធ្មៃ ដើម្បី​អោយ​ពួក​គេ​បិទបាំង​កេរខ្មាស ចាប់​ពី​ចង្កេះ​រហូត​ដល់​ភ្លៅ។ ៤៣ អរ៉ុន និង​កូន​ប្រុស​របស់​គាត់​ត្រូវ​ស្លៀក​សម្លៀកបំពាក់​ទាំង​នេះ នៅ​ពេល​ដែល​ពួក​គេ​ចូល​ទៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់ ឬ​នៅ​ពេល​ចូល​ទៅ​កាន់​អាសនៈ ដើម្បី​បំពេញ​មុខងារ​ក្នុង​ទីសក្ការៈ។ ដូច្នេះ ពួក​គេ​នឹង​គ្មាន​កំហុស ហើយ​មិន​ត្រូវ​ស្លាប់​ឡើយ។ នេះ​ជា​ច្បាប់​ដែល​អរ៉ុន និង​ពូជពង្ស​ត្រូវ​អនុវត្ត​តាម​រហូត​ត​ទៅ។