សេរីភាព (២៥)

គំរោង​សំណង់​ព្រះពន្លា

ព្រះជាម្ចាស់​បង្គាប់​អោយ​សង់​ព្រះពន្លា
 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ២ «ចូរ​ប្រាប់​ជន​ជាតិ​ អ៊ីស្រាអែល​អោយ​យក​តង្វាយ ដែល​គេ​បាន​ញែក​ទុក មក​ថ្វាយ​យើង។ ត្រូវ​ទទួល​យក​តង្វាយ​ពី​អ្នក​ដែល​ថ្វាយ ដោយ​ស្ម័គ្រ​ចិត្ត។ ៣ តង្វាយ​ដែល​អ្នក​ត្រូវ​ទទួល​ពី​គេ គឺ​មាស ប្រាក់ លង្ហិន ៤ ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម ពណ៌​ក្រហម​ទុំ ក្រណាត់​ទេសឯក ក្រណាត់​ធ្វើ​ពី​រោម​ពពែ ស្បែក​ពពែ​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត និង​ឈើ​នាងនួន ៦ ប្រេង​សំរាប់​ដុត​បំភ្លឺ ប្រេង​ក្រអូប​សំរាប់​ពិធី​លាប​ប្រេង និង​គ្រឿង​ក្រអូប​សំរាប់​ដុត ៧ ត្បូង​មណីជោតិរស និង​ត្បូង​ដ៏​មាន​តម្លៃ​ផ្សេងៗ សំរាប់​ដាំ​នៅ​លើ​អាវ​អេផូដ* និង​សំរាប់​លំអ​ដើម​ទ្រូង​បូជាចារ្យ។ ៨ ពួក​គេ​ត្រូវ​សង់​ទីសក្ការៈ​មួយ​សំរាប់​យើង ដើម្បី​អោយ​យើង​ស្នាក់​នៅ​ក្នុង​ចំណោម​ពួក​គេ។ ៩ អ្នក​រាល់​គ្នា​ត្រូវ​សង់​ព្រះពន្លា និង​ធ្វើ​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន តាម​គំរូ​ដែល​យើង​នឹង​បង្ហាញ​អ្នក»។

