សេរីភាព (១៩)

ព្រះជាម្ចាស់​ចង​សម្ពន្ធមេត្រី​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល

ប្រជាជន​អ៊ីស្រាអែល​ទៅ​ដល់​ភ្នំ​ស៊ីណៃ
 នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​បី ក្រោយ​ពេល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប គឺ​នៅ​ថ្ងៃ​នេះ ជន​ជាតិ​អ៊ីស្រាអែល​បាន​ទៅ​ដល់​វាល​រហោស្ថាន​ស៊ីណៃ។ ពួក​គេ​ចេញ​ពី​រេភីឌីម​ទៅ​ដល់​វាល​រហោស្ថាន​ស៊ីណៃ ហើយ​បោះ​ជំរំ​នៅ​ទី​នោះ ទល់​មុខ​នឹង​ភ្នំ​ស៊ីណៃ។

 លោក​ម៉ូសេ​បាន​ឡើង​ទៅ​គាល់​ព្រះជាម្ចាស់។ ព្រះអម្ចាស់​ហៅ​លោក​ម៉ូសេ​ពី​លើ​ភ្នំ​មក​ថា៖ «អ្នក​ត្រូវ​ប្រកាស​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល ជា​កូន​ចៅ​របស់​លោក​យ៉ាកុប​ដូច​ត​ទៅ:

 អ្នក​រាល់ ​គ្នា​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​ហេតុការណ៍ ដែល​យើង​ធ្វើ​ចំពោះ​ជន​ជាតិ​អេស៊ីប ហើយ​យើង​បាន​នាំ​អ្នក​រាល់​គ្នា ដូច​ជា​សត្វ​ឥន្ទ្រី​ដាក់​កូន​នៅ​លើ​ខ្នង​វា មក​រក​យើង។ ឥឡូវ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្ដាប់​តាម​ពាក្យ​របស់​យើង ប្រសិន​បើ​អ្នក​រាល់​គ្នា​គោរព​សម្ពន្ធមេត្រី​របស់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​ប្រជារាស្ត្រ​របស់​យើង​ផ្ទាល់ នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ ដ្បិត​ផែនដី​ទាំង​មូល​ជា​កម្មសិទ្ធិ​របស់​យើង។ យើង​ចាត់​ទុក​អ្នក​រាល់​ គ្នា​ជា​អាណាចក្រ​បូជាចារ្យ ហើយ​អ្នក​រាល់​គ្នា​ជា​ប្រជាជាតិ​ដ៏វិសុទ្ធ។ នេះ​ជា​សេចក្ដី​ដែល​អ្នក​ត្រូវ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល»​។

 លោក​ម៉ូសេ​ត្រឡប់​មក​វិញ កោះ​ហៅ​ពួក​ព្រឹទ្ធាចារ្យ​របស់​ប្រជាជន ហើយ​រៀប​រាប់​ប្រាប់​នូវ​ព្រះបន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះអម្ចាស់​បង្គាប់​លោក។ ប្រជាជន​ទាំង​មូល​ក៏​ឆ្លើយ​ព្រម​គ្នា​ឡើង​ថា៖ «យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះ​អម្ចាស់​មាន​ព្រះបន្ទូល»។ លោក​ម៉ូសេ​នាំ​យក​ចម្លើយ​របស់​ពួក​គេ ទៅ​ទូល​ថ្វាយ​ព្រះអម្ចាស់​វិញ។ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​នឹង​មក​រក​អ្នក ដោយ​ស្ថិត​នៅ​ក្នុង​ផ្ទាំង​ពពក*​យ៉ាង​ក្រាស់ ដើម្បី​អោយ​ប្រជាជន​ឮ​យើង​និយាយ​ជា​មួយ​អ្នក ហើយ​ទុក​ចិត្ត​លើ​អ្នក​ជា​រៀង​រហូត»។ លោក​ម៉ូសេ​ក៏​រៀប​រាប់​ចម្លើយ​របស់​ប្រជាជន ទូល​ថ្វាយ​ព្រះអម្ចាស់។

១០ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​វិល​ទៅ​រក​ប្រជាជន​វិញ ហើយ​ប្រាប់​ពួក​គេ​អោយ​ញែក​ខ្លួន​អោយ​បាន​វិសុទ្ធ នៅ​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក។ ចូរ​អោយ​ពួក​គេ​លាង​ជំរះ​សម្លៀកបំពាក់​ផង​ដែរ។ ១១ ត្រូវ​អោយ​ពួក​គេ​ត្រៀម​ខ្លួន​ជា​ស្រេច នៅ​ថ្ងៃ​ទី​បី ដ្បិត​ថ្ងៃ​នោះ យើង​នឹង​ចុះ​ទៅ​លើ​ភ្នំ​ស៊ីណៃ អោយ​ប្រជាជន​ទាំង​អស់​ឃើញ។ ១២ ត្រូវ​កំណត់​ព្រំដែន​ ជុំវិញ​ភ្នំ ហើយ​ប្រាប់​ប្រជាជន​ថា ចូរ​ប្រយ័ត្ន កុំ​ឡើង​ទៅ​លើ​ភ្នំ ឬ​ប៉ះពាល់​ជើង​ភ្នំ​ជា​ដាច់​ខាត។ បើ​អ្នក​ណា​ប៉ះ​ភ្នំ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់ ១៣ ទោះ​ជា​មនុស្ស ឬ​សត្វ​ក្ដី ក៏​មិន​ត្រូវ​ទុក​អោយ​នៅ​រស់​ដែរ។ កុំ​ប៉ះពាល់​អ្នក​នោះ​ឡើយ តែ​ត្រូវ​សម្លាប់​គេ ដោយ​យក​ដុំ​ថ្ម​គប់ ឬ​បាញ់​នឹង​ព្រួញ​វិញ។ នៅ​ពេល​ឮ​សូរ​សំឡេង​ស្នែង នោះ​ទើប​អ្នក​ខ្លះ​អាច​ឡើង​ទៅ​លើ​ភ្នំ​បាន»។

១៤ លោក​ម៉ូសេ​ចុះ​ពី​លើ​ភ្នំ​មក​រក​ប្រជាជន​វិញ លោក​ញែក​ពួក​គេ​អោយ​បាន​វិសុទ្ធ ហើយ​អោយ​ពួក​គេ​បោក​សម្លៀកបំពាក់​ផង​ដែរ។ ១៥ លោក​មាន​ប្រសាសន៍​ទៅ​ប្រជាជន​ថា៖ «ចូរ​រៀបចំ​ខ្លួន​សំរាប់​ថ្ងៃ​ទី​បី ហើយ​កុំ​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​ឡើយ»។

១៦ នៅ​ថ្ងៃ ​ទី​បី ពេល​ព្រលឹម​ស្រាងៗ មាន​ផ្គរលាន់ ផ្លេក​បន្ទោរ និង​ពពក​យ៉ាង​ក្រាស់​នៅ​លើ​ភ្នំ ហើយ​មាន​សំឡេង​ត្រែ​លាន់​ឮ​ឡើង​យ៉ាង​រំពង​ទៀត​ផង។ ប្រជាជន​ទាំង​អស់​នៅ​ក្នុង​ជំរំ​ភ័យ​ញ័រ​រន្ធត់​យ៉ាង​ខ្លាំង។ ១៧ លោក​ម៉ូសេ​នាំ​ប្រជាជន​ចេញ​ពី​ជំរំ​ទៅ​គាល់​ព្រះជាម្ចាស់ ពួក​គេ​ឈរ​នៅ​ជើង​ភ្នំ។ ១៨ មាន​ផ្សែង​ហុយ​ពាស​ពេញ​លើ​ភ្នំ​ស៊ីណៃ ដ្បិត​ព្រះអម្ចាស់​ចុះ​មក​លើ​ភ្នំ ព្រះអង្គ​គង់​នៅ​ក្នុង​ភ្លើង។ ផ្សែង​នោះ​ហុយ​ឡើង​ដូច​ផ្សែង​ចេញ​ពី​ឡ ហើយ​ភ្នំ​ទាំង​មូល​ក៏​រញ្ជួយ​យ៉ាង​ខ្លាំង។ ១៩ សំឡេង​ត្រែ​លាន់​ឮ​កាន់​តែ​ខ្លាំង​ឡើងៗ ពេល​លោក​ម៉ូសេ​ទូល​ព្រះជាម្ចាស់ ព្រះអង្គ​ឆ្លើយ​មក​លោក ដោយ​សំឡេង​ផ្គរលាន់។ ២០ ព្រះអម្ចាស់​យាង​ចុះ​មក​លើ​ភ្នំ​ស៊ីណៃ គឺ​នៅ​លើ​កំពូល​ភ្នំ។ ព្រះអង្គ​ត្រាស់​ហៅ​លោក​ម៉ូសេ​ពី​លើ​កំពូល​ភ្នំ ហើយ​លោក​ម៉ូសេ​ក៏​ឡើង​ទៅ។ ២១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ថា៖ «ចូរ​ហាម​ប្រជាជន​កុំ​អោយ​ស្ទុះ​ចូល​មក​រក​យើង ដែល​ជា​ព្រះអម្ចាស់ ព្រោះ​ចង់​ឃើញ​យើង​នោះ​ឡើយ ក្រែង​លោ​មាន​ពួក​គេ​ជា​ច្រើន​ត្រូវ​ស្លាប់។ ២២ ទោះ​បី​ពួក​បូជាចារ្យ​ ដែល​ធ្លាប់​ចូល​មក​រក​យើង​ក្ដី ត្រូវ​ញែក​ខ្លួន​អោយ​បាន​វិសុទ្ធ* ក្រែង​ពួក​គេ​ត្រូវ​បាត់​បង់​ជីវិត ដោយសារ​យើង​ដែល​ជា​ព្រះអម្ចាស់»។

២៣ លោក​ម៉ូសេ​ទូល​ព្រះអម្ចាស់​ ថា៖ «ប្រជាជន​ពុំ​អាច​ឡើង​មក​លើ​ភ្នំ​ស៊ីណៃ​ទេ ដ្បិត​ព្រះអង្គ​ផ្ទាល់​បាន​បញ្ជា​អោយ​យើង​ខ្ញុំ កំណត់​ព្រំដែន​ជុំវិញ​ភ្នំ ហើយ​ញែក​ភ្នំ​នេះ​ទុក​ជា​កន្លែង​ដ៏វិសុទ្ធ​ទៀត​ផង»។ ២៤ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​លោក​ម៉ូសេ​ថា៖ «ចូរ​ចុះ​ទៅ​វិញ ហើយ​នាំ​អរ៉ុន​ឡើង​មក​ជា​មួយ​ផង ប៉ុន្តែ មិន​ត្រូវ​អោយ​ពួក​បូជាចារ្យ និង​ប្រជាជន​ស្ទុះ​ឡើង​មក​រក​យើង ដែល​ជា​ព្រះអម្ចាស់​ឡើយ ក្រែង​ពួក​គេ​ត្រូវ​បាត់​បង់​ជីវិត ដោយសារ​យើង»។ ២៥ លោក​ម៉ូសេ​ក៏​ចុះ​ទៅ​រក​ប្រជាជន​វិញ ហើយ​មាន​ប្រសាសន៍​ជា​មួយ​ពួក​គេ។