សេរីភាព (២៣)

 កុំ​ផ្សព្វ​ផ្សាយ​រឿង​មិន​ពិត ហើយ​ក៏​កុំ​ធ្វើ​ជា​សាក្សី​ក្លែងក្លាយ ដើម្បី​ជួយ​មនុស្ស​អាក្រក់​ដែរ។ កុំ​បណ្ដោយ​ខ្លួន​ទៅ​តាម​ មនុស្ស​ភាគ​ច្រើន ដើម្បី​សំរេច​ការ​អាក្រក់​ឡើយ កុំ​ទុក​អោយ​មនុស្ស​ភាគ​ច្រើន​ទាក់ទាញ​អ្នក​ធ្វើ​ជា​សាក្សី​ក្លែងក្លាយ បង្វែរ​យុត្តិធម៌​អោយ​សោះ។ នៅ​ពេល​កាត់​ក្ដី មិន​ត្រូវ​យោគយល់​ដល់​អ្នក​ណា​ទាំង​អស់ ទោះ​បី​អ្នក​នោះ​ជា​អ្នក​ក្រីក្រ​ក៏​ដោយ។

 ប្រសិន​បើ​អ្នក​ប្រទះ​ឃើញ​គោ ឬ​លា​របស់​សត្រូវ​វង្វេង នោះ​ត្រូវ​តែ​នាំ​វា​ទៅ​អោយ​ម្ចាស់​វា​វិញ។ បើ​អ្នក​ឃើញ​លា​របស់​ជន​ ដែល​ស្អប់​អ្នក​ទន់​ជង្គង់​ដួល ព្រោះ​តែ​ផ្ទុក​ធ្ងន់​ពេក នោះ​មិន​ត្រូវ​ធ្វើ​ព្រងើយ​ទេ គឺ​ត្រូវ​តែ​ជួយ​គេ​រៀបចំ​ឥវ៉ាន់​នៅ​លើ​សត្វ​នោះ​ផង។

 នៅ​ពេល​កាត់​ក្ដី មិន​ត្រូវ​រំលោភ​លើ​សិទ្ធិ​របស់​ជន​ក្រីក្រ​ឡើយ។ កុំ​យក​ចិត្ត​ទុក​ដាក់​ ស្ដាប់​ពាក្យ​ចោទ​ប្រកាន់​មិន​ពិត ហើយ​ក៏​មិន​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត​ជន​ស្លូត​ត្រង់ និង​ជន​សុចរិត​ដែរ ដ្បិត​យើង​មិន​ចាត់​ទុក​មនុស្ស​អាក្រក់ ថា​ជា​មនុស្ស​សុចរិត​ឡើយ។  កុំ​ទទួល​សំណូក ដ្បិត​សំណូក​រមែង​ធ្វើ​អោយ​មនុស្ស​ភ្លឺ​ទៅ​ជា​ខ្វាក់ ព្រម​ទាំង​ធ្វើ​អោយ​មនុស្ស​សុចរិត​ចាញ់​ក្ដី។

 កុំ​ សង្កត់សង្កិន​ជន​បរទេស​ឡើយ អ្នក​រាល់​គ្នា​ធ្លាប់​ស្គាល់​ការ​រស់​នៅ​ជា​ជន​បរទេស​ហើយ ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ជា​ជន​បរទេស ក្នុង​ស្រុក​អេស៊ីប​ដែរ។

ច្បាប់​សំរាប់​ពិធី​បុណ្យ​ផ្សេងៗ
១០ ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ អ្នក​អាច​សាប​ព្រោះ និង​ប្រមូល​ផល​ពី​ស្រែ​ចំការ​របស់​អ្នក​បាន។ ១១ ប៉ុន្តែ នៅ​ឆ្នាំ​ទី​ប្រាំពីរ​ត្រូវ​ទុក​ដី​នៅ​ទំនេរ ដើម្បី​អោយ​ជន​ក្រីក្រ ក្នុង​ចំណោម​ប្រជាជន​របស់​អ្នក អាច​រក​អាហារ​ពី​ដី​ទាំង​នោះ ហើយ​សត្វ​ព្រៃ​នឹង​មក​ស៊ី​អ្វីៗ​ដែល​នៅ​សេសសល់។ ត្រូវ​ធ្វើ​បែប​នេះ​ចំពោះ​ចំការ​ទំពាំងបាយជូរ និង​ចំការ​អូលីវ​របស់​អ្នក​ដែរ។

១២ ក្នុង​ រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ អ្នក​អាច​ធ្វើ​ការងារ​របស់​អ្នក​បាន ប៉ុន្តែ នៅ​ថ្ងៃ​ទី​ប្រាំពីរ អ្នក​ត្រូវ​គោរព​ថ្ងៃ​សប្ប័ទ* ដើម្បី​អោយ​គោ និង​លា​របស់​អ្នក​បាន​សំរាក ហើយ​អោយ​ខ្ញុំ​បំរើ និង​ជន​បរទេស​បាន​សំរាក​ដែរ។

១៣ ចូរ​ ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​យើង​បាន​បង្គាប់​អ្នក​រាល់​គ្នា ហើយ​មិន​ត្រូវ​បន់ស្រន់​ដល់​ព្រះ​ដទៃ​ឡើយ សូម្បី​តែ​ឈ្មោះ​របស់​ព្រះ​ទាំង​នោះ​ក៏​មិន​ត្រូវ​ឮ​ពី​មាត់​របស់​អ្នក​រាល់ ​គ្នា​ផង។

១៤ ក្នុង​មួយ​ឆ្នាំ ត្រូវ​ធ្វើ​ពិធី​បុណ្យ​បី​ដង ដើម្បី​គោរព​យើង។ ១៥ ត្រូវ​ធ្វើ​ពិធី​បុណ្យ​ នំបុ័ង​ឥត​មេ គឺ​អ្នក​ត្រូវ​បរិភោគ​នំបុ័ង​ឥត​មេ​ចំនួន​ប្រាំពីរ​ថ្ងៃ នៅ​ខែ​ចេត្រ ដូច​យើង​បាន​បង្គាប់ និង​កំណត់​ទុក ព្រោះ​នៅ​ខែ​នោះ អ្នក​បាន​ចេញ​ពី​ស្រុក​អេស៊ីប។ ក្នុង​ឱកាស​បុណ្យ​នោះ មិន​ត្រូវ​ចូល​មក​រក​យើង ដោយ​ដៃ​ទទេ​ឡើយ។ ១៦ បន្ទាប់​មក អ្នក​ត្រូវ​ធ្វើ​ពិធី​បុណ្យ​ចំរូត នៅ​ពេល​អ្នក​ចាប់​ផ្ដើម​ច្រូត​កាត់​ផល​ដំបូង​ពី​ស្រែ​ចំការ ដែល​អ្នក​បាន​សាប​ព្រោះ។ ចុង​ឆ្នាំ ត្រូវ​ធ្វើ​ពិធី​បុណ្យ​ប្រមូល​ភោគផល នៅ​ពេល​អ្នក​បាន​ប្រមូល​ផល​ដំណាំ​របស់​អ្នក​រួច​រាល់​អស់​ហើយ។ ១៧ រៀង​រាល់​ឆ្នាំ ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​ប្រជាជន ត្រូវ​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាអម្ចាស់ ជា​ព្រះ​របស់​អ្នក ចំនួន​បី​ដង។

១៨ មិន​ ត្រូវ​យក​នំបុ័ង​មាន​មេ​មក​ថ្វាយ​ជា​មួយ​ឈាម​នៃ​យញ្ញ​បូជា​ឡើយ ហើយ​ក៏​មិន​ត្រូវ​រក្សា​ទុក​ខ្លាញ់​នៃ​យញ្ញបូជា រហូត​ដល់​ព្រឹក​ស្អែក​ដែរ។ ១៩ ចូរ​នាំ​យក​ភោគផល​ដំបូង​បង្អស់ នៃ​ដំណាំ​របស់​អ្នក​រាល់​គ្នា មក​ថ្វាយ​ក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។ មិន​ត្រូវ​ស្ងោរ​កូន​ពពែ​ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ។

ពាក្យ​ទូន្មាន​មុន​បន្ត​ដំណើរ
២០ យើង​នឹង​ចាត់​ទេវទូត*​ មួយ​រូប​អោយ​ដើរ​នៅ​មុខ​អ្នក ដើ​ម្បី​​​​ការពារ​អ្នក​នៅ​តាម​ផ្លូវ។ ទេវទូត​នឹង​នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​រៀបចំ​ទុក​សំរាប់​អ្នក។ ២១ អ្នក​ត្រូវ​តែ​យក​ចិត្ត ​ទុក​ដាក់​ស្ដាប់​បង្គាប់​ទេវទូត ហើយ​មិន​ត្រូវ​ធ្វើ​អ្វី​ប្រឆាំង​នឹង​លោក​ឡើយ។ បើ​អ្នក​បះបោរ ទេវទូត​មិន​អត់ទោស​អោយ​ទេ ដ្បិត​លោក​ជា​តំណាង​របស់​យើង។ ២២ ប្រសិន​បើ​អ្នក​ស្ដាប់​ បង្គាប់​ទេវទូត ហើយ​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់​អ្នក នោះ​យើង​នឹង​ធ្វើ​ជា​សត្រូវ​ប្រឆាំង​នឹង​សត្រូវ​របស់​អ្នក ហើយ​យើង​ក៏​ធ្វើ​ជា​បច្ចាមិត្ត​ប្រឆាំង​នឹង​បច្ចាមិត្ត​របស់​អ្នក​ដែរ។ ២៣ ទេវ​ទូត​​របស់​យើង​នឹង​ដើរ ​ពី​មុខ​អ្នក ហើយ​នាំ​អ្នក​ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​ជន​ជាតិ​អាម៉ូរី ជន​ជាតិ​ហេត ជន​ជាតិ​ពេរីស៊ី ជន​ជាតិ​កាណាន ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស។ យើង​នឹង​បំផ្លាញ​អ្នក​ទាំង​នោះ​អោយ​វិនាស​សូន្យ។

២៤ នៅ​ពេល​នោះ អ្នក​មិន​ត្រូវ​ក្រាប​ថ្វាយបង្គំ​ព្រះ​របស់​ពួក​គេ​ឡើយ ហើយ​ក៏​មិន​ត្រូវ​គោរព​បំរើ​ព្រះ​ទាំង​នោះ​ដែរ។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​តាម​ពួក​គេ​ទេ ផ្ទុយ​ទៅ​វិញ ត្រូវ​បំផ្លាញ​ព្រះ​ទាំង​នោះ ព្រម​ទាំង​កំទេច​ស្ដូប​របស់​គេ​ផង។ ២៥ អ្នក​រាល់​គ្នា​ត្រូវ​គោរព​បំរើ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នោះ​ព្រះអង្គ​នឹង​ប្រទាន​ពរ​អោយ​អ្នក​រាល់​គ្នា​មាន​អាហារ និង​ទឹក។ យើង​នឹង​ការពារ​អ្នក​មិន​អោយ​មាន​ជំងឺ​ឈឺថ្កាត់​ឡើយ។ ២៦ ក្នុង​ស្រុក​របស់​អ្នក​នឹង​គ្មាន​ស្ត្រី​រលូត​កូន ឬ​ស្ត្រី​អារ​ឡើយ ហើយ​យើង​នឹង​អោយ​អ្នក​មាន​អាយុ​យឺនយូរ​ទៀត​ផង។

២៧ មុន​ពេល ​អ្នក​ទៅ​ដល់ យើង​នឹង​ធ្វើ​អោយ​ជាតិ​សាសន៍​ទាំង​អស់​ញ័រ​រន្ធត់ យើង​នឹង​ធ្វើ​អោយ​ខ្មាំង​សត្រូវ​របស់​អ្នក បាក់​ទ័ព រត់​ប្រាស​អាយុ។ ២៨ យើង​នឹង​ចាត់​សត្វ​ឪម៉ាល់ អោយ​ទៅ​មុន​អ្នក ដើម្បី​ដេញ​កំចាត់​ជន​ជាតិ​ហេវី ជន​ជាតិ​កាណាន និង​ជន​ជាតិ​ហេត ចេញ​ឆ្ងាយ​ពី​អ្នក។ ២៩ យើង​នឹង​មិន​បណ្ដេញ​ពួក ​គេ​អោយ​អស់ ក្នុង​រយៈ​ពេល​តែ​មួយ​ឆ្នាំ​ទេ ក្រែង​លោ​ទឹក​ដី​ក្លាយ​ទៅ​ជា​ទី​ស្មសាន ហើយ​មាន​សត្វ​ព្រៃ​រស់​នៅ​កាន់​តែ​ច្រើន​ឡើងៗ នាំ​តែ​បង្ក​ការ​លំបាក​ដល់​អ្នក។ ៣០ យើង​នឹង​បណ្ដេញ​ពួក​គេ​ ចេញ​ពី​មុខ​អ្នក បន្តិច​ម្ដងៗ រហូត​ទាល់​តែ​អ្នក​កើន​ចំនួន​ច្រើន​ឡើង ល្មម​នឹង​កាន់​កាប់​ទឹក​ដី​នោះ​ជា​កម្មសិទ្ធិ​បាន។

៣១ យើង​នឹង ​កំណត់​ព្រំប្រទល់​ស្រុក​របស់​អ្នក ដែល​លាត​សន្ធឹង​ពី​សមុទ្រ​កក់ រហូត​ដល់​សមុទ្រ​មេឌីទែរ៉ាណេ ពី​វាល​រហោស្ថាន​ស៊ីណៃ រហូត​ដល់​ទន្លេ​អឺប្រាត។ យើង​នឹង​ប្រគល់​ប្រជាជន​នៅ​តំបន់​នោះ មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា ហើយ​​​អ្នក​ត្រូវ​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​អ្នក។ ៣២ កុំ​ចង​សម្ពន្ធ​មេត្រី​ជា​មួយ​ពួក​គេ ឬ​ជា​មួយ​ព្រះ​ទាំងឡាយ​របស់​ពួក​គេ​ឡើយ។ ៣៣ មិន​ត្រូវ​ទុក​អោយ​ជាតិ ​សាសន៍​ទាំង​នោះ រស់​នៅ​ក្នុង​ស្រុក​របស់​អ្នក​ឡើយ ក្រែង​លោ​គេ​នាំ​អ្នក​អោយ​ប្រព្រឹត្ត​អំពើ​បាប​ប្រ​ឆាំង​​​នឹង​យើង។ បើ​អ្នក​គោរព​បំរើ​ព្រះ​របស់​ពួក​គេ នោះ​អ្នក​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​គេ​ជា​មិន​ខាន។