ហិប​នៃ​សម្ពន្ធមេត្រី
១០ ពួក​គេ​ត្រូវ​ធ្វើ​ហិប​មួយ​ពី​ឈើ​នាងនួន ហិប​នោះ​មាន​បណ្ដោយ​​​​​​ពីរ​ហត្ថ​កន្លះ ទទឹង​មួយ​ហត្ថ​កន្លះ និង​កំពស់​មួយ​ហត្ថ​កន្លះ។ ១១ ត្រូវ​យក​មាស​សុទ្ធ​ស្រោប​ហិប​នោះ ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ ហើយ​គែម​ដែល​ព័ទ្ធ​ជុំវិញ ក៏​ត្រូវ​ធ្វើ​ពី​មាស​ដែរ។ ១២ ត្រូវ​ធ្វើ​កង​មាស​បួន ដាក់​ភ្ជាប់​ទៅ​នឹង​មុម​ទាំង​បួន គឺ​ម្ខាង​ពីរៗ។ ១៣ ត្រូវ​យក​ឈើ​នាងនួន​មក​ធ្វើ​ជា​ឈើ​ស្នែង ហើយ​ស្រោប​មាស​ផង។ ១៤ ត្រូវ​ស៊ក​ឈើ​ស្នែង​ទៅ​ក្នុង​កង​ដែល​នៅ​សង​ខាង​ហិប ដើម្បី​សែង​ហិប​នោះ។ ១៥ ឈើ​ស្នែង​ត្រូវ​នៅ​ជាប់​នឹង​កង​របស់​ហិប​ជានិច្ច មិន​ត្រូវ​ដក​ចេញ​ឡើយ។ ១៦ ចូរ​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិសញ្ញា​របស់​សម្ពន្ធមេត្រី* ដែល​យើង​អោយ​ដល់​អ្នក​ក្នុង​ហិប​នេះ។ ១៧ ត្រូវ​អោយ​គេ​ធ្វើ​គំរប​ហិប​ពី​មាស​សុទ្ធ ដែល​មាន​បណ្ដោយ​ពីរ​ហត្ថ​កន្លះ និង​ទទឹង​មួយ​ហត្ថ​កន្លះ។ ១៨ ត្រូវ​យក​មាស​មក​ឆ្លាក់​ធ្វើ​រូប​ខេរូប៊ីម​ពីរ ដាក់​នៅ​ចុង​គំរប​ហិប​ទាំង​សង​ខាង ១៩ ត្រូវ​ដាក់​ភ្ជាប់​រូបខេរូប៊ីម*​ទាំង​ពីរ​នោះ​ទៅ​នឹង​គំរប​ហិប គឺ​​ខេរូប៊ីមនីមួយៗ​ត្រូវ​ភ្ជាប់​ទៅ​នឹង​ចុង​ម្ខាង។ ២០ ត្រូវ​ដាក់​ខេរូប៊ីម​ទាំង​ពីរ​ប្រឈម​មុខ​គ្នា ដោយ​ឈ្ងោក​មុខ​ទៅ​រក​គំរប​ហិប ព្រម​ទាំង​ត្រដាង​ស្លាប​ការពារ​គំរប​ហិប​នេះ​ទៀត​ផង។ ២១ ចូរ​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិសញ្ញា ដែល​យើង​នឹង​ប្រគល់​អោយ​អ្នក ទៅ​ក្នុង​ហិប រួច​យក​គំរប​មក​គ្រប។ ២២ យើង​នឹង​មក​ជួប​អ្នក​នៅ ​លើ​គំរប​ហិប ត្រង់​ចន្លោះ​​ខេរូប៊ីម​ទាំង​ពីរ​ដែល​នៅ​ពី​លើ​ហិប​នៃ​សម្ពន្ធ​មេ​ត្រី។ យើង​នឹង​ប្រាប់​អ្នក​អំពី​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែល​ត្រូវ​បង្គាប់​ដល់​កូន​ចៅ​អ៊ីស្រាអែល។

តុ​ដាក់​នំបុ័ង​ថ្វាយ​ព្រះជាម្ចាស់
២៣ ត្រូវ​ធ្វើ​តុ​មួយ​ពី​ឈើ​នាងនួន ដែល​មាន​បណ្ដោយ​ពីរ​ហត្ថ ទទឹង​មួយ​ហត្ថ និង​កំពស់​មួយ​ហត្ថ​កន្លះ។ ២៤ ត្រូវ​យក​មាស​សុទ្ធ​មក​ស្រោប​តុ​នោះ ព្រម​ទាំង​ធ្វើ​គែម​មាស​ព័ទ្ធ​ជុំវិញ​ទៀត​ផង។ ២៥ នៅ​តាម​ជ្រុង​ទាំង​បួន ត្រូវ​ធ្វើ​ក្រប​ដែល​មាន​កំពស់​មួយ​ទះ ហើយ​ធ្វើ​ក្បាច់​ជា​មាស​ព័ទ្ធ​ជុំវិញ​ផង។ ២៦ ត្រូវ​ធ្វើ​កង​មាស​បួន​ដាក់​ភ្ជាប់​ទៅ​នឹង​មុម​ទាំង​បួន ត្រង់​កន្លែង​ដែល​មាន​ជើង​តុ។ ២៧ ​កង​មាស​ទាំង​បួន​ត្រូវ​ដាក់​នៅ​ជិត​ក្រប ដើម្បី​ស៊ក​ឈើ​ស្នែង​សែង​តុ។ ២៨ ត្រូវ​យក​ឈើ​នាងនួន​មក​ធ្វើ​ជា​ឈើ​ស្នែង ហើយ​ស្រោប​មាស​ផង ដើម្បី​សែង​តុ​នោះ។ ២៩ ត្រូវ​យក​មាស​សុទ្ធ​មក​ធ្វើ​ថាស ថូ ចានគោម និង​ពែង​សំរាប់​ប្រើ​ក្នុង​ពិធី​ច្រួចស្រា និង​ប្រេង​ដាក់​នៅ​លើ​តុ​នោះ។ ៣០ ត្រូវ​តម្កល់​នំបុ័ង​នៅ​លើ​តុ​នោះ ទុក​ជា​តង្វាយ​អចិន្ត្រៃយ៍​នៅ​ចំពោះ​មុខ​យើង។

ជើង​ចង្កៀង
៣១ ត្រូវ​យក​មាស​សុទ្ធ​តែ​ មួយ​ដុំ​មក​ដំ​ធ្វើ​ជើង​ចង្កៀង ហើយ​ជើង​ចង្កៀង​មាស​នេះ​ត្រូវ​ឆ្លាក់​ក្បាច់​រចនា ទាំង​ផ្នែក​ខាង​ក្រោម ទាំង​តួ ទាំង​មែក និង​ផ្នែក​ដាក់​ប្រេង។ ៣២ មាន​មែក​ប្រាំ​មួយ​បែក​ចេញ​ពី​តួ​ដែល​នៅ​កណ្ដាល គឺ​ម្ខាង​មាន​មែក​បី ហើយ​ម្ខាង​ទៀត​ក៏​មាន​មែក​បី​ដែរ។ ៣៣ ក្នុង​ចំណោម​មែក​ទាំង​ ប្រាំ​មួយ​នោះ មែក​នីមួយៗ​មាន​ក្បាច់​បី​គន្លាក់ រាង​ដូច​ទង​ផ្កា ត្របក​ផ្កា និង​ស្រទាប់​ផ្កា​ក្រពុំ ជា​បន្ត​បន្ទាប់​គ្នា។ ៣៤ រីឯ​តួ​ដែល​នៅ​កណ្ដាល មាន​ក្បាច់​បួន​គន្លាក់ រាង​ដូច​ទង​ផ្កា​ត្របក​ផ្កា និង​ស្រទាប់​ផ្កា​ក្រពុំ។ ៣៥ មាន​ស្រទាប់​ផ្កា​ក្រពុំ​បី​នៅ​ខាង​ក្រោម​មែក​ទាំង​បី​គូ ដែល​បែក​ចេញ​ពី​តួ​កណ្ដាល។ ៣៦ ស្រទាប់​ផ្កា​ក្រពុំ និង​មែក ត្រូវ​ឆ្លាក់​ជា​ក្បាច់​រចនា​ពី​មាស​សុទ្ធ​តែ​មួយ​ដុំ។ ៣៧ ត្រូវ​ធ្វើ​ចង្កៀង​ប្រាំពីរ យក​ទៅ​ដាក់​លើ​ជើង​ចង្កៀង ដើម្បី​អោយ​ពន្លឺ​ជះ​ទៅ​ខាង​មុខ។ ៣៨ រីឯ​កន្លែង​ស៊ក​ប្រឆេះ​ចង្កៀង និង​ប្រដាប់​សំរាប់​គោះ​កំទេច​ប្រឆេះ ក៏​ត្រូវ​តែ​ធ្វើ​ពី​មាស​សុទ្ធ​ដែរ។ ៣៩ ត្រូវ​ប្រើ​មាស​សុទ្ធ​ សាមសិប​បួន​គីឡូក្រាម ដើម្បី​ធ្វើ​ជើង​ចង្កៀង និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន សំរាប់​ប្រើ​ប្រាស់​​ជា​មួយ​ជើង​ចង្កៀង​នោះ។

​​៤០ ចូរ​សង្កេត​មើល ហើយ​ធ្វើ​តាម​គំរូ ដែល​យើង​បង្ហាញ​អោយ​អ្នក​ឃើញ​នៅ​លើ​ភ្នំ។