សេរីភាព (២២)

១(២) ប្រសិន​បើ​គេ​សម្លាប់​ចោរ​ដែល​គេ​ទាន់​កំពុង​តែ​លួច នៅ​ពេល​​​​​​​យប់ អ្នក​សម្លាប់​ចោរ​នោះ​មិន​ត្រូវ​មាន​ទោស​ឡើយ។ ២(៣) ប៉ុន្តែ បើ​ហេតុការណ៍​នេះ​កើត​ឡើង​នៅ​ពេល​ថ្ងៃ អ្នក​សម្លាប់​ចោរ​នឹង​ត្រូវ​មាន​ទោស។ ត្រូវ​ពិន័យ​ចោរ តែ​បើ​ចោរ​នោះ​គ្មាន​អ្វី​បង់​ទេ ត្រូវ​លក់​គេ​ជា​ទាសករ។ ៣(៤) ប្រ​សិន​​​បើ​គេ​រក​ឃើញ​គោ លា ឬ​ចៀម​នៅ​រស់​ក្នុង​ដៃ​ចោរ ចោរ​ត្រូវ​តែ​សង​សត្វ​នោះ​វិញ​មួយ​ជា​ពីរ។

ច្បាប់​ការពារ​កម្មសិទ្ធិ
៤(៥) ប្រសិន​បើ​អ្នក​ណា​បណ្ដោយ ​អោយ​ហ្វូង​សត្វ​របស់​ខ្លួន ទៅ​ស៊ី​បំផ្លាញ​ស្រែ ឬ​ចំការ​ទំពាំងបាយជូរ​របស់​អ្នក​ដទៃ អ្នក​នោះ​ត្រូវ​យក​ភោគផល​ដ៏​ល្អ​បំផុត​ពី​ស្រែ និង​ពី​ចំការ​ទំពាំងបាយជូរ​របស់​ខ្លួន​ទៅ​សង​គេ​វិញ។

៥(៦) ប្រសិន​បើ ​អ្នក​ណា​ដុត​គុម្ព​បន្លា ធ្វើ​អោយ​ភ្លើង​រាល​ទៅ​ឆេះ​កណ្ដាប់​ស្រូវ ឬ​ឆេះ​ស្រូវ​ទុំ ឬ​មិន​ទាន់​ទុំ​ក្ដី អ្នក​នោះ​ត្រូវ​តែ​បង់​ជំងឺ​ចិត្ត​ទៅ​អោយ​ម្ចាស់​ស្រែ។

៦(៧) បើ​អ្នក​ ណា​ផ្ញើ​ប្រាក់ ឬ​វត្ថុ​អ្វី​ផ្សេង​ទៀត​អោយ​អ្នក​ដទៃ​ថែរក្សា ហើយ​មាន​ចោរ​លួច​របស់​ទាំង​នោះ​ពី​ផ្ទះ​អ្នក​ថែរក្សា ប្រសិន​បើ​គេ​ចាប់​ចោរ​បាន ចោរ​នោះ​ត្រូវ​សង​របស់​គេ​មួយ​ជា​ពីរ​។​​ ៧(៨) ប្រសិន​បើ​ចាប់​ចោរ​មិន​ បាន​ទេ នោះ​ត្រូវ​នាំ​ម្ចាស់​ផ្ទះ​ទៅ​ស្បថ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់​ថា គាត់​មិន​បាន​បន្លំ​យក​ទ្រព្យសម្បត្តិ​របស់​គេ​ឡើយ។

៨(៩) បើ​នរណា​ ម្នាក់​បាត់​គោ លា កូន​ចៀម អាវ​ធំ ឬ​វត្ថុ​អ្វី​ផ្សេង​ទៀត ហើយ​មាន​ម្នាក់​ទៀត​ប្រកាន់​ថា​ជា​របស់​ខ្លួន ក្នុង​ករណី​ដណ្ដើម​កម្មសិទ្ធិ​គ្នា អ្នក​ទាំង​ពីរ​ត្រូវ​នាំ​គ្នា​ទៅ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់។ អ្នក​ដែល​ព្រះអង្គ​ប្រកាស​ថា​មាន​កំហុស ត្រូវ​សង​ទៅ​ម្ចាស់​របស់​មួយ​ជា​ពីរ។

៩(១០) បើ​អ្នក ​ណា​ម្នាក់​យក​លា គោ កូន​ចៀម ឬ​សត្វ​ដទៃ​ទៀត ទៅ​ផ្ញើ​អ្នក​ដទៃ​មើល​អោយ រួច​សត្វ​នោះ​ងាប់ ឬ​របួស ឬ​ត្រូវ​គេ​លួច​យក​ទៅ ដោយ​គ្មាន​នរណា​ឃើញ ១០(១១) ទាំង​អ្នក​ផ្ញើ​សត្វ ទាំង​អ្នក​ទទួល​បញ្ញើ ត្រូវ​នាំ​គ្នា​ទៅ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ហើយ​អ្នក​ទទួល​បញ្ញើ​ត្រូវ​ស្បថ​ថា គាត់​មិន​បាន​ធ្វើ​អ្វី​ប៉ះពាល់​សត្វ​របស់​គេ​ឡើយ។ ម្ចាស់​សត្វ​ត្រូវ​តែ​ទទួល​យក​ពាក្យ​សម្បថ​នេះ រីឯ​អ្នក​ទទួល​បញ្ញើ​ក៏​មិន​ត្រូវ​សង​ជំងឺ​ចិត្ត​ដែរ។ ១១(១២) ផ្ទុយ​ទៅ​វិញ បើ​មាន​ចោរ​លួច​សត្វ​នោះ​នៅ​ផ្ទះ​របស់​អ្នក​ទទួល​បញ្ញើ គាត់​ត្រូវ​តែ​សង​ជំងឺ​ចិត្ត​ទៅ​ម្ចាស់​សត្វ។ ១២(១៣) ប្រសិន​បើ​សត្វ​នោះ​ ងាប់​ដោយសារ​សត្វ​ព្រៃ​ហែក​ស៊ី អ្នក​ទទួល​បញ្ញើ​ត្រូវ​យក​ចំណែក ដែល​នៅ​សល់​មក​ធ្វើ​ជា​ភស្ដុតាង ហើយ​គាត់​មិន​ត្រូវ​សង​ជំងឺ​ចិត្ត​ទេ។

១៣(១៤) ប្រសិន​ បើ​អ្នក​ណា​ខ្ចី​សត្វ​ពាហនៈ​ពី​អ្នក​ជិត​ខាង​ខ្លួន ហើយ​សត្វ​នោះ​ត្រូវ​របួស ឬ​ងាប់ ពេល​ម្ចាស់​មិន​នៅ អ្នក​នោះ​ត្រូវ​តែ​សង​ជំងឺ​ចិត្ត។ ១៤(១៥)ប៉ុន្តែ បើ​ម្ចាស់​នៅ​ជា​មួយ​ដែរ នោះ​អ្នក​ខ្ចី​មិន​ត្រូវ​សង​អ្វី​ទេ។ ប្រសិន​បើ​គាត់​ជួល​សត្វ​នោះ​មក គាត់​ត្រូវ​តែ​បង់​ថ្លៃ​ឈ្នួល។

ច្បាប់​សីលធម៌​ផ្សេងៗ
១៥(១៦) បើ​អ្នក​ណា​ល្បួង​ ស្ត្រី​ក្រមុំ​ដែល​មិន​ទាន់​មាន​គូ​ដណ្ដឹង ហើយ​រួមរ័ក​ជា​មួយ​នាង អ្នក​នោះ​ត្រូវ​បង់​បណ្ដា​ការ រួច​យក​នាង​ធ្វើ​ជា​ភរិយា។ ១៦(១៧) ប្រសិន​បើ​ឪពុក​នាង​ប្រកែក​ដាច់​ខាត​មិន​ព្រម​លើក​នាង​អោយ​ទេ អ្នក​នោះ​ត្រូវ​បង់​ប្រាក់​តាម​តម្លៃ​បណ្ដា​ការ សំរាប់​ស្ត្រី​ក្រមុំ។

១៧(១៨) មិន​ត្រូវ​ទុក​អោយ​ស្ត្រី​អាបធ្មប់​នៅ​រស់​ឡើយ។

១៨(១៩) អ្នក​រួមរ័ក​ជា​មួយ​សត្វ ត្រូវ​តែ​ទទួល​ទោស​ដល់​ជីវិត។

១៩(២០) អ្នក​ដែល​ថ្វាយ​យញ្ញបូជា​ដល់​ព្រះ​ដទៃ ក្រៅ​ពី​ព្រះ​អម្ចាស់ ត្រូវ​តែ​សម្លាប់​ចោល។

២០(២១) មិន​ត្រូវ​ជិះជាន់ ឬ​សង្កត់សង្កិន​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ជា​ជន​បរទេស​នៅ​ស្រុក​អេស៊ីប​ដែរ។

២១(២២) មិន​ត្រូវ​ធ្វើ​បាប​ស្ត្រី​មេម៉ាយ ឬ​ក្មេង​កំព្រា​ឡើយ។ ២២​(២៣) ប្រសិន​បើ​អ្នក​ធ្វើ​បាប​ពួក​គេ ហើយ​ពួក​គេ​ស្រែក​ហៅ​យើង យើង​ប្រាកដ​ជា​ស្ដាប់​សំរែក​របស់​ពួក​គេ។ ២៣(២៤) យើង​នឹង​ខឹង​អ្នក​រាល់ គ្នា​យ៉ាង​ខ្លាំង យើង​នឹង​ប្រហារ​អ្នក​រាល់​គ្នា​ដោយ​មុខ​ដាវ ប្រពន្ធ​របស់​អ្នក​រាល់​គ្នា​ នឹង​ទៅ​ជា​ស្ត្រី​មេម៉ាយ ហើយ​កូន​របស់​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​ក្មេង​កំព្រា។

២៤(២៥) ប្រសិន​បើ​ អ្នក​អោយ​ជន​ទុគ៌ត​ណា​ម្នាក់ ក្នុង​ចំណោម​ប្រជាជន​របស់​យើង​ខ្ចី​ប្រាក់ មិន​ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​ដូច​ជា​អ្នក​ចង​ការ​ប្រាក់​ឡើយ គឺ​កុំ​ទារ​ការ​ប្រាក់​ពី​គេ​ជា​ដាច់​ខាត។

២៥(២៦) ប្រសិន​បើ​អ្នក​រាល់​គ្នា​ទទួល​អាវ​ធំ​ដែល​អ្នក​ដទៃ​យក​មក​​បញ្ចាំ ត្រូវ​ប្រគល់​ទៅ​គេ​វិញ​មុន​ពេល​ថ្ងៃ​លិច ២៦(២៧) ដ្បិត​អ្នក​នោះ​គ្មាន​ អ្វី​ផ្សេង​ទៀត​ដណ្ដប់​ទេ បើ​គ្នា​គ្មាន​អាវ​ធំ តើ​បាន​អ្វី​ដណ្ដប់​នៅ​ពេល​ដេក? ប្រសិន​បើ​គេ​ស្រែក​រក​យើង យើង​នឹង​ស្ដាប់​ពាក្យ​គេ ដ្បិត​យើង​មាន​ចិត្ត​អាណិត​មេត្តា។

២៧(២៨) មិន​ត្រូវ​ជេរ​ប្រមាថ​ព្រះជាម្ចាស់ ហើយ​ក៏​មិន​ត្រូវ​ប្រ​ទេច​​ផ្ដាសា​អ្នក​ដឹក​នាំ​ប្រជាជន​របស់​អ្នក​ដែរ។

២៨(២៩) ត្រូវ​យក​ភោគផល​ដំបូង​នៃ​ស្រែ​ចំការ​របស់​អ្នក​មក​អោយ​យើង កុំ​បី​អាក់ខាន​ឡើយ។ ត្រូវ​ញែក​កូន​ប្រុស​ច្បង​របស់​អ្នក​ទុក​សំរាប់​យើង។ ២៩(៣០) រីឯ​កូន​ដំបូង​របស់​គោ និង​ចៀម ក៏​ត្រូវ​ញែក​ទុក​អោយ​យើង​ដែរ។ ត្រូវ​ទុក​កូន​គោ ឬ​កូន​ចៀម​អោយ​នៅ​ជា​មួយ​មេ​វា ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ ហើយ​នៅ​ថ្ងៃ​ទី​ប្រាំ​បី ត្រូវ​យក​មក​អោយ​យើង។

៣០(៣១) យើង​ ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​មនុស្ស​ដ៏វិសុទ្ធ ដូច្នេះ មិន​ត្រូវ​បរិភោគ​សាច់​សត្វ​ដែល​សត្វ​ព្រៃ​ហែក​ស៊ី​នោះ​ឡើយ តែ​ត្រូវ​បោះ​សាច់​នោះ​ទៅ​អោយ​ឆ្កែ​ស៊ី​វិញ